ទំនុកតម្កើង 78:32-55
ទំនុកតម្កើង 78:32-55 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ទោះបើយ៉ាងនេះក៏ដោយ ក៏គេនៅតែប្រព្រឹត្តអំពើបាបដដែល គេមិនបានជឿការអស្ចារ្យរបស់ព្រះអង្គទេ។ ដូច្នេះ ព្រះអង្គបានធ្វើឲ្យថ្ងៃរបស់គេ កន្លងបាត់ទៅ បានដូចជាមួយដង្ហើម ហើយឆ្នាំរបស់គេពេញដោយការភ័យខ្លាច។ កាលព្រះអង្គប្រហារពួកគេ ទើបគេស្វែងរកព្រះអង្គ គេប្រែចិត្ត ហើយនាំគ្នាស្វែងរកព្រះ យ៉ាងអស់ពីចិត្ត។ ពួកគេនឹកចាំថា ព្រះជាថ្មដារបស់ពួកគេ គឺព្រះដ៏ខ្ពស់បំផុត ព្រះអង្គជាអ្នកប្រោសលោះរបស់គេ។ ក៏ប៉ុន្ដែ គេបានលើកបញ្ចើចព្រះអង្គ ដោយមាត់របស់គេ អណ្ដាតរបស់គេបានកុហកព្រះអង្គ។ ចិត្តរបស់គេមិនទៀងចំពោះព្រះអង្គទេ ហើយក៏មិនស្មោះត្រង់ ចំពោះសេចក្ដីសញ្ញាព្រះអង្គដែរ។ រីឯព្រះអង្គវិញ ព្រះអង្គមានព្រះហឫទ័យ អាណិតអាសូរ ព្រះអង្គអត់ទោសអំពើទុច្ចរិតរបស់គេ ហើយមិនបានបំផ្លាញគេទេ ព្រះអង្គទប់ព្រះហឫទ័យរបស់ព្រះអង្គ ជាច្រើនលើកច្រើនសា មិនឲ្យសេចក្ដីក្រោធរបស់ព្រះអង្គ ឆួលឡើងទាំងអស់ឡើយ។ ព្រះអង្គបាននឹកចាំថា គេគ្រាន់តែជាសាច់ឈាមប៉ុណ្ណោះ គឺជាខ្យល់ដែលបក់កន្លងហួសទៅ ឥតវិលមកវិញឡើយ។ ប៉ុន្មានដងហើយដែលគេបះបោរនឹងព្រះអង្គ នៅក្នុងទីរហោស្ថាន ហើយធ្វើឲ្យព្រះអង្គព្រួយព្រះហឫទ័យ នៅទីហួតហែង! គេបានល្បងលព្រះ ម្ដងហើយម្ដងទៀត គេបានរករឿងព្រះដ៏បរិសុទ្ធ នៃសាសន៍អ៊ីស្រាអែល។ គេមិនបាននឹកចាំពីព្រះចេស្ដារបស់ព្រះអង្គ ឬពីថ្ងៃដែលព្រះអង្គបានរំដោះគេពីខ្មាំងសត្រូវ កាលព្រះអង្គបានសម្ដែងទីសម្គាល់ របស់ព្រះអង្គនៅស្រុកអេស៊ីព្ទ និងការអស្ចារ្យនៅទីវាលសូអានឡើយ។ ព្រះអង្គបានធ្វើឲ្យទន្លេ និងព្រែករបស់គេទៅជាឈាម ហើយគេមិនអាចផឹកពីទឹកនោះបានឡើយ។ ព្រះអង្គបានចាត់ហ្វូងរុយមកបង្ហិនគេ ហើយកង្កែបមកបំផ្លាញគេ។ ព្រះអង្គបានប្រគល់ដំណាំរបស់គេ ទៅឲ្យចង្រិតកាត់ ហើយភោគផលរបស់គេទៅឲ្យកណ្តូបស៊ី។ ព្រះអង្គបានបំផ្លាញដើមទំពាំងបាយជូរ របស់គេដោយព្រឹល ហើយដើមឧទុម្ពររបស់គេដោយសន្សើមកក។ ព្រះអង្គបានប្រគល់ហ្វូងគោរបស់គេឲ្យត្រូវព្រឹល ហើយឲ្យហ្វូងចៀមរបស់គេត្រូវរន្ទះបាញ់។ ព្រះអង្គបានចាក់សេចក្ដីក្រោធ ដ៏សហ័សរបស់ព្រះអង្គទៅលើគេ ព្រមទាំងសេចក្ដីក្រោធ សេចក្ដីគ្នាន់ក្នាញ់ និងសេចក្ដីវេទនា រួមទាំងពលទេវតាមកបំផ្លាញគេទៀតផង។ ព្រះអង្គបានធ្វើផ្លូវសម្រាប់សេចក្ដីក្រោធ របស់ព្រះអង្គ ព្រះអង្គមិនបានប្រណីព្រលឹងគេ ឲ្យរួចពីស្លាប់ឡើយ គឺបានប្រគល់ជីវិតគេទៅឲ្យគ្រោះកាច។ ព្រះអង្គបានប្រហារអស់ទាំងកូនច្បង នៅស្រុកអេស៊ីព្ទ គឺជាដើមកម្លាំងរបស់ហាំនៅក្នុងជំរំគេ។ ក៏ប៉ុន្ដែ ព្រះអង្គបាននាំប្រជារាស្ត្រព្រះអង្គ ចេញដូចជាចៀម ហើយបានដឹកនាំគេនៅក្នុងទីរហោស្ថាន ដូចជាហ្វូងសត្វ។ ព្រះអង្គបាននាំគេដោយសុខសាន្ត មិនឲ្យគេភ័យខ្លាចឡើយ តែសមុទ្របានគ្របលើខ្មាំងសត្រូវរបស់គេវិញ។ ព្រះអង្គបាននាំគេទៅកាន់ទឹកដីបរិសុទ្ធ របស់ព្រះអង្គ គឺទៅកាន់ភ្នំដែលព្រះហស្តស្តាំ របស់ព្រះអង្គបានឈ្នះ។ ព្រះអង្គបានបណ្តេញសាសន៍នានា ចេញពីមុខគេ ព្រះអង្គបានចែកទឹកដីទាំងនោះ ឲ្យគេទុកជាមត៌ក ក៏ឲ្យកុលសម្ព័ន្ធនៃសាសន៍អ៊ីស្រាអែល រស់នៅក្នុងលំនៅរបស់សាសន៍ទាំងនោះ។
ទំនុកតម្កើង 78:32-55 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទោះបីយ៉ាងនេះក្ដី ក៏ពួកគេនៅតែប្រព្រឹត្តអំពើបាបដដែល ពួកគេពុំបានជឿលើព្រះអង្គ ដែលធ្វើការអស្ចារ្យទាំងនោះទេ។ ដូច្នេះ ព្រះអង្គក៏ប្រហារជីវិតរបស់គេ តែក្នុងមួយរយៈពេលដ៏ខ្លី ព្រះអង្គផ្ដាច់អាយុជីវិតរបស់គេ យ៉ាងសែនវេទនាបំផុត។ ពេលឃើញព្រះជាម្ចាស់ប្រហារជីវិត អ្នកខ្លះក្នុងចំណោមពួកគេ ពួកគេក៏នាំគ្នាស្វែងរកព្រះអង្គ ហើយប្រែចិត្តគំនិតមករកព្រះអង្គវិញ។ ពួកគេនឹកឃើញថា ព្រះជាម្ចាស់ជាថ្មដារបស់ពួកគេ ហើយថាព្រះដ៏ខ្ពង់ខ្ពស់បំផុតបានការពារពួកគេ។ ក៏ប៉ុន្តែតាមពិត ពួកគេចង់បោកប្រាស់ព្រះអង្គ គឺអ្វីៗដែលគេនិយាយចេញមក