ទំនុកតម្កើង 72:1-7

ទំនុកតម្កើង 72:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​អើយ សូម​ប្រទាន​ឲ្យ​ព្រះ​រាជា ចេះ​វិនិច្ឆ័យ​ដូច​ព្រះ‌អង្គ ហើយ​សូម​ឲ្យ​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​រាជា បាន​ប្រកប​ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ! សូម​ឲ្យ​ព្រះ​រាជា​បាន​គ្រប់​គ្រង លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដោយ​សុចរិត ហើយ​គ្រប់​គ្រង​លើ​ប្រជា‌រាស្ត្រ​ក្រីក្រ របស់​ព្រះ‌អង្គ​ដោយ​យុត្តិធម៌។ សូម​ឲ្យ​ភ្នំ​ធំៗ​ផ្ដល់​ភាព​ចម្រុង​ចម្រើន ដល់​ប្រជា‌រាស្ត្រ ហើយ​ភ្នំ​តូចៗ​ផ្ដល់​ផល​ផ្លែ​ជា​សេចក្ដី​សុចរិត! សូម​ឲ្យ​ព្រះ​រាជា​បាន​ការ​ពារ​ក្ដី​របស់​មនុស្ស​ក្រី​ក្រ ក្នុង​ចំណោម​ប្រជា‌រាស្ត្រ ជួយ​សង្គ្រោះ​ពួក​កូន​របស់​មនុស្ស​កម្សត់​ទុគ៌ត ហើយ​កម្ទេច​ពួក​អ្នក​ជិះ​ជាន់​គេ ឲ្យ​ខ្ទេច‌ខ្ទី​ទៅ។ ៙ សូម​ឲ្យ​គេ​បាន​កោត​ខ្លាច​ព្រះករុណា ក្នុង​កាល​ដែល​នៅ​មាន​ព្រះ‌អាទិត្យ ហើយ​ដរាប​ណា​នៅ​មាន​ព្រះ‌ច័ន្ទ គឺជា​រៀង​រហូត​គ្រប់​ជំនាន់​ត​ទៅ! សូម​ឲ្យ​ព្រះ​រាជា​បាន​ដូច​ជា​ភ្លៀង​បង្អុរ មក​លើ​វាលដែល​ច្រូត​ស្មៅ​ហើយ គឺ​ដូច​ជា​ភ្លៀង​ដែល​ស្រោច‌ស្រព​ផែន​ដី! នៅ​ក្នុង​គ្រា​របស់​ព្រះ​រាជា សូម​ឲ្យ​សេចក្ដី​សុចរិត​រីក​ចម្រើន​ឡើង ហើយ​សូម​ឲ្យ​សេចក្ដី​សុខ​សាន្ត​មាន​ជា​បរិបូរ ដរាប​ទាល់​តែ​លែង​មាន​ព្រះ‌ចន្ទ!

ទំនុកតម្កើង 72:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រទាន​ឲ្យ​ព្រះ‌រាជា ចេះ​វិនិច្ឆ័យ​ដូច​ព្រះអង្គ ហើយ​សូម​ឲ្យ​ព្រះ‌រាជ‌បុត្រ​របស់​ព្រះ‌រាជា បាន​ប្រកប​ដោយ​សេចក្ដី​សុចរិត ដូច​ព្រះអង្គ​ដែរ! ដើម្បី​ឲ្យ​ព្រះ‌រាជា​អាច​គ្រប់‌គ្រង ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដោយ​សុចរិត ហើយ​គ្រប់‌គ្រង​ជន​ក្រីក្រ​ដោយ​យុត្តិធម៌។ សូម​ឲ្យ​ភ្នំ​ទាំង‌ឡាយ​ផ្ដល់​នូវ​ភោគ‌ផល ដ៏​សម្បូណ៌​សប្បាយ​ដល់​ប្រជា‌រាស្ត្រ ព្រម​ទាំង​នាំ​ឲ្យ​ពួក​គេ​ស្គាល់ សេចក្ដី​សុចរិត​ដែរ។ សូម​ព្រះ‌រាជា​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ ក្នុង​ចំណោម​ប្រជា‌រាស្ត្រ សូម​ទ្រង់​ជួយ​សង្គ្រោះ​មនុស្ស​កម្សត់​ទុគ៌ត ហើយ​កម្ទេច​អស់​អ្នក​ដែល​ជិះ‌ជាន់​សង្កត់‌សង្កិន​គេ ដរាប​ណា​នៅ​មាន​ព្រះ‌អាទិត្យ​រះ មាន​ព្រះ‌ច័ន្ទ​បញ្ចេញ​រស្មី សូម​ឲ្យ​ព្រះ‌រាជា​មាន​ព្រះ‌ជន្មាយុ​យឺន‌យូរ អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ សូម​ទ្រង់​ផ្ដល់​ព្រះ‌ពរ​ដល់​ប្រជា‌រាស្ត្រ ដូច​ទឹក​ភ្លៀង​ធ្លាក់​មក​លើ​ស្រែ​ចម្ការ និង​ដូច​ជា​ភ្លៀង​បង្អុរ​ចុះ​មក​ស្រោច​ស្រព​ផែនដី។ សូម​ឲ្យ​សេចក្ដី​សុចរិត​រីក​ចម្រើន​ឡើង ក្នុង​រជ្ជកាល​របស់​ព្រះ‌ករុណា ហើយ​ដរាប​ណា​នៅ​មាន​ព្រះ‌ច័ន្ទ សូម​ឲ្យ​សេចក្ដី​សុខ‌សាន្ត​មាន​យ៉ាង​បរិបូណ៌។

ទំនុកតម្កើង 72:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ប្រទាន​បញ្ញត្ត​ច្បាប់ នៃ​ទ្រង់​មក​ទូលបង្គំ​ជា​ស្តេច ហើយ​សេចក្ដី​សុចរិត​នៃ​ទ្រង់​ដល់​ព្រះ‌រាជ​បុត្រា​ផង ឲ្យ​ព្រះ‌រាជ​បុត្រា​បាន​គ្រប់‌គ្រង​លើ​រាស្ត្រ​របស់​ព្រះ ដោយ​សុចរិត ហើយ​លើ​ពួក​ក្រីក្រ​ដោយ​ទៀង​ត្រង់ នោះ​អស់​ទាំង​ភ្នំ​ធំ​តូច នឹង​ចំរើន​សេចក្ដី​សុខ ដល់​បណ្តាជន ដោយ​សេចក្ដី​សុចរិត សូម​ឲ្យ​ទ្រង់​បាន​សំរេច​ក្តី ដល់​ពួក​កំសត់​ក្នុង​បណ្តាជន ហើយ​ជួយ​សង្គ្រោះ​ដល់​ពួក​កូន​របស់​មនុស្ស​ក្រីក្រ ព្រម​ទាំង​វាយ​ពួក​អ្នក​សង្កត់‌សង្កិន​ឲ្យ​ខ្ទេច‌ខ្ទី​ទៅ។ ៙ យ៉ាង​នោះ គេ​នឹង​កោត‌ខ្លាច​ដល់​ទ្រង់​ដ៏​ជា​ព្រះ អស់​អំឡុង​ដែល​នៅ​មាន​ព្រះ‌អាទិត្យ​ភ្លឺ​ត​ទៅ ព្រម​ទាំង​ព្រះ‌ចន្ទ​ផង ដរាប​ដល់​អស់​ទាំង​ដំណ​ត​រៀង​ទៅ សូម​ឲ្យ​ទ្រង់​បាន​ដូច​ជា​ភ្លៀង​ធ្លាប់​ចុះ​មក​លើ​វាល ដែល​ច្រូត​ស្មៅ​ហើយ គឺ​ដូច​ជា​ភ្លៀង​១​មេៗ​ដែល​ស្រោច​ដី នៅ​ក្នុង​គ្រា​ព្រះ‌រាជ​បុត្រា នោះ​មនុស្ស​សុចរិត​នឹង​មាន​សេចក្ដី​ចំរើន​ឡើង ហើយ​នឹង​មាន​សេចក្ដី​សុខ​ជា​បរិបូរ ដរាប​ដល់​ព្រះ‌ចន្ទ​រលត់​សូន្យ​ទៅ។