ទំនុកតម្កើង 68:19-31

ទំនុកតម្កើង 68:19-31 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ដែល​ព្រះ‌អង្គ​ទទួល​យក​បន្ទុក​របស់​យើង​រាល់​ថ្ងៃ គឺ​ជា​ព្រះ​ជា​ទី​សង្គ្រោះ​របស់​យើង។ -បង្អង់ ព្រះ​នៃ​យើង គឺ​ជា​ព្រះ​នៃ​ការ​សង្គ្រោះ ហើយ​ការ​រំដោះ​ឲ្យ​រួច​ពី​ស្លាប់ ជា​របស់​ព្រះ គឺ​ព្រះ‌យេហូវ៉ា។ តែ​ព្រះ​នឹង​វាយ​បំបែក​ក្បាល ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ គឺ​ថ្ងាសនៃ​អ្នក​ដែល​ចេះ​តែ​ដើរ ក្នុង​ផ្លូវ​ទុច្ចរិត​របស់​ខ្លួន។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​នាំ​គេ​ត្រឡប់​ពី​ភ្នំ​បាសាន យើង​នឹង​នាំ​គេ​ចេញ​ពី​បាត​សមុទ្រ​មក​វិញ ដើម្បី​ឲ្យជើង​អ្នក​រាល់​គ្នា បាន​ដើរ​លុយ​ក្នុង​ឈាម​របស់​គេ ឲ្យ​អណ្ដាត​ឆ្កែ​របស់​អ្នក​រាល់​គ្នា មាន​ចំណែកពី​ខ្មាំង​សត្រូវ​ទាំង​នោះ​ដែរ»។ ឱ​ព្រះ​អើយ គេ​បាន​ឃើញ​ក្បួនដំណើរ របស់​ព្រះ‌អង្គ គឺ​ក្បួន​ដំណើរ​របស់​ព្រះ​នៃ​ទូល‌បង្គំ មហាក្សត្រ​នៃ​ទូល‌បង្គំ យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ពួក​ចម្រៀង​នៅ​ខាង​មុខ ពួក​ភ្លេង​នៅ​ខាង​ក្រោយ នៅ​កណ្ដាល​មាន​ពួក​ស្រី​ក្រមុំ​នាំ​គ្នា​វាយ​ក្រាប់។ ឱ​អស់​អ្នក​ដែល​កើត​ពី​ពូជ‌ពង្ស​អ៊ីស្រា‌អែល​អើយ ចូរលើក​តម្កើង​ព្រះ នៅ​ក្នុង​ក្រុម​ជំនុំ​ធំ ចូរ​លើក​តម្កើង​ព្រះ‌យេហូវ៉ា! នៅ​ទី​នោះ​មាន​បេនយ៉ាមីន ជា​កូន​ពៅ​បង្អស់ នាំ​មុខ​គេ ក្នុង​ចំណោម​ពួក‌គេ មាន​ពួក​មេ​ដឹក​នាំ​របស់​យូដា ពួក​មេ​ដឹក​នាំ​របស់​សាប់‌យូឡូន និង​ពួក​មេ​ដឹក​នាំ​របស់​ណែប‌ថា‌លី។ ឱ​ព្រះ​អើយ សូមបង្ហាញឫទ្ធានុ‌ភាព របស់​ព្រះ‌អង្គ​មក ឱ​ព្រះ​អើយ សូម​បង្ហាញ​ព្រះ​ចេស្ដា​រប​ស់​ព្រះ‌អង្គ ជា​ព្រះ​ចេស្ដា​ដែល​ព្រះ‌អង្គ តែងតែ​ប្រោស​យើង​ខ្ញុំ។ ដោយ​យល់​ដល់​ព្រះ‌វិហាររបស់​ព្រះ‌អង្គ នៅ​ក្រុង​យេរូ‌សាឡិម ពួក​ស្តេច​នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះ‌អង្គ។ សូម​ព្រះ‌អង្គ​បន្ទោស​សត្វព្រៃ ដែល​រស់​នៅ​កណ្ដាល​ដើម​ត្រែង និង​ហ្វូង​គោ​ឈ្មោល ព្រម​ទាំង​កូន​គោ នៃ​សាសន៍​ទាំង‌ឡាយ​ផង គ្រប់​គ្នា​មក​ក្រាប​ចុះ ហើយ​ថ្វាយ​ប្រាក់​ទាំង​ដុំៗ ព្រះ‌អង្គ​កម្ចាត់‌កម្ចាយ​ប្រជាជន​ទាំង​ឡាយ ដែល​ចូល​ចិត្ត​នឹង​សង្គ្រាម។ ពួក​មាន​ត្រកូល​ខ្ពស់​នឹង​ចេញ​ពី​ស្រុក​អេស៊ីព្ទ អ្នក​ស្រុក​អេធីយ៉ូពី នឹង​លើក​ដៃ​ទៅ​រក​ព្រះ។

