ទំនុកតម្កើង 73:1-17
ទំនុកតម្កើង 73:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រាកដមែន ព្រះល្អដល់សាសន៍អ៊ីស្រាអែល គឺដល់អស់អ្នកដែលមានចិត្តបរិសុទ្ធ។ តែឯទូលបង្គំវិញ ជើងទូលបង្គំសឹងតែនឹងជំពប់ដួល ជំហានទូលបង្គំហៀបតែនឹងរអិលទៅហើយ។ ដ្បិតទូលបង្គំមានចិត្តច្រណែន នឹងមនុស្សអួតអាង ដោយឃើញមនុស្សអាក្រក់បានចម្រុងចម្រើន។ ៙ ដ្បិតគេគ្មានឈឺចាប់អ្វីសោះរហូតដល់ស្លាប់ រូបកាយរបស់គេធាត់រលោង។ គេមិនស្គាល់ទុក្ខលំបាកដូចមនុស្សឯទៀតឡើយ ក៏មិនដែលវេទនា ដូចមនុស្សដទៃដែរ។ គេពាក់អំនួតរបស់គេ ដូចជាពាក់ខ្សែក ហើយគេពាក់ចិត្តឃោរឃៅ ដូចសម្លៀកបំពាក់។ ភ្នែកគេលៀនចេញដោយមានសាច់ច្រើន ចិត្តគេហូរហៀរដោយសេចក្ដីចំកួត។ គេចំអកឡកឡឺយ ហើយពោលពាក្យអាក្រក់ គេស្រែកគំរាមក្ដែងៗពីការសង្កត់សង្កិន។ គេតាំងមាត់របស់គេទាស់នឹងស្ថានសួគ៌ ហើយអណ្ដាតគេបង្វិលទៅមកពេញលើផែនដី។ ៙ ហេតុនេះហើយបានជាប្រជារាស្ត្រព្រះអង្គ ងាកទៅសរសើរគេ ហើយមិនឃើញថាគេមានកំហុសអ្វីឡើយ ។ គេពោលថា «ធ្វើដូចម្តេចឲ្យព្រះជ្រាបបាន? តើព្រះដ៏ខ្ពស់បំផុតមានព្រះតម្រិះដែរឬ?» មើល៍ នេះហើយមនុស្សអាក្រក់ គេចេះតែសុខស្រួលជានិច្ច ទ្រព្យសម្បត្តិគេចេះតែចម្រើនឡើងរហូត។ ឯទូលបង្គំដែលបានរក្សាចិត្តឲ្យបរិសុទ្ធ ហើយលាងដៃឲ្យឥតមានសៅហ្មង នោះឥតប្រយោជន៍ទទេ។ ដ្បិតទូលបង្គំជួបទុក្ខលំបាករាល់ថ្ងៃ ហើយត្រូវវាយផ្ចាលរាល់ព្រឹក។ ៙ ប្រសិនបើទូលបង្គំពោលថា «ខ្ញុំនឹងនិយាយដូច្នេះដូចគេដែរ» នោះទូលបង្គំឈ្មោះថាបានក្បត់បងប្អូន ដែលជាកូនរបស់ព្រះអង្គមិនខាន។ តែកាលទូលបង្គំគិតពិចារណា ចង់យល់ពីរឿងនេះ នោះពិបាកយល់ដល់ទូលបង្គំណាស់ រហូតទាល់តែទូលបង្គំបានចូលទៅក្នុង ទីបរិសុទ្ធរបស់ព្រះ នោះទើបទូលបង្គំយល់ពីចុងបញ្ចប់របស់គេ។
ទំនុកតម្កើង 73:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពិតមែនហើយ ព្រះជាម្ចាស់មាន ព្រះហឫទ័យសប្បុរស ចំពោះជនជាតិអ៊ីស្រាអែល និងអស់អ្នកដែលមានចិត្តបរិសុទ្ធ។ ចំពោះខ្ញុំផ្ទាល់ ខ្ញុំហៀបតែនឹងភ្លាត់ជើង គឺនៅសល់តែបន្តិចប៉ុណ្ណោះ ខ្ញុំមុខជាដួលមិនខាន ព្រោះខ្ញុំមានចិត្តច្រណែននឹងមនុស្សព្រហើន ដោយឃើញជនពាលទាំងនោះ បានចម្រុងចម្រើន។ ក្នុងមួយជីវិតរបស់ពួកគេ ពួកគេហាក់ដូចជាគ្មានកង្វល់អ្វីសោះ គេមានសាច់មានឈាម។ គេពុំដែលស្គាល់ទុក្ខលំបាកដូចមនុស្សដទៃ ហើយពុំដែលវេទនាដូចមនុស្សឯទៀតៗឡើយ។ ពួកគេយកអំនួតមកបង្ហាញដូចជាបុណ្យស័ក្ដិ ហើយពាក់ចិត្តឃោរឃៅ ដូចជាសម្លៀកបំពាក់។ គំនិតអាក្រក់ចាំងនៅលើផ្ទៃមុខរបស់ពួកគេ គំនិតអប្រិយរបស់ពួកគេ ក៏លេចចេញមកយ៉ាងច្បាស់ដែរ។ គេនាំគ្នាសើចចំអក និងពោលពាក្យអាក្រក់ ព្រមទាំងនិយាយក្ដែងៗ ពីការសង្កត់សង្កិនអ្នកដទៃ។ មាត់របស់គេពោលពាក្យប្រមាថព្រះជាម្ចាស់ ហើយអណ្ដាតរបស់គេឥតសំចៃនរណាម្នាក់ នៅលើផែនដីឡើយ។ ហេតុនេះ សូម្បីតែប្រជារាស្ដ្រ របស់ព្រះជាម្ចាស់ ក៏វង្វេងទៅតាមពួកគេ ព្រមទាំងចូលចិត្តស្ដាប់ពាក្យសម្ដី របស់ពួកគេ ដូចផឹកទឹក។ គេពោលថា ព្រះជាម្ចាស់ពុំជ្រាបអ្វីទាំងអស់ ព្រះដ៏ខ្ពង់ខ្ពស់បំផុតមិនដឹងអ្វីសោះឡើយ! នេះហើយមនុស្សពាល! ពួកគេបានសុខជានិច្ច ពួកគេបានចម្រុងចម្រើនរហូត! រីឯទូលបង្គំវិញ ទូលបង្គំខំប្រឹងកាន់ចិត្តបរិសុទ្ធ ហើយចៀសវាងប្រព្រឹត្តអំពើបាប តែឥតបានផលអ្វីសោះ! ដ្បិតទូលបង្គំកើតទុក្ខលំបាកជារៀងរាល់ថ្ងៃ ទូលបង្គំទទួលទារុណកម្មរាល់ព្រឹក។ ប្រសិនបើទូលបង្គំសម្រេចចិត្តធ្វើដូចពួកគេដែរនោះ ទូលបង្គំមុខជាក្បត់បងប្អូនរបស់ទូលបង្គំ ដែលជាបុត្ររបស់ព្រះអង្គមិនខាន។ ទូលបង្គំខិតខំរិះគិតចង់យល់អំពីបញ្ហានេះ ប៉ុន្តែ ពិបាកយល់ណាស់ រហូតទាល់តែទូលបង្គំចូលមកដល់ ទីសក្ការៈរបស់ព្រះជាម្ចាស់ ទើបទូលបង្គំយល់ថាចុងបញ្ចប់របស់មនុស្ស អាក្រក់នឹងក្លាយទៅជាយ៉ាងណា។
ទំនុកតម្កើង 73:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ប្រាកដមែន ព្រះទ្រង់ប្រព្រឹត្តល្អ ដល់សាសន៍អ៊ីស្រាអែល គឺដល់អស់អ្នកដែលមានចិត្តត្រចះ តែឯជើងទូលបង្គំ បានកន្ធែកចេញហៀបនឹងផុតទីហើយ ជំហាននៃទូលបង្គំបានហៀបនឹងរឥលភ្លាត់ទៅ ដ្បិតទូលបង្គំមានសេចក្ដីច្រណែនចំពោះមនុស្សអំនួត ដោយឃើញសេចក្ដីចំរើនរបស់មនុស្សអាក្រក់នោះ។ ៙ ពីព្រោះកាលគេស្លាប់ នោះគ្មានឈឺចាប់អ្វីសោះ គឺកំឡាំងគេនៅតែមាំមួនដដែល គេមិនមានទុក្ខ ដូចជាមនុស្សធម្មតាឡើយ ក៏មិនត្រូវវេទនា ដូចមនុស្សដទៃដែរ ហេតុនោះបានជាសេចក្ដីអំនួតរបស់គេ ប្រៀបដូចជាខ្សែច្រវាក់ពាក់នៅក ហើយគេប្រដាប់ខ្លួន ដោយសេចក្ដីច្រឡោត ភ្នែកគេលៀនចេញ ដោយមានសាច់ច្រើន គេមានច្រើនលើសជាងចិត្តប្រាថ្នាទៅទៀត គេចំអកឡកឡឺយ ហើយពោលជាការគំហកកំហែង ដោយចិត្តអាក្រក់ ក៏និយាយដោយពាក្យធំខ្ពស់ គេតាំងមាត់ពោលទាស់នឹងស្ថានសួគ៌ ហើយអណ្តាតគេបង្វិលទៅមកពេញលើផែនដី។ ៙ ហេតុនោះបានជារាស្ត្ររបស់ទ្រង់វិលមកឯណេះ ក៏ផឹកសំរេងទឹកដែលពេញពែងផង គេសួរថា ធ្វើដូចម្តេចឲ្យព្រះជ្រាបបាន តើព្រះដ៏ខ្ពស់បំផុតទ្រង់ប្រកបដោយដំរិះដែរឬ នេះហើយដែលហៅថាមនុស្សអាក្រក់ ហើយដោយព្រោះគេចេះតែនៅដោយសុខស្រួល បានជាទ្រព្យសម្បត្តិគេចំរើនឡើង យ៉ាងនោះ ការដែលទូលបង្គំបានជំរះចិត្ត ហើយលាងដៃឲ្យឥតមានសៅហ្មង នោះឥតប្រយោជន៍ទទេ ដ្បិតទូលបង្គំត្រូវរងរំពាត់ជាដរាបរាល់ថ្ងៃ ហើយត្រូវវាយផ្ចាលរាល់តែព្រឹកជានិច្ច។ ៙ បើសិនជាទូលបង្គំបានពោលថា អញនឹងនិយាយដូច្នេះដែរ នោះឈ្មោះថាបានក្បត់ពូជពង្សនៃកូនចៅទ្រង់ហើយ កាលទូលបង្គំបានពិចារណា ដើម្បីចង់ដឹងច្បាស់ពីសេចក្ដីនេះ នោះក៏ពិបាកដល់ទូលបង្គំណាស់ ទាល់តែទូលបង្គំបានចូលទៅក្នុងទីបរិសុទ្ធរបស់ព្រះ ហើយបានពិចារណាពីចុងបំផុតរបស់គេ