ទំនុកតម្កើង 78:21-31

ទំនុកតម្កើង 78:21-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ហេតុនេះ កាល​ព្រះ‌យេហូវ៉ា​ឮ ព្រះ‌អង្គ​ក្រេវ​ក្រោធ​ជា​ខ្លាំង ក៏​មាន​ភ្លើង​ឆួល​ឡើង​ទាស់​នឹង​ពួក​យ៉ាកុប សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ព្រះ ហើយ​មិន​បាន​ទុក​ចិត្ត​នឹង​ព្រះចេស្ដា​របស់​ព្រះ‌អង្គ ដែល​អាច​សង្គ្រោះ​គេ​បាន​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ព្រះ‌អង្គ​បាន​បង្គាប់​ផ្ទៃ​មេឃ​នៅ​ខាង​លើ ព្រះ‌អង្គ​បាន​បើក​ទ្វារ​ស្ថាន‌សួគ៌ ហើយ​បង្អុរ​នំ​ម៉ាណា​ឲ្យ​ធ្លាក់​មក​លើ​គេដូច​ភ្លៀង ដើម្បី​ឲ្យ​គេ​បរិ‌ភោគ ព្រះ‌អង្គ​ប្រទាន​ស្រូវ​ពី​ស្ថាន‌សួគ៌​ដល់​គេ ។ គេ​បាន​បរិ‌ភោគ​នំ​ប៉័ង​របស់​ពួក​ទេវតា ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​អាហារ​ជា​បរិបូរ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្យល់​ពី​ទិស​ខាង​កើត បក់​នៅ​លើ​មេឃ ហើយ​បាន​នាំ​ខ្យល់​ពី​ទិស​ខាង​ត្បូង ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។ ព្រះ​អង្គ​ទម្លាក់​សាច់​មក​លើ​គេ ដូច​ធូលី​ធ្លាក់​ពីលើ​មេឃ គឺ​ជា​សត្វ​ស្លាប​ជា​ច្រើន ដូចគ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​សត្វ​ទាំង​នោះ ធ្លាក់​ចំ​កណ្ដាល​ជំរំ​របស់​គេ ជុំ‌វិញ​កន្លែង​ដែល​គេស្នាក់​នៅ។ ហើយ​គេ​ក៏​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់ ដ្បិត​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ តាម​បំណង​ដែល​គេ​ចង់​បាន។ ប៉ុន្ដែ ចិត្ត​របស់​គេ​មិន​ទាន់​ស្កប់​ស្កល់​ទេ ហើយ​កាល​អាហារ​នោះ នៅ​ក្នុង​មាត់​គេ​នៅ​ឡើយ សេចក្ដី​ក្រោធ​របស់​ព្រះក៏​ឆួល​ឡើង​ទាស់​នឹង​គេ ហើយ​ប្រហារ​ពួក​អ្នក​ខ្លាំង​ពូកែ​ជាង​គេ ព្រមទាំង​បំបាក់​យុវជន​ដែល​ពេញ​កម្លាំង ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ផង​ដែរ។

ទំនុកតម្កើង 78:21-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ពេល​ព្រះ‌អម្ចាស់​ឮ​ពាក្យ​របស់​ពួក​គេ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​ក្រៃ‌លែង ព្រះអង្គ​ក្ដៅ​ក្រហាយ​នឹង​ពូជ‌ពង្ស របស់​លោក​យ៉ាកុប ព្រះអង្គ​ខ្ញាល់​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រោះ​ពួក​គេ​គ្មាន​ជំនឿ​លើ​ព្រះ‌ជាម្ចាស់ ពួក​គេ​ពុំ​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ដែល​អាច​សង្គ្រោះ​គេ​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ព្រះអង្គ​បាន​បង្គាប់​ពពក ព្រះអង្គ​បាន​បើក​ផ្ទៃ​មេឃ ហើយ​ប្រទាន​នំ​ម៉ាណា​ធ្លាក់​ចុះ​មក​ដូច​ភ្លៀង ឲ្យ​ពួក​គេ​ធ្វើ​ជា​អាហារ គឺ​ព្រះអង្គ​ប្រទាន​ស្រូវ​ពី​ស្ថាន‌សួគ៌ មក​ឲ្យ​ពួក​គេ។ ពួក​គេ​ម្នាក់ៗ​បាន​បរិភោគ​អាហារ​របស់​ពួក​ទេវតា ព្រះអង្គ​ប្រទាន​ឲ្យ​គេ បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា។ នៅ​លើ​មេឃ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់ បក់​មក​ពី​ទិស​ខាង​កើត ហើយ​ព្រះអង្គ​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់ បក់​មក​ពី​ទិស​ខាង​ត្បូង​ដែរ។ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​សាច់​យ៉ាង​ច្រើន ដូច​ធូលី​ដី​ធ្លាក់​ពី​លើ​មេឃ​មក គឺ​ព្រះអង្គ​ប្រទាន​សត្វ​ស្លាប​យ៉ាង​ច្រើន ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ ធ្លាក់​ចុះ​មក​កណ្ដាល​ជំរំ​របស់​ពួក​គេ ជុំ‌វិញ​កន្លែង​ដែល​គេ​ស្នាក់​នៅ។ ពួក​គេ​បាន​បរិភោគ​ឆ្អែត​ស្កប់‌ស្កល់ ដោយ​ព្រះ‌ជាម្ចាស់​ធ្វើ​តាម​ចិត្ត ប៉ង‌ប្រាថ្នា​របស់​ពួក​គេ។ ក៏​ប៉ុន្តែ ទោះ​បី​គេ​មាន​ម្ហូប​អាហារ​នៅ​ពេញ​មាត់​ក្ដី ក៏​ពួក​គេ​នៅ​តែ​ពុំ​ព្រម​ស្កប់​ចិត្ត​ដដែល ជា​ហេតុ​នាំ​ឲ្យ​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ហើយ​ប្រហារ​ជីវិត​ពួក​អ្នក​ខ្លាំង​ពូកែ​ជាង​គេ ព្រម​ទាំង​យុវជន​ដែល​កំពុង​តែ​ពេញ​កម្លាំង ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ផង​ដែរ។

