ទំនុកតម្កើង 66:7-18

ទំនុកតម្កើង 66:7-18 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ដែល​ទ្រង់​សោយ‌រាជ្យ ដោយ​ព្រះ‌ចេស្តា​ព្រះ‌អង្គ​អស់​កល្បជានិច្ច ព្រះ‌នេត្រ​ព្រះ‌អង្គ​រំពៃ​មើល​អស់​ទាំង​សាសន៍ មិន​ត្រូវ​ឲ្យ​ពួក​បះ‌បោរ​តម្កើងខ្លួន​ឡើយ។ –បង្អង់ ៙ ឱ​ប្រជាជន​ទាំង‌ឡាយ​អើយ ចូរ​លើក​តម្កើង​ព្រះ​នៃ​យើង សូម​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ‌អង្គ​ឡើង ព្រះ‌អង្គ​ហើយ​ដែល​រក្សា​ព្រលឹង​យើង ក្នុង​ចំណោម​មនុស្ស​រស់ ក៏​មិន​ឲ្យ​ជើង​យើង​រអិល​ភ្លាត់​ឡើយ។ ដ្បិត ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​ល្បង​ល​យើង​ខ្ញុំ ក៏​បានលត់ដំ​យើង​ខ្ញុំ ដូច​គេ​បន្សុទ្ធ​ប្រាក់។ ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ជាប់​មង ព្រះ‌អង្គ​បាន​ដាក់​បន្ទុក​យ៉ាង​ធ្ងន់ នៅ​លើ​ខ្នង​យើង​ខ្ញុំ ព្រះ‌អង្គ​បាន​បើក​ឲ្យ​មនុស្ស​ជិះ​លើ​ក្បាល​យើង​ខ្ញុំ យើង​ខ្ញុំ​បានឆ្លងកាត់​ភ្លើង និងឆ្លង​កាត់​ទឹក ប៉ុន្តែ ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ ចេញ​មក​កន្លែង​ដែល​មាន​បរិបូរ។ ទូល‌បង្គំ​នឹង​យក​តង្វាយ​ដុត ចូល​មក​ក្នុង​ដំណាក់​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​លា​បំណន់ចំពោះ​ព្រះ‌អង្គ ជា​បំណន់​ដែល​បបូរ​មាត់​ទូល‌បង្គំ​បាន​បន់ ហើយ​ដែល​មាត់​ទូល‌បង្គំ​បាន​សន្យា នៅ​ពេល​ទូល‌បង្គំ​មាន​អាសន្ន។ ទូល‌បង្គំ​នឹង​ថ្វាយ​សត្វ​ធាត់ៗ ជា​តង្វាយ​ដុត​ដល់​ព្រះ‌អង្គ ដោយ​ក្លិន​យញ្ញបូជា​របស់​ចៀម​ឈ្មោល ទូល‌បង្គំ​នឹង​ថ្វាយ​គោ​ឈ្មោល និង​ពពែ​ឈ្មោល។ –បង្អង់ ៙ អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​អើយ ចូរ​ចូល​មក​ស្តាប់​ចុះ ខ្ញុំ​នឹង​រៀប​រាប់​ប្រាប់​ពី​កិច្ច​ការ ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ខ្ញុំ។ មាត់​ខ្ញុំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ហើយ​អណ្ដាត​ខ្ញុំ​បាន​សរសើរ​តម្កើង​ព្រះ‌អង្គ។ ប្រសិន‌បើ​ខ្ញុំ​លាក់​អំពើ​ទុច្ចរិត​នៅ​ក្នុង​ចិត្ត នោះ​ព្រះ‌អម្ចាស់​មិន​ស្តាប់​ខ្ញុំ​ឡើយ។

