ទំនុកតម្កើង 72:10-15

ទំនុកតម្កើង 72:10-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​តើស៊ីស និង​កោះ​នានា​នាំ​សួយ‌អាករ​មក​ថ្វាយ​ព្រះ‌អង្គ សូម​ឲ្យ​ស្ដេច​ទាំង​ឡាយ​នៅ​ស្រុក​សេបា និង​ស្រុក​សាបា នាំ​បណ្ណាការ​មក​ថ្វាយ​ដែរ! សូម​ឲ្យ​ស្ដេច​ទាំង​ប៉ុន្មាន​ក្រាប​ចុះ នៅ​ចំពោះ​ព្រះ‌អង្គ ហើយ​ជាតិ​សាសន៍​ទាំង​អស់​នាំ​គ្នា​បម្រើ​ព្រះ‌អង្គ! ដ្បិត​ព្រះ​រាជា​រំដោះ​មនុស្ស​កម្សត់​ទុគ៌ត​ឲ្យ​រួច ពេល​គេ​ស្រែក​រក​ព្រះ‌អង្គ គឺ​ទាំង​មនុស្ស​ក្រី​ក្រ និង​អ្នក​ដែល​គ្មាន​ទីពឹង។ ព្រះ​រាជា​អាណិត​អាសូរ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​កម្សត់​ទុគ៌ត ហើយ​ក៏​សង្គ្រោះ​ជីវិត​មនុស្ស​កម្សត់​ទុគ៌ត​នោះ។ ព្រះ​រាជា​លោះ​ជីវិត​ពួកគេ ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិន និង​អំពើ​ឃោរ‌ឃៅ ឈាម​របស់​គេ មាន​តម្លៃ​ណាស់​នៅ​ចំពោះ​ព្រះ‌អង្គ។ ៙ សូម​ឲ្យ​ព្រះ​រាជា​មាន​ព្រះ​ជន្មាយុ​យឺន​យូរ ហើយ​សូមឲ្យ​គេ​យក​តង្វាយ​ជា​មាស ពី​ស្រុក​សេបា មក​ថ្វាយ​ព្រះ‌អង្គ សូម​ឲ្យ​មាន​មនុស្ស​អធិស្ឋាន​ឲ្យ​ព្រះ​រាជា​ជា‌និច្ច ហើយ​ថ្វាយ​ព្រះ​ពរ​ដល់​ព្រះ‌អង្គ​ជា​ដរាប​រាល់​ថ្ងៃ។

ទំនុកតម្កើង 72:10-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​តើស៊ីស និង​នៅ​កោះ​នានា នឹង​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌ករុណា ស្ដេច​ទាំង‌ឡាយ​នៅ​ស្រុក​សាបា និង​ស្រុក​សេបា ក៏​នាំ​គ្នា​យក​សួយសារ‌អាករ​មក​ថ្វាយ​ដែរ។ ស្ដេច​ទាំង​ប៉ុន្មាន​នឹង​នាំ​គ្នា ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌ករុណា ហើយ​ប្រជា‌ជាតិ​ទាំង​អស់ នឹង​នាំ​គ្នា​បម្រើ​ព្រះ‌ករុណា។ ព្រះ‌ករុណា​រំដោះ​ជន​ក្រីក្រ នៅ​ពេល​គេ​ស្រែក​អង្វរ​ព្រះ‌ករុណា ហើយ​ព្រះ‌ករុណា​រំដោះ​ជន​ទុគ៌ត ដែល​គ្មាន​ទី​ពឹង។ ព្រះ‌ករុណា​អាណិត​អាសូរ​មនុស្ស​ទន់​ខ្សោយ និង​មនុស្ស​កម្សត់​ទុគ៌ត ព្រះ‌ករុណា​សង្គ្រោះ​ជីវិត​មនុស្ស​ក្រីក្រ។ ព្រះ‌ករុណា​រំដោះ​ពួក​គេ​ឲ្យ​រួច​ផុត ពី​ការ​សង្កត់‌សង្កិន​របស់​មនុស្ស​ឃោរ‌ឃៅ ចំពោះ​ព្រះ‌ករុណា ជីវិត​របស់​ពួក​គេ​មាន​តម្លៃ​ណាស់។ សូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ! គេ​នឹង​យក​មាស​ពី​ស្រុក​សាបា​មក​ថ្វាយ​ព្រះ‌ករុណា គេ​នឹង​ទូល‌អង្វរ​ព្រះ‌ជាម្ចាស់​ឲ្យ​ព្រះ‌រាជា ឥត​ឈប់​ឈរ ហើយ​រៀង​រាល់​ថ្ងៃ គេ​នឹង​ថ្វាយ​ព្រះ‌ពរ​ដល់​ព្រះ‌រាជា។

ទំនុកតម្កើង 72:10-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ពួក​ក្សត្រ​នៃ​ស្រុក​តើស៊ីស នឹង​កោះ​ទាំង​ប៉ុន្មាន នឹង​ថ្វាយ​សួយ‌អាករ ពួក​ក្សត្រ​នៃ​ស្រុក​សេបា នឹង​ស្រុក​សាបា នឹង​ថ្វាយ​គ្រឿង​បណ្ណាការ​ដែរ អើ ពួក​ក្សត្រ​ទាំង​អស់ នឹង​ផ្តួល​ខ្លួន​ក្រាប​ចុះ នៅ​ចំពោះ​ទ្រង់ ហើយ​អស់​ទាំង​នគរ​នឹង​ចំណុះ​ទ្រង់​ដែរ ដ្បិត​ទ្រង់​នឹង​ជួយ​ពួក​ក្រីក្រ​ឲ្យ​រួច ក្នុង​កាល​ដែល​ថ្លែង​ទុក្ខ ព្រម​ទាំង​ពួក​កំសត់ ដែល​ឥត​មាន​អ្នក​ណា​ជួយ​នោះ​ផង ទ្រង់​នឹង​មាន​សេចក្ដី​អាណិត​មេត្តា ដល់​មនុស្ស​រហេម‌រហាមនឹង​មនុស្ស​ទុគ៌ត ក៏​នឹង​ជួយ​សង្គ្រោះ​ជីវិត​នៃ​មនុស្ស​ក្រីក្រ​ផង ទ្រង់​នឹង​លោះ​ជីវិត​គេ ឲ្យ​រួច​ពី​ការ​សង្កត់‌សង្កិន នឹង​ការ​ច្រឡោត ឯ​ឈាម​គេ​នឹង​បាន​វិសេស​នៅ​ព្រះ‌នេត្រ​ទ្រង់​ដែរ។ ៙ ដូច្នេះ គេ​នឹង​រស់​នៅ ហើយ​នឹង​មាន​ដង្វាយ ជា​មាស​ពី​ស្រុក​សេបា ឲ្យ​បាន​ថ្វាយ​ដល់​ទ្រង់ មនុស្ស​ទាំង‌ឡាយ​នឹង​អធិស្ឋាន​ឲ្យ​ទ្រង់​ជានិច្ច ហើយ​នឹង​ថ្វាយ​ពរ​ដល់​ទ្រង់​ជា​ដរាប​រាល់​ថ្ងៃ