ទំនុកតម្កើង 78:41-49

ទំនុកតម្កើង 78:41-49 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

គេ​បាន​ល្បង​ល​ព្រះ ម្ដង​ហើយម្ដង​ទៀត គេ​បាន​រក​រឿង​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល។ គេ​មិន​បាន​នឹក​ចាំ​ពី​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ ឬ​ពី​ថ្ងៃ​ដែល​ព្រះ‌អង្គ​បាន​រំដោះ​គេ​ពី​ខ្មាំង​សត្រូវ កាល​ព្រះ‌អង្គ​បាន​សម្ដែង​ទី​សម្គាល់ របស់​ព្រះ‌អង្គ​នៅ​ស្រុក​អេស៊ីព្ទ និង​ការ​អស្ចារ្យ​នៅ​ទី​វាល​សូអាន​ឡើយ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទន្លេ និង​ព្រែក​របស់​គេ​ទៅ​ជា​ឈាម ហើយ​គេ​មិន​អាច​ផឹក​ពី​ទឹក​នោះ​បាន​ឡើយ។ ព្រះ‌អង្គ​បាន​ចាត់​ហ្វូង​រុយ​មក​បង្ហិន​គេ ហើយ​កង្កែប​មក​បំផ្លាញ​គេ។ ព្រះ‌អង្គ​បាន​ប្រគល់​ដំណាំ​របស់​គេ ទៅ​ឲ្យ​ចង្រិត​កាត់ ហើយ​ភោគផល​របស់​គេ​ទៅ​ឲ្យ​កណ្តូបស៊ី។ ព្រះ‌អង្គ​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ របស់​គេ​ដោយ​ព្រឹល ហើយ​ដើម​ឧទុម្ពរ​របស់​គេ​ដោយ​សន្សើម​កក។ ព្រះ‌អង្គ​បាន​ប្រគល់​ហ្វូង​គោ​របស់​គេ​ឲ្យ​ត្រូវ​ព្រឹល ហើយ​ឲ្យ​ហ្វូង​ចៀម​របស់​គេ​ត្រូវ​រន្ទះ​បាញ់។ ព្រះ‌អង្គ​បាន​ចាក់​សេចក្ដី​ក្រោធ ដ៏​សហ័ស​របស់​ព្រះ‌អង្គ​ទៅ​លើ​គេ ព្រម​ទាំង​សេចក្ដី​ក្រោធ សេចក្ដី​គ្នាន់‌ក្នាញ់ និង​សេចក្ដី​វេទនា រួម​ទាំង​ពល​ទេវតា​មក​បំផ្លាញ​គេទៀត​ផង។

ទំនុកតម្កើង 78:41-49 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពួក​គេ​ចេះ​តែ​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់​ជានិច្ច ពួក​គេ​នាំ​គ្នា​ធ្វើ​ឲ្យ​ព្រះ​ដ៏វិសុទ្ធ របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាស់​ព្រះ‌ហឫទ័យ។ ពួក​គេ​ពុំ​បាន​នឹក​ឃើញ អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ​ទេ ហើយ​ក៏​ពុំ​បាន​នឹក​ឃើញ​ពី​ថ្ងៃ ដែល​ព្រះអង្គ​បាន​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត​ដែរ។ ពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ទី​សម្គាល់​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះអង្គ​ធ្វើ​នៅ​ស្រុក​អេស៊ីប​ទេ ពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ការ​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះអង្គ​ធ្វើ​នៅ​តំបន់​សូអាន​ឡើយ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​នៅ​ដៃ​ទន្លេ​នីល ប្រែ​ទៅ​ជា​ឈាម​ជា​ហេតុ​ធ្វើ​ឲ្យ​ជន‌ជាតិ អេស៊ីប​រក​ទឹក​ផឹក​មិន​បាន។ ព្រះអង្គ​បាន​ចាត់​មូស​ឲ្យ​ទៅ​ខាំ​ជន‌ជាតិ​អេស៊ីប និង​ចាត់​កង្កែប​ឲ្យ​ទៅ​បំផ្លិច‌បំផ្លាញ អ្វីៗ​ទាំង​អស់។ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ចង្រិត ទៅ​ស៊ី​បង្ហិន​ភោគ‌ផល​របស់​ពួក​គេ ហើយ​ឲ្យ​កណ្ដូប​ទៅ​ស៊ី​បង្ហិន​ដំណាំ​របស់​គេ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​មក កម្ទេច​ចម្ការ​ទំពាំង‌បាយជូរ​របស់​គេ ហើយ​មាន​ធាតុ​អាកាស​ត្រជាក់ មក​បំផ្លាញ​ដើម​ឈើ​របស់​គេ​ខូច​អស់។ ហ្វូង​គោ​របស់​គេ​ត្រូវ​វិនាស​ដោយ‌សារ​ព្រឹល ហ្វូង​ចៀម​របស់​គេ​ត្រូវ​វិនាស ដោយ‌សារ​រន្ទះ​បាញ់។ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ទាស់​នឹង​ជន‌ជាតិ​អេស៊ីប​យ៉ាង​ខ្លាំង ព្រះអង្គ​ដាក់​ទោស​ពួក​គេ ឲ្យ​រង​ទុក្ខ​លំបាក​យ៉ាង​សែន​វេទនា ដោយ​ចាត់​ពួក​ទេវតា​ឲ្យ​មក​ប្រហារ​ពួក​គេ។

ទំនុកតម្កើង 78:41-49 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

គឺ​គេ​បាន​បែរ​ជា​ល្បង​ល​ព្រះ​វិញ​ទៀត ហើយ​គេ​បិទ​ផ្លូវ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គេ​មិន​បាន​នឹក​ចាំ​ពី​ព្រះ‌ហស្ត​ទ្រង់ ឬ​ពី​ថ្ងៃ​ដែល​ទ្រង់​បាន​ដោះ​គេ​ចេញ​ពី​ខ្មាំង​សត្រូវ ឬ​ពី​បែប​យ៉ាង​ណា​ដែល​ទ្រង់​បាន​សំដែង​ទី​សំគាល់ របស់​ទ្រង់​នៅ​ស្រុក​អេស៊ីព្ទ នឹង​ការ​អស្ចារ្យ នៅ​ទី​វាល​សូអាន​ឡើយ ទ្រង់​បាន​ធ្វើ​ឲ្យ​ទន្លេ នឹង​ព្រែក របស់​សាសន៍​អេស៊ីព្ទ​ត្រឡប់​ទៅ​ជា​ឈាម ឲ្យ​គេ​ផឹក​ទឹក​នោះ​មិន​បាន ទ្រង់​បាន​ចាត់​ហ្វូង​រុយ​មក​បង្ហិន​នៅ​កណ្តាល​គេ នឹង​កង្កែប​មក​បំផ្លាញ​គេ​ផង ទ្រង់​បាន​ប្រគល់​ផល​របស់​គេ ឲ្យ​ចង្រិត​កាត់ ហើយ​ការ​របស់​គេ​ដល់​កណ្តូប ទ្រង់​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ​គេ​ដោយ​ព្រឹល ហើយ​ដើម​ឧទុម្ពរ​ដោយ​សន្សើម​កក ទ្រង់​ក៏​ប្រគល់​ហ្វូង​គោ​គេ​ឲ្យ​ត្រូវ​ព្រឹល ហើយ​ហ្វូង​ចៀម​គេ​ឲ្យ​ត្រូវ​រន្ទះ​បាញ់​ដែរ ទ្រង់​បាន​បោះ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​ទៅ​លើ​គេ ព្រម​ទាំង​សេចក្ដី​ក្រោធ សេចក្ដី​គ្នាន់‌ក្នាញ់ នឹង​សេចក្ដី​វេទនា​ផង គឺ​ជា​សេចក្ដី​អាក្រក់​ទាំង​ហ្វូង ដែល​ទ្រង់​ចាត់​មក