ទំនុកតម្កើង 72:11-20
ទំនុកតម្កើង 72:11-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សូមឲ្យស្ដេចទាំងប៉ុន្មានក្រាបចុះ នៅចំពោះព្រះអង្គ ហើយជាតិសាសន៍ទាំងអស់នាំគ្នាបម្រើព្រះអង្គ! ដ្បិតព្រះរាជារំដោះមនុស្សកម្សត់ទុគ៌តឲ្យរួច ពេលគេស្រែករកព្រះអង្គ គឺទាំងមនុស្សក្រីក្រ និងអ្នកដែលគ្មានទីពឹង។ ព្រះរាជាអាណិតអាសូរមនុស្សទន់ខ្សោយ និងមនុស្សកម្សត់ទុគ៌ត ហើយក៏សង្គ្រោះជីវិតមនុស្សកម្សត់ទុគ៌តនោះ។ ព្រះរាជាលោះជីវិតពួកគេ ឲ្យរួចពីការសង្កត់សង្កិន និងអំពើឃោរឃៅ ឈាមរបស់គេ មានតម្លៃណាស់នៅចំពោះព្រះអង្គ។ ៙ សូមឲ្យព្រះរាជាមានព្រះជន្មាយុយឺនយូរ ហើយសូមឲ្យគេយកតង្វាយជាមាស ពីស្រុកសេបា មកថ្វាយព្រះអង្គ សូមឲ្យមានមនុស្សអធិស្ឋានឲ្យព្រះរាជាជានិច្ច ហើយថ្វាយព្រះពរដល់ព្រះអង្គជាដរាបរាល់ថ្ងៃ។ សូមឲ្យមានស្រូវជាបរិបូរនៅក្នុងស្រុក ភោគផលទាំងនោះទ្រេតចុះឡើងនៅលើកំពូលភ្នំ សូមឲ្យដើមឈើមានផលផ្លែ ដូចដើមឈើនៅភ្នំល្បាណូន ហើយសូមឲ្យមនុស្សចម្រើនឡើងនៅក្នុងទីក្រុង ដូចស្មៅនៅតាមទីវាល! សូមឲ្យព្រះនាមព្រះរាជាស្ថិតស្ថេរ អស់កល្បជានិច្ច សូមឲ្យកិត្តិនាមព្រះរាជា នៅគង់វង្សដូចព្រះអាទិត្យ សូមឲ្យមនុស្សម្នាបានពរដោយសារព្រះរាជា អស់ទាំងសាសន៍នឹងហៅព្រះរាជា ថាជាអ្នកមានពរ។ ៙ សូមលើកតម្កើងព្រះយេហូវ៉ា ជាព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះតែមួយព្រះអង្គគត់ ដែលធ្វើការដ៏អស្ចារ្យ។ សូមលើកតម្កើងព្រះនាម ដ៏រុងរឿងរបស់ព្រះអង្គ អស់កល្បជានិច្ច សូមឲ្យផែនដីទាំងមូល មានពេញដោយសិរីល្អរបស់ព្រះអង្គ! អាម៉ែន ហើយអាម៉ែន! ៙ ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ ជាបុត្ររបស់លោកអ៊ីសាយ ចប់តែប៉ុណ្ណេះ។
ទំនុកតម្កើង 72:11-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ស្ដេចទាំងប៉ុន្មាននឹងនាំគ្នា ក្រាបថ្វាយបង្គំព្រះករុណា ហើយប្រជាជាតិទាំងអស់ នឹងនាំគ្នាបម្រើព្រះករុណា។ ព្រះករុណារំដោះជនក្រីក្រ នៅពេលគេស្រែកអង្វរព្រះករុណា ហើយព្រះករុណារំដោះជនទុគ៌ត ដែលគ្មានទីពឹង។ ព្រះករុណាអាណិតអាសូរមនុស្សទន់ខ្សោយ និងមនុស្សកម្សត់ទុគ៌ត ព្រះករុណាសង្គ្រោះជីវិតមនុស្សក្រីក្រ។ ព្រះករុណារំដោះពួកគេឲ្យរួចផុត ពីការសង្កត់សង្កិនរបស់មនុស្សឃោរឃៅ ចំពោះព្រះករុណា ជីវិតរបស់ពួកគេមានតម្លៃណាស់។ សូមឲ្យព្រះរាជាមានព្រះជន្មាយុយឺនយូរ! គេនឹងយកមាសពីស្រុកសាបាមកថ្វាយព្រះករុណា គេនឹងទូលអង្វរព្រះជាម្ចាស់ឲ្យព្រះរាជា