ទំនុកតម្កើង 78:1-35
ទំនុកតម្កើង 78:1-35 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱប្រជាជនរបស់ខ្ញុំអើយ ចូរប្រុងត្រចៀកស្តាប់សេចក្ដីបង្រៀនរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកស្តាប់អស់ទាំងពាក្យ ដែលចេញពីមាត់ខ្ញុំចុះ! ខ្ញុំនឹងបើកមាត់បញ្ចេញជាសេចក្ដីប្រៀបធៀប ខ្ញុំនឹងបរិយាយប្រាប់អំពីសេចក្ដីលាក់កំបាំង ពីចាស់បុរាណ ជាសេចក្ដីដែលយើងធ្លាប់បានឮ និងធ្លាប់បានដឹង ជាសេចក្ដីដែលដូនតាយើងបានប្រាប់។ យើងនឹងមិនលាក់សេចក្ដីទាំងនោះចំពោះកូនចៅ របស់គាត់ឡើយ យើងនឹងប្រាប់មនុស្សជំជាន់ក្រោយ អំពីអស់ទាំងស្នាព្រហស្តដ៏អស្ចារ្យ របស់ព្រះយេហូវ៉ា អំពីឫទ្ធានុភាព និងការអស្ចារ្យ ដែលព្រះអង្គបានធ្វើ។ ៙ ព្រះអង្គបានតាំងឲ្យមានទីបន្ទាល់ នៅក្នុងពួកយ៉ាកុប ក៏បានតម្រូវឲ្យមានក្រឹត្យវិន័យ នៅក្នុងពួកអ៊ីស្រាអែល ជាច្បាប់ដែលព្រះអង្គបានបង្គាប់ បុព្វបុរសរបស់យើង ឲ្យបង្រៀនដល់កូនចៅតរៀងទៅ ដើម្បីឲ្យមនុស្សជំនាន់ក្រោយ គឺកូនចៅដែលនឹងកើតមកស្គាល់សេចក្ដីទាំងនោះ គេនឹងបន្តវេន ហើយប្រាប់ដល់កូនចៅ របស់គេតទៅទៀត សម្រាប់ឲ្យគេបានតាំងចិត្តសង្ឃឹមដល់ព្រះ ហើយមិនភ្លេចពីកិច្ចការរបស់ព្រះអង្គឡើយ គឺគោរពតាមបទបញ្ជារបស់ព្រះអង្គវិញ ដើម្បីកុំឲ្យគេបានដូចបុព្វបុរសរបស់គេ ជាជំនាន់មនុស្សរឹងរូស ហើយបះបោរ ជាជំនាន់មនុស្សដែលមិនបានតាំងចិត្ត ឲ្យទៀងត្រង់ ហើយវិញ្ញាណរបស់គេ មិនស្មោះចំពោះព្រះនោះឡើយ។ ៙ ឯកូនចៅអេប្រាអិមដែលមានគ្រឿងធ្នូ ហើយក៏ប្រសប់បាញ់ គេបានដកថយនៅថ្ងៃធ្វើចម្បាំង។ គេមិនបានកាន់តាមសេចក្ដីសញ្ញារបស់ព្រះទេ គឺមិនព្រមប្រព្រឹត្តតាមក្រឹត្យវិន័យ របស់ព្រះអង្គឡើយ។ គេបានភ្លេចកិច្ចការរបស់ព្រះអង្គ ភ្លេចការអស្ចារ្យទាំងឡាយ ដែលព្រះអង្គបានសម្ដែងឲ្យគេឃើញ។ ព្រះអង្គបានធ្វើការចម្លែក នៅនឹងភ្នែកបុព្វបុរសរបស់គេ នៅស្រុកអេស៊ីព្ទ នៅវាលសូអាន។ ព្រះអង្គបានញែកសមុទ្រ ហើយឲ្យគេដើរឆ្លង