ទំនុកតម្កើង 7:1-17
ទំនុកតម្កើង 7:1-17 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំយកព្រះអង្គជាទីជ្រកកោន សូមសង្គ្រោះទូលបង្គំឲ្យរួចពីអស់អ្នក ដែលដេញតាមទូលបង្គំផង ក្រែងគេហែកព្រលឹងទូលបង្គំ ដូចជាសិង្ហ ហើយហែកឲ្យខ្ទេចខ្ទី គ្មានអ្នកណារំដោះបានឡើយ។ ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ប្រសិនបើទូលបង្គំធ្វើដូច្នេះ គឺបើមានអំពើទុច្ចរិតណានៅដៃទូលបង្គំ ប្រសិនបើទូលបង្គំធ្វើការអាក្រក់ ស្នងនឹងមិត្តសម្លាញ់ទូលបង្គំ ឬបានរឹបអូសយកទ្រព្យពីសត្រូវ របស់ទូលបង្គំដោយឥតហេតុ នោះសូមឲ្យខ្មាំងសត្រូវដេញតាម ព្រលឹងទូលបង្គំ ហើយទាន់ចុះ សូមឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី ហើយយកកិត្តិយសទូលបង្គំ ទម្លាក់ក្នុងធូលីដីចុះ។ -បង្អង់ ឱព្រះយេហូវ៉ាអើយ សូមក្រោកឡើង ដោយសេចក្ដីក្រោធរបស់ព្រះអង្គ សូមងើបឡើង ទាស់នឹងអំពើឃោរឃៅ របស់ខ្មាំងសត្រូវនៃទូលបង្គំផង ព្រះនៃទូលបង្គំអើយ សូមតើនឡើង ព្រះអង្គបានតែងតាំងឲ្យមានការជំនុំជម្រះ។ សូមឲ្យក្រុមជំនុំនៃសាសន៍ទាំងឡាយ មកជួបជុំគ្នានៅជុំវិញព្រះអង្គ សូមព្រះអង្គគ្រប់គ្រងគេពីលើទីខ្ពស់។ ព្រះយេហូវ៉ាជំនុំជម្រះសាសន៍ទាំងឡាយ ឱព្រះយេហូវ៉ាអើយ សូមជំនុំជម្រះទូលបង្គំ តាមសេចក្ដីសុចរិតរបស់ទូលបង្គំ និងតាមសេចក្ដីទៀងត្រង់របស់ទូលបង្គំផង។ ឱសូមឲ្យអំពើអាក្រក់របស់មនុស្សទុច្ចរិត បានផុតទៅ តែសូមតាំងមនុស្សសុចរិតឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះដ៏សុចរិតអើយ ព្រះអង្គល្បងមើលចិត្តថ្លើមរបស់មនុស្ស! ខែលរបស់ទូលបង្គំនៅជាមួយព្រះ ដែលសង្គ្រោះមនុស្សមានចិត្តទៀងត្រង់។ ព្រះអង្គជាចៅក្រមសុចរិត ហើយជាព្រះដែលខ្ញាល់ នឹងមនុស្សទុច្ចរិតរាល់ថ្ងៃ។ បើអ្នកណាមិនប្រែចិត្ត ព្រះអង្គនឹងសំលៀងដាវ ព្រះអង្គយឹតដំឡើងធ្នូជាស្រេច ព្រះអង្គរៀបចំអាវុធទុកប្រហារគេរួចហើយ ព្រមទាំងធ្វើព្រួញភ្លើងទុកសម្រាប់បាញ់ផង។ មើល៍! គេឈឺនឹងសម្រាលអំពើទុច្ចរិតរបស់គេ ក៏មានផ្ទៃពោះជាសេចក្ដីអាក្រក់ ហើយសម្រាលចេញជាសេចក្ដីភូតភរ។ គេបានជីកធ្វើរណ្តៅ ហើយខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅ ដែលគេធ្វើនោះ អំពើអាក្រក់របស់គេ នឹងត្រឡប់មកលើក្បាលគេវិញ ហើយអំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើក្រយៅក្បាលគេវិញដែរ។ ខ្ញុំនឹងអរព្រះគុណព្រះយេហូវ៉ា ព្រោះព្រះអង្គសុចរិត ហើយខ្ញុំនឹងច្រៀងសរសើរព្រះនាម ព្រះយេហូវ៉ា ជាព្រះដ៏ខ្ពស់បំផុត។
