ទំនុកតម្កើង 74:1-17
ទំនុកតម្កើង 74:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអើយ ហេតុអ្វីបានជា ព្រះអង្គបោះបង់ចោលយើងខ្ញុំរហូតដូច្នេះ? ហេតុអ្វីបានជាសេចក្ដីខ្ញាល់ របស់ព្រះអង្គហុយផ្សែង ទាស់នឹងហ្វូងចៀមនៅលើវាលស្មៅ របស់ព្រះអង្គ? សូមនឹកចាំពីក្រុមជំនុំរបស់ព្រះអង្គ ដែលព្រះអង្គបានទិញតាំងពីបុរាណមក ជាអ្នកដែលព្រះអង្គបានលោះ យកមកធ្វើជាកុលសម្ព័ន្ធ នៃមត៌ករបស់ព្រះអង្គ! សូមនឹកចាំពីភ្នំស៊ីយ៉ូន ជាកន្លែងដែលព្រះអង្គបានគង់នៅ។ សូមព្រះអង្គលើកព្រះបាទមកកាន់កន្លែងដែល ចេះតែបាក់បែកជាប់រហូតនេះផង! ខ្មាំងសត្រូវបានបំផ្លាញអ្វីៗ នៅក្នុងទីបរិសុទ្ធអស់ហើយ។ ៙ បច្ចាមិត្តរបស់ព្រះអង្គបានស្រែកហ៊ោ នៅកណ្ដាលទីបរិសុទ្ធរបស់ព្រះអង្គ គេបានលើកទង់របស់គេឡើងជាទីសម្គាល់។ ពួកគេប្រៀបដូចជាមនុស្សលើកពូថៅ ប្រុងនឹងកាប់ព្រៃឈើ។ ឥឡូវនេះ គេកម្ទេចអស់ទាំងក្បាច់ចម្លាក់ ដោយពូថៅ និងញញួរ គេបានយកភ្លើងដុតទីបរិសុទ្ធរបស់ព្រះអង្គ គេបន្ទាបបន្ថោកព្រះដំណាក់នៃព្រះនាមព្រះអង្គ ហើយរំលំព្រះដំណាក់ព្រះអង្គឲ្យរាបចុះដល់ដី។ គេគិតគ្នាថា «យើងនឹងបង្ក្រាបគេឲ្យរាប» គេដុតបំផ្លាញអស់ទាំងកន្លែងប្រជុំ ទាំងប៉ុន្មានរបស់ព្រះនៅក្នុងស្រុក។ ៙ យើងខ្ញុំមិនឃើញមានទីសម្គាល់ របស់យើងខ្ញុំទៀតទេ ក៏គ្មានហោរាណាទៀតដែរ ហើយគ្មានអ្នកណាក្នុងចំណោមយើងខ្ញុំ ដែលដឹងថានៅយូរប៉ុណ្ណាឡើយ។ ឱព្រះអើយ តើឲ្យបច្ចាមិត្តត្មះតិះដៀល ដល់ពេលណា? តើឲ្យខ្មាំងសត្រូវប្រមាថព្រះនាមព្រះអង្គរហូតឬ? ហេតុអ្វីបានជាព្រះអង្គឱបព្រះហស្ត នៅស្ងៀមដូច្នេះ? គឺព្រះហស្តស្តាំរបស់ព្រះអង្គ សូមដកព្រះហស្តចេញពីព្រះឱរាព្រះអង្គមក ហើយបំផ្លាញគេទៅ! ៙ ប៉ុន្តែ ព្រះជាមហាក្សត្ររបស់ទូលបង្គំ តាំងតែពីបុរាណមក ក៏ប្រោសប្រទានការសង្គ្រោះនៅកណ្ដាលផែនដី។ ព្រះអង្គបានញែកទឹកសមុទ្រ ដោយឫទ្ធានុភាពរបស់ព្រះអង្គ ព្រះអង្គបានបំបែកអស់ទាំងក្បាលនាគ នៅក្នុងទឹក។ ព្រះអង្គបានកិនកម្ទេចក្បាលស្ដេចក្រពើ ហើយព្រះអង្គប្រទានសាច់វាដល់សត្វនានា ដែលរស់នៅទីរហោស្ថានជាអាហារ។ ព្រះអង្គបានធ្វើឲ្យមានទឹកផុស និងទឹកជ្រោះចេញមក ក៏ធ្វើឲ្យទន្លេដែលហូរជានិច្ច ប្រែជារីងស្ងួត។ ពេលថ្ងៃជារបស់ព្រះអង្គ ហើយពេលយប់ក៏ជារបស់ព្រះអង្គដែរ ព្រះអង្គបានបង្កើតឲ្យមានពន្លឺ និងព្រះអាទិត្យ។ ព្រះអង្គបានតាំងព្រំដែនទាំងប៉ុន្មាននៃផែនដី ហើយកំណត់ឲ្យមានរដូវក្តៅ និងរដូវត្រជាក់។