ក៏បានធ្វើឲ្យទឹកឈរឡើងដូចកំផែង។ នៅពេលថ្ងៃ ព្រះអង្គបាននាំគេដោយពពក ហើយរាល់យប់ ព្រះអង្គបាននាំគេ ដោយពន្លឺភ្លើង។ ព្រះអង្គបានបំបែកថ្មនៅទីរហោស្ថាន ហើយប្រទានឲ្យគេមានផឹកទឹកជាបរិបូរ ដូចជាប្រភពទឹកផុសចេញមក។ ព្រះអង្គបានធ្វើឲ្យមានទឹកចេញពីថ្ម ហូរចុះមកដូចជាទន្លេ។ ៙ ទោះជាយ៉ាងនេះក្ដី គេនៅតែប្រព្រឹត្តអំពើបាប ទាស់នឹងព្រះអង្គ ដោយបះបោរប្រឆាំងនឹងព្រះដ៏ខ្ពស់បំផុត នៅទីរហោស្ថាន។ គេបានល្បងលព្រះនៅក្នុងចិត្តគេ ដោយទាមទារអាហារតាមទំនើងចិត្តរបស់គេ។ គេពោលពាក្យទាស់នឹងព្រះថា «តើព្រះអាចផ្គត់ផ្គង់អាហារឲ្យយើងបរិភោគ នៅទីរហោស្ថាននេះបានឬ? ព្រះអង្គបានវាយថ្មឲ្យមានទឹកផុលចេញមក ដូចជាទឹកជ្រោះហូរហៀរមែន ក៏ប៉ុន្ដែ តើព្រះអង្គអាចប្រទាននំបុ័ង ឬផ្គត់ផ្គង់សាច់ឲ្យប្រជារាស្ត្រព្រះអង្គ បរិភោគបានដែរឬ?»។ ហេតុនេះ កាលព្រះយេហូវ៉ាឮ ព្រះអង្គក្រេវក្រោធជាខ្លាំង ក៏មានភ្លើងឆួលឡើងទាស់នឹងពួកយ៉ាកុប សេចក្ដីក្រោធរបស់ព្រះអង្គ ទាស់នឹងពួកអ៊ីស្រាអែល ព្រោះគេមិនបានជឿដល់ព្រះ ហើយមិនបានទុកចិត្តនឹងព្រះចេស្ដារបស់ព្រះអង្គ ដែលអាចសង្គ្រោះគេបាននោះឡើយ។ ទោះជាយ៉ាងនេះក្ដី ព្រះអង្គបានបង្គាប់ផ្ទៃមេឃនៅខាងលើ ព្រះអង្គបានបើកទ្វារស្ថានសួគ៌ ហើយបង្អុរនំម៉ាណាឲ្យធ្លាក់មកលើគេដូចភ្លៀង ដើម្បីឲ្យគេបរិភោគ ព្រះអង្គប្រទានស្រូវពីស្ថានសួគ៌ដល់គេ ។ គេបានបរិភោគនំប៉័ងរបស់ពួកទេវតា ព្រះអង្គប្រទានឲ្យគេមានអាហារជាបរិបូរ។ ព្រះអង្គបានធ្វើឲ្យខ្យល់ពីទិសខាងកើត បក់នៅលើមេឃ ហើយបាននាំខ្យល់ពីទិសខាងត្បូង ដោយព្រះចេស្តារបស់ព្រះអង្គ។ ព្រះអង្គទម្លាក់សាច់មកលើគេ ដូចធូលីធ្លាក់ពីលើមេឃ គឺជាសត្វស្លាបជាច្រើន ដូចគ្រាប់ខ្សាច់នៅឆ្នេរសមុទ្រ។ ព្រះអង្គធ្វើឲ្យសត្វទាំងនោះ ធ្លាក់ចំកណ្ដាលជំរំរបស់គេ ជុំវិញកន្លែងដែលគេស្នាក់នៅ។ ហើយគេក៏បរិភោគឆ្អែតស្កប់ស្កល់ ដ្បិតព្រះអង្គបានប្រទានឲ្យ តាមបំណងដែលគេចង់បាន។ ប៉ុន្ដែ ចិត្តរបស់គេមិនទាន់ស្កប់ស្កល់ទេ ហើយកាលអាហារនោះ នៅក្នុងមាត់គេនៅឡើយ សេចក្ដីក្រោធរបស់ព្រះក៏ឆួលឡើងទាស់នឹងគេ ហើយប្រហារពួកអ្នកខ្លាំងពូកែជាងគេ ព្រមទាំងបំបាក់យុវជនដែលពេញកម្លាំង ក្នុងចំណោមពួកអ៊ីស្រាអែលផងដែរ។ ៙ ទោះបើយ៉ាងនេះក៏ដោយ ក៏គេនៅតែប្រព្រឹត្តអំពើបាបដដែល គេមិនបានជឿការអស្ចារ្យរបស់ព្រះអង្គទេ។ ដូច្នេះ ព្រះអង្គបានធ្វើឲ្យថ្ងៃរបស់គេ កន្លងបាត់ទៅ បានដូចជាមួយដង្ហើម ហើយឆ្នាំរបស់គេពេញដោយការភ័យខ្លាច។ កាលព្រះអង្គប្រហារពួកគេ ទើបគេស្វែងរកព្រះអង្គ គេប្រែចិត្ត ហើយនាំគ្នាស្វែងរកព្រះ យ៉ាងអស់ពីចិត្ត។ ពួកគេនឹកចាំថា ព្រះជាថ្មដារបស់ពួកគេ គឺព្រះដ៏ខ្ពស់បំផុត ព្រះអង្គជាអ្នកប្រោសលោះរបស់គេ។
ទំនុកតម្កើង 78:1-35 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រជាជនរបស់ខ្ញុំអើយ ចូរត្រងត្រាប់សេចក្ដីដែលខ្ញុំ ប្រៀនប្រដៅអ្នករាល់គ្នា! ចូរផ្ទៀងត្រចៀកស្ដាប់ពាក្យ ដែលខ្ញុំនិយាយប្រាប់អ្នករាល់គ្នា!។ ខ្ញុំនឹងថ្លែងប្រាប់អ្នករាល់គ្នា នូវបទពិសោធពីអតីតកាល ខ្ញុំនឹងបរិយាយប្រាប់អ្នករាល់គ្នាអំពីអត្ថន័យ លាក់កំបាំងនៃព្រឹត្តិការណ៍នៅបុរាណកាល។ អ្វីៗដែលយើងធ្លាប់ឮ អ្វីៗដែលយើងដឹង អ្វីៗដែលដូនតាយើងធ្លាប់រ៉ាយរ៉ាប់ប្រាប់ យើងនឹងថ្លែងប្រាប់កូនចៅរបស់យើង ឥតលាក់លៀមឡើយ យើងនឹងពណ៌នាពីឫទ្ធានុភាពរបស់ព្រះអម្ចាស់ និងពីស្នាព្រះហស្ដដ៏អស្ចារ្យដែលព្រះអង្គបានធ្វើ ប្រាប់កូនចៅនៅជំនាន់ក្រោយ ដើម្បីលើកតម្កើងព្រះអង្គ។ ព្រះអង្គផ្ដល់ដំបូន្មានឲ្យកូនចៅ របស់លោកយ៉ាកុប ព្រះអង្គប្រទានក្រឹត្យវិន័យមកឲ្យពូជពង្ស របស់លោកអ៊ីស្រាអែល ព្រះអង្គបង្គាប់បុព្វបុរសរបស់យើង ឲ្យបង្រៀនសេចក្ដីទាំងនោះដល់កូនចៅ ដើម្បីឲ្យមនុស្សនៅជំនាន់ក្រោយស្គាល់ដែរ ហើយឲ្យកូនចៅដែលនឹងកើតមក បង្រៀនតៗគ្នារហូតទៅ។ ធ្វើយ៉ាងនេះ ពួកគេនឹងផ្ញើជីវិតលើព្រះជាម្ចាស់ មិនភ្លេចពីស្នាព្រះហស្ដរបស់ព្រះអង្គ ហើយពួកគេនឹងគោរពតាមបទបញ្ជារបស់ព្រះអង្គ ដើម្បីកុំឲ្យពួកគេបានដូចបុព្វបុរស នៅជំនាន់មុន