ឥតឈប់ឈរ ហើយរៀងរាល់ថ្ងៃ គេនឹងថ្វាយព្រះពរដល់ព្រះរាជា។ នៅក្នុងស្រុក សូមឲ្យមានស្រូវយ៉ាងបរិបូណ៌ នៅតាមកំពូលភ្នំ សូមឲ្យមានភោគផលច្រើន ដូចនៅស្រុកលីបង់ ហើយនៅក្នុងទីក្រុង សូមឲ្យប្រជាជនកើនចំនួនឡើង ដូចស្មៅនៅតាមទីវាល។ សូមឲ្យព្រះរាជាមានព្រះនាម ល្បីល្បាញរហូតតទៅ គឺសូមឲ្យព្រះនាមព្រះករុណា នៅស្ថិតស្ថេរគង់វង្សដូចព្រះអាទិត្យ។ សូមឲ្យមនុស្សម្នាយកព្រះនាមព្រះករុណា ទៅជូនពរគ្នាទៅវិញទៅមក ហើយប្រជាជាតិទាំងអស់នឹងពោលថា ព្រះរាជាប្រកបដោយព្រះពរ! សូមលើកតម្កើងព្រះជាអម្ចាស់ ជាព្រះរបស់ជនជាតិអ៊ីស្រាអែល ដ្បិតមានតែព្រះអង្គទេ ដែលសម្តែងការអស្ចារ្យទាំងនេះ! សូមលើកតម្កើងព្រះនាមដ៏រុងរឿង របស់ព្រះអង្គរហូតតទៅ! សូមឲ្យផែនដីទាំងមូលបានពោរពេញ ទៅដោយសិរីរុងរឿងរបស់ព្រះអង្គ! អាម៉ែន! អាម៉ែន! ពាក្យអធិស្ឋានរបស់ស្ដេចដាវីឌ ជាបុត្ររបស់លោកអ៊ីសាយ ចប់តែត្រឹមណេះ។
ទំនុកតម្កើង 72:11-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អើ ពួកក្សត្រទាំងអស់ នឹងផ្តួលខ្លួនក្រាបចុះ នៅចំពោះទ្រង់ ហើយអស់ទាំងនគរនឹងចំណុះទ្រង់ដែរ ដ្បិតទ្រង់នឹងជួយពួកក្រីក្រឲ្យរួច ក្នុងកាលដែលថ្លែងទុក្ខ ព្រមទាំងពួកកំសត់ ដែលឥតមានអ្នកណាជួយនោះផង ទ្រង់នឹងមានសេចក្ដីអាណិតមេត្តា ដល់មនុស្សរហេមរហាមនឹងមនុស្សទុគ៌ត ក៏នឹងជួយសង្គ្រោះជីវិតនៃមនុស្សក្រីក្រផង ទ្រង់នឹងលោះជីវិតគេ ឲ្យរួចពីការសង្កត់សង្កិន នឹងការច្រឡោត ឯឈាមគេនឹងបានវិសេសនៅព្រះនេត្រទ្រង់ដែរ។ ៙ ដូច្នេះ គេនឹងរស់នៅ ហើយនឹងមានដង្វាយ ជាមាសពីស្រុកសេបា ឲ្យបានថ្វាយដល់ទ្រង់ មនុស្សទាំងឡាយនឹងអធិស្ឋានឲ្យទ្រង់ជានិច្ច ហើយនឹងថ្វាយពរដល់ទ្រង់ជាដរាបរាល់ថ្ងៃ ដូច្នេះ នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក រហូតដល់កំពូលភ្នំ ឯគួរស្រូវ នោះនឹងទ្រេតចុះឡើង ដូចជាដើមឈើនៅភ្នំល្បាណូន ហើយមនុស្សនឹងចំរើនឡើងនៅក្នុងទីក្រុង ដូចជាស្មៅនៅដីដែរ នាមទ្រង់នឹងស្ថិតស្ថេរនៅជាដរាប គឺនឹងមាននៅអស់អំឡុងដែលនៅមានព្រះអាទិត្យភ្លឺតទៅ ហើយមនុស្សទាំងឡាយនឹងបានពរដោយសារទ្រង់ អស់ទាំងសាសន៍នឹងហៅទ្រង់ថា ជាអ្នកមានពរ។ ៙ សូមក្រាបថ្វាយបង្គំដល់ព្រះយេហូវ៉ាដ៏ជាព្រះ គឺជាព្រះនៃសាសន៍អ៊ីស្រាអែល ជាព្រះតែ១អង្គដែលធ្វើការអស្ចារ្យ សូមឲ្យព្រះនាមដ៏រុងរឿងរបស់ទ្រង់បានប្រកប ដោយព្រះពរ នៅអស់កល្បជានិច្ច សូមឲ្យផែនដីទាំងស្រុងបានពេញដោយសិរីល្អនៃទ្រង់ អាម៉ែនៗ។ ៙ ពាក្យអធិស្ឋានរបស់ដាវីឌ ជាបុត្រអ៊ីសាយ ចប់តែប៉ុណ្ណេះ។