ទំនុកតម្កើង 78:21-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ឮ ហើយ​មាន​សេចក្ដី​ក្រោធ រួច​មាន​ភ្លើង​ឆួល​ឡើង បញ្ឆេះ​ពួក​យ៉ាកុប មាន​សេចក្ដី​ខ្ញាល់​ចេញ​ទៅ​ទាស់​នឹង​អ៊ីស្រាអែល ដោយ​ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ព្រះ ក៏​មិន​បាន​ទុក​ចិត្ត​នឹង​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ផង ទ្រង់​បាន​បង្គាប់​ដល់​ផ្ទៃ​មេឃ​នៅ​ខាង​លើ ក៏​បាន​បើក​ទ្វារ​នៃ​ស្ថាន‌សួគ៌ ហើយ​បង្អុរ​នំ​ម៉ាន៉ា ឲ្យ​ធ្លាក់​មក​លើ​គេ ដូច​ជា​ភ្លៀង សំរាប់​គេ​បរិភោគ គឺ​ទ្រង់​ប្រទាន​អាហារ​ពី​ស្ថាន‌សួគ៌​ដល់​គេ គេ​បាន​បរិភោគ​នំ​របស់​ពួក​ទេវតា​ទាំង​អស់​គ្នា ទ្រង់​បាន​ផ្ញើ​អាហារ​មក​គេ​ឲ្យ​បាន​ឆ្អែត។ ៙ ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្យល់​ពី​ទិស​ខាង​កើត​បក់​នៅ​លើ​មេឃ ហើយ​បាន​នាំ​ខ្យល់​ពី​ទិស​ខាង​ត្បូង ដោយ​ព្រះ‌ចេស្តា​របស់​ទ្រង់ ក៏​ទំលាក់​សាច់​មក​លើ​គេ​ដូច​ជា​ធូលី​ដី គឺ​ជា​សត្វ​ស្លាប​ជា​ច្រើន ដូច​ជា​ខ្សាច់​នៅ​សមុទ្រ ទ្រង់​ឲ្យ​ធ្លាក់​នៅ​ព័ទ្ធ​ជុំវិញ​លំនៅ​របស់​គេ គឺ​នៅ​កណ្តាល​ទី​ដំឡើង​ត្រសាល ដូច្នេះ គេ​ក៏​បរិភោគ​ទៅ ហើយ​បាន​ឆ្អែត​ពេញ​បន្ទុក ទ្រង់​បាន​ប្រទាន​ឲ្យ តាម​បំណង​ចិត្ត​គេ គឺ​គេ​មិន​ទាន់​អស់​អាល័យ​ក្នុង​ចិត្ត ហើយ​កាល​អាហារ​នោះ​នៅ​ក្នុង​មាត់​គេ​នៅ​ឡើយ នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ បាន​ឆួល​ឡើង​ទាស់​នឹង​គេ ព្រម​ទាំង​សំឡាប់​អស់​អ្នក​ដែល​ធាត់ៗ​ក្នុង​ពួក​គេ ហើយ​វាយ​ផ្តួល​ពួក​កំឡោះៗ នៃ​សាសន៍​អ៊ីស្រាអែល​ផង។