ទំនុកតម្កើង 69:13-18
ទំនុកតម្កើង 69:13-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ ប៉ុន្តែ ឯទូលបង្គំវិញ ឱព្រះយេហូវ៉ាអើយ ពាក្យអធិស្ឋានរបស់ទូលបង្គំ គឺតម្រង់ទៅឯព្រះអង្គ។ នៅពេលគាប់ព្រះហឫទ័យ ឱព្រះអើយ ដោយព្រះហឫទ័យសប្បុរស ដ៏បរិបូររបស់ព្រះអង្គ សូមឆ្លើយតបមកទូលបង្គំផង ដោយការសង្គ្រោះដ៏ស្មោះត្រង់របស់ព្រះអង្គ។ សូមរំដោះទូលបង្គំឲ្យរួចពីភក់ជ្រាំនេះ សូមឲ្យទូលបង្គំបានរួចពីខ្មាំងសត្រូវរបស់ទូលបង្គំ និងពីទឹកដ៏ជ្រៅនេះផង! សូមកុំឲ្យជំនន់នេះពន្លិចទូលបង្គំ ឬទីជម្រៅលេបទូលបង្គំ ឬរណ្តៅបិទមាត់ គ្របពីលើទូលបង្គំឡើយ។ ៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយតបមកទូលបង្គំ ដ្បិតព្រះហឫទ័យសប្បុរស របស់ព្រះអង្គល្អណាស់ តាមព្រះហឫទ័យមេត្តាករុណា ដ៏បរិបូររបស់ព្រះអង្គ សូមបែរមករកទូលបង្គំផង! សូមកុំលាក់ព្រះភក្ត្រពីអ្នកបម្រើ របស់ព្រះអង្គឡើយ សូមឆ្លើយមកទូលបង្គំជាប្រញាប់ផង ដ្បិតទូលបង្គំមានអាសន្នហើយ។ ៙ សូមយាងមកជិតទូលបង្គំ សូមលោះទូលបង្គំ ដោយព្រោះខ្មាំងសត្រូវរបស់ទូលបង្គំ សូមដោះទូលបង្គំឲ្យរួចផង!។
ទំនុកតម្កើង 69:13-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ ទូលបង្គំអង្វររកព្រះអង្គ ឥឡូវនេះ ជាពេលដែលគាប់ព្រះហឫទ័យ ព្រះអង្គហើយ ឱព្រះជាម្ចាស់អើយ ដោយព្រះអង្គមានព្រះហឫទ័យមេត្តាករុណាដ៏ធំធេង ព្រះអង្គពិតជាសង្គ្រោះទូលបង្គំមិនខាន សូមឆ្លើយតបមកទូលបង្គំផង!។ សូមរំដោះទូលបង្គំឲ្យរួចពីភក់ជ្រាំនេះ កុំឲ្យទូលបង្គំផុងខ្លួនទៀតឡើយ! សូមឲ្យទូលបង្គំបានរួចផុត ពីកណ្ដាប់ដៃរបស់អស់អ្នកដែលស្អប់ទូលបង្គំ សូមយកទូលបង្គំចេញពីទឹកដ៏ជ្រៅនេះផង! សូមកុំឲ្យចរន្តទឹកនេះ អាចហូរនាំយកទូលបង្គំទៅបានឡើយ សូមកុំឲ្យទឹកដ៏ជ្រៅនេះ កួចយកទូលបង្គំឲ្យលិចលង់ ហើយក៏សូមកុំឲ្យអណ្ដូងនេះ ឃុំទូលបង្គំទុកបានដែរ! ព្រះអម្ចាស់អើយ ដោយព្រះអង្គមានព្រះហឫទ័យសប្បុរស និងមេត្តាករុណា សូមឆ្លើយតបមកទូលបង្គំ ដោយព្រះហឫទ័យអាណិតមេត្តាដ៏ធំធេង សូមងាកមកទតមើលទូលបង្គំផង! សូមកុំលាក់ព្រះភ័ក្ត្រនឹងទូលបង្គំ ដែលជាអ្នកបម្រើរបស់ព្រះអង្គឡើយ សូមមេត្តាឆ្លើយតបមកទូលបង្គំជាប្រញាប់ ដ្បិតទូលបង្គំកំពុងតែមានអាសន្ន! សូមយាងមកជិតទូលបង្គំ ហើយលោះជីវិតទូលបង្គំ សូមរំដោះទូលបង្គំឲ្យរួចពីកណ្ដាប់ដៃ របស់ខ្មាំងសត្រូវផង!
ទំនុកតម្កើង 69:13-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ប៉ុន្តែឯទូលបង្គំ ឱព្រះយេហូវ៉ាអើយ សេចក្ដីអធិស្ឋានរបស់ទូលបង្គំដំរង់ទៅឯទ្រង់ ក្នុងវេលាដែលទ្រង់សព្វព្រះហឫទ័យ ឱព្រះអង្គអើយ សូមឆ្លើយតបមកទូលបង្គំ ដោយសេចក្ដីសង្គ្រោះដ៏ពិតរបស់ទ្រង់ តាមសេចក្ដីសប្បុរសដ៏បរិបូររបស់ទ្រង់ សូមស្រង់ទូលបង្គំឡើងចេញពីល្បាប់ កុំឲ្យទូលបង្គំផុងចុះទៅឡើយ សូមប្រោសឲ្យទូលបង្គំបានរួចពីពួកដែលស្អប់ទូលបង្គំ ហើយពីទឹកជ្រៅផង សូមកុំឲ្យទឹកជន់មកពន្លិចទូលបង្គំ ឬឲ្យទីជំរៅលេបទូលបង្គំបាត់ ឬឲ្យរណ្តៅបិទមាត់ពីលើទូលបង្គំឡើយ។ ៙ ឱព្រះយេហូវ៉ាអើយ សូមឆ្លើយតបមកទូលបង្គំផង ដ្បិតសេចក្ដីសប្បុរសរបស់ទ្រង់ល្អណាស់ហើយ សូមបែរមកឯទូលបង្គំ តាមសេចក្ដីមេត្តាករុណា ដ៏បរិបូររបស់ទ្រង់ សូមកុំលាក់ព្រះភក្ត្រនឹងអ្នកបំរើរបស់ទ្រង់ឡើយ សូមឆ្លើយមកទូលបង្គំជាប្រញាប់ផង ដ្បិតទូលបង្គំមានសេចក្ដីវេទនាហើយ។ ៙ សូមទ្រង់ចូលមកជិត លោះព្រលឹងនៃទូលបង្គំ សូមដោះទូលបង្គំឲ្យរួច ដោយព្រោះពួកខ្មាំងសត្រូវ