សុទ្ធតែជាពាក្យកុហកទាំងអស់។ ពួកគេមានចិត្តមិនទៀងនឹងព្រះអង្គទេ ហើយក៏ក្បត់នឹងសម្ពន្ធមេត្រីរបស់ព្រះអង្គដែរ។ រីឯព្រះអង្គវិញ ព្រះអង្គមានព្រះហឫទ័យអាណិតអាសូរជានិច្ច ព្រះអង្គបានលើកលែងទោសឲ្យពួកគេ គឺព្រះអង្គមិនប្រហារជីវិតពួកគេទេ ជាច្រើនលើកច្រើនសា ព្រះអង្គតែងតែទប់ ព្រះហឫទ័យមិនឲ្យមានព្រះពិរោធ ព្រះអង្គអត់ធ្មត់ចំពោះពួកគេ។ ព្រះអង្គនឹកចាំថា ពួកគេគ្រាន់តែជាមនុស្សលោកីយ៍ប៉ុណ្ណោះ ជីវិតរបស់ពួកគេប្រៀបបាននឹងដង្ហើម ដែលរសាត់បាត់ទៅឥតវិលមកវិញឡើយ។ ពួកគេបានបះបោរប្រឆាំងនឹងព្រះអង្គ នៅវាលរហោស្ថានជាច្រើនលើកច្រើនសា ហើយក្នុងវាលហួតហែងនោះ ពួកគេតែងតែ ធ្វើឲ្យព្រះអង្គព្រួយព្រះហឫទ័យ!។ ពួកគេចេះតែល្បងលមើលព្រះជាម្ចាស់ជានិច្ច ពួកគេនាំគ្នាធ្វើឲ្យព្រះដ៏វិសុទ្ធ របស់ជនជាតិអ៊ីស្រាអែលទាស់ព្រះហឫទ័យ។ ពួកគេពុំបាននឹកឃើញ អំពីឫទ្ធានុភាពរបស់ព្រះអង្គទេ ហើយក៏ពុំបាននឹកឃើញពីថ្ងៃ ដែលព្រះអង្គបានរំដោះពួកគេ ឲ្យរួចពីកណ្ដាប់ដៃរបស់បច្ចាមិត្តដែរ។ ពួកគេពុំបាននឹកឃើញពីទីសម្គាល់អស្ចារ្យផ្សេងៗ ដែលព្រះអង្គធ្វើនៅស្រុកអេស៊ីបទេ ពួកគេពុំបាននឹកឃើញពីការអស្ចារ្យផ្សេងៗ ដែលព្រះអង្គធ្វើនៅតំបន់សូអានឡើយ។ ព្រះអង្គបានធ្វើឲ្យទឹកនៅដៃទន្លេនីល ប្រែទៅជាឈាមជាហេតុធ្វើឲ្យជនជាតិ អេស៊ីបរកទឹកផឹកមិនបាន។ ព្រះអង្គបានចាត់មូសឲ្យទៅខាំជនជាតិអេស៊ីប និងចាត់កង្កែបឲ្យទៅបំផ្លិចបំផ្លាញ អ្វីៗទាំងអស់។ ព្រះអង្គធ្វើឲ្យមានចង្រិត ទៅស៊ីបង្ហិនភោគផលរបស់ពួកគេ ហើយឲ្យកណ្ដូបទៅស៊ីបង្ហិនដំណាំរបស់គេ។ ព្រះអង្គបានធ្វើឲ្យមានព្រឹលធ្លាក់មក កម្ទេចចម្ការទំពាំងបាយជូររបស់គេ ហើយមានធាតុអាកាសត្រជាក់ មកបំផ្លាញដើមឈើរបស់គេខូចអស់។ ហ្វូងគោរបស់គេត្រូវវិនាសដោយសារព្រឹល ហ្វូងចៀមរបស់គេត្រូវវិនាស ដោយសាររន្ទះបាញ់។ ព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ទាស់នឹងជនជាតិអេស៊ីបយ៉ាងខ្លាំង ព្រះអង្គដាក់ទោសពួកគេ ឲ្យរងទុក្ខលំបាកយ៉ាងសែនវេទនា ដោយចាត់ពួកទេវតាឲ្យមកប្រហារពួកគេ។ ព្រះអង្គធ្វើតាមព្រះពិរោធរបស់ព្រះអង្គ ដោយឥតសំចៃជីវិតជនជាតិនោះឡើយ ព្រះអង្គបានធ្វើឲ្យគ្រោះកាច កើតមានដល់ពួកគេ គឺព្រះអង្គប្រហារជីវិតកូនច្បងទាំងប៉ុន្មាន របស់ជនជាតិអេស៊ីប កូនដែលកើតមកមុនគេ ក្នុងពូជពង្សរបស់លោកហាំ។ ព្រះអង្គបាននាំប្រជារាស្ត្ររបស់ព្រះអង្គ ចេញពីស្រុកនោះដូចហ្វូងចៀមចេញពីក្រោល ព្រះអង្គដឹកនាំពួកគេនៅវាលរហោស្ថាន ដូចគង្វាលឃ្វាលហ្វូងចៀមរបស់ខ្លួន។ ព្រះអង្គដឹកនាំពួកគេយ៉ាងសុខសាន្ត ឥតភ័យខ្លាចអ្វីឡើយ តែខ្មាំងសត្រូវរបស់ពួកគេ ត្រូវលិចលង់ក្នុងទឹកសមុទ្រ។ ព្រះអង្គនាំពួកគេទៅកាន់ទឹកដីដ៏វិសុទ្ធ គឺទៅកាន់ភ្នំដែលព្រះអង្គវាយយកបាន ដោយឫទ្ធិបារមីរបស់ព្រះអង្គ។ ព្រះអង្គបណ្ដេញប្រជាជាតិនានាចេញពីមុខពួកគេ ហើយចែកទឹកដីឲ្យពួកគេជាមត៌ក គឺព្រះអង្គឲ្យកុលសម្ព័ន្ធអ៊ីស្រាអែល រស់នៅក្នុងលំនៅស្ថានរបស់ប្រជាជាតិទាំងនោះ។
ទំនុកតម្កើង 78:32-55 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ទោះបើយ៉ាងនោះក៏ដោយ គង់តែគេនៅតែធ្វើបាបទៀត គេមិនព្រមជឿការអស្ចារ្យរបស់ទ្រង់ឡើយ ហេតុនោះ ទ្រង់បានធ្វើឲ្យអស់ទាំងថ្ងៃរបស់គេ កន្លងទៅជាឥតប្រយោជន៍ ហើយអស់ទាំងឆ្នាំគេ ដោយសេចក្ដីស្ញែងខ្លាច វេលាណាដែលទ្រង់ប្រហារពួកគេ ទើបគេសួររកទ្រង់ ហើយត្រឡប់មកស្វែងរកព្រះអស់ពីចិត្ត គេក៏នឹកចាំថា ព្រះទ្រង់ជាថ្មដារបស់ខ្លួនគេ គឺព្រះដ៏ខ្ពស់បំផុត ទ្រង់ជាអ្នកប្រោសលោះដល់គេ។ ៙ គេបានលើកបញ្ចើចទ្រង់ដោយមាត់គេ តែអណ្តាតរបស់គេបានកុហកទ្រង់ទេ ដ្បិតចិត្តគេមិនបានទៀងត្រង់នៅចំពោះទ្រង់ ក៏មិនស្មោះចំពោះនឹងសេចក្ដីសញ្ញាទ្រង់ដែរ ប៉ុន្តែចំណែកទ្រង់មានសេចក្ដីមេត្តាករុណា បានជាទ្រង់អត់ទោសចំពោះសេចក្ដីទុច្ចរិតរបស់គេ ហើយមិនបានបំផ្លាញគេទេ អើ ទ្រង់បានបង្វែរសេចក្ដីខ្ញាល់ទ្រង់ចេញជាញយៗ ឥតឲ្យសេចក្ដីក្រោធរបស់ទ្រង់ផុលឡើងទាំងអស់ឡើយ ទ្រង់បាននឹកចាំថា