ទំនុកតម្កើង 68:19-31 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

សូម​សរសើរ​តម្កើង​ព្រះ‌អម្ចាស់​ជា​រៀង​រាល់​ថ្ងៃ ដ្បិត​ព្រះអង្គ​តែងតែ​ជួយ​គាំទ្រ និង​សង្គ្រោះ​យើង។ - សម្រាក ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​របស់​យើង ព្រះ‌ជា‌អម្ចាស់​អាច​ជួយ​យើង ឲ្យ​រួច​ផុត​ពី​សេចក្ដី​ស្លាប់។ ខ្មាំង​សត្រូវ​ទុក​សក់​វែង ដើម្បី​ធ្វើ​ចម្បាំង​សាសនា ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​កម្ទេច​ក្បាល របស់​ជន​ទុច្ចរិត​ទាំង​នោះ។ ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា «យើង​នឹង​នាំ​ពួក​គេ​ពី​ភ្នំ​បាសាន យើង​នឹង​នាំ​ពួក​គេ​ឡើង​ពី​បាត​សមុទ្រ​មក ដើម្បី​ឲ្យ​អ្នក​រាល់​គ្នា​ដើរ​លុយ​ក្នុង​ឈាម របស់​ពួក​គេ ហើយ​ឆ្កែ​នឹង​នាំ​គ្នា​លិទ្ធ​ឈាម របស់​ខ្មាំង​សត្រូវ​ទាំង​នោះ​ដែរ»។ ឱ​ព្រះ‌ជាម្ចាស់​អើយ មនុស្ស‌ម្នា​បាន​ឃើញ​ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះអង្គ ក្បួន​ជ័យ‌ជម្នះ​របស់​ព្រះ‌ជាម្ចាស់ ជា​ព្រះ‌មហា‌ក្សត្រ​របស់​ខ្ញុំ ចូល​ទៅ​ក្នុង​ទីសក្ការៈ មាន​អ្នក​ចម្រៀង​ដើរ​នៅ​ខាង​មុខ និង​អ្នក​ភ្លេង​ដើរ​នៅ​ខាង​ក្រោយ ហើយ​នៅ​កណ្ដាល​មាន​ពួក​យុវ‌នារី នាំ​គ្នា​វាយ​ក្រាប់។ ចូរ​សរសើរ​តម្កើង​ព្រះ‌ជាម្ចាស់​នៅ​ក្នុង​អង្គ​ប្រជុំ សូម​ឲ្យ​អស់​អ្នក​ដែល​ជា​ពូជ‌ពង្ស របស់​អ៊ីស្រា‌អែល​នាំ​គ្នា​សរសើរ​តម្កើង​ព្រះអង្គ! គឺ​ចាប់​ពី​កុល‌សម្ព័ន្ធ​បេន‌យ៉ាមីន​ដែល​តូច​ជាង​គេ បន្ទាប់​មក អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​យូដា ដែល​មាន​សម្លៀក‌បំពាក់​យ៉ាង​ល្អ​ប្រណីត រួច​ហើយ​អ្នក​ដឹក​នាំ​នៃ​កុល‌សម្ព័ន្ធ​សាប់យូ‌ឡូន និង​កុល‌សម្ព័ន្ធ​ណែប‌ថាលី។ ព្រះ‌ជាម្ចាស់​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​អ្នក​មាន​កម្លាំង​ខ្លាំង​ពូកែ។ ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​បង្ហាញ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ដូច​ព្រះអង្គ​តែងតែ​ជួយ​យើង​ខ្ញុំ ពី​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ដែល​ស្ថិត​នៅ​លើ​ក្រុង​យេរូ‌សាឡឹម ជា​កន្លែង​ដែល​ស្ដេច​នានា នាំ​គ្នា​យក​តង្វាយ​មក​ថ្វាយ​ព្រះអង្គ។ សូម​ព្រះអង្គ​គំរាម​កំហែង​ស្រុក​អេស៊ីប ពួក​គេ​ជា​សត្វ​ធាតុ​រស់​នៅ​តាម​ដើម​ត្រែង ពួក​គេ​ជា​មេ​ដឹក​នាំ​លើ​ស្រុក​នានា ដូច​ហ្វូង​គោ​ឡើង​ក និង​កូន​របស់​វា។ ពួក​គេ​នឹង​មក​ចុះ​ចូល​ព្រះអង្គ ដោយ​យក​ប្រាក់​មក​ជា​តង្វាយ។ សូម​ធ្វើ​ឲ្យ​ជន‌ជាតិ​ទាំង​នោះ ដែល​ចូល​ចិត្ត​ច្បាំង​វិនាស​ខ្ចាត់‌ខ្ចាយ​ទៅ។ ជន‌ជាតិ​អេស៊ីប​នឹង​ចាត់​ទូត​មក ជន‌ជាតិ​អេត្យូ‌ពី នឹង​លើក​ដៃ​ស្វែង​រក​ព្រះ‌ជាម្ចាស់។

ទំនុកតម្កើង 68:19-31 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

សូម​ឲ្យ​ព្រះ‌អម្ចាស់​បាន​ប្រកប​ដោយ​ព្រះ‌ពរ ដែល​ទ្រង់​ទទួល​យក​បន្ទុក​យើង​ខ្ញុំ​រាល់ៗ​ថ្ងៃ គឺ​ជា​ព្រះ​ដ៏​ជា​ទី​សង្គ្រោះ​ដល់​យើង​ខ្ញុំ។ –បង្អង់ ៙ ព្រះ‌ ទ្រង់​ជា​ព្រះ​ដែល​ប្រោស​ឲ្យ​យើង​ខ្ញុំ​រួច ហើយ​សេចក្ដី​រួច​ពី​ស្លាប់​ក៏​ស្រេច​នៅ​ព្រះ‌យេហូវ៉ា ជា​ព្រះ‌អម្ចាស់​ដែរ តែ​ព្រះ‌ទ្រង់​នឹង​វាយ​បំបែក​ក្បាល​ពួក​ខ្មាំង​សត្រូវ​ទ្រង់ នឹង​ស្បែក​ក្បាល​របស់​អស់​អ្នក​ដែល​ចេះ​តែ​ដើរ​ក្នុង​សេចក្ដី​កំហុស​របស់​ខ្លួន​ដែរ ព្រះ‌អម្ចាស់​ទ្រង់​មាន​បន្ទូល​ថា អញ​នឹង​នាំ​គេ​ត្រឡប់​មក​ពី​ស្រុក​បាសាន អញ​នឹង​នាំ​គេ​ឲ្យ​វិល​ពី​បាត​សមុទ្រ​មក​វិញ ដើម្បី​ឲ្យ​ឯង​បាន​ជាន់​ឈ្លី​គេ ព្រម​ទាំង​ជ្រលក់​ជើង​ឯង​ក្នុង​ឈាម​ផង ប្រយោជន៍​ឲ្យ​អណ្តាត​ឆ្កែ​បាន​ចំណែក​នៃ​ខ្មាំង​សត្រូវ របស់​ទ្រង់​ដែរ ឱ​ព្រះ‌អង្គ​អើយ គេ​បាន​ឃើញ​ការ​យាង​យាស​នៃ​ទ្រង់ ជា​ដំណើរ​របស់​ព្រះ​នៃ​ទូលបង្គំ គឺ​ជា​ស្តេច​នៃ​ទូលបង្គំ ដែល​ទ្រង់​យាង​ចូល​ទៅ​ក្នុង​ទី​បរិសុទ្ធ ពួក​ចំរៀង​បាន​ដើរ​នាំ​មុខ ពួក​ភ្លេង​បាន​ដើរ​តាម​ក្រោយ នៅ​កណ្តាល​ពួក​ស្រី​ក្រមុំ​ដែល​វាយ​ក្រាប់ ឱ​អស់​អ្នក​ដែល​កើត​ពី​ទី​កំណើត​នៃ​អ៊ីស្រាអែល​អើយ ចូរ​លើក​ដំកើង​ព្រះ គឺ​ជា​ព្រះ‌អម្ចាស់ នៅ​ក្នុង​ពួក​ជំនុំ នៅ​ទី​នោះ​មាន​បេន‌យ៉ាមីន ជា​ពៅ​បង្អស់ ដែល​គ្រប់‌គ្រង​លើ​គេ ពួក​ចៅហ្វាយ​នៃ​យូដា នឹង​ក្រុម​ជំនុំ​របស់​គេ ព្រម​ទាំង​ពួក​ចៅហ្វាយ​នៃ​សាប់‌យូល៉ូន ហើយ​ពួក​ចៅហ្វាយ​នៃ​ណែប‌ថាលី​ផង ព្រះ​នៃ​ឯង ទ្រង់​បាន​បង្គាប់​ឲ្យ​ផ្តល់​កំឡាំង​ដល់​ឯង ឱ​ព្រះ‌អង្គ​អើយ សូម​ចំរើន​កំឡាំង ចំពោះ​អស់​ទាំង​ការ ដែល​ទ្រង់​បាន​ប្រោស​ដល់​យើង​ខ្ញុំ​ផង ឯ​ពួក​ស្តេច គេ​នឹង​នាំ​យក​ដង្វាយ​មក​ថ្វាយ​ទ្រង់ ដោយ​យល់​ដល់​ព្រះ‌វិហារ​នៃ​ទ្រង់ ដែល​នៅ​ក្រុង​យេរូ‌សាឡិម សូម​ស្តី​បន្ទោស​ដល់​សត្វ ដែល​នៅ​កណ្តាល​ដើម​ត្រែង នឹង​ហ្វូង​គោ​ឈ្មោល ព្រម​ទាំង​កូន​គោ​នៃ​សាសន៍ ទាំង‌ឡាយ​ផង ឲ្យ​គ្រប់​គ្នា​មក​ក្រាប​ចុះ ថ្វាយ​ប្រាក់​ទាំង​ដុំៗ ទ្រង់​បាន​កំចាត់‌កំចាយ​អស់​ទាំង​សាសន៍ ដែល​ពេញ​ចិត្ត​នឹង​ការ​សឹក​សង្គ្រាម ពួក​អ្នក​ធំ​នឹង​ចេញ​ពី​ស្រុក​អេស៊ីព្ទ​មក ឯ​ស្រុក​អេធីយ៉ូពី នឹង​ប្រញាប់​ប្រវា​ដៃ​ទៅ​ឯ​ព្រះ​ដែរ។

ទំនុកតម្កើង 68:19-31

ទំនុកតម្កើង 68:19-31 គខប