ទំនុកតម្កើង 78:2-5
ទំនុកតម្កើង 78:2-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ខ្ញុំនឹងបើកមាត់បញ្ចេញជាសេចក្ដីប្រៀបធៀប ខ្ញុំនឹងបរិយាយប្រាប់អំពីសេចក្ដីលាក់កំបាំង ពីចាស់បុរាណ ជាសេចក្ដីដែលយើងធ្លាប់បានឮ និងធ្លាប់បានដឹង ជាសេចក្ដីដែលដូនតាយើងបានប្រាប់។ យើងនឹងមិនលាក់សេចក្ដីទាំងនោះចំពោះកូនចៅ របស់គាត់ឡើយ យើងនឹងប្រាប់មនុស្សជំជាន់ក្រោយ អំពីអស់ទាំងស្នាព្រហស្តដ៏អស្ចារ្យ របស់ព្រះយេហូវ៉ា អំពីឫទ្ធានុភាព និងការអស្ចារ្យ ដែលព្រះអង្គបានធ្វើ។ ៙ ព្រះអង្គបានតាំងឲ្យមានទីបន្ទាល់ នៅក្នុងពួកយ៉ាកុប ក៏បានតម្រូវឲ្យមានក្រឹត្យវិន័យ នៅក្នុងពួកអ៊ីស្រាអែល ជាច្បាប់ដែលព្រះអង្គបានបង្គាប់ បុព្វបុរសរបស់យើង ឲ្យបង្រៀនដល់កូនចៅតរៀងទៅ
ទំនុកតម្កើង 78:2-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ខ្ញុំនឹងថ្លែងប្រាប់អ្នករាល់គ្នា នូវបទពិសោធពីអតីតកាល ខ្ញុំនឹងបរិយាយប្រាប់អ្នករាល់គ្នាអំពីអត្ថន័យ លាក់កំបាំងនៃព្រឹត្តិការណ៍នៅបុរាណកាល។ អ្វីៗដែលយើងធ្លាប់ឮ អ្វីៗដែលយើងដឹង អ្វីៗដែលដូនតាយើងធ្លាប់រ៉ាយរ៉ាប់ប្រាប់ យើងនឹងថ្លែងប្រាប់កូនចៅរបស់យើង ឥតលាក់លៀមឡើយ យើងនឹងពណ៌នាពីឫទ្ធានុភាពរបស់ព្រះអម្ចាស់ និងពីស្នាព្រះហស្ដដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ ប្រាប់កូនចៅនៅជំនាន់ក្រោយ ដើម្បីលើកតម្កើងព្រះអង្គ។ ព្រះអង្គផ្ដល់ដំបូន្មានឲ្យកូនចៅ របស់លោកយ៉ាកុប ព្រះអង្គប្រទានក្រឹត្យវិន័យមកឲ្យពូជពង្ស របស់លោកអ៊ីស្រាអែល ព្រះអង្គបង្គាប់បុព្វបុរសរបស់យើង ឲ្យបង្រៀនសេចក្ដីទាំងនោះដល់កូនចៅ
ទំនុកតម្កើង 78:2-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ខ្ញុំនឹងបើកមាត់បញ្ចេញជាសេចក្ដីប្រៀបធៀប ហើយនឹងពោលជាសេចក្ដីអាថ៌កំបាំងពីចាស់បូរាណ ជាសេចក្ដីដែលពួកយើងធ្លាប់បានឮបានដឹងហើយ ដែលឪពុកយើងបានប្រាប់តៗមក យើងក៏មិនលាក់សេចក្ដីទាំងនោះទុកចំពោះកូនចៅ របស់គាត់ដែរ គឺនឹងប្រកាសពីអស់ទាំងសេចក្ដីសរសើរនៃព្រះយេហូវ៉ា ដល់ដំណមនុស្សជាន់ក្រោយឲ្យបានស្តាប់ ព្រមទាំងឥទ្ធានុភាព នឹងការអស្ចារ្យ ដែលទ្រង់បានធ្វើផង។ ៙ ដ្បិតទ្រង់បានតាំងឲ្យមានទីបន្ទាល់នៅក្នុងពួកយ៉ាកុប ក៏បានដំរូវឲ្យមានក្រិត្យវិន័យនៅក្នុងពួកអ៊ីស្រាអែល ជាច្បាប់ដែលទ្រង់បានបង្គាប់ដល់ពួកឰយុកោរបស់យើង ប្រយោជន៍នឹងបង្រៀនឲ្យពួកកូនចៅបានដឹងតរៀងទៅ