ដែលមានចិត្តកោងកាច បះបោរប្រឆាំងនឹងព្រះជាម្ចាស់ មានចិត្តមិនទៀង ហើយមានគំនិតមិនស្មោះត្រង់ នឹងព្រះអង្គនោះឡើយ។ កុលសម្ព័ន្ធអេប្រាអ៊ីមដែលជាកងទ័ពបាញ់ព្រួញ បានបាក់ទ័ពនៅថ្ងៃធ្វើចម្បាំង មកពីពួកគេពុំបានគោរពសម្ពន្ធមេត្រី របស់ព្រះជាម្ចាស់ គឺមិនព្រមកាន់តាមក្រឹត្យវិន័យរបស់ព្រះអង្គ ពួកគេបានភ្លេចពីស្នាព្រះហស្ដដ៏ឧត្ដុង្គឧត្ដម និងភ្លេចពីការដ៏អស្ចារ្យផ្សេងៗ ដែលព្រះអង្គបានសម្តែងឲ្យគេឃើញ។ នៅតំបន់សូអាន ក្នុងស្រុកអេស៊ីប ព្រះអង្គបានធ្វើការអស្ចារ្យមួយ ឲ្យបុព្វបុរសរបស់គេឃើញ គឺព្រះអង្គបានញែកទឹកសមុទ្រ ឲ្យពួកគេដើរឆ្លង ព្រះអង្គធ្វើឲ្យទឹកផ្ដុំគ្នានៅនឹងថ្កល់ មួយកន្លែងដូចកំពែង។ នៅពេលថ្ងៃ ព្រះអង្គដឹកនាំគេដោយដុំពពក ហើយរាល់យប់ព្រះអង្គដឹកនាំគេ ដោយដុំភ្លើងជាពន្លឺ។ ព្រះអង្គបានបំបែកផ្ទាំងថ្មក្នុងវាលរហោស្ថាន ឲ្យគេហូបទឹកដែលហូរចេញ យ៉ាងបរិបូណ៌ពីបាតដីមក។ ព្រះអង្គបានធ្វើឲ្យមានទឹក ហូរចេញពីផ្ទាំងសិលាមក ដូចជាទឹកទន្លេ។ ទោះជាយ៉ាងនេះក្ដី ពួកគេនៅតែប្រព្រឹត្តអំពើបាប ខុសនឹងព្រះហឫទ័យព្រះអង្គជានិច្ច ពួកគេបះបោរប្រឆាំងនឹងព្រះដ៏ខ្ពង់ខ្ពស់បំផុត នៅវាលរហោស្ថានដ៏ហួតហែងនោះ។ ពួកគេហ៊ានល្បងលមើលព្រះជាម្ចាស់ ដោយសូមឲ្យព្រះអង្គប្រទានម្ហូបអាហារ តាមទំនើងចិត្តរបស់ខ្លួន។ គេនាំគ្នាពោលពាក្យប្រឆាំងនឹងព្រះជាម្ចាស់ថា: តើព្រះជាម្ចាស់អាចជប់លៀងយើង ក្នុងវាលរហោស្ថាននេះបានឬ? ព្រះអង្គបានវាយផ្ទាំងថ្មឲ្យមានទឹក ហូរចេញមក ដូចជាទឹកជ្រោះធ្លាក់មែន ក៏ប៉ុន្តែ តើព្រះអង្គអាចប្រទាននំបុ័ង និងផ្គត់ផ្គង់សាច់មកឲ្យ ប្រជារាស្ត្ររបស់ព្រះអង្គបានដែរឬ? ពេលព្រះអម្ចាស់ឮពាក្យរបស់ពួកគេ ព្រះអង្គទ្រង់ព្រះពិរោធក្រៃលែង ព្រះអង្គក្ដៅក្រហាយនឹងពូជពង្ស របស់លោកយ៉ាកុប ព្រះអង្គខ្ញាល់ទាស់នឹងជនជាតិអ៊ីស្រាអែល ព្រោះពួកគេគ្មានជំនឿលើព្រះជាម្ចាស់ ពួកគេពុំបានផ្ញើជីវិតលើព្រះអង្គ ដែលអាចសង្គ្រោះគេនោះឡើយ។ ទោះជាយ៉ាងណាក្ដី