ទំនុកតម្កើង 78:1-72

ទំនុកតម្កើង 78:1-72 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱប្រជាជន​របស់​ខ្ញុំ​អើយ ចូរ​ប្រុង​ត្រចៀក​ស្តាប់​សេចក្ដី​បង្រៀន​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​អស់​ទាំង​ពាក្យ ដែល​ចេញ​ពី​មាត់​ខ្ញុំ​ចុះ! ខ្ញុំ​នឹង​បើក​មាត់​បញ្ចេញ​ជា​សេចក្ដី​ប្រៀប‌ធៀប ខ្ញុំ​នឹងបរិយាយ​ប្រាប់​អំពី​សេចក្ដី​លាក់‌កំបាំង ពី​ចាស់​បុរាណ ជា​សេចក្ដី​ដែល​យើង​ធ្លាប់​បាន​ឮ និង​ធ្លាប់​បាន​ដឹង ជា​សេចក្ដី​ដែល​ដូនតា​យើង​បាន​ប្រាប់។ យើង​នឹង​មិន​លាក់​សេចក្ដី​ទាំង​នោះ​ចំពោះ​កូន​ចៅ របស់​គាត់​ឡើយ យើង​នឹងប្រាប់​មនុស្សជំជាន់​ក្រោយ អំពី​អស់​ទាំង​ស្នាព្រហស្ត​ដ៏​អស្ចារ្យ របស់​ព្រះ‌យេហូវ៉ា អំពី​ឫទ្ធា‌នុភាព និង​ការ​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ។ ៙ ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មាន​ទី​បន្ទាល់ នៅ​ក្នុង​ពួក​យ៉ាកុប ក៏​បាន​តម្រូវ​ឲ្យ​មាន​ក្រឹត្យ‌វិន័យ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ជា​ច្បាប់​ដែល​ព្រះ‌អង្គ​បាន​បង្គាប់ បុព្វ‌បុរស​របស់​យើង ឲ្យ​បង្រៀន​ដល់​កូន​ចៅ​ត​រៀង​ទៅ ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ គឺ​កូន​ចៅ​ដែល​នឹង​កើត​មក​ស្គាល់​សេចក្ដី​ទាំង​នោះ គេ​នឹងបន្ត​វេន ហើយ​ប្រាប់​ដល់​កូន​ចៅ របស់​គេ​តទៅ​ទៀត សម្រាប់​ឲ្យ​គេ​បាន​តាំង​ចិត្ត​សង្ឃឹម​ដល់​ព្រះ ហើយ​មិន​ភ្លេច​ពី​កិច្ច​ការ​របស់​ព្រះ‌អង្គ​ឡើយ គឺ​គោរព​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​វិញ ដើម្បី​កុំ​ឲ្យ​គេ​បាន​ដូច​បុព្វ‌បុរស​រប​ស់​គេ ជា​ជំនាន់​មនុស្ស​រឹង‌រូស ហើយ​បះ‌បោរ ជា​ជំនាន់​មនុស្ស​ដែល​មិន​បាន​តាំង​ចិត្ត ឲ្យ​ទៀង​ត្រង់ ហើយ​វិញ្ញាណ​របស់​គេ មិន​ស្មោះ​ចំពោះ​ព្រះ​នោះ​ឡើយ។ ៙ ឯ​កូន​ចៅ​អេប្រាអិម​ដែល​មាន​គ្រឿង​ធ្នូ ហើយ​ក៏​ប្រសប់​បាញ់ គេ​បាន​ដក​ថយ​នៅ​ថ្ងៃ​ធ្វើ​ចម្បាំង។ គេ​មិន​បាន​កាន់​តាម​សេចក្ដី​សញ្ញា​របស់​ព្រះ​ទេ គឺ​មិន​ព្រម​ប្រព្រឹត្ត​តាម​ក្រឹត្យ‌វិន័យ របស់​ព្រះ‌អង្គ​ឡើយ។ គេ​បាន​ភ្លេច​កិច្ច​ការ​របស់​ព្រះ‌អង្គ ភ្លេច​ការ​អស្ចារ្យ​ទាំង​ឡាយ ដែល​ព្រះ‌អង្គ​បាន​សម្ដែង​ឲ្យ​គេ​ឃើញ។ ព្រះ‌អង្គ​បាន​ធ្វើ​ការ​ចម្លែក នៅ​នឹង​ភ្នែក​បុព្វ‌បុរស​របស់​គេ នៅ​ស្រុក​អេស៊ីព្ទ នៅ​វាល​សូអាន។ ព្រះ‌អង្គ​បាន​ញែក​សមុទ្រ ហើយ​ឲ្យ​គេ​ដើរ​ឆ្លង ក៏​បាន​ធ្វើ​ឲ្យ​ទឹក​ឈរ​ឡើង​ដូច​កំផែង។ នៅ​ពេល​ថ្ងៃ ព្រះ‌អង្គ​បាន​នាំ​គេ​ដោយ​ពពក ហើយ​រាល់​យប់ ព្រះ‌អង្គ​បាន​នាំ​គេ ដោយ​ពន្លឺ​ភ្លើង។ ព្រះ‌អង្គ​បាន​បំបែក​ថ្ម​នៅ​ទី​រហោ‌ស្ថាន ហើយ​ប្រទាន​ឲ្យ​គេ​មាន​ផឹក​ទឹក​ជា​បរិបូរ ដូច​ជា​ប្រភព​ទឹក​ផុស​ចេញ​មក។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ចេញ​ពី​ថ្ម ហូរ​ចុះ​មក​ដូច​ជា​ទន្លេ។ ៙ ទោះ​ជា​យ៉ាង​នេះ​ក្ដី គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌អង្គ ដោយ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត នៅ​ទី​រហោ‌ស្ថាន។ គេ​បាន​ល្បង‌ល​ព្រះ​នៅ​ក្នុង​ចិត្ត​គេ ដោយ​ទាម​ទារ​អាហារ​តាម​ទំនើង​ចិត្ត​របស់​គេ។ គេ​ពោល​ពាក្យ​ទាស់​នឹង​ព្រះ​ថា «តើ​ព្រះ​អាច​ផ្គត់​ផ្គង់​អាហារ​ឲ្យ​យើង​បរិ‌ភោគ នៅ​ទី​រហោ‌ស្ថាន​នេះ​បាន​ឬ? ព្រះ‌អង្គ​បាន​វាយ​ថ្ម​ឲ្យ​មាន​ទឹក​ផុល​ចេញមក ដូច​ជា​ទឹក​ជ្រោះ​ហូរ​ហៀរ​មែន ក៏​ប៉ុន្ដែ តើ​ព្រះ‌អង្គ​អាច​ប្រទាន​នំបុ័ង ឬ​ផ្គត់‌ផ្គង់​សាច់​ឲ្យ​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ បរិ‌ភោគ​បាន​ដែរ​ឬ?»។ ហេតុនេះ កាល​ព្រះ‌យេហូវ៉ា​ឮ ព្រះ‌អង្គ​ក្រេវ​ក្រោធ​ជា​ខ្លាំង ក៏​មាន​ភ្លើង​ឆួល​ឡើង​ទាស់​នឹង​ពួក​យ៉ាកុប សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ទាស់​នឹង​ពួក​អ៊ីស្រា‌អែល ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ព្រះ ហើយ​មិន​បាន​ទុក​ចិត្ត​នឹង​ព្រះចេស្ដា​របស់​ព្រះ‌អង្គ ដែល​អាច​សង្គ្រោះ​គេ​បាន​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ព្រះ‌អង្គ​បាន​បង្គាប់​ផ្ទៃ​មេឃ​នៅ​ខាង​លើ ព្រះ‌អង្គ​បាន​បើក​ទ្វារ​ស្ថាន‌សួគ៌ ហើយ​បង្អុរ​នំ​ម៉ាណា​ឲ្យ​ធ្លាក់​មក​លើ​គេដូច​ភ្លៀង ដើម្បី​ឲ្យ​គេ​បរិ‌ភោគ ព្រះ‌អង្គ​ប្រទាន​ស្រូវ​ពី​ស្ថាន‌សួគ៌​ដល់​គេ ។ គេ​បាន​បរិ‌ភោគ​នំ​ប៉័ង​របស់​ពួក​ទេវតា ព្រះ‌អង្គ​ប្រទាន​ឲ្យ​គេ​មាន​អាហារ​ជា​បរិបូរ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ខ្យល់​ពី​ទិស​ខាង​កើត បក់​នៅ​លើ​មេឃ ហើយ​បាន​នាំ​ខ្យល់​ពី​ទិស​ខាង​ត្បូង ដោយ​ព្រះ‌ចេស្តា​របស់​ព្រះ‌អង្គ។ ព្រះ​អង្គ​ទម្លាក់​សាច់​មក​លើ​គេ ដូច​ធូលី​ធ្លាក់​ពីលើ​មេឃ គឺ​ជា​សត្វ​ស្លាប​ជា​ច្រើន ដូចគ្រាប់​ខ្សាច់​នៅ​ឆ្នេរ​សមុទ្រ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​សត្វ​ទាំង​នោះ ធ្លាក់​ចំ​កណ្ដាល​ជំរំ​របស់​គេ ជុំ‌វិញ​កន្លែង​ដែល​គេស្នាក់​នៅ។ ហើយ​គេ​ក៏​បរិ‌ភោគ​ឆ្អែត​ស្កប់​ស្កល់ ដ្បិត​ព្រះ‌អង្គ​បាន​ប្រទាន​ឲ្យ តាម​បំណង​ដែល​គេ​ចង់​បាន។ ប៉ុន្ដែ ចិត្ត​របស់​គេ​មិន​ទាន់​ស្កប់​ស្កល់​ទេ ហើយ​កាល​អាហារ​នោះ នៅ​ក្នុង​មាត់​គេ​នៅ​ឡើយ សេចក្ដី​ក្រោធ​របស់​ព្រះក៏​ឆួល​ឡើង​ទាស់​នឹង​គេ ហើយ​ប្រហារ​ពួក​អ្នក​ខ្លាំង​ពូកែ​ជាង​គេ ព្រមទាំង​បំបាក់​យុវជន​ដែល​ពេញ​កម្លាំង ក្នុង​ចំណោម​ពួក​អ៊ីស្រា‌អែល​ផង​ដែរ។ ៙ ទោះ​បើ​យ៉ាង​នេះ​ក៏​ដោយ ក៏​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ដដែល គេ​មិន​បាន​ជឿ​ការ​អស្ចារ្យ​របស់​ព្រះ‌អង្គ​ទេ។ ដូច្នេះ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ថ្ងៃ​របស់​គេ កន្លង​បាត់ទៅ បាន​ដូច​ជា​មួយ​ដង្ហើម ហើយ​ឆ្នាំ​របស់​គេ​ពេញ​ដោយ​ការ​ភ័យ​ខ្លាច។ កាល​ព្រះ‌អង្គ​ប្រហារ​ពួក‌គេ ទើប​គេ​ស្វែង​រក​ព្រះ‌អង្គ គេ​ប្រែ​ចិត្ត ហើយ​នាំគ្នា​ស្វែង​រក​ព្រះ យ៉ាង​អស់​ពី​ចិត្ត។ ពួកគេ​នឹក​ចាំ​ថា ព្រះ​ជា​ថ្ម​ដា​របស់​ពួក‌គេ គឺ​ព្រះ​ដ៏​ខ្ពស់​បំផុត ព្រះ‌អង្គ​ជា​អ្នក​ប្រោស​លោះ​របស់​គេ។ ក៏​ប៉ុន្ដែ គេ​បាន​លើក​បញ្ចើច​ព្រះ‌អង្គ ដោយ​មាត់​របស់​គេ អណ្ដាត​របស់​គេបាន​កុហក​ព្រះ‌អង្គ។ ចិត្តរបស់​គេ​មិន​ទៀង​ចំពោះ​ព្រះ‌អង្គ​ទេ ហើយ​ក៏​មិន​ស្មោះត្រង់ ចំពោះ​សេចក្ដី​សញ្ញា​ព្រះ‌អង្គ​ដែរ។ រីឯ​ព្រះ‌អង្គ​វិញ ព្រះ‌អង្គ​មានព្រះ‌ហឫ‌ទ័យ អាណិត​អាសូរ ព្រះ‌អង្គ​អត់​ទោស​អំពើ​ទុច្ចរិត​របស់​គេ ហើយ​មិន​បាន​បំផ្លាញ​គេ​ទេ ព្រះ‌អង្គ​ទប់​ព្រះ‌ហឫ‌ទ័យ​របស់​ព្រះ‌អង្គ ជា​ច្រើន​លើក​ច្រើន​សា មិន​ឲ្យ​សេចក្ដី​ក្រោធ​របស់​ព្រះ‌អង្គ ឆួល​ឡើង​ទាំង​អស់​ឡើយ។ ព្រះ‌អង្គ​បាន​នឹក​ចាំ​ថា គេ​គ្រាន់​តែ​ជា​សាច់​ឈាម​ប៉ុណ្ណោះ គឺ​ជា​ខ្យល់​ដែល​បក់​កន្លង​ហួស​ទៅ ឥត​វិល​មក​វិញ​ឡើយ។ ប៉ុន្មាន​ដង​ហើយ​ដែល​គេ​បះ‌បោរ​នឹង​ព្រះ‌អង្គ នៅ​ក្នុង​ទី​រហោ‌ស្ថាន ហើយ​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ព្រួយ​ព្រះ‌ហឫ‌ទ័យ នៅ​ទី​ហួត​ហែង! គេ​បាន​ល្បង​ល​ព្រះ ម្ដង​ហើយម្ដង​ទៀត គេ​បាន​រក​រឿង​ព្រះ​ដ៏​បរិសុទ្ធ នៃ​សាសន៍​អ៊ីស្រា‌អែល។ គេ​មិន​បាន​នឹក​ចាំ​ពី​ព្រះ‌ចេស្ដា​របស់​ព្រះ‌អង្គ ឬ​ពី​ថ្ងៃ​ដែល​ព្រះ‌អង្គ​បាន​រំដោះ​គេ​ពី​ខ្មាំង​សត្រូវ កាល​ព្រះ‌អង្គ​បាន​សម្ដែង​ទី​សម្គាល់ របស់​ព្រះ‌អង្គ​នៅ​ស្រុក​អេស៊ីព្ទ និង​ការ​អស្ចារ្យ​នៅ​ទី​វាល​សូអាន​ឡើយ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ទន្លេ និង​ព្រែក​របស់​គេ​ទៅ​ជា​ឈាម ហើយ​គេ​មិន​អាច​ផឹក​ពី​ទឹក​នោះ​បាន​ឡើយ។ ព្រះ‌អង្គ​បាន​ចាត់​ហ្វូង​រុយ​មក​បង្ហិន​គេ ហើយ​កង្កែប​មក​បំផ្លាញ​គេ។ ព្រះ‌អង្គ​បាន​ប្រគល់​ដំណាំ​របស់​គេ ទៅ​ឲ្យ​ចង្រិត​កាត់ ហើយ​ភោគផល​របស់​គេ​ទៅ​ឲ្យ​កណ្តូបស៊ី។ ព្រះ‌អង្គ​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ របស់​គេ​ដោយ​ព្រឹល ហើយ​ដើម​ឧទុម្ពរ​របស់​គេ​ដោយ​សន្សើម​កក។ ព្រះ‌អង្គ​បាន​ប្រគល់​ហ្វូង​គោ​របស់​គេ​ឲ្យ​ត្រូវ​ព្រឹល ហើយ​ឲ្យ​ហ្វូង​ចៀម​របស់​គេ​ត្រូវ​រន្ទះ​បាញ់។ ព្រះ‌អង្គ​បាន​ចាក់​សេចក្ដី​ក្រោធ ដ៏​សហ័ស​របស់​ព្រះ‌អង្គ​ទៅ​លើ​គេ ព្រម​ទាំង​សេចក្ដី​ក្រោធ សេចក្ដី​គ្នាន់‌ក្នាញ់ និង​សេចក្ដី​វេទនា រួម​ទាំង​ពល​ទេវតា​មក​បំផ្លាញ​គេទៀត​ផង។ ព្រះ‌អង្គ​បាន​ធ្វើ​ផ្លូវ​សម្រាប់​សេចក្ដី​ក្រោធ របស់​ព្រះ‌អង្គ ព្រះ‌អង្គ​មិន​បាន​ប្រណី​ព្រលឹង​គេ ឲ្យ​រួច​ពី​ស្លាប់​ឡើយ គឺ​បាន​ប្រគល់​ជីវិត​គេ​ទៅ​ឲ្យ​គ្រោះ​កាច។ ព្រះ‌អង្គ​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង នៅ​ស្រុក​អេស៊ីព្ទ គឺ​ជា​ដើម​កម្លាំង​របស់​ហាំ​នៅ​ក្នុង​ជំរំ​គេ។ ក៏​ប៉ុន្ដែ ព្រះ‌អង្គ​បាន​នាំប្រជា‌រាស្ត្រ​ព្រះ‌អង្គ ចេញ​ដូច​ជា​ចៀម ហើយបាន​ដឹក‌នាំ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដូច​ជា​ហ្វូង​សត្វ។ ព្រះ‌អង្គ​បាន​នាំ​គេ​ដោយ​សុខ​សាន្ត មិន​ឲ្យគេ​ភ័យ​ខ្លាច​ឡើយ តែ​សមុទ្រ​បាន​គ្រប​លើ​ខ្មាំង​សត្រូវ​របស់​គេ​វិញ។ ព្រះ‌អង្គ​បាន​នាំ​គេ​ទៅ​កាន់​ទឹក​ដី​បរិសុទ្ធ របស់​ព្រះ‌អង្គ គឺ​ទៅ​កាន់​ភ្នំ​ដែល​ព្រះ‌ហស្ត​ស្តាំ របស់​ព្រះ‌អង្គ​បាន​ឈ្នះ។ ព្រះ‌អង្គ​បាន​បណ្តេញ​សាសន៍​នានា ចេញ​ពី​មុខ​គេ ព្រះ‌អង្គ​បាន​ចែកទឹក​ដីទាំង​នោះ ឲ្យគេទុក​ជា​មត៌ក ក៏​ឲ្យ​កុល‌សម្ព័ន្ធនៃ​សាសន៍​អ៊ីស្រា‌អែល រស់​នៅ​ក្នុង​លំនៅ​របស់​សាសន៍​ទាំង​នោះ។ ៙ ប៉ុន្តែ គេ​បាន​ល្បង‌ល​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​បះ‌បោរ​ទាស់​នឹង​ព្រះ‌អង្គ មិន​បាន​កាន់​តាម​បញ្ញត្តិ​របស់​ព្រះ‌អង្គ​ឡើយ គឺ​បាន​ថយ​ចេញ ហើយ​ប្រព្រឹត្ត​ដោយ​ក្បត់ ដូច​បុព្វ‌បុរស​របស់​គេ គេ​ក្រឡាច់​រមួល​ដូច​ជា​ធ្នូ​មិន​ត្រង់។ គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ខ្ញាល់ ដោយ​ទី​ខ្ពស់​របស់​គេ គេ​បណ្ដាល​ឲ្យ​ព្រះ‌អង្គ​ប្រចណ្ឌ ដោយ​រូប​ព្រះ​របស់​គេ។ កាល​ព្រះ​ជ្រាប ព្រះ‌អង្គ​ក្រោធ​ជា​ខ្លាំង ហើយ​ព្រះ‌អង្គ​មិន​រវីរវល់ នឹង​សាសន៍​អ៊ីស្រា‌អែល​សោះ។ ព្រះ‌អង្គ​លះ​ចោល​ព្រះ​ដំណាក់​ព្រះ‌អង្គ​នៅស៊ីឡូរ ជា​រោង​ឧបោ​សថ​ដែល​ព្រះ‌អង្គ​ធ្លាប់​គង់​នៅ កណ្ដាល​មនុស្ស ហើយ​ប្រគល់​ព្រះ​ចេស្ដា​របស់​ព្រះ‌អង្គ ឲ្យ​ទៅ​ជា​ឈ្លើយ គឺ​សិរី‌ល្អ​របស់​ព្រះ‌អង្គ ទៅ​ក្នុង​កណ្ដាប់​ដៃ​ខ្មាំង​សត្រូវ ។ ព្រះ‌អង្គ​បាន​ប្រគល់​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ ទៅ​ឲ្យ​ដាវ ហើយ​ព្រះ‌អង្គ​ក្រោធ​នឹង​មត៌ក របស់​ព្រះ‌អង្គ។ ភ្លើង​បាន​ឆេះ​បំផ្លាញ​ពួក​កំលោះ​របស់​គេ ឯ​ស្ត្រី​ក្រមុំ​របស់​គេ គ្មាន​អ្នក​ណា​ដណ្តឹង​ឡើយ។ ពួក​សង្ឃ​របស់​គេ​បាន​ដួល​ស្លាប់​ដោយ​ដាវ តែ​ប្រពន្ធ​របស់​គេ​មិន​បាន​យំ​សោក​ឡើយ។ ពេល​នោះ ព្រះ‌អម្ចាស់​តើន​ឡើង ដូច​គេ​ភ្ញាក់​ពី​ដំណេក ដូច​មនុស្ស​ខ្លាំង​ពូកែ​ដែល​ស្រែក​ឡើង ដោយ​អំណាច​ស្រា​ទំពាំង‌បាយ‌ជូរ។ ព្រះ‌អង្គ​វាយ​បច្ចា‌មិត្ត​របស់​ព្រះ‌អង្គ ឲ្យ​រត់​ខ្ចាត់​ខ្ចាយ ព្រះ‌អង្គ​ធ្វើ​ឲ្យ​គេ​អាម៉ាស់​អស់​កល្ប​ជានិច្ច។ ៙ ព្រះ‌អង្គ​មិន​រវី​រវល់​នឹង​រោង​ឧបោសថ របស់​ពួក​យ៉ូសែប​ឡើយ ក៏​មិន​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​អេប្រាអិម​ដែរ តែ​ព្រះ‌អង្គ​បាន​រើស​កុល‌សម្ព័ន្ធ​យូដា និង​ភ្នំ​ស៊ីយ៉ូនដែល​ព្រះ‌អង្គ​ស្រឡាញ់។ ព្រះ‌អង្គ​បានសង់​ទី​បរិសុទ្ធ​របស់​ព្រះ‌អង្គ ដូច​ជា​ផ្ទៃ​មេឃ​ដ៏​ខ្ពស់ ដូច​ជា​ផែនដី ដែល​ព្រះ‌អង្គ​បាន​តាំង​ឲ្យ​នៅ​ជាប់ រហូត​តទៅ។ ព្រះ‌អង្គ​បាន​ជ្រើស​រើស​ដាវីឌ ជា​អ្នក​បម្រើ​ព្រះ‌អង្គ ហើយ​បាន​យក​លោក​ចេញ​ពី​ក្រោល​ចៀម ព្រះ‌អង្គ​បាន​យក​លោក ចេញ​ពី​ការ​ឃ្វាល​មេ​ចៀម​ដែល​មាន​កូន ឲ្យ​ធ្វើ​ជា​គង្វាល​ដល់​ពួក​យ៉ាកុប ជា​ប្រជា‌រាស្ត្រ​ព្រះ‌អង្គ គឺ​ពួក​អ៊ីស្រា‌អែល​ដែល​ជា​មត៌ក​របស់​ព្រះ‌អង្គ។ លោក​បាន​ឃ្វាល​ពួក‌គេ​ដោយ​ចិត្ត​ទៀង​ត្រង់ ហើយ​នាំ​ផ្លូវ​គេ​ដោយ​ដៃ​ដ៏​ប៉ិន​ប្រសប់។

ទំនុកតម្កើង 78:1-72 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រជា‌ជន​របស់​ខ្ញុំ​អើយ ចូរ​ត្រង‌ត្រាប់​សេចក្ដី​ដែល​ខ្ញុំ ប្រៀន‌ប្រដៅ​អ្នក​រាល់​គ្នា! ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា!។ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា នូវ​បទ​ពិសោធ​ពី​អតីតកាល ខ្ញុំ​នឹង​បរិយាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អត្ថ‌ន័យ លាក់​កំបាំង​នៃ​ព្រឹត្តិ‌ការណ៍​នៅ​បុរាណ​កាល។ អ្វីៗ​ដែល​យើង​ធ្លាប់​ឮ អ្វីៗ​ដែល​យើង​ដឹង អ្វីៗ​ដែល​ដូនតា​យើង​ធ្លាប់​រ៉ាយ‌រ៉ាប់​ប្រាប់ យើង​នឹង​ថ្លែង​ប្រាប់​កូន​ចៅ​របស់​យើង ឥត​លាក់‌លៀម​ឡើយ យើង​នឹង​ពណ៌នា​ពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អម្ចាស់ និង​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ ប្រាប់​កូន​ចៅ​នៅ​ជំនាន់​ក្រោយ ដើម្បី​លើក​តម្កើង​ព្រះអង្គ។ ព្រះអង្គ​ផ្ដល់​ដំបូន្មាន​ឲ្យ​កូន​ចៅ របស់​លោក​យ៉ាកុប ព្រះអង្គ​ប្រទាន​ក្រឹត្យ‌វិន័យ​មក​ឲ្យ​ពូជ‌ពង្ស របស់​លោក​អ៊ីស្រា‌អែល ព្រះអង្គ​បង្គាប់​បុព្វបុរស​របស់​យើង ឲ្យ​បង្រៀន​សេចក្ដី​ទាំង​នោះ​ដល់​កូន​ចៅ ដើម្បី​ឲ្យ​មនុស្ស​នៅ​ជំនាន់​ក្រោយ​ស្គាល់​ដែរ ហើយ​ឲ្យ​កូន​ចៅ​ដែល​នឹង​កើត​មក បង្រៀន​តៗ​គ្នា​រហូត​ទៅ។ ធ្វើ​យ៉ាង​នេះ ពួក​គេ​នឹង​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់ មិន​ភ្លេច​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ហើយ​ពួក​គេ​នឹង​គោរព​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ ដើម្បី​កុំ​ឲ្យ​ពួក​គេ​បាន​ដូច​បុព្វបុរស នៅ​ជំនាន់​មុន ដែល​មាន​ចិត្ត​កោង​កាច បះ‌បោរ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់ មាន​ចិត្ត​មិន​ទៀង ហើយ​មាន​គំនិត​មិន​ស្មោះ​ត្រង់ នឹង​ព្រះអង្គ​នោះ​ឡើយ។ កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ដែល​ជា​កង‌ទ័ព​បាញ់​ព្រួញ បាន​បាក់​ទ័ព​នៅ​ថ្ងៃ​ធ្វើ​ចម្បាំង មក​ពី​ពួក​គេ​ពុំ​បាន​គោរព​សម្ពន្ធ‌មេត្រី របស់​ព្រះ‌ជាម្ចាស់ គឺ​មិន​ព្រម​កាន់​តាម​ក្រឹត្យ‌វិន័យ​របស់​ព្រះអង្គ ពួក​គេ​បាន​ភ្លេច​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​ឧត្ដុង្គ‌ឧត្ដម និង​ភ្លេច​ពី​ការ​ដ៏​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះអង្គ​បាន​សម្តែង​ឲ្យ​គេ​ឃើញ។ នៅ​តំបន់​សូអាន ក្នុង​ស្រុក​អេស៊ីប ព្រះអង្គ​បាន​ធ្វើ​ការ​អស្ចារ្យ​មួយ ឲ្យ​បុព្វបុរស​របស់​គេ​ឃើញ គឺ​ព្រះអង្គ​បាន​ញែក​ទឹក​សមុទ្រ ឲ្យ​ពួក​គេ​ដើរ​ឆ្លង ព្រះអង្គ​ធ្វើ​ឲ្យ​ទឹក​ផ្ដុំ​គ្នា​នៅ​នឹង​ថ្កល់ មួយ​កន្លែង​ដូច​កំពែង។ នៅ​ពេល​ថ្ងៃ ព្រះអង្គ​ដឹក​នាំ​គេ​ដោយ​ដុំ​ពពក ហើយ​រាល់​យប់​ព្រះអង្គ​ដឹក​នាំ​គេ ដោយ​ដុំ​ភ្លើង​ជា​ពន្លឺ។ ព្រះអង្គ​បាន​បំបែក​ផ្ទាំង​ថ្ម​ក្នុង​វាល​រហោ‌ស្ថាន ឲ្យ​គេ​ហូប​ទឹក​ដែល​ហូរ​ចេញ យ៉ាង​បរិបូណ៌​ពី​បាត​ដី​មក។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មាន​ទឹក ហូរ​ចេញ​ពី​ផ្ទាំង​សិលា​មក ដូច​ជា​ទឹក​ទន្លេ។ ទោះ​ជា​យ៉ាង​នេះ​ក្ដី ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប ខុស​នឹង​ព្រះ‌ហឫទ័យ​ព្រះអង្គ​ជានិច្ច ពួក​គេ​បះ‌បោរ​ប្រឆាំង​នឹង​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត នៅ​វាល​រហោ‌ស្ថាន​ដ៏​ហួត‌ហែង​នោះ។ ពួក​គេ​ហ៊ាន​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់ ដោយ​សូម​ឲ្យ​ព្រះអង្គ​ប្រទាន​ម្ហូប​អាហារ តាម​ទំនើង​ចិត្ត​របស់​ខ្លួន។ គេ​នាំ​គ្នា​ពោល​ពាក្យ​ប្រឆាំង​នឹង​ព្រះ‌ជាម្ចាស់​ថា: តើ​ព្រះ‌ជាម្ចាស់​អាច​ជប់‌លៀង​យើង ក្នុង​វាល​រហោ‌ស្ថាន​នេះ​បាន​ឬ? ព្រះអង្គ​បាន​វាយ​ផ្ទាំង​ថ្ម​ឲ្យ​មាន​ទឹក ហូរ​ចេញ​មក ដូច​ជា​ទឹក​ជ្រោះ​ធ្លាក់​មែន ក៏​ប៉ុន្តែ តើ​ព្រះអង្គ​អាច​ប្រទាន​នំបុ័ង និង​ផ្គត់‌ផ្គង់​សាច់​មក​ឲ្យ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​បាន​ដែរ​ឬ? ពេល​ព្រះ‌អម្ចាស់​ឮ​ពាក្យ​របស់​ពួក​គេ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​ក្រៃ‌លែង ព្រះអង្គ​ក្ដៅ​ក្រហាយ​នឹង​ពូជ‌ពង្ស របស់​លោក​យ៉ាកុប ព្រះអង្គ​ខ្ញាល់​ទាស់​នឹង​ជន‌ជាតិ​អ៊ីស្រា‌អែល ព្រោះ​ពួក​គេ​គ្មាន​ជំនឿ​លើ​ព្រះ‌ជាម្ចាស់ ពួក​គេ​ពុំ​បាន​ផ្ញើ​ជីវិត​លើ​ព្រះអង្គ ដែល​អាច​សង្គ្រោះ​គេ​នោះ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក្ដី ព្រះអង្គ​បាន​បង្គាប់​ពពក ព្រះអង្គ​បាន​បើក​ផ្ទៃ​មេឃ ហើយ​ប្រទាន​នំ​ម៉ាណា​ធ្លាក់​ចុះ​មក​ដូច​ភ្លៀង ឲ្យ​ពួក​គេ​ធ្វើ​ជា​អាហារ គឺ​ព្រះអង្គ​ប្រទាន​ស្រូវ​ពី​ស្ថាន‌សួគ៌ មក​ឲ្យ​ពួក​គេ។ ពួក​គេ​ម្នាក់ៗ​បាន​បរិភោគ​អាហារ​របស់​ពួក​ទេវតា ព្រះអង្គ​ប្រទាន​ឲ្យ​គេ បរិភោគ​ឆ្អែត​ទាំង​អស់​គ្នា។ នៅ​លើ​មេឃ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មាន​ខ្យល់ បក់​មក​ពី​ទិស​ខាង​កើត ហើយ​ព្រះអង្គ​ក៏​ធ្វើ​ឲ្យ​មាន​ខ្យល់ បក់​មក​ពី​ទិស​ខាង​ត្បូង​ដែរ។ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​សាច់​យ៉ាង​ច្រើន ដូច​ធូលី​ដី​ធ្លាក់​ពី​លើ​មេឃ​មក គឺ​ព្រះអង្គ​ប្រទាន​សត្វ​ស្លាប​យ៉ាង​ច្រើន ដូច​គ្រាប់​ខ្សាច់​នៅ​តាម​ឆ្នេរ​សមុទ្រ ធ្លាក់​ចុះ​មក​កណ្ដាល​ជំរំ​របស់​ពួក​គេ ជុំ‌វិញ​កន្លែង​ដែល​គេ​ស្នាក់​នៅ។ ពួក​គេ​បាន​បរិភោគ​ឆ្អែត​ស្កប់‌ស្កល់ ដោយ​ព្រះ‌ជាម្ចាស់​ធ្វើ​តាម​ចិត្ត ប៉ង‌ប្រាថ្នា​របស់​ពួក​គេ។ ក៏​ប៉ុន្តែ ទោះ​បី​គេ​មាន​ម្ហូប​អាហារ​នៅ​ពេញ​មាត់​ក្ដី ក៏​ពួក​គេ​នៅ​តែ​ពុំ​ព្រម​ស្កប់​ចិត្ត​ដដែល ជា​ហេតុ​នាំ​ឲ្យ​ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ហើយ​ប្រហារ​ជីវិត​ពួក​អ្នក​ខ្លាំង​ពូកែ​ជាង​គេ ព្រម​ទាំង​យុវជន​ដែល​កំពុង​តែ​ពេញ​កម្លាំង ក្នុង​ចំណោម​ជន‌ជាតិ​អ៊ីស្រា‌អែល​ផង​ដែរ។ ទោះ​បី​យ៉ាង​នេះ​ក្ដី ក៏​ពួក​គេ​នៅ​តែ​ប្រព្រឹត្ត​អំពើ​បាប​ដដែល ពួក​គេ​ពុំ​បាន​ជឿ​លើ​ព្រះអង្គ ដែល​ធ្វើ​ការ​អស្ចារ្យ​ទាំង​នោះ​ទេ។ ដូច្នេះ ព្រះអង្គ​ក៏​ប្រហារ​ជីវិត​របស់​គេ តែ​ក្នុង​មួយ​រយៈ​ពេល​ដ៏​ខ្លី