ទំនុកតម្កើង 66:7-18 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ព្រះអង្គ​គ្រង​រាជ្យ​អស់‌កល្ប​ជានិច្ច ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ព្រះអង្គ​ពិនិត្យ​មើល​ប្រជា‌ជាតិ​ទាំង‌ឡាយ ដើម្បី​កុំ​ឲ្យ​ពួក​បះ‌បោរ អាច​ក្រោក​ឡើង​បាន​ឡើយ! - សម្រាក ប្រជា‌ជន​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​នៃ​យើង ចូរ​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះអង្គ! ព្រះអង្គ​ប្រទាន​ឲ្យ​យើង​មាន​ជីវិត ហើយ​ព្រះអង្គ​មិន​បណ្ដោយ ឲ្យ​យើង​ភ្លាត់​ដួល​ឡើយ។ ឱ​ព្រះ‌ជាម្ចាស់​អើយ! ព្រះអង្គ​បាន​ល្បង‌ល​មើល​ចិត្ត​យើង​ខ្ញុំ ព្រះអង្គ​បាន​លត់‌ដំ​យើង​ខ្ញុំ ដូច​គេ​បន្សុទ្ធ​ប្រាក់។ ព្រះអង្គ​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ជួប​នឹង​ទុក្ខ​លំបាក ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​វេទនា​ជា​ច្រើន​ដែរ។ ព្រះអង្គ​បណ្ដោយ​ឲ្យ​សត្រូវ បំបោល​សេះ​ពី​លើ​ក្បាល​យើង​ខ្ញុំ យើង​ខ្ញុំ​បាន​ឆ្លង​កាត់​ភ្លើង ឆ្លង​កាត់​ទឹក ប៉ុន្តែ ព្រះអង្គ​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ចេញ​រួច ហើយ​ប្រទាន​ឲ្យ​យើង​ខ្ញុំ បាន​សម្បូណ៌​ហូរ‌ហៀរ។ ទូលបង្គំ​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ទាំង​នាំ​តង្វាយ​ដុត​យក​មក​ថ្វាយ​ព្រះអង្គ ដូច​ទូលបង្គំ​បាន​សន្យា គឺ​ស្រប​តាម​ពាក្យ​ដែល​ទូលបង្គំ បាន​ទូល​ព្រះអង្គ នៅ​ពេល​មាន​អាសន្ន។ ទូលបង្គំ​យក​សត្វ​ដ៏​ធាត់ៗ គឺ​ពពែ​ឈ្មោល គោ​ឈ្មោល និង​ចៀម​ឈ្មោល មក​ថ្វាយ​ជា​តង្វាយ ហើយ​ក្លិន​នៃ​យញ្ញ‌បូជា​នេះ​សាយ‌ភាយ ឡើង​ទៅ​កាន់​ព្រះអង្គ។ - សម្រាក អ្នក​ទាំង​អស់​គ្នា​ដែល​គោរព​កោត​ខ្លាច ព្រះ‌ជាម្ចាស់​អើយ សូម​អញ្ជើញ​មក​ស្ដាប់ ខ្ញុំ​នឹង​រៀប​រាប់​អំពី​កិច្ចការ ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​ខ្ញុំ។ ខ្ញុំ​បាន​ស្រែក​អង្វរ​រក​ព្រះអង្គ ទាំង​ពោល​ពាក្យ​លើក​តម្កើង​ព្រះអង្គ​ទៀត​ផង ប្រសិន​បើ​ខ្ញុំ​មាន​គំនិត​ទុច្ចរិត ព្រះ‌អម្ចាស់​មុខ​ជា​មិន​ស្ដាប់​ខ្ញុំ​ឡើយ

ទំនុកតម្កើង 66:7-18 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ទ្រង់​សោយ‌រាជ្យ​ជា​រៀង‌រាប​ត​ទៅ ដោយ‌សារ​ព្រះ‌ចេស្តា​នៃ​ទ្រង់ ព្រះ‌នេត្រ​ទ្រង់​រំពៃ​មើល​អស់​ទាំង​សាសន៍ មិន​ត្រូវ​ឲ្យ​ពួក​បះ‌បោរ​លើក​គ្នា​ឡើង​ឡើយ។ –បង្អង់ ៙ ម្នាល ជន​ទាំង‌ឡាយ​អើយ ចូរ​លើក​ដំកើង​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​បន្លឺ​ឡើង​ឲ្យ​បាន​ឮ​សេចក្ដី​សរសើរ​ទ្រង់​ទួទៅ គឺ​ព្រះ​ដែល​រក្សា​ជីវិត​យើង​ឲ្យ​រស់​នៅ ក៏​មិន​ឲ្យ​ជើង​យើង​ត្រូវ​រឥល​ឡើយ ដ្បិត ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​ល្បង​ល​យើង​ខ្ញុំ​ហើយ ក៏​បាន​សាក​យើង​ខ្ញុំ​ដូច​ជា​គេ​សាក​ប្រាក់​ដែរ ទ្រង់​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ជាប់​មង ហើយ​បាន​ផ្ទុក​បន្ទុក​យ៉ាង​ធ្ងន់​នៅ​លើ​ចង្កេះ​យើង​ខ្ញុំ ទ្រង់​បាន​ឲ្យ​មនុស្ស​ជិះ​ក្បាល​យើង​ខ្ញុំ យើង​ខ្ញុំ​បាន​ដើរ​លុយ​ភ្លើង នឹង​ទឹក​ទៅ ប៉ុន្តែទ្រង់​បាន​នាំ​យើង​ខ្ញុំ​ចេញ​មក​នៅ​ទី​ដ៏​មាន​ជា​បរិបូរ​វិញ ទូលបង្គំ​នឹង​យក​ដង្វាយ​ដុត ចូល​ទៅ​ក្នុង​ដំណាក់​ទ្រង់ ហើយ​នឹង​លា​បំណន់​របស់​ទូលបង្គំ ជា​បំណន់​ដែល​បបូរ​មាត់​ទូលបង្គំ​បាន​បន់​ទុក ហើយ​ដែល​មាត់​ទូលបង្គំ​បានមាន​វាចា ក្នុង​កាល​ដែល​មាន​សេចក្ដី​វេទនា ទូលបង្គំ​នឹង​ថ្វាយ​ចៀម​យ៉ាង​ធាត់ ជា​ដង្វាយ​ដុត​ដល់​ទ្រង់ ព្រម​ទាំង​ក្លិន​ឈ្ងុយ​របស់​ចៀម​ឈ្មោល​ផង ទូលបង្គំ​នឹង​ថ្វាយ​ទាំង​កូន​គោ នឹង​ពពែ​ឈ្មោល​ដែរ។ –បង្អង់ ៙ មក​នេះ ចូរ​ស្តាប់​ចុះ អស់​អ្នក ដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ មាត់​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ ហើយ​អណ្តាត​ខ្ញុំ​បាន​សរសើរ​ដំកើង​ទ្រង់ បើ​