ព្រះអង្គបានបង្គាប់ពពក ព្រះអង្គបានបើកផ្ទៃមេឃ ហើយប្រទាននំម៉ាណាធ្លាក់ចុះមកដូចភ្លៀង ឲ្យពួកគេធ្វើជាអាហារ គឺព្រះអង្គប្រទានស្រូវពីស្ថានសួគ៌ មកឲ្យពួកគេ។ ពួកគេម្នាក់ៗបានបរិភោគអាហាររបស់ពួកទេវតា ព្រះអង្គប្រទានឲ្យគេ បរិភោគឆ្អែតទាំងអស់គ្នា។ នៅលើមេឃ ព្រះអង្គបានធ្វើឲ្យមានខ្យល់ បក់មកពីទិសខាងកើត ហើយព្រះអង្គក៏ធ្វើឲ្យមានខ្យល់ បក់មកពីទិសខាងត្បូងដែរ។ ព្រះអង្គធ្វើឲ្យមានសាច់យ៉ាងច្រើន ដូចធូលីដីធ្លាក់ពីលើមេឃមក គឺព្រះអង្គប្រទានសត្វស្លាបយ៉ាងច្រើន ដូចគ្រាប់ខ្សាច់នៅតាមឆ្នេរសមុទ្រ ធ្លាក់ចុះមកកណ្ដាលជំរំរបស់ពួកគេ ជុំវិញកន្លែងដែលគេស្នាក់នៅ។ ពួកគេបានបរិភោគឆ្អែតស្កប់ស្កល់ ដោយព្រះជាម្ចាស់ធ្វើតាមចិត្ត ប៉ងប្រាថ្នារបស់ពួកគេ។ ក៏ប៉ុន្តែ ទោះបីគេមានម្ហូបអាហារនៅពេញមាត់ក្ដី ក៏ពួកគេនៅតែពុំព្រមស្កប់ចិត្តដដែល ជាហេតុនាំឲ្យព្រះជាម្ចាស់ទ្រង់ព្រះពិរោធ ហើយប្រហារជីវិតពួកអ្នកខ្លាំងពូកែជាងគេ ព្រមទាំងយុវជនដែលកំពុងតែពេញកម្លាំង ក្នុងចំណោមជនជាតិអ៊ីស្រាអែលផងដែរ។ ទោះបីយ៉ាងនេះក្ដី ក៏ពួកគេនៅតែប្រព្រឹត្តអំពើបាបដដែល ពួកគេពុំបានជឿលើព្រះអង្គ ដែលធ្វើការអស្ចារ្យទាំងនោះទេ។ ដូច្នេះ ព្រះអង្គក៏ប្រហារជីវិតរបស់គេ តែក្នុងមួយរយៈពេលដ៏ខ្លី ព្រះអង្គផ្ដាច់អាយុជីវិតរបស់គេ យ៉ាងសែនវេទនាបំផុត។ ពេលឃើញព្រះជាម្ចាស់ប្រហារជីវិត អ្នកខ្លះក្នុងចំណោមពួកគេ ពួកគេក៏នាំគ្នាស្វែងរកព្រះអង្គ ហើយប្រែចិត្តគំនិតមករកព្រះអង្គវិញ។ ពួកគេនឹកឃើញថា ព្រះជាម្ចាស់ជាថ្មដារបស់ពួកគេ ហើយថាព្រះដ៏ខ្ពង់ខ្ពស់បំផុតបានការពារពួកគេ។
ទំនុកតម្កើង 78:1-35 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱសាសន៍របស់ខ្ញុំអើយ ចូរប្រុងត្រចៀកស្តាប់សេចក្ដីបង្រៀនរបស់ខ្ញុំ ហើយផ្ទៀងត្រចៀកស្តាប់អស់ទាំងពាក្យ ដែលចេញពីមាត់ខ្ញុំចុះ ខ្ញុំនឹងបើកមាត់បញ្ចេញជាសេចក្ដីប្រៀបធៀប ហើយនឹងពោលជាសេចក្ដីអាថ៌កំបាំងពីចាស់បូរាណ ជាសេចក្ដីដែលពួកយើងធ្លាប់បានឮបានដឹងហើយ ដែលឪពុកយើងបានប្រាប់តៗមក យើងក៏មិនលាក់សេចក្ដីទាំងនោះទុកចំពោះកូនចៅ របស់គាត់ដែរ គឺនឹងប្រកាសពីអស់ទាំងសេចក្ដីសរសើរនៃព្រះយេហូវ៉ា ដល់ដំណមនុស្សជាន់ក្រោយឲ្យបានស្តាប់ ព្រមទាំងឥទ្ធានុភាព នឹងការអស្ចារ្យ ដែលទ្រង់បានធ្វើផង។ ៙ ដ្បិតទ្រង់បានតាំងឲ្យមានទីបន្ទាល់នៅក្នុងពួកយ៉ាកុប ក៏បានដំរូវឲ្យមានក្រិត្យវិន័យនៅក្នុងពួកអ៊ីស្រាអែល ជាច្បាប់ដែលទ្រង់បានបង្គាប់ដល់ពួកឰយុកោរបស់យើង ប្រយោជន៍នឹងបង្រៀនឲ្យពួកកូនចៅបានដឹងតរៀងទៅ ដើម្បីឲ្យដំណមនុស្សជាន់ក្រោយបានស្គាល់ គឺទាំងកូនចៅដែលត្រូវកើតតទៅ ជាពួកអ្នកដែលនឹងកើតឡើង ហើយប្រាប់ដល់កូនចៅគេតទៅទៀត សំរាប់ឲ្យគេបានតាំងចិត្តសង្ឃឹមដល់ព្រះ ឥតភ្លេចអស់ទាំងការនៃទ្រង់ឡើយ គឺកាន់តាមអស់ទាំងសេចក្ដីបង្គាប់របស់ទ្រង់វិញ ដើម្បីកុំឲ្យគេបានដូចជាពួកឰយុកោ ជាដំណមនុស្សរឹងរូស ហើយបះបោរ ជាដំណមនុស្សដែលមិនបានតាំងចិត្តឲ្យទៀងត្រង់ ហើយវិញ្ញាណគេក៏មិនស្មោះចំពោះព្រះនោះឡើយ។ ៙ ឯពួកកូនចៅអេប្រាអិមដែលមានគ្រឿងធ្នូ ហើយក៏ប្រសប់បាញ់ គេបានបែរខ្នងនៅថ្ងៃសឹកសង្គ្រាម គេមិនបានកាន់តាមសេចក្ដីសញ្ញារបស់ព្រះ ក៏មិនព្រមប្រព្រឹត្តតាមក្រិត្យវិន័យទ្រង់សោះ គេបានភ្លេចអស់ទាំងកិច្ចដែលទ្រង់ធ្វើ ព្រមទាំងការអស្ចារ្យ ដែលទ្រង់បានសំដែង ឲ្យគេឃើញដែរ ទ្រង់បានធ្វើការចំឡែក នៅភ្នែកពួកឰយុកោគេ នៅស្រុកអេស៊ីព្ទ ត្រង់វាលសូអាន ទ្រង់បានវែកសមុទ្រ បើកជាផ្លូវឲ្យគេដើរឆ្លងទៅ ក៏បានធ្វើឲ្យទឹកឈរឡើងដូចជាកំផែង នៅវេលាថ្ងៃទ្រង់បាននាំគេ ដោយពពក ហើយវេលាយប់ទាល់ព្រឹក បាននាំដោយពន្លឺនៃភ្លើងវិញ ទ្រង់បំប្រេះថ្មដានៅទីរហោស្ថាន ឲ្យគេបានផឹកទឹកជាបរិបូរ ដូចជាហូរចេញពីទីជំរៅមក ទ្រង់បានធ្វើឲ្យមានទឹកចេញពីថ្ម ហូរចុះមកដូចជាទន្លេ។ ៙ ទោះបើយ៉ាងនោះ គង់តែគេនៅតែធ្វើបាប នឹងទ្រង់ទៀត ជាការបះបោរនឹងព្រះដ៏ខ្ពស់បំផុតត្រង់ទីរហោស្ថាន គេបានល្បងលព្រះនៅក្នុងចិត្តគេ ដោយសូមអាហារតាមគេប្រាថ្នា