គេគ្រាន់តែជាសាច់ឈាមប៉ុណ្ណោះ គឺជាខ្យល់ដែលបក់កន្លងហួសទៅ ឥតមកវិញឡើយ។ ៙ ប៉ុន្មានដងហើយ ដែលគេបះបោរនឹងទ្រង់ នៅទីរហោស្ថាន ហើយនាំឲ្យព្រួយព្រះហឫទ័យនៅទីល្ហល្ហេវ គឺគេបានបែរជាល្បងលព្រះវិញទៀត ហើយគេបិទផ្លូវព្រះដ៏បរិសុទ្ធនៃសាសន៍អ៊ីស្រាអែល គេមិនបាននឹកចាំពីព្រះហស្តទ្រង់ ឬពីថ្ងៃដែលទ្រង់បានដោះគេចេញពីខ្មាំងសត្រូវ ឬពីបែបយ៉ាងណាដែលទ្រង់បានសំដែងទីសំគាល់ របស់ទ្រង់នៅស្រុកអេស៊ីព្ទ នឹងការអស្ចារ្យ នៅទីវាលសូអានឡើយ ទ្រង់បានធ្វើឲ្យទន្លេ នឹងព្រែក របស់សាសន៍អេស៊ីព្ទត្រឡប់ទៅជាឈាម ឲ្យគេផឹកទឹកនោះមិនបាន ទ្រង់បានចាត់ហ្វូងរុយមកបង្ហិននៅកណ្តាលគេ នឹងកង្កែបមកបំផ្លាញគេផង ទ្រង់បានប្រគល់ផលរបស់គេ ឲ្យចង្រិតកាត់ ហើយការរបស់គេដល់កណ្តូប ទ្រង់បានបំផ្លាញដើមទំពាំងបាយជូរគេដោយព្រឹល ហើយដើមឧទុម្ពរដោយសន្សើមកក ទ្រង់ក៏ប្រគល់ហ្វូងគោគេឲ្យត្រូវព្រឹល ហើយហ្វូងចៀមគេឲ្យត្រូវរន្ទះបាញ់ដែរ ទ្រង់បានបោះសេចក្ដីខ្ញាល់ដ៏សហ័សទៅលើគេ ព្រមទាំងសេចក្ដីក្រោធ សេចក្ដីគ្នាន់ក្នាញ់ នឹងសេចក្ដីវេទនាផង គឺជាសេចក្ដីអាក្រក់ទាំងហ្វូង ដែលទ្រង់ចាត់មក ទ្រង់បានពង្រាបផ្លូវ សំរាប់សេចក្ដីខ្ញាល់របស់ទ្រង់ ទ្រង់មិនបានប្រណីព្រលឹងគេឲ្យរួចពីស្លាប់ទេ គឺបានប្រគល់ជីវិតគេដល់ជំងឺអាសន្នរោគ ក៏បានប្រហារអស់ទាំងកូនច្បងនៅស្រុកអេស៊ីព្ទ គឺជាដើមកំឡាំងរបស់ហាំនៅក្នុងត្រសាលគេ។ ៙ ប៉ុន្តែ ទ្រង់បានកៀងនាំរាស្ត្រទ្រង់ចេញដូចជាចៀម ហើយដឹកនាំគេនៅក្នុងទីរហោស្ថាន ដូចជាហ្វូងសត្វ ទ្រង់ក៏នាំគេទៅដោយសុខសាន្ត មិនឲ្យភ័យខ្លាចឡើយ តែសមុទ្របានគ្របលើពួកខ្មាំងសត្រូវគេវិញ ទ្រង់បាននាំគេទៅដល់ព្រំស្រុកបរិសុទ្ធរបស់ទ្រង់ គឺដល់ភ្នំនេះដែលព្រះហស្តស្តាំទ្រង់បានវាយយក ទ្រង់បានបណ្តេញអស់ទាំងសាសន៍ដទៃពីមុខគេចេញ ក៏វាស់ស្រុកនេះ ចែកដល់គេទុកជាមរដក ព្រមទាំងឲ្យពូជអំបូរសាសន៍អ៊ីស្រាអែលទាំងប៉ុន្មាន អាស្រ័យនៅក្នុងលំនៅរបស់សាសន៍ទាំងនោះ