ទំនុកតម្កើង 74:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់អើយ ហេតុអ្វីបានជាព្រះអង្គបោះបង់ចោល យើងខ្ញុំរហូតដូច្នេះ? ហេតុអ្វីបានជាទ្រង់ព្រះពិរោធនឹងយើងខ្ញុំ ដែលជាប្រជារាស្ដ្រផ្ទាល់របស់ព្រះអង្គ? សូមកុំបំភ្លេចប្រជារាស្ត្រ ដែលព្រះអង្គបានយកមកធ្វើ ជាកម្មសិទ្ធិរបស់ព្រះអង្គ តាំងពីដើមរៀងមក គឺប្រជារាស្ត្រដែលព្រះអង្គបានលោះ យកមកធ្វើជាកុលសម្ព័ន្ធរបស់ព្រះអង្គផ្ទាល់ សូមកុំបំភ្លេចភ្នំស៊ីយ៉ូន ជាកន្លែងដែលព្រះអង្គគង់នៅនោះឡើយ។ សូមព្រះអង្គយាងមកកាន់កន្លែង ដែលវិនាសខូចខាតអស់ ខ្មាំងសត្រូវបានកម្ទេចបំផ្លាញអ្វីៗ ទាំងអស់នៅក្នុងទីសក្ការៈ បច្ចាមិត្តរបស់ព្រះអង្គបាននាំគ្នា ស្រែកហ៊ោនៅក្នុងកន្លែងដ៏វិសុទ្ធរបស់ព្រះអង្គ ហើយពួកគេបានបង្ហូតទង់ជ័យ របស់ពួកគេនៅទីនោះ។ ពួកគេប្រៀបបានទៅនឹងអ្នកកាប់ព្រៃ ដែលលើកពូថៅរបស់ខ្លួនឡើងកាប់ដើមឈើ គឺពួកគេបានយកពូថៅ និងញញួរ មកវាយកម្ទេចក្បាច់រចនាទាំងប៉ុន្មាន។ គេបានដុតទីសក្ការៈរបស់ព្រះអង្គ គេបានរំលំ និងបន្ទាបបន្ថោកព្រះដំណាក់របស់ព្រះអង្គ។ ពួកគេគិតគ្នាថា «យើងនឹងបង្ក្រាបសាសន៍នេះឲ្យរាប ហើយដុតបំផ្លាញកន្លែងសក្ការបូជា ទាំងប៉ុន្មាននៅក្នុងស្រុកនេះ!»។ យើងខ្ញុំលែងឃើញអ្វីដែលជាទីសម្គាល់ របស់ប្រជាជាតិយើងខ្ញុំទៀតហើយ រីឯព្យាការីក៏លែងមានទៀតដែរ។ ក្នុងចំណោមយើងខ្ញុំ គ្មាននរណាដឹងថា យើងខ្ញុំត្រូវតែនៅដូច្នេះដល់ពេលណាឡើយ។ ឱព្រះជាម្ចាស់អើយ តើឲ្យបច្ចាមិត្ត ត្មះតិះដៀលព្រះអង្គដល់ពេលណា? តើឲ្យខ្មាំងសត្រូវប្រមាថ ព្រះនាមព្រះអង្គដល់កាលណាទៀត? ហេតុអ្វីបានជាព្រះអង្គ មិនព្រមយាងមកជួយយើងខ្ញុំ ហេតុអ្វីបានជាព្រះអង្គឱបដៃសម្ងំស្ងៀមដូច្នេះ? ព្រះជាម្ចាស់អើយ ព្រះអង្គជាព្រះមហាក្សត្រ របស់ទូលបង្គំ តាំងពីដើមរៀងមក ព្រះអង្គតែងតែសង្គ្រោះយើងខ្ញុំ ជាច្រើនលើកច្រើនសានៅក្នុងស្រុកនេះ។ ព្រះអង្គបានបង្ក្រាបសមុទ្រ ដោយសារឫទ្ធានុភាពរបស់ព្រះអង្គ ព្រះអង្គបានវាយកម្ទេចក្បាលនាគនៅក្នុងសមុទ្រ ព្រះអង្គបានវាយកម្ទេចក្បាលស្ដេចក្រពើ ហើយបោះវាទៅឲ្យសត្វនានា នៅវាលរហោស្ថានស៊ីជាអាហារ។ ព្រះអង្គបានធ្វើឲ្យមានទឹកផុស ចេញពីប្រភពទឹកនានា ហើយព្រះអង្គបានធ្វើឲ្យទន្លេដែលមិនចេះរីង ប្រែជារីងស្ងួតទៅវិញ។ ព្រះអង្គជាម្ចាស់លើថ្ងៃ ជាម្ចាស់លើយប់ ព្រះអង្គបានបង្កើតព្រះច័ន្ទ និងព្រះអាទិត្យ។ ព្រះអង្គបានកំណត់ព្រំដែនរវាងទឹក និងដី ព្រះអង្គក៏បានបង្កើតរដូវប្រាំង និងរដូវវស្សាដែរ។
