ទំនុកតម្កើង 72:1-4

ទំនុកតម្កើង 72:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​អើយ សូម​ប្រទាន​ឲ្យ​ព្រះ​រាជា ចេះ​វិនិច្ឆ័យ​ដូច​ព្រះ‌អង្គ ហើយ​សូម​ឲ្យ​ព្រះ‌រាជ​បុត្រា​របស់​ព្រះ​រាជា បាន​ប្រកប​ដោយ​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ! សូម​ឲ្យ​ព្រះ​រាជា​បាន​គ្រប់​គ្រង លើ​ប្រជា‌រាស្ត្រ​របស់​ព្រះ‌អង្គ​ដោយ​សុចរិត ហើយ​គ្រប់​គ្រង​លើ​ប្រជា‌រាស្ត្រ​ក្រីក្រ របស់​ព្រះ‌អង្គ​ដោយ​យុត្តិធម៌។ សូម​ឲ្យ​ភ្នំ​ធំៗ​ផ្ដល់​ភាព​ចម្រុង​ចម្រើន ដល់​ប្រជា‌រាស្ត្រ ហើយ​ភ្នំ​តូចៗ​ផ្ដល់​ផល​ផ្លែ​ជា​សេចក្ដី​សុចរិត! សូម​ឲ្យ​ព្រះ​រាជា​បាន​ការ​ពារ​ក្ដី​របស់​មនុស្ស​ក្រី​ក្រ ក្នុង​ចំណោម​ប្រជា‌រាស្ត្រ ជួយ​សង្គ្រោះ​ពួក​កូន​របស់​មនុស្ស​កម្សត់​ទុគ៌ត ហើយ​កម្ទេច​ពួក​អ្នក​ជិះ​ជាន់​គេ ឲ្យ​ខ្ទេច‌ខ្ទី​ទៅ។

ទំនុកតម្កើង 72:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ប្រទាន​ឲ្យ​ព្រះ‌រាជា ចេះ​វិនិច្ឆ័យ​ដូច​ព្រះអង្គ ហើយ​សូម​ឲ្យ​ព្រះ‌រាជ‌បុត្រ​របស់​ព្រះ‌រាជា បាន​ប្រកប​ដោយ​សេចក្ដី​សុចរិត ដូច​ព្រះអង្គ​ដែរ! ដើម្បី​ឲ្យ​ព្រះ‌រាជា​អាច​គ្រប់‌គ្រង ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ដោយ​សុចរិត ហើយ​គ្រប់‌គ្រង​ជន​ក្រីក្រ​ដោយ​យុត្តិធម៌។ សូម​ឲ្យ​ភ្នំ​ទាំង‌ឡាយ​ផ្ដល់​នូវ​ភោគ‌ផល ដ៏​សម្បូណ៌​សប្បាយ​ដល់​ប្រជា‌រាស្ត្រ ព្រម​ទាំង​នាំ​ឲ្យ​ពួក​គេ​ស្គាល់ សេចក្ដី​សុចរិត​ដែរ។ សូម​ព្រះ‌រាជា​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ ក្នុង​ចំណោម​ប្រជា‌រាស្ត្រ សូម​ទ្រង់​ជួយ​សង្គ្រោះ​មនុស្ស​កម្សត់​ទុគ៌ត ហើយ​កម្ទេច​អស់​អ្នក​ដែល​ជិះ‌ជាន់​សង្កត់‌សង្កិន​គេ

ទំនុកតម្កើង 72:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អង្គ​អើយ សូម​ទ្រង់​ប្រទាន​បញ្ញត្ត​ច្បាប់ នៃ​ទ្រង់​មក​ទូលបង្គំ​ជា​ស្តេច ហើយ​សេចក្ដី​សុចរិត​នៃ​ទ្រង់​ដល់​ព្រះ‌រាជ​បុត្រា​ផង ឲ្យ​ព្រះ‌រាជ​បុត្រា​បាន​គ្រប់‌គ្រង​លើ​រាស្ត្រ​របស់​ព្រះ ដោយ​សុចរិត ហើយ​លើ​ពួក​ក្រីក្រ​ដោយ​ទៀង​ត្រង់ នោះ​អស់​ទាំង​ភ្នំ​ធំ​តូច នឹង​ចំរើន​សេចក្ដី​សុខ ដល់​បណ្តាជន ដោយ​សេចក្ដី​សុចរិត សូម​ឲ្យ​ទ្រង់​បាន​សំរេច​ក្តី ដល់​ពួក​កំសត់​ក្នុង​បណ្តាជន ហើយ​ជួយ​សង្គ្រោះ​ដល់​ពួក​កូន​របស់​មនុស្ស​ក្រីក្រ ព្រម​ទាំង​វាយ​ពួក​អ្នក​សង្កត់‌សង្កិន​ឲ្យ​ខ្ទេច‌ខ្ទី​ទៅ។