ទំនុកតម្កើង 7:1-17 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ទូលបង្គំសូមយកព្រះអង្គធ្វើជាទីពឹងជ្រក សូមសង្គ្រោះទូលបង្គំ សូមរំដោះទូលបង្គំ ឲ្យរួចផុតពីអស់អ្នក ដែលបៀតបៀនទូលបង្គំផង ក្រែងលោគេហែកទូលបង្គំ ដូចសត្វសិង្ហខាំរំពានាំយកទៅ ហើយគ្មាននរណារំដោះបានឡើយ។ ព្រះអម្ចាស់ជាព្រះនៃទូលបង្គំអើយ! ប្រសិនបើទូលបង្គំបានប្រព្រឹត្តដូចពាក្យគេថា ប្រសិនបើដៃទូលបង្គំប្រឡាក់ទៅដោយអំពើទុច្ចរិត ប្រសិនបើទូលបង្គំបានប្រព្រឹត្តអំពើអាក្រក់ តបស្នងនឹងមិត្តភក្ដិទូលបង្គំ ឬប្រសិនបើទូលបង្គំ រឹបអូសយកទ្រព្យដោយឥតហេតុផល ពីអ្នកដែលជំទាស់នឹងទូលបង្គំមែននោះ សូមឲ្យខ្មាំងសត្រូវដេញទាន់ និងប្រហារទូលបង្គំទៅចុះ ឲ្យគេជាន់ឈ្លីជីវិតទូលបង្គំនៅនឹងដី និងឲ្យគេយកកិត្តិយសរបស់ទូលបង្គំ ទៅទម្លាក់ក្នុងភក់ជ្រាំចុះ!។ - សម្រាក ព្រះអម្ចាស់អើយ សូមតើនឡើង សូមទ្រង់ព្រះពិរោធតបនឹងអំពើឃោរឃៅ របស់បច្ចាមិត្តទូលបង្គំ សូមជួយការពារទូលបង្គំផង ដ្បិតព្រះអង្គហ្នឹងហើយ ដែលបានតែងតាំងច្បាប់ឡើង។ សូមឲ្យប្រជាជាតិនានា នាំគ្នាមកចោមរោមជុំវិញព្រះអង្គ! សូមទ្រង់គ្រប់គ្រងលើពួកគេទាំងអស់គ្នា ព្រះអម្ចាស់ជាចៅក្រមវិនិច្ឆ័យប្រជារាស្ដ្រទាំងអស់ ព្រះអម្ចាស់អើយ សូមរកយុត្តិធម៌ឲ្យទូលបង្គំផង ដ្បិតទូលបង្គំសុចរិត ហើយក៏ទៀងត្រង់ដែរ! សូមបញ្ឈប់អំពើអាក្រក់របស់មនុស្សទុច្ចរិត ហើយជួយមនុស្សសុចរិត ឲ្យមានចិត្តរឹងប៉ឹងឡើង! ព្រះដ៏សុចរិតអើយ ព្រះអង្គឈ្វេងយល់ចិត្តថ្លើមរបស់មនុស្ស! ព្រះជាម្ចាស់ជាខែលការពារខ្ញុំ ព្រះអង្គសង្គ្រោះអស់អ្នក ដែលមានចិត្តទៀងត្រង់។ ព្រះជាម្ចាស់ជាចៅក្រមដ៏សុចរិត ព្រះអង្គតែងតែប្រឆាំងនឹងអំពើអាក្រក់ ជារៀងរាល់ថ្ងៃ។ មនុស្សអាក្រក់មិនដូរគំនិតទេ គេនឹងសំលៀងមុខដាវ ហើយយឹតធ្នូប្រុងប្រៀបបាញ់។ គេនឹងរៀបចំអាវុធដើម្បីប្រហារអ្នកដទៃ ព្រមទាំងត្រៀមព្រួញភ្លើងចាំជាស្រេចផង។ អ្នកណាគិតតែពីប្រព្រឹត្តអំពើទុច្ចរិត ហើយរិះគិតពីអំពើឧក្រិដ្ឋ អ្នកនោះនឹងបង្កើតបានការបោកបញ្ឆោត។ អ្នកណាជីករណ្ដៅកាន់តែជ្រៅទៅៗ អ្នកនោះនឹងធ្លាក់ទៅក្នុងរណ្ដៅ ដែលខ្លួនជីកនោះជាមិនខាន។ អំពើទុច្ចរិតដែលគេប្រព្រឹត្ត នឹងធ្លាក់មកលើក្បាលគេវិញ អំពើឃោរឃៅរបស់គេ ក៏នឹងធ្លាក់មកលើលលាដ៍ក្បាលគេវិញដែរ។ ខ្ញុំនឹងសរសើរតម្កើងព្រះអម្ចាស់ ព្រោះព្រះអង្គសុចរិត ខ្ញុំនឹងច្រៀងលើកតម្កើងព្រះនាមព្រះអម្ចាស់ ជាព្រះដ៏ខ្ពង់ខ្ពស់បំផុត។
ទំនុកតម្កើង 7:1-17 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ ទូលបង្គំយកទ្រង់ជាទីជ្រកកោន សូមទ្រង់ជួយសង្គ្រោះទូលបង្គំ ឲ្យរួចពីអស់អ្នកដែលដេញតាមទូលបង្គំផង ក្រែងគេហែកព្រលឹងនៃទូលបង្គំ ដូចជាសិង្ហ ព្រមទាំងហែកឲ្យខ្ទេចខ្ទីផង ក្នុងកាលដែលគ្មានអ្នកណានឹងដោះឲ្យរួច ឱព្រះយេហូវ៉ា ជាព្រះនៃទូលបង្គំអើយ បើសិនជាទូលបង្គំបានធ្វើដូច្នេះ គឺបើមានអំពើទុច្ចរិតណានៅដៃទូលបង្គំ បើទូលបង្គំធ្វើការអាក្រក់ ស្នងដល់អ្នកណាដែលមេត្រីនឹងទូលបង្គំ បើទូលបង្គំបានរឹបជាន់អ្នកដែលតតាំងនឹងទូលបង្គំ ដោយឥតហេតុ នោះសូមឲ្យខ្មាំងសត្រូវដេញតាមព្រលឹងទូលបង្គំទាន់ចុះ អើ សូមឲ្យគេញាំញីជីវិតទូលបង្គំចុះដល់ដី ហើយបង្អាប់យសទូលបង្គំ នៅក្នុងធូលីដីផង។ បង្អង់ ៙ ឱព្រះយេហូវ៉ាអើយ សូមតើនឡើង ដោយសេចក្ដីខ្ញាល់របស់ទ្រង់ សូមងើបឡើង ទាស់នឹងសេចក្ដីឃោរឃៅ របស់ពួកតតាំងនឹងទូលបង្គំ សូមទ្រង់តើនឡើងជួយទូលបង្គំ ដោយសេចក្ដីយុត្តិធម៌ ដែលទ្រង់បានបង្គាប់ហើយ យ៉ាងនោះ ជំនុំនៃបណ្តាជនទាំងឡាយ នឹងមកនៅព័ទ្ធជុំវិញទ្រង់ សូមទ្រង់ឡើងលើទីខ្ពស់ ពីលើគេវិញ ព្រះយេហូវ៉ាទ្រង់តែងជំនុំជំរះបណ្តាជនទាំងឡាយ ឱព្រះយេហូវ៉ាអើយ សូមទ្រង់ជំនុំជំរះទូលបង្គំ តាមសេចក្ដីសុចរិត នឹងសេចក្ដីទៀងត្រង់របស់ទូលបង្គំផង ឱសូមឲ្យការអាក្រក់របស់មនុស្សល្មើសបានផុតទៅ តែសូមតាំងមនុស្សសុចរិតឲ្យខ្ជាប់ខ្ជួនឡើង ដ្បិតព្រះដ៏សុចរិតទ្រង់សាកលចិត្តថ្លើម ខែលនៃទូលបង្គំនៅជាមួយនឹងព្រះ ដែលទ្រង់ជួយសង្គ្រោះមនុស្សមានចិត្តទៀងត្រង់ ព្រះទ្រង់ជាចៅក្រមសុចរិត អើ ទ្រង់ជាព្រះដែលមានសេចក្ដីខ្ញាល់ ចំពោះមនុស្សអាក្រក់រាល់តែថ្ងៃ បើអ្នកណាមិនប្រែចិត្ត នោះទ្រង់នឹងសំលៀងដាវ ទ្រង់បានយឹតដំឡើងធ្នូជាស្រេច ទ្រង់ក៏រៀបចំគ្រឿងដែលសំរាប់សំឡាប់គេ ទុករួចហើយ ទ្រង់ធ្វើព្រួញឆេះ ទុកសំរាប់បាញ់។ ៙ មើលគេឈឺនឹងសំរាលការទុច្ចរិតរបស់គេ ក៏មានផ្ទៃពោះជាសេចក្ដីអាក្រក់ ហើយសំរាលចេញជាសេចក្ដីកំភូត គេបានជីកធ្វើរណ្តៅ ហើយខ្លួនគេបានធ្លាក់ទៅក្នុងរណ្តៅ ដែលគេធ្វើនោះ សេចក្ដីអាក្រក់របស់គេ នឹងត្រឡប់មកលើក្បាលគេវិញ ហើយសេចក្ដីច្រឡោតរបស់គេ នឹងចុះមកលើក្រយៅក្បាលគេដែរ ខ្ញុំនឹងសរសើរដល់ព្រះយេហូវ៉ា តាមសេចក្ដីសុចរិតទ្រង់ ហើយនឹងច្រៀងដំកើងថ្វាយព្រះនាមព្រះយេហូវ៉ា ដ៏ខ្ពស់បំផុត។