ទំនុកតម្កើង 78:1-7

ទំនុកតម្កើង 78:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱប្រជាជន​របស់​ខ្ញុំ​អើយ ចូរ​ប្រុង​ត្រចៀក​ស្តាប់​សេចក្ដី​បង្រៀន​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​អស់​ទាំង​ពាក្យ ដែល​ចេញ​ពី​មាត់​ខ្ញុំ​ចុះ! ខ្ញុំ​នឹង​បើក​មាត់​បញ្ចេញ​ជា​សេចក្ដី​ប្រៀប‌ធៀប ខ្ញុំ​នឹងបរិយាយ​ប្រាប់​អំពី​សេចក្ដី​លាក់‌កំបាំង ពី​ចាស់​បុរាណ ជា​សេចក្ដី​ដែល​យើង​ធ្លាប់​បាន​ឮ និង​ធ្លាប់​បាន​ដឹង ជា​សេចក្ដី​ដែល​ដូនតា​យើង​បាន​ប្រាប់។ យើង​នឹង​មិន​លាក់​សេចក្ដី​ទាំង​នោះ​ចំពោះ​កូន​ចៅ របស់​គាត់​ឡើយ យើង​នឹងប្រាប់​មនុស្សជំជាន់​ក្រោយ អំពី​អស់​ទាំង​ស្នាព្រហស្ត​ដ៏​អស្ចារ្យ របស់​ព្រះ‌យេហូវ៉ា អំពី​ឫទ្ធា‌នុភាព និង​ការ​អស្ចារ្យ ដែល​ព្រះ‌អង្គ​បាន​ធ្វើ។ ៙ ព្រះ‌អង្គ​បាន​តាំង​ឲ្យ​មាន​ទី​បន្ទាល់ នៅ​ក្នុង​ពួក​យ៉ាកុប ក៏​បាន​តម្រូវ​ឲ្យ​មាន​ក្រឹត្យ‌វិន័យ នៅ​ក្នុង​ពួក​អ៊ីស្រា‌អែល ជា​ច្បាប់​ដែល​ព្រះ‌អង្គ​បាន​បង្គាប់ បុព្វ‌បុរស​របស់​យើង ឲ្យ​បង្រៀន​ដល់​កូន​ចៅ​ត​រៀង​ទៅ ដើម្បី​ឲ្យ​មនុស្ស​ជំនាន់​ក្រោយ គឺ​កូន​ចៅ​ដែល​នឹង​កើត​មក​ស្គាល់​សេចក្ដី​ទាំង​នោះ គេ​នឹងបន្ត​វេន ហើយ​ប្រាប់​ដល់​កូន​ចៅ របស់​គេ​តទៅ​ទៀត សម្រាប់​ឲ្យ​គេ​បាន​តាំង​ចិត្ត​សង្ឃឹម​ដល់​ព្រះ ហើយ​មិន​ភ្លេច​ពី​កិច្ច​ការ​របស់​ព្រះ‌អង្គ​ឡើយ គឺ​គោរព​តាម​បទ‌បញ្ជា​របស់​ព្រះ‌អង្គ​វិញ

ទំនុកតម្កើង 78:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រជា‌ជន​របស់​ខ្ញុំ​អើយ ចូរ​ត្រង‌ត្រាប់​សេចក្ដី​ដែល​ខ្ញុំ ប្រៀន‌ប្រដៅ​អ្នក​រាល់​គ្នា! ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​ពាក្យ ដែល​ខ្ញុំ​និយាយ​ប្រាប់​អ្នក​រាល់​គ្នា!។ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​អ្នក​រាល់​គ្នា នូវ​បទ​ពិសោធ​ពី​អតីតកាល ខ្ញុំ​នឹង​បរិយាយ​ប្រាប់​អ្នក​រាល់​គ្នា​អំពី​អត្ថ‌ន័យ លាក់​កំបាំង​នៃ​ព្រឹត្តិ‌ការណ៍​នៅ​បុរាណ​កាល។ អ្វីៗ​ដែល​យើង​ធ្លាប់​ឮ អ្វីៗ​ដែល​យើង​ដឹង អ្វីៗ​ដែល​ដូនតា​យើង​ធ្លាប់​រ៉ាយ‌រ៉ាប់​ប្រាប់ យើង​នឹង​ថ្លែង​ប្រាប់​កូន​ចៅ​របស់​យើង ឥត​លាក់‌លៀម​ឡើយ យើង​នឹង​ពណ៌នា​ពី​ឫទ្ធា‌នុភាព​របស់​ព្រះ‌អម្ចាស់ និង​ពី​ស្នា​ព្រះ‌ហស្ដ​ដ៏​អស្ចារ្យ​ដែល​ព្រះអង្គ​បាន​ធ្វើ ប្រាប់​កូន​ចៅ​នៅ​ជំនាន់​ក្រោយ ដើម្បី​លើក​តម្កើង​ព្រះអង្គ។ ព្រះអង្គ​ផ្ដល់​ដំបូន្មាន​ឲ្យ​កូន​ចៅ របស់​លោក​យ៉ាកុប ព្រះអង្គ​ប្រទាន​ក្រឹត្យ‌វិន័យ​មក​ឲ្យ​ពូជ‌ពង្ស របស់​លោក​អ៊ីស្រា‌អែល ព្រះអង្គ​បង្គាប់​បុព្វបុរស​របស់​យើង ឲ្យ​បង្រៀន​សេចក្ដី​ទាំង​នោះ​ដល់​កូន​ចៅ ដើម្បី​ឲ្យ​មនុស្ស​នៅ​ជំនាន់​ក្រោយ​ស្គាល់​ដែរ ហើយ​ឲ្យ​កូន​ចៅ​ដែល​នឹង​កើត​មក បង្រៀន​តៗ​គ្នា​រហូត​ទៅ។ ធ្វើ​យ៉ាង​នេះ ពួក​គេ​នឹង​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់ មិន​ភ្លេច​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ ហើយ​ពួក​គេ​នឹង​គោរព​តាម​បទ‌បញ្ជា​របស់​ព្រះអង្គ

