ទំនុកតម្កើង 68:1-4
ទំនុកតម្កើង 68:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
សូមព្រះក្រោកឡើង សូមឲ្យខ្មាំងសត្រូវរបស់ព្រះអង្គត្រូវខ្ចាត់ខ្ចាយ ហើយឲ្យអស់អ្នកដែលស្អប់ព្រះអង្គ រត់ចេញពីព្រះភក្ត្រព្រះអង្គ! សូមព្រះអង្គបណ្តេញគេចេញ ដូចផ្សែងដែលត្រូវខ្យល់ផាត់បាត់ទៅ សូមឲ្យមនុស្សអាក្រក់វិនាសបាត់នៅចំពោះព្រះ ដូចក្រមួនដែលរលាយនៅចំពោះភ្លើង។ តែសូមឲ្យមនុស្សសុចរិតបានសប្បាយរីករាយ គេនឹងរីករាយនៅចំពោះព្រះ គេនឹងមានអំណរសប្បាយយ៉ាងខ្លាំង! ចូរច្រៀងថ្វាយព្រះ ចូរច្រៀងសរសើរព្រះនាមព្រះអង្គ ចូរស្រែកច្រៀងថ្វាយព្រះអង្គ ដែលជិះរាជរថកាត់ទីរហោស្ថាន ព្រះអង្គមានព្រះនាមថា ព្រះយេហូវ៉ា ចូរសប្បាយរីករាយនៅចំពោះព្រះអង្គ។
ទំនុកតម្កើង 68:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលព្រះជាម្ចាស់ក្រោកឡើង ខ្មាំងសត្រូវរបស់ព្រះអង្គបាក់ទ័ព ហើយអស់អ្នកដែលស្អប់ព្រះអង្គ នឹងនាំគ្នារត់ចេញពីព្រះភ័ក្ត្ររបស់ព្រះអង្គ។ ព្រះអង្គនឹងធ្វើឲ្យពួកគេ រលាយសូន្យទៅដូចជាផ្សែង ហើយមនុស្សអាក្រក់នឹងរលាយសូន្យ បាត់ពីព្រះភ័ក្ត្រព្រះអង្គ ដូចក្រមួនត្រូវថ្ងៃ។ រីឯមនុស្សសុចរិតវិញនឹងបានរីករាយ គេនឹងអរសប្បាយឥតឧបមា នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់ គេមានអំណរសប្បាយយ៉ាងខ្លាំង។ ចូរច្រៀងតម្កើងព្រះជាម្ចាស់ ចូរស្មូត្រទំនុកតម្កើង ព្រះនាមព្រះអង្គ! ចូរត្រួសត្រាយផ្លូវថ្វាយព្រះអង្គ ដែលជិះសេះកាត់អាកាសវេហាស៍! ព្រះអង្គមានព្រះនាមថា ព្រះអម្ចាស់។ ចូរនាំគ្នាអរសប្បាយឥតឧបមា នៅចំពោះព្រះភ័ក្ត្រព្រះអង្គ!
ទំនុកតម្កើង 68:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
សូមព្រះអង្គទ្រង់ឈរឡើង ឲ្យពួកខ្មាំងសត្រូវទ្រង់ត្រូវខ្ចាត់ខ្ចាយទៅ ហើយឲ្យអស់អ្នកដែលស្អប់ទ្រង់ រត់ពីចំពោះទ្រង់ចេញ សូមទ្រង់បណ្តេញគេចេញ ដូចជាផ្សែងត្រូវផាត់បាត់ទៅដែរ សូមឲ្យពួកមនុស្សអាក្រក់វិនាសបាត់ពីចំពោះព្រះទៅ ដូចជាក្រមួនដែលរលាយទៅ នៅចំពោះភ្លើង តែសូមឲ្យមនុស្សសុចរិតបានរីករាយសប្បាយវិញ ឲ្យគេបានត្រេកអរនៅចំពោះព្រះចុះ អើ សូមឲ្យគេបានរីករាយឡើងដោយសេចក្ដីអំណរផង ចូរច្រៀងថ្វាយព្រះ ចូរច្រៀងសរសើរដល់ព្រះនាមទ្រង់ ចូរលើកថ្នល់ឡើងថ្វាយព្រះ ដែលទ្រង់ជិះយាងកាត់ ទីរហោស្ថានមក ទ្រង់ព្រះនាមជាព្រះយេហូវ៉ា ចូរលោតកញ្ឆេងនៅចំពោះទ្រង់ចុះ