ព្រះអង្គ​ផ្ដាច់​អាយុ​ជីវិត​របស់​គេ យ៉ាង​សែន​វេទនា​បំផុត។ ពេល​ឃើញ​ព្រះ‌ជាម្ចាស់​ប្រហារ​ជីវិត អ្នក​ខ្លះ​ក្នុង​ចំណោម​ពួក​គេ ពួក​គេ​ក៏​នាំ​គ្នា​ស្វែង​រក​ព្រះអង្គ ហើយ​ប្រែ​ចិត្ត​គំនិត​មក​រក​ព្រះអង្គ​វិញ។ ពួក​គេ​នឹក​ឃើញ​ថា ព្រះ‌ជាម្ចាស់​ជា​ថ្ម‌ដា​របស់​ពួក​គេ ហើយ​ថា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត​បាន​ការពារ​ពួក​គេ។ ក៏​ប៉ុន្តែ​តាម​ពិត ពួក​គេ​ចង់​បោក​ប្រាស់​ព្រះអង្គ គឺ​អ្វីៗ​ដែល​គេ​និយាយ​ចេញ​មក សុទ្ធ​តែ​ជា​ពាក្យ​កុហក​ទាំង​អស់។ ពួក​គេ​មាន​ចិត្ត​មិន​ទៀង​នឹង​ព្រះអង្គ​ទេ ហើយ​ក៏​ក្បត់​នឹង​សម្ពន្ធ‌មេត្រី​របស់​ព្រះអង្គ​ដែរ។ រីឯ​ព្រះអង្គ​វិញ ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ​អាណិត‌អាសូរ​ជានិច្ច ព្រះអង្គ​បាន​លើក‌លែង​ទោស​ឲ្យ​ពួក​គេ គឺ​ព្រះអង្គ​មិន​ប្រហារ​ជីវិត​ពួក​គេ​ទេ ជា​ច្រើន​លើក​ច្រើន​សា ព្រះអង្គ​តែងតែ​ទប់ ព្រះ‌ហឫទ័យ​មិន​ឲ្យ​មាន​ព្រះ‌ពិរោធ ព្រះអង្គ​អត់‌ធ្មត់​ចំពោះ​ពួក​គេ។ ព្រះអង្គ​នឹក​ចាំ​ថា ពួក​គេ​គ្រាន់​តែ​ជា​មនុស្ស​លោកីយ៍​ប៉ុណ្ណោះ ជីវិត​របស់​ពួក​គេ​ប្រៀប​បាន​នឹង​ដង្ហើម ដែល​រសាត់​បាត់​ទៅ​ឥត​វិល​មក​វិញ​ឡើយ។ ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ នៅ​វាល​រហោ‌ស្ថាន​ជា​ច្រើន​លើក​ច្រើន​សា ហើយ​ក្នុង​វាល​ហួត‌ហែង​នោះ ពួក​គេ​តែងតែ ធ្វើ​ឲ្យ​ព្រះអង្គ​ព្រួយ​ព្រះ‌ហឫទ័យ!។ ពួក​គេ​ចេះ​តែ​ល្បង‌ល​មើល​ព្រះ‌ជាម្ចាស់​ជានិច្ច ពួក​គេ​នាំ​គ្នា​ធ្វើ​ឲ្យ​ព្រះ​ដ៏វិសុទ្ធ របស់​ជន‌ជាតិ​អ៊ីស្រា‌អែល​ទាស់​ព្រះ‌ហឫទ័យ។ ពួក​គេ​ពុំ​បាន​នឹក​ឃើញ អំពី​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ​ទេ ហើយ​ក៏​ពុំ​បាន​នឹក​ឃើញ​ពី​ថ្ងៃ ដែល​ព្រះអង្គ​បាន​រំដោះ​ពួក​គេ ឲ្យ​រួច​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត​ដែរ។ ពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ទី​សម្គាល់​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះអង្គ​ធ្វើ​នៅ​ស្រុក​អេស៊ីប​ទេ ពួក​គេ​ពុំ​បាន​នឹក​ឃើញ​ពី​ការ​អស្ចារ្យ​ផ្សេងៗ ដែល​ព្រះអង្គ​ធ្វើ​នៅ​តំបន់​សូអាន​ឡើយ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​នៅ​ដៃ​ទន្លេ​នីល ប្រែ​ទៅ​ជា​ឈាម​ជា​ហេតុ​ធ្វើ​ឲ្យ​ជន‌ជាតិ អេស៊ីប​រក​ទឹក​ផឹក​មិន​បាន។ ព្រះអង្គ​បាន​ចាត់​មូស​ឲ្យ​ទៅ​ខាំ​ជន‌ជាតិ​អេស៊ីប និង​ចាត់​កង្កែប​ឲ្យ​ទៅ​បំផ្លិច‌បំផ្លាញ អ្វីៗ​ទាំង​អស់។ ព្រះអង្គ​ធ្វើ​ឲ្យ​មាន​ចង្រិត ទៅ​ស៊ី​បង្ហិន​ភោគ‌ផល​របស់​ពួក​គេ ហើយ​ឲ្យ​កណ្ដូប​ទៅ​ស៊ី​បង្ហិន​ដំណាំ​របស់​គេ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​មាន​ព្រឹល​ធ្លាក់​មក កម្ទេច​ចម្ការ​ទំពាំង‌បាយជូរ​របស់​គេ ហើយ​មាន​ធាតុ​អាកាស​ត្រជាក់ មក​បំផ្លាញ​ដើម​ឈើ​របស់​គេ​ខូច​អស់។ ហ្វូង​គោ​របស់​គេ​ត្រូវ​វិនាស​ដោយ‌សារ​ព្រឹល ហ្វូង​ចៀម​របស់​គេ​ត្រូវ​វិនាស ដោយ‌សារ​រន្ទះ​បាញ់។ ព្រះ‌ជាម្ចាស់​ទ្រង់​ព្រះ‌ពិរោធ ទាស់​នឹង​ជន‌ជាតិ​អេស៊ីប​យ៉ាង​ខ្លាំង ព្រះអង្គ​ដាក់​ទោស​ពួក​គេ ឲ្យ​រង​ទុក្ខ​លំបាក​យ៉ាង​សែន​វេទនា ដោយ​ចាត់​ពួក​ទេវតា​ឲ្យ​មក​ប្រហារ​ពួក​គេ។ ព្រះអង្គ​ធ្វើ​តាម​ព្រះ‌ពិរោធ​របស់​ព្រះអង្គ ដោយ​ឥត​សំចៃ​ជីវិត​ជន‌ជាតិ​នោះ​ឡើយ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​គ្រោះ​កាច កើត​មាន​ដល់​ពួក​គេ គឺ​ព្រះអង្គ​ប្រហារ​ជីវិត​កូន​ច្បង​ទាំង​ប៉ុន្មាន របស់​ជន‌ជាតិ​អេស៊ីប កូន​ដែល​កើត​មក​មុន​គេ ក្នុង​ពូជ‌ពង្ស​របស់​លោក​ហាំ។ ព្រះអង្គ​បាន​នាំ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ចេញ​ពី​ស្រុក​នោះ​ដូច​ហ្វូង​ចៀម​ចេញ​ពី​ក្រោល ព្រះអង្គ​ដឹក​នាំ​ពួក​គេ​នៅ​វាល​រហោ‌ស្ថាន ដូច​គង្វាល​ឃ្វាល​ហ្វូង​ចៀម​របស់​ខ្លួន។ ព្រះអង្គ​ដឹក​នាំ​ពួក​គេ​យ៉ាង​សុខ‌សាន្ត ឥត​ភ័យ​ខ្លាច​អ្វី​ឡើយ តែ​ខ្មាំង​សត្រូវ​របស់​ពួក​គេ ត្រូវ​លិច​លង់​ក្នុង​ទឹក​សមុទ្រ។ ព្រះអង្គ​នាំ​ពួក​គេ​ទៅ​កាន់​ទឹក​ដី​ដ៏វិសុទ្ធ គឺ​ទៅ​កាន់​ភ្នំ​ដែល​ព្រះអង្គ​វាយ​យក​បាន ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ។ ព្រះអង្គ​បណ្ដេញ​ប្រជា‌ជាតិ​នានា​ចេញ​ពី​មុខ​ពួក​គេ ហើយ​ចែក​ទឹក​ដី​ឲ្យ​ពួក​គេ​ជា​មត៌ក គឺ​ព្រះអង្គ​ឲ្យ​កុល‌សម្ព័ន្ធ​អ៊ីស្រា‌អែល រស់​នៅ​ក្នុង​លំ‌នៅ​ស្ថាន​របស់​ប្រជា‌ជាតិ​ទាំង​នោះ។ ក៏​ប៉ុន្តែ ពួក​គេ​បាន​ល្បង‌ល​ព្រះ‌ជាម្ចាស់ ជា​ព្រះ​ដ៏​ខ្ពង់‌ខ្ពស់​បំផុត