ទំនុកតម្កើង 78:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​សាសន៍​របស់​ខ្ញុំ​អើយ ចូរ​ប្រុង​ត្រចៀក​ស្តាប់​សេចក្ដី​បង្រៀន​របស់​ខ្ញុំ ហើយ​ផ្ទៀង​ត្រចៀក​ស្តាប់​អស់​ទាំង​ពាក្យ ដែល​ចេញ​ពី​មាត់​ខ្ញុំ​ចុះ ខ្ញុំ​នឹង​បើក​មាត់​បញ្ចេញ​ជា​សេចក្ដី​ប្រៀប‌ធៀប ហើយ​នឹង​ពោល​ជា​សេចក្ដី​អាថ៌‌កំបាំង​ពី​ចាស់​បូរាណ ជា​សេចក្ដី​ដែល​ពួក​យើង​ធ្លាប់​បាន​ឮ​បាន​ដឹង​ហើយ ដែល​ឪពុក​យើង​បាន​ប្រាប់​តៗ​មក យើង​ក៏​មិន​លាក់​សេចក្ដី​ទាំង​នោះ​ទុក​ចំពោះ​កូន​ចៅ របស់​គាត់​ដែរ គឺ​នឹង​ប្រកាស​ពី​អស់​ទាំង​សេចក្ដី​សរសើរ​នៃ​ព្រះ‌យេហូវ៉ា ដល់​ដំណ​មនុស្ស​ជាន់​ក្រោយ​ឲ្យ​បាន​ស្តាប់ ព្រម​ទាំង​ឥទ្ធា‌នុភាព នឹង​ការ​អស្ចារ្យ ដែល​ទ្រង់​បាន​ធ្វើ​ផង។ ៙ ដ្បិត​ទ្រង់​បាន​តាំង​ឲ្យ​មាន​ទី​បន្ទាល់​នៅ​ក្នុង​ពួក​យ៉ាកុប ក៏​បាន​ដំរូវ​ឲ្យ​មាន​ក្រិត្យ‌វិន័យ​នៅ​ក្នុង​ពួក​អ៊ីស្រាអែល ជា​ច្បាប់​ដែល​ទ្រង់​បាន​បង្គាប់​ដល់​ពួក​ឰយុកោ​របស់​យើង ប្រយោជន៍​នឹង​បង្រៀន​ឲ្យ​ពួក​កូន​ចៅ​បាន​ដឹង​ត​រៀង​ទៅ ដើម្បី​ឲ្យ​ដំណ​មនុស្ស​ជាន់​ក្រោយ​បាន​ស្គាល់ គឺ​ទាំង​កូន​ចៅ​ដែល​ត្រូវ​កើត​ត​ទៅ ជា​ពួក​អ្នក​ដែល​នឹង​កើត​ឡើង ហើយ​ប្រាប់​ដល់​កូន​ចៅ​គេ​ត​ទៅ​ទៀត សំរាប់​ឲ្យ​គេ​បាន​តាំង​ចិត្ត​សង្ឃឹម​ដល់​ព្រះ ឥត​ភ្លេច​អស់​ទាំង​ការ​នៃ​ទ្រង់​ឡើយ គឺ​កាន់​តាម​អស់​ទាំង​សេចក្ដី​បង្គាប់​របស់​ទ្រង់​វិញ