អើ គេបាននិយាយទំនាស់នឹងព្រះ ដោយពាក្យថា តើព្រះទ្រង់អាចនឹងចាត់ចែងឲ្យមានអាហារបរិភោគ នៅទីរហោស្ថាននេះបានឬ មើល ទ្រង់បានវាយថ្មដា ឲ្យមានទឹកផុលចេញ ហើយឲ្យជ្រោះមានទឹកជន់លិចច្រាំង ដូច្នេះ តើទ្រង់អាចនឹងប្រទានឲ្យមាននំបុ័ងដែរឬ តើទ្រង់នឹងផ្គត់ផ្គង់ ឲ្យរាស្ត្រទ្រង់មានសាច់បរិភោគឬអី ហេតុនោះ ព្រះយេហូវ៉ាទ្រង់ក៏ឮ ហើយមានសេចក្ដីក្រោធ រួចមានភ្លើងឆួលឡើង បញ្ឆេះពួកយ៉ាកុប មានសេចក្ដីខ្ញាល់ចេញទៅទាស់នឹងអ៊ីស្រាអែល ដោយព្រោះគេមិនបានជឿដល់ព្រះ ក៏មិនបានទុកចិត្តនឹងសេចក្ដីសង្គ្រោះរបស់ទ្រង់ផង ទ្រង់បានបង្គាប់ដល់ផ្ទៃមេឃនៅខាងលើ ក៏បានបើកទ្វារនៃស្ថានសួគ៌ ហើយបង្អុរនំម៉ាន៉ា ឲ្យធ្លាក់មកលើគេ ដូចជាភ្លៀង សំរាប់គេបរិភោគ គឺទ្រង់ប្រទានអាហារពីស្ថានសួគ៌ដល់គេ គេបានបរិភោគនំរបស់ពួកទេវតាទាំងអស់គ្នា ទ្រង់បានផ្ញើអាហារមកគេឲ្យបានឆ្អែត។ ៙ ទ្រង់បានធ្វើឲ្យខ្យល់ពីទិសខាងកើតបក់នៅលើមេឃ ហើយបាននាំខ្យល់ពីទិសខាងត្បូង ដោយព្រះចេស្តារបស់ទ្រង់ ក៏ទំលាក់សាច់មកលើគេដូចជាធូលីដី គឺជាសត្វស្លាបជាច្រើន ដូចជាខ្សាច់នៅសមុទ្រ ទ្រង់ឲ្យធ្លាក់នៅព័ទ្ធជុំវិញលំនៅរបស់គេ គឺនៅកណ្តាលទីដំឡើងត្រសាល ដូច្នេះ គេក៏បរិភោគទៅ ហើយបានឆ្អែតពេញបន្ទុក ទ្រង់បានប្រទានឲ្យ តាមបំណងចិត្តគេ គឺគេមិនទាន់អស់អាល័យក្នុងចិត្ត ហើយកាលអាហារនោះនៅក្នុងមាត់គេនៅឡើយ នោះសេចក្ដីខ្ញាល់របស់ព្រះ បានឆួលឡើងទាស់នឹងគេ ព្រមទាំងសំឡាប់អស់អ្នកដែលធាត់ៗក្នុងពួកគេ ហើយវាយផ្តួលពួកកំឡោះៗ នៃសាសន៍អ៊ីស្រាអែលផង។ ៙ ទោះបើយ៉ាងនោះក៏ដោយ គង់តែគេនៅតែធ្វើបាបទៀត គេមិនព្រមជឿការអស្ចារ្យរបស់ទ្រង់ឡើយ ហេតុនោះ ទ្រង់បានធ្វើឲ្យអស់ទាំងថ្ងៃរបស់គេ កន្លងទៅជាឥតប្រយោជន៍ ហើយអស់ទាំងឆ្នាំគេ ដោយសេចក្ដីស្ញែងខ្លាច វេលាណាដែលទ្រង់ប្រហារពួកគេ ទើបគេសួររកទ្រង់ ហើយត្រឡប់មកស្វែងរកព្រះអស់ពីចិត្ត គេក៏នឹកចាំថា ព្រះទ្រង់ជាថ្មដារបស់ខ្លួនគេ គឺព្រះដ៏ខ្ពស់បំផុត ទ្រង់ជាអ្នកប្រោសលោះដល់គេ។