ទំនុកតម្កើង 73:21-28
ទំនុកតម្កើង 73:21-28 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ កាលទូលបង្គំកើតមានចិត្តជូរល្វីង កាលទូលបង្គំឈឺចាប់ក្នុងទ្រូង នោះទូលបង្គំមិនយល់ ហើយល្ងង់ខ្លៅ ទូលបង្គំដូចជាសត្វតិរច្ឆាននៅចំពោះព្រះអង្គ។ ប៉ុន្តែ ទូលបង្គំនៅជាប់ជាមួយព្រះអង្គជានិច្ច ព្រះអង្គកាន់ដៃស្តាំរបស់ទូលបង្គំ។ ព្រះអង្គនាំទូលបង្គំ ដោយព្រះឱវាទរបស់ព្រះអង្គ ហើយនៅទីបំផុត ព្រះអង្គនឹងទទួលទូលបង្គំចូលទៅក្នុងសិរីល្អ។ នៅស្ថានសួគ៌ តើទូលបង្គំមានអ្នកណា ក្រៅពីព្រះអង្គ? ហើយគ្មានអ្វីនៅលើផែនដី ដែលទូលបង្គំប្រាថ្នាចង់បាន ក្រៅពីព្រះអង្គឡើយ។ សាច់ឈាម និងចិត្តទូលបង្គំ អាចនឹងសាបសូន្យទៅ ប៉ុន្តែ ព្រះជាកម្លាំង នៃចិត្ត និងជាចំណែករបស់ទូលបង្គំរហូតតទៅ។ ៙ ដ្បិតមើល៍ អស់អ្នកដែលនៅឆ្ងាយពីព្រះអង្គ នឹងត្រូវវិនាស ព្រះអង្គបំផ្លាញអស់អ្នកដែលផិតក្បត់ព្រះអង្គ។ រីឯទូលបង្គំវិញ ជាការប្រពៃណាស់ ដែលទូលបង្គំបាននៅជិតព្រះ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ា ជាទីជ្រកកោន ដើម្បីឲ្យទូលបង្គំបានថ្លែងប្រាប់ ពីកិច្ចការទាំងប៉ុន្មានរបស់ព្រះអង្គ។
ទំនុកតម្កើង 73:21-28 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលទូលបង្គំឆ្អែតចិត្ត ហើយពេលទូលបង្គំឈឺចាប់ក្នុងឱរា នោះទូលបង្គំបែរទៅជាល្ងីល្ងើ មិនយល់អ្វីទាំងអស់ ហើយទូលបង្គំក៏ដូចជាសត្វតិរច្ឆាន នៅចំពោះព្រះភ័ក្ត្រព្រះអង្គដែរ។ ប៉ុន្តែ ទូលបង្គំនៅជាមួយព្រះអង្គជានិច្ច ព្រះអង្គកាន់ដៃស្ដាំរបស់ទូលបង្គំ ព្រះអង្គដឹកនាំទូលបង្គំឲ្យដើរ តាមព្រះហឫទ័យរបស់ព្រះអង្គ ហើយនៅទីបញ្ចប់ ព្រះអង្គនឹងទទួលទូលបង្គំ នៅក្នុងសិរីរុងរឿងរបស់ព្រះអង្គ។ នៅស្ថានបរមសុខ ទូលបង្គំគ្មានទីពឹងណា ផ្សេងទៀត ក្រៅពីព្រះអង្គឡើយ នៅលើផែនដី បើព្រះអង្គគង់នៅជាមួយទូលបង្គំ ទូលបង្គំក៏មិនចង់បានអ្វីផ្សេងទៀតដែរ។ រូបកាយ និងចិត្តគំនិត របស់ទូលបង្គំទន់ខ្សោយទៅៗ ក៏ប៉ុន្តែ ព្រះអង្គនៅតែជាបង្អែក និងជាម្ចាស់ជីវិតទូលបង្គំ រហូតតទៅ។ អស់អ្នកដែលងាកចេញឆ្ងាយ ពីព្រះអង្គនឹងត្រូវអន្តរាយ ហើយព្រះអង្គនឹងធ្វើឲ្យអស់អ្នក ដែលក្បត់ព្រះអង្គត្រូវវិនាសសូន្យទៅ។ រីឯទូលបង្គំវិញ ទូលបង្គំមានសុភមង្គល តែនៅពេលណាទូលបង្គំ នៅជាមួយព្រះអង្គប៉ុណ្ណោះ ឱព្រះជាអម្ចាស់អើយ ទូលបង្គំផ្ញើជីវិតលើព្រះអង្គហើយ ទូលបង្គំនឹងប្រកាសអំពីស្នាព្រះហស្ដ ទាំងប៉ុន្មានរបស់ព្រះអង្គ។
ទំនុកតម្កើង 73:21-28 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ដូច្នេះ កាលទូលបង្គំមានសេចក្ដីកំរើកក្នុងចិត្ត ហើយមានសេចក្ដីចាក់ចុចក្នុងថ្លើម នោះទូលបង្គំជាមនុស្សឆោត ហើយល្ងង់ខ្លៅ គឺទូលបង្គំដូចជាសត្វតិរច្ឆាននៅចំពោះទ្រង់ ប៉ុន្តែទូលបង្គំនៅជាប់នឹងទ្រង់ជានិច្ច ទ្រង់បានកាន់ដៃស្តាំនៃទូលបង្គំ ទ្រង់នឹងនាំទូលបង្គំ ដោយដំបូន្មានរបស់ទ្រង់ រួចនឹងទទួលទូលបង្គំចូលក្នុងសិរីល្អ ឯនៅស្ថានសួគ៌ តើទូលបង្គំមានអ្នកឯណាក្រៅពីទ្រង់ ហើយនៅផែនដីទូលបង្គំប្រាថ្នាចង់បានតែទ្រង់ទេ ឯសាច់ នឹងចិត្តទូលបង្គំ នោះនឹងសាបសូន្យទៅបាន ប៉ុន្តែព្រះទ្រង់ជាទីពឹងនៃចិត្ត ហើយជាចំណែកមរដក នៃទូលបង្គំជាដរាបដែរ។ ៙ ដ្បិតមើល អស់អ្នកដែលនៅឆ្ងាយពីទ្រង់ គេនឹងត្រូវវិនាស ទ្រង់បំផ្លាញអស់អ្នកដែលផិតចេញពីទ្រង់ ឯទូលបង្គំ ដែលទូលបង្គំចូលទៅជិតព្រះ នោះជាការល្អដល់ទូលបង្គំ ទូលបង្គំបានយកព្រះអម្ចាស់យេហូវ៉ាទុកជាទីពឹងហើយ ដើម្បីឲ្យបានថ្លែងប្រាប់ពីអស់ទាំងការរបស់ទ្រង់។