ទំនុកតម្កើង 74:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអង្គអើយ ហេតុអ្វីបានជា ទ្រង់បោះបង់ចោលយើងខ្ញុំជាដរាប ហេតុអ្វីបានជាសេចក្ដីខ្ញាល់របស់ទ្រង់ហុយផ្សែងឡើង ទាស់នឹងហ្វូងចៀមដែលនៅទីវាលរបស់ទ្រង់ដូច្នេះ សូមនឹកចាំពីពួកជំនុំដែលទ្រង់រើសបាន ពីកាលចាស់បុរាណ ជាពួកដែលទ្រង់បានលោះសំរាប់ជាពូជអំបូរ ដែលទ្រង់នឹងគ្រងជាមរដក គឺភ្នំស៊ីយ៉ូន ជាកន្លែងដែលទ្រង់បានគង់នៅ សូមទ្រង់លើកព្រះបាទយាងមកឯកន្លែងដែលនៅ បាក់បែកជានិច្ច គឺមកឯការអាក្រក់ទាំងប៉ុន្មាន ដែលពួកខ្មាំងសត្រូវ បានធ្វើនៅក្នុងទីបរិសុទ្ធ។ ៙ ពួកដែលតតាំងនឹងទ្រង់ បានស្រែកហ៊ោ នៅកណ្តាលជំនុំរបស់ទ្រង់ គេបានលើកទង់របស់គេឡើងជាទីសំគាល់ គេមើលទៅដូចជាមនុស្សដែលលើកពូថៅឡើង ប្រុងនឹងកាប់ព្រៃញឹក ឥឡូវនេះគេបំបាក់បំបែកអស់ទាំងក្បាច់ចំឡាក់ ដោយពូថៅ នឹងញញួរ ក៏បានយកភ្លើងទៅដុតទីបរិសុទ្ធរបស់ទ្រង់ ព្រមទាំងបង្អាប់ទីលំនៅនៃព្រះនាមទ្រង់ឲ្យរាបចុះដល់ដី ដោយនឹកក្នុងចិត្តថា ចូរយើងកំទេចចេញឲ្យអស់ គេក៏ដុតបំផ្លាញអស់ទាំងសាលាប្រជុំនៃព្រះ ដែលនៅក្នុងស្រុកដែរ។ ៙ យើងខ្ញុំមិនឃើញទង់របស់យើងខ្ញុំទៀតទេ ក៏គ្មានហោរាណាទៀតឡើយ ហើយឥតមានអ្នកណាក្នុងពួកយើងខ្ញុំ ដែលដឹងជាការនេះ នឹងបានដល់យូរប៉ុណ្ណាដែរ ឱព្រះអង្គអើយ ពួកទាស់ទទឹងនឹងដៀលត្មះ ដល់កាលណា តើពួកខ្មាំងសត្រូវនឹងប្រមាថដល់ព្រះនាមទ្រង់ជាដរាបឬ ហេតុអ្វីបានជាទ្រង់ដកព្រះហស្ត គឺព្រះហស្តស្តាំនៃទ្រង់ចេញដូច្នេះ សូមទ្រង់ដកព្រះហស្តចេញពីព្រះឧរាមក ហើយបំផ្លាញគេចុះ។ ៙ ប៉ុន្តែព្រះទ្រង់ជាមហាក្សត្រនៃទូលបង្គំ តាំងតែពីបុរាណមក ទ្រង់ក៏ប្រោសប្រទានសេចក្ដីសង្គ្រោះនៅកណ្តាលផែនដី ទ្រង់បានញែកទឹកសមុទ្រដោយឫទ្ធិរបស់ទ្រង់ ក៏បានបំបែកក្បាលអស់ទាំងសត្វសំបើមនៅក្នុងទឹក ទ្រង់បានកិនកំទេចក្បាលរបស់ក្រពើ ព្រមទាំងប្រទានសាច់វាទុកជាអាហារ ដល់ពួកមនុស្សដែលនៅទីរហោស្ថាន ទ្រង់បានវាយបំប្រេះថ្ម ឲ្យមានក្បាលទឹក នឹងទឹកជ្រោះចេញមក ក៏ធ្វើឲ្យទន្លេដែលហូរជានិច្ច បានរីងស្ងួតទៅផង ពេលថ្ងៃជារបស់ផងទ្រង់ ហើយពេលយប់ក៏ដែរ ទ្រង់បានបង្កើតពន្លឺ នឹងដួងព្រះអាទិត្យ ទ្រង់បានតាំងព្រំខណ្ឌទាំងប៉ុន្មាននៃផែនដី ហើយកំណត់ឲ្យមានរដូវក្តៅ នឹងរដូវត្រជាក់។