ទំនុកតម្កើង 78:13-20
ទំនុកតម្កើង 78:13-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គបានញែកសមុទ្រ ហើយឲ្យគេដើរឆ្លង ក៏បានធ្វើឲ្យទឹកឈរឡើងដូចកំផែង។ នៅពេលថ្ងៃ ព្រះអង្គបាននាំគេដោយពពក ហើយរាល់យប់ ព្រះអង្គបាននាំគេ ដោយពន្លឺភ្លើង។ ព្រះអង្គបានបំបែកថ្មនៅទីរហោស្ថាន ហើយប្រទានឲ្យគេមានផឹកទឹកជាបរិបូរ ដូចជាប្រភពទឹកផុសចេញមក។ ព្រះអង្គបានធ្វើឲ្យមានទឹកចេញពីថ្ម ហូរចុះមកដូចជាទន្លេ។ ៙ ទោះជាយ៉ាងនេះក្ដី គេនៅតែប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ ដោយបះបោរប្រឆាំងនឹងព្រះដ៏ខ្ពស់បំផុត នៅទីរហោស្ថាន។ គេបានល្បងលព្រះនៅក្នុងចិត្តគេ ដោយទាមទារអាហារតាមទំនើងចិត្តរបស់គេ។ គេពោលពាក្យទាស់នឹងព្រះថា «តើព្រះអាចផ្គត់ផ្គង់អាហារឲ្យយើងបរិភោគ នៅទីរហោស្ថាននេះបានឬ? ព្រះអង្គបានវាយថ្មឲ្យមានទឹកផុលចេញមក ដូចជាទឹកជ្រោះហូរហៀរមែន ក៏ប៉ុន្ដែ តើព្រះអង្គអាចប្រទាននំបុ័ង ឬផ្គត់ផ្គង់សាច់ឲ្យប្រជារាស្ត្រព្រះអង្គ បរិភោគបានដែរឬ?»។
ទំនុកតម្កើង 78:13-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
គឺព្រះអង្គបានញែកទឹកសមុទ្រ ឲ្យពួកគេដើរឆ្លង ព្រះអង្គធ្វើឲ្យទឹកផ្ដុំគ្នានៅនឹងថ្កល់ មួយកន្លែងដូចកំពែង។ នៅពេលថ្ងៃ ព្រះអង្គដឹកនាំគេដោយដុំពពក ហើយរាល់យប់ព្រះអង្គដឹកនាំគេ ដោយដុំភ្លើងជាពន្លឺ។ ព្រះអង្គបានបំបែកផ្ទាំងថ្មក្នុងវាលរហោស្ថាន ឲ្យគេហូបទឹកដែលហូរចេញ យ៉ាងបរិបូណ៌ពីបាតដីមក។ ព្រះអង្គបានធ្វើឲ្យមានទឹក ហូរចេញពីផ្ទាំងសិលាមក ដូចជាទឹកទន្លេ។ ទោះជាយ៉ាងនេះក្ដី ពួកគេនៅតែប្រព្រឹត្តអំពើបាប ខុសនឹងព្រះហឫទ័យព្រះអង្គជានិច្ច ពួកគេបះបោរប្រឆាំងនឹងព្រះដ៏ខ្ពង់ខ្ពស់បំផុត នៅវាលរហោស្ថានដ៏ហួតហែងនោះ។ ពួកគេហ៊ានល្បងលមើលព្រះជាម្ចាស់ ដោយសូមឲ្យព្រះអង្គប្រទានម្ហូបអាហារ តាមទំនើងចិត្តរបស់ខ្លួន។ គេនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះជាម្ចាស់ថា: តើព្រះជាម្ចាស់អាចជប់លៀងយើង ក្នុងវាលរហោស្ថាននេះបានឬ? ព្រះអង្គបានវាយផ្ទាំងថ្មឲ្យមានទឹក ហូរចេញមក ដូចជាទឹកជ្រោះធ្លាក់មែន ក៏ប៉ុន្តែ តើព្រះអង្គអាចប្រទាននំបុ័ង និងផ្គត់ផ្គង់សាច់មកឲ្យ ប្រជារាស្ត្ររបស់ព្រះអង្គបានដែរឬ?
ទំនុកតម្កើង 78:13-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់បានវែកសមុទ្រ បើកជាផ្លូវឲ្យគេដើរឆ្លងទៅ ក៏បានធ្វើឲ្យទឹកឈរឡើងដូចជាកំផែង នៅវេលាថ្ងៃទ្រង់បាននាំគេ ដោយពពក ហើយវេលាយប់ទាល់ព្រឹក បាននាំដោយពន្លឺនៃភ្លើងវិញ ទ្រង់បំប្រេះថ្មដានៅទីរហោស្ថាន ឲ្យគេបានផឹកទឹកជាបរិបូរ ដូចជាហូរចេញពីទីជំរៅមក ទ្រង់បានធ្វើឲ្យមានទឹកចេញពីថ្ម ហូរចុះមកដូចជាទន្លេ។ ៙ ទោះបើយ៉ាងនោះ គង់តែគេនៅតែធ្វើបាប នឹងទ្រង់ទៀត ជាការបះបោរនឹងព្រះដ៏ខ្ពស់បំផុតត្រង់ទីរហោស្ថាន គេបានល្បងលព្រះនៅក្នុងចិត្តគេ ដោយសូមអាហារតាមគេប្រាថ្នា អើ គេបាននិយាយទំនាស់នឹងព្រះ ដោយពាក្យថា តើព្រះទ្រង់អាចនឹងចាត់ចែងឲ្យមានអាហារបរិភោគ នៅទីរហោស្ថាននេះបានឬ មើល ទ្រង់បានវាយថ្មដា ឲ្យមានទឹកផុលចេញ ហើយឲ្យជ្រោះមានទឹកជន់លិចច្រាំង ដូច្នេះ តើទ្រង់អាចនឹងប្រទានឲ្យមាននំបុ័ងដែរឬ តើទ្រង់នឹងផ្គត់ផ្គង់ ឲ្យរាស្ត្រទ្រង់មានសាច់បរិភោគឬអី