ពួក​គេ​បាន​បះ‌បោរ​ប្រឆាំង​នឹង​ព្រះអង្គ ដោយ​មិន​ព្រម​ធ្វើ​តាម​ដំបូន្មាន​របស់ ព្រះអង្គ​ឡើយ។ ពួក​គេ​បាន​ងាក​ចេញ​ពី​ព្រះអង្គ និង​ក្បត់​ព្រះអង្គ​ដូច​ដូនតា​របស់​ពួក​គេ ពួក​គេ​មាន​ចិត្ត​វៀច‌វេរ​ដូច​ផ្លែ​កណ្ដៀវ។ ពួក​គេ​ប្រព្រឹត្ត​ខុស​ចំពោះ​ព្រះអង្គ ដោយ​ទៅ​ថ្វាយ‌បង្គំ​ព្រះ​ក្លែងក្លាយ នៅ​តាម​ទីសក្ការៈ​របស់​សាសន៍​ដទៃ​នៅ​លើ​ភ្នំ ធ្វើ​ឲ្យ​ទាស់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ជា​ខ្លាំង។ ព្រះ‌ជាម្ចាស់​ឃើញ​គេ​ប្រព្រឹត្ត​ដូច្នេះ ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ ហើយ​លែង​រវី‌រវល់​នឹង​ជន‌ជាតិ អ៊ីស្រា‌អែល​ទៀត។ ព្រះអង្គ​បោះ​បង់​ចោល​ព្រះ‌ដំណាក់​នៅ​ស៊ីឡូ ព្រះអង្គ​បោះ​បង់​ចោល​ព្រះ‌ពន្លា ដែល​ព្រះអង្គ​ធ្លាប់​គង់​នៅ​ជា​មួយ​មនុស្ស​លោក។ ព្រះអង្គ​បណ្ដោយ​ឲ្យ​ខ្មាំង​សត្រូវ រឹប​អូស​យក​បាន​ហិប​នៃ​សម្ពន្ធ‌មេត្រី ដែល​ជា​និមិត្ត‌រូប​នៃ​ឫទ្ធិ‌បារមី និង​សិរី‌រុងរឿង​របស់​ព្រះអង្គ។ ព្រះអង្គ​បណ្ដោយ​ឲ្យ​ខ្មាំង​សត្រូវ​ប្រហារ​ជីវិត ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដោយ​មុខ​ដាវ ព្រោះ​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ នឹង​ពួក​គេជា​ខ្លាំង។ ពួក​យុវជន​បាន​បាត់​បង់​ជីវិត ដោយ‌សារ​ភ្លើង​សង្គ្រាម ហើយ​គ្មាន​នៅ​សល់​កំលោះ ដើម្បី​រៀបការ​ជា​មួយ​ពួក​ស្ត្រី​ក្រមុំ​ទៀត​ឡើយ។ ពួក​បូជា‌ចារ្យ​បាន​ស្លាប់​ដោយ​មុខ​ដាវ ហើយ​ស្ត្រី​មេម៉ាយ មិន​អាច​ធ្វើ​ពិធី​កាន់​ទុក្ខ​បាន​ទេ។ ពេល​នោះ ព្រះ‌អម្ចាស់​តើន​ឡើង ដូច​គេ​ក្រោក​ពី​ដំណេក ឬ​ដូច​អ្នក​ចម្បាំង​ដ៏​ពូកែ​ទើប​នឹង​ស្វាង​ស្រា​ឡើង​វិញ ព្រះអង្គ​វាយ​ខ្មាំង​សត្រូវ​ពី​ក្រោយ ឲ្យ​បាក់​មុខ​អស់‌កល្ប​ជានិច្ច។ ព្រះអង្គ​មិន​រវី‌រវល់​នឹង​ពូជ‌ពង្ស​របស់​លោក​យ៉ូសែប ព្រះអង្គ​ពុំ​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​អេប្រាអ៊ីម​ទេ តែ​ព្រះអង្គ​បាន​ជ្រើស​រើស​កុល‌សម្ព័ន្ធ​យូដា​វិញ ព្រះអង្គ​គាប់​ព្រះ‌ហឫទ័យ​នឹង​ភ្នំ​ស៊ីយ៉ូន។ នៅ​ទី​នោះ​ព្រះអង្គ​បាន​សង់​ទីសក្ការៈ របស់​ព្រះអង្គ​យ៉ាង​ល្អ​រឹង‌ប៉ឹង ដូច​ផ្ទៃ​មេឃ​ដ៏​ខ្ពស់ ព្រះអង្គ​ធ្វើ​ឲ្យ​ទីសក្ការៈ​នោះ បាន​រឹង‌មាំ​ដូច​ផែនដី​រហូត​ត​ទៅ។ ព្រះអង្គ​បាន​ជ្រើស​រើស​ព្រះ‌បាទ​ដាវីឌ ជា​អ្នក​បម្រើ​របស់​ព្រះអង្គ ព្រះអង្គ​បាន​យក​ស្ដេច​ចេញ​ពី​កន្លែង​ឃ្វាល​ចៀម ព្រះអង្គ​បាន​យក​ស្ដេច​ចេញ​ពី​ហ្វូង​ចៀម​មក ដើម្បី​ឲ្យ​ឃ្វាល​ពូជ‌ពង្ស​របស់​លោក​យ៉ាកុប គឺ​ជន‌ជាតិ​អ៊ីស្រា‌អែល ដែល​ជា​ប្រជា‌រាស្ត្រ​ផ្ទាល់​របស់​ព្រះអង្គ។ ព្រះ‌បាទ​ដាវីឌ​ដឹក​នាំ​ជន‌ជាតិ​អ៊ីស្រា‌អែល ដោយ​ចិត្ត​ស្មោះ​ត្រង់ ព្រះ‌រាជា​ដឹក​នាំ​ពួក​គេ​យ៉ាង​ប៉ិន‌ប្រសប់។

ទំនុកតម្កើង 78:1-72 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​សាសន៍​របស់​ខ្ញុំ​អើយ ចូរ​ប្រុង​ត្រចៀក​ស្តាប់​សេចក្ដី​បង្រៀន​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​អស់​ទាំង​ពាក្យ ដែល​ចេញ​ពី​មាត់​ខ្ញុំ​ចុះ ខ្ញុំ​នឹង​បើក​មាត់​បញ្ចេញ​ជា​សេចក្ដី​ប្រៀប‌ធៀប ហើយ​នឹង​ពោល​ជា​សេចក្ដី​អាថ៌‌កំបាំង​ពី​ចាស់​បូរាណ ជា​សេចក្ដី​ដែល​ពួក​យើង​ធ្លាប់​បាន​ឮ​បាន​ដឹង​ហើយ ដែល​ឪពុក​យើង​បាន​ប្រាប់​តៗ​មក យើង​ក៏​មិន​លាក់​សេចក្ដី​ទាំង​នោះ​ទុក​ចំពោះ​កូន​ចៅ របស់​គាត់​ដែរ គឺ​នឹង​ប្រកាស​ពី​អស់​ទាំង​សេចក្ដី​សរសើរ​នៃ​ព្រះ‌យេហូវ៉ា ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ​ឲ្យ​បាន​ស្តាប់ ព្រម​ទាំង​ឥទ្ធា‌នុភាព នឹង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ​ផង។ ៙ ដ្បិត​ទ្រង់​បាន​តាំង​ឲ្យ​មាន​ទី​បន្ទាល់​នៅ​ក្នុង​ពួក​យ៉ាកុប ក៏​បាន​ដំរូវ​ឲ្យ​មាន​ក្រិត្យ‌វិន័យ​នៅ​ក្នុង​ពួក​អ៊ីស្រាអែល ជា​ច្បាប់​ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​ឰយុកោ​របស់​យើង ប្រយោជន៍​នឹង​បង្រៀន​ឲ្យ​ពួក​កូន​ចៅ​បាន​ដឹង​ត​រៀង​ទៅ ដើម្បី​ឲ្យ​ដំណ​មនុស្ស​ជាន់​ក្រោយ​បាន​ស្គាល់ គឺ​ទាំង​កូន​ចៅ​ដែល​ត្រូវ​កើត​ត​ទៅ ជា​ពួក​អ្នក​ដែល​នឹង​កើត​ឡើង ហើយ​ប្រាប់​ដល់​កូន​ចៅ​គេ​ត​ទៅ​ទៀត សំរាប់​ឲ្យ​គេ​បាន​តាំង​ចិត្ត​សង្ឃឹម​ដល់​ព្រះ ឥត​ភ្លេច​អស់​ទាំង​ការ​នៃ​ទ្រង់​ឡើយ គឺ​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់​វិញ ដើម្បី​កុំ​ឲ្យ​គេ​បាន​ដូច​ជា​ពួក​ឰយុកោ ជា​ដំណ​មនុស្ស​រឹង‌រូស ហើយ​បះ‌បោរ ជា​ដំណ​មនុស្ស​ដែល​មិន​បាន​តាំង​ចិត្ត​ឲ្យ​ទៀង​ត្រង់ ហើយ​វិញ្ញាណ​គេ​ក៏​មិន​ស្មោះ​ចំពោះ​ព្រះ​នោះ​ឡើយ។ ៙ ឯ​ពួក​កូន​ចៅ​អេប្រា‌អិម​ដែល​មាន​គ្រឿង​ធ្នូ ហើយ​ក៏​ប្រសប់​បាញ់ គេ​បាន​បែរ​ខ្នង​នៅ​ថ្ងៃ​សឹក​សង្គ្រាម គេ​មិន​បាន​កាន់​តាម​សេចក្ដី​សញ្ញា​របស់​ព្រះ ក៏​មិន​ព្រម​ប្រព្រឹត្ត​តាម​ក្រិត្យ‌វិន័យ​ទ្រង់​សោះ គេ​បាន​ភ្លេច​អស់​ទាំង​កិច្ច​ដែល​ទ្រង់​ធ្វើ ព្រម​ទាំង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​សំដែង ឲ្យ​គេ​ឃើញ​ដែរ ទ្រង់​បាន​ធ្វើ​ការ​ចំឡែក នៅ​ភ្នែក​ពួក​ឰយុកោ​គេ នៅ​ស្រុក​អេស៊ីព្ទ ត្រង់​វាល​សូអាន ទ្រង់​បាន​វែក​សមុទ្រ បើក​ជា​ផ្លូវ​ឲ្យ​គេ​ដើរ​ឆ្លង​ទៅ ក៏​បាន​ធ្វើ​ឲ្យ​ទឹក​ឈរ​ឡើង​ដូច​ជា​កំផែង នៅ​វេលា​ថ្ងៃ​ទ្រង់​បាន​នាំ​គេ ដោយ​ពពក ហើយ​វេលា​យប់​ទាល់​ព្រឹក បាន​នាំ​ដោយ​ពន្លឺ​នៃ​ភ្លើង​វិញ ទ្រង់​បំប្រេះ​ថ្មដា​នៅ​ទី​រហោ‌ស្ថាន ឲ្យ​គេ​បាន​ផឹក​ទឹក​ជា​បរិបូរ ដូច​ជា​ហូរ​ចេញ​ពី​ទី​ជំរៅ​មក ទ្រង់​បាន​ធ្វើ​ឲ្យ​មាន​ទឹក​ចេញ​ពី​ថ្ម ហូរ​ចុះ​មក​ដូច​ជា​ទន្លេ។ ៙ ទោះ​បើ​យ៉ាង​នោះ គង់​តែ​គេ​នៅ​តែ​ធ្វើ​បាប នឹង​ទ្រង់​ទៀត ជា​ការ​បះ‌បោរ​នឹង​ព្រះ​ដ៏​ខ្ពស់​បំផុត​ត្រង់​ទី​រហោ‌ស្ថាន គេ​បាន​ល្បង‌ល​ព្រះ​នៅ​ក្នុង​ចិត្ត​គេ ដោយ​សូម​អាហារ​តាម​គេ​ប្រាថ្នា អើ គេ​បាន​និយាយ​ទំនាស់​នឹង​ព្រះ ដោយ​ពាក្យ​ថា តើ​ព្រះ‌ទ្រង់​អាច​នឹង​ចាត់‌ចែង​ឲ្យ​មាន​អាហារ​បរិភោគ នៅ​ទី​រហោ‌ស្ថាន​នេះ​បាន​ឬ មើល ទ្រង់​បាន​វាយ​ថ្មដា ឲ្យ​មាន​ទឹក​ផុល​ចេញ ហើយ​ឲ្យ​ជ្រោះ​មាន​ទឹក​ជន់​លិច​ច្រាំង ដូច្នេះ តើ​ទ្រង់​អាច​នឹង​ប្រទាន​ឲ្យ​មាន​នំបុ័ង​ដែរ​ឬ តើ​ទ្រង់​នឹង​ផ្គត់‌ផ្គង់ ឲ្យ​រាស្ត្រ​ទ្រង់​មាន​សាច់​បរិភោគ​ឬ​អី ហេតុ​នោះ ព្រះ‌យេហូវ៉ា​ទ្រង់​ក៏​ឮ ហើយ​មាន​សេចក្ដី​ក្រោធ រួច​មាន​ភ្លើង​ឆួល​ឡើង បញ្ឆេះ​ពួក​យ៉ាកុប មាន​សេចក្ដី​ខ្ញាល់​ចេញ​ទៅ​ទាស់​នឹង​អ៊ីស្រាអែល ដោយ​ព្រោះ​គេ​មិន​បាន​ជឿ​ដល់​ព្រះ ក៏​មិន​បាន​ទុក​ចិត្ត​នឹង​សេចក្ដី​សង្គ្រោះ​របស់​ទ្រង់​ផង ទ្រង់​បាន​បង្គាប់​ដល់​ផ្ទៃ​មេឃ​នៅ​ខាង​លើ ក៏​បាន​បើក​ទ្វារ​នៃ​ស្ថាន‌សួគ៌ ហើយ​បង្អុរ​នំ​ម៉ាន៉ា ឲ្យ​ធ្លាក់​មក​លើ​គេ ដូច​ជា​ភ្លៀង សំរាប់​គេ​បរិភោគ គឺ​ទ្រង់​ប្រទាន​អាហារ​ពី​ស្ថាន‌សួគ៌​ដល់​គេ គេ​បាន​បរិភោគ​នំ​របស់​ពួក​ទេវតា​ទាំង​អស់​គ្នា ទ្រង់​បាន​ផ្ញើ​អាហារ​មក​គេ​ឲ្យ​បាន​ឆ្អែត។ ៙ ទ្រង់​បាន​ធ្វើ​ឲ្យ​ខ្យល់​ពី​ទិស​ខាង​កើត​បក់​នៅ​លើ​មេឃ ហើយ​បាន​នាំ​ខ្យល់​ពី​ទិស​ខាង​ត្បូង ដោយ​ព្រះ‌ចេស្តា​របស់​ទ្រង់ ក៏​ទំលាក់​សាច់​មក​លើ​គេ​ដូច​ជា​ធូលី​ដី គឺ​ជា​សត្វ​ស្លាប​ជា​ច្រើន ដូច​ជា​ខ្សាច់​នៅ​សមុទ្រ ទ្រង់​ឲ្យ​ធ្លាក់​នៅ​ព័ទ្ធ​ជុំវិញ​លំនៅ​របស់​គេ គឺ​នៅ​កណ្តាល​ទី​ដំឡើង​ត្រសាល ដូច្នេះ គេ​ក៏​បរិភោគ​ទៅ ហើយ​បាន​ឆ្អែត​ពេញ​បន្ទុក ទ្រង់​បាន​ប្រទាន​ឲ្យ តាម​បំណង​ចិត្ត​គេ គឺ​គេ​មិន​ទាន់​អស់​អាល័យ​ក្នុង​ចិត្ត ហើយ​កាល​អាហារ​នោះ​នៅ​ក្នុង​មាត់​គេ​នៅ​ឡើយ នោះ​សេចក្ដី​ខ្ញាល់​របស់​ព្រះ បាន​ឆួល​ឡើង​ទាស់​នឹង​គេ ព្រម​ទាំង​សំឡាប់​អស់​អ្នក​ដែល​ធាត់ៗ​ក្នុង​ពួក​គេ ហើយ​វាយ​ផ្តួល​ពួក​កំឡោះៗ នៃ​សាសន៍​អ៊ីស្រាអែល​ផង។ ៙ ទោះ​បើ​យ៉ាង​នោះ​ក៏​ដោយ គង់​តែ​គេ​នៅ​តែ​ធ្វើ​បាប​ទៀត គេ​មិន​ព្រម​ជឿ​ការ​អស្ចារ្យ​របស់​ទ្រង់​ឡើយ ហេតុ​នោះ ទ្រង់​បាន​ធ្វើ​ឲ្យ​អស់​ទាំង​ថ្ងៃ​របស់​គេ កន្លង​ទៅ​ជា​ឥត​ប្រយោជន៍ ហើយ​អស់​ទាំង​ឆ្នាំ​គេ ដោយ​សេចក្ដី​ស្ញែង​ខ្លាច វេលា​ណា​ដែល​ទ្រង់​ប្រហារ​ពួក​គេ ទើប​គេ​សួរ​រក​ទ្រង់ ហើយ​ត្រឡប់​មក​ស្វែង​រក​ព្រះ​អស់​ពី​ចិត្ត គេ​ក៏​នឹក​ចាំ​ថា ព្រះ‌ទ្រង់​ជា​ថ្មដា​របស់​ខ្លួន​គេ គឺ​ព្រះ​ដ៏​ខ្ពស់​បំផុត ទ្រង់​ជា​អ្នក​ប្រោស​លោះ​ដល់​គេ។ ៙ គេ​បាន​លើក​បញ្ចើច​ទ្រង់​ដោយ​មាត់​គេ តែ​អណ្តាត​របស់​គេ​បាន​កុហក​ទ្រង់​ទេ ដ្បិត​ចិត្ត​គេ​មិន​បាន​ទៀង​ត្រង់​នៅ​ចំពោះ​ទ្រង់ ក៏​មិន​ស្មោះ​ចំពោះ​នឹង​សេចក្ដី​សញ្ញា​ទ្រង់​ដែរ ប៉ុន្តែចំណែក​ទ្រង់​មាន​សេចក្ដី​មេត្តា‌ករុណា បាន​ជា​ទ្រង់​អត់​ទោស​ចំពោះ​សេចក្ដី​ទុច្ចរិត​របស់​គេ ហើយ​មិន​បាន​បំផ្លាញ​គេ​ទេ អើ ទ្រង់​បាន​បង្វែរ​សេចក្ដី​ខ្ញាល់​ទ្រង់​ចេញ​ជា​ញយៗ ឥត​ឲ្យ​សេចក្ដី​ក្រោធ​របស់​ទ្រង់​ផុល​ឡើង​ទាំង​អស់​ឡើយ ទ្រង់​បាន​នឹក​ចាំ​ថា គេ​គ្រាន់​តែ​ជា​សាច់​ឈាម​ប៉ុណ្ណោះ គឺ​ជា​ខ្យល់​ដែល​បក់​កន្លង​ហួស​ទៅ ឥត​មក​វិញ​ឡើយ។ ៙ ប៉ុន្មាន​ដង​ហើយ ដែល​គេ​បះ‌បោរ​នឹង​ទ្រង់ នៅ​ទី​រហោ‌ស្ថាន ហើយ​នាំ​ឲ្យ​ព្រួយ​ព្រះ‌ហឫទ័យ​នៅ​ទី​ល្ហល្ហេវ គឺ​គេ​បាន​បែរ​ជា​ល្បង​ល​ព្រះ​វិញ​ទៀត ហើយ​គេ​បិទ​ផ្លូវ​ព្រះ​ដ៏​បរិសុទ្ធ​នៃ​សាសន៍​អ៊ីស្រាអែល គេ​មិន​បាន​នឹក​ចាំ​ពី​ព្រះ‌ហស្ត​ទ្រង់ ឬ​ពី​ថ្ងៃ​ដែល​ទ្រង់​បាន​ដោះ​គេ​ចេញ​ពី​ខ្មាំង​សត្រូវ ឬ​ពី​បែប​យ៉ាង​ណា​ដែល​ទ្រង់​បាន​សំដែង​ទី​សំគាល់ របស់​ទ្រង់​នៅ​ស្រុក​អេស៊ីព្ទ នឹង​ការ​អស្ចារ្យ នៅ​ទី​វាល​សូអាន​ឡើយ ទ្រង់​បាន​ធ្វើ​ឲ្យ​ទន្លេ នឹង​ព្រែក របស់​សាសន៍​អេស៊ីព្ទ​ត្រឡប់​ទៅ​ជា​ឈាម ឲ្យ​គេ​ផឹក​ទឹក​នោះ​មិន​បាន ទ្រង់​បាន​ចាត់​ហ្វូង​រុយ​មក​បង្ហិន​នៅ​កណ្តាល​គេ នឹង​កង្កែប​មក​បំផ្លាញ​គេ​ផង ទ្រង់​បាន​ប្រគល់​ផល​របស់​គេ ឲ្យ​ចង្រិត​កាត់ ហើយ​ការ​របស់​គេ​ដល់​កណ្តូប ទ្រង់​បាន​បំផ្លាញ​ដើម​ទំពាំង‌បាយ‌ជូរ​គេ​ដោយ​ព្រឹល ហើយ​ដើម​ឧទុម្ពរ​ដោយ​សន្សើម​កក ទ្រង់​ក៏​ប្រគល់​ហ្វូង​គោ​គេ​ឲ្យ​ត្រូវ​ព្រឹល ហើយ​ហ្វូង​ចៀម​គេ​ឲ្យ​ត្រូវ​រន្ទះ​បាញ់​ដែរ ទ្រង់​បាន​បោះ​សេចក្ដី​ខ្ញាល់​ដ៏​សហ័ស​ទៅ​លើ​គេ ព្រម​ទាំង​សេចក្ដី​ក្រោធ សេចក្ដី​គ្នាន់‌ក្នាញ់ នឹង​សេចក្ដី​វេទនា​ផង គឺ​ជា​សេចក្ដី​អាក្រក់​ទាំង​ហ្វូង ដែល​ទ្រង់​ចាត់​មក ទ្រង់​បាន​ពង្រាប​ផ្លូវ សំរាប់​សេចក្ដី​ខ្ញាល់​របស់​ទ្រង់ ទ្រង់​មិន​បាន​ប្រណី​ព្រលឹង​គេ​ឲ្យ​រួច​ពី​ស្លាប់​ទេ គឺ​បាន​ប្រគល់​ជីវិត​គេ​ដល់​ជំងឺ​អាសន្ន‌រោគ ក៏​បាន​ប្រហារ​អស់​ទាំង​កូន​ច្បង​នៅ​ស្រុក​អេស៊ីព្ទ គឺ​ជា​ដើម​កំឡាំង​របស់​ហាំ​នៅ​ក្នុង​ត្រសាល​គេ។ ៙ ប៉ុន្តែ ទ្រង់​បាន​កៀង​នាំ​រាស្ត្រ​ទ្រង់​ចេញ​ដូច​ជា​ចៀម ហើយ​ដឹក‌នាំ​គេ​នៅ​ក្នុង​ទី​រហោ‌ស្ថាន ដូច​ជា​ហ្វូង​សត្វ ទ្រង់​ក៏​នាំ​គេ​ទៅ​ដោយ​សុខ‌សាន្ត មិន​ឲ្យ​ភ័យ​ខ្លាច​ឡើយ តែ​សមុទ្រ​បាន​គ្រប​លើ​ពួក​ខ្មាំង​សត្រូវ​គេ​វិញ ទ្រង់​បាន​នាំ​គេ​ទៅ​ដល់​ព្រំ​ស្រុក​បរិសុទ្ធ​របស់​ទ្រង់ គឺ​ដល់​ភ្នំ​នេះ​ដែល​ព្រះ‌ហស្ត​ស្តាំ​ទ្រង់​បាន​វាយ​យក ទ្រង់​បាន​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ពី​មុខ​គេ​ចេញ ក៏​វាស់​ស្រុក​នេះ ចែក​ដល់​គេ​ទុក​ជា​មរដក ព្រម​ទាំង​ឲ្យ​ពូជ​អំបូរ​សាសន៍​អ៊ីស្រាអែល​ទាំង​ប៉ុន្មាន អាស្រ័យ​នៅ​ក្នុង​លំនៅ​របស់​សាសន៍​ទាំង​នោះ ប៉ុន្តែគេ​បាន​ល្បង‌ល​ព្រះ​ដ៏​ខ្ពស់​បំផុត ហើយ​បះ‌បោរ​នឹង​ទ្រង់​វិញ ឥត​កាន់​តាម​សេចក្ដី​បញ្ញត្ត​ទ្រង់​ឡើយ គឺ​បាន​ថយ​ចេញ ហើយ​ប្រព្រឹត្ត​ដោយ​ក្បត់ ដូច​ជា​ពួក​ឰយុកោ​គេ​ដែរ គេ​ក្រឡាច់​រមួល​ដូច​ជា​ធ្នូ​មិន​ត្រង់ គេ​បាន​ធ្វើ​ឲ្យ​ព្រះ‌ហឫទ័យ​ទ្រង់​ថ្នាំង‌ថ្នាក់ ដោយ​ទី​ខ្ពស់​របស់​គេ ព្រម​ទាំង​បណ្តាល​ឲ្យ​ទ្រង់​ប្រចណ្ឌ ដោយ​រូប​ឆ្លាក់​របស់​គេ​ផង។ ៙ កាល​ព្រះ‌ទ្រង់​បាន​ជ្រាប​ហើយ នោះ​ទ្រង់​មាន​សេចក្ដី​ក្រោធ ហើយ​បាន​ស្អប់​ខ្ពើម​ដល់​សាសន៍​អ៊ីស្រាអែល​ជា​ខ្លាំង ដល់‌ម៉្លេះ​បាន​ជា​ទ្រង់​លះ‌បង់​រោង​ឧបោសថ ដែល​នៅ​ត្រង់​ស៊ីឡូរ គឺ​ជា​ត្រសាល​ដែល​ទ្រង់​បាន​តាំង​ឲ្យ​នៅ​កណ្តាល ពួក​មនុស្ស​លោក ទ្រង់​ក៏​ប្រគល់​ឥទ្ធិ‌ឫទ្ធិ​របស់​ទ្រង់​ឲ្យ​ទៅ​ជា​ឈ្លើយ ហើយ​សិរី‌ល្អ​ទ្រង់​ទៅ​ក្នុង​កណ្តាប់​ដៃ​នៃ​ពួក​ខ្មាំង​សត្រូវ ទ្រង់​បាន​ប្រគល់​រាស្ត្រ​ទ្រង់​ដល់​អំណាច​ដាវ​ដែរ ហើយ​មាន​សេចក្ដី​ក្រោធ​ចំពោះ​មរដក​ទ្រង់ មាន​ភ្លើង​ឆេះ​បំផ្លាញ​ពួក​កំឡោះ​គេ ឯ​ពួក​ក្រមុំ​របស់​គេ ឥត​មាន​អ្នក​ណា​ដណ្តឹង​ឡើយ ពួក​សង្ឃ​របស់​គេ​ក៏​ដួល​ស្លាប់​ដោយ​ដាវ តែ​ប្រពន្ធ​របស់​គេ​មិន​បាន​យំ​សោក​សោះ។ ៙ គ្រា​នោះ ព្រះ‌អម្ចាស់​ទ្រង់​តើន​ឡើង ដូច​ជា​មនុស្ស​ដែល​ភ្ញាក់​ពី​ដេក​លក់ គឺ​ដូច​ជា​មនុស្ស​ខ្លាំង​ពូកែ​ដែល​ស្រែក​ហ៊ោ ដោយ​អំណាច​ស្រា​ទំពាំង‌បាយ‌ជូរ រួច​ទ្រង់​វាយ​ពួក​ដែល​ត‌តាំង​នឹង​ទ្រង់ ឲ្យ​ថយ​ក្រោយ ទ្រង់​ឲ្យ​គេ​មាន​សេចក្ដី​ខ្មាស​នៅ​ជានិច្ច មួយ​ទៀត ទ្រង់​មិន​បាន​ទទួល​ត្រសាល​របស់ ពួក​យ៉ូសែប​ឡើយ ក៏​មិន​បាន​រើស​ពូជ​អំបូរ​អេប្រា‌អិម​ដែរ គឺ​ទ្រង់​បាន​រើស​ពូជ​អំបូរ​យូដា នឹង​ភ្នំ​ស៊ីយ៉ូន ដែល​ទ្រង់​ស្រឡាញ់​នោះ​វិញ ទ្រង់​ក៏​ស្អាង​ទី​បរិសុទ្ធ​នៃ​ទ្រង់ ដូច​ជា​អស់​ទាំង​កំពូល​ខ្ពស់ គឺ​ដូច​ជា​ផែនដី​ដែល​ទ្រង់​បាន​តាំង​ឲ្យ​ជាប់ ជា​ដរាប​នោះ​ផង។ ៙ ទ្រង់​ក៏​រើស​ដាវីឌ ជា​អ្នក​បំរើ​ទ្រង់ ហើយ​នាំ​យក​លោក​ចេញ​ពី​ក្រោល​ចៀម​មក គឺ​ទ្រង់​នាំ​យក​លោក​ពី​ការ​ឃ្វាល​មេ​ចៀម​ដែល​មាន​កូន ដើម្បី​ឲ្យ​ធ្វើ​ជា​អ្នក​គង្វាល​ដល់​ពួក​យ៉ាកុប ជា​រាស្ត្រ​ទ្រង់ គឺ​ពួក​អ៊ីស្រាអែល​ដែល​ជា​មរដក​របស់​ទ្រង់​វិញ ដូច្នេះ លោក​ក៏​ធ្វើ​ជា​អ្នក​គង្វាល​ឃ្វាល​គេ ដោយ​ចិត្ត​ទៀង​ត្រង់ ព្រម​ទាំង​នាំ​ផ្លូវ​គេ ដោយ​ថ្វី‌ដៃ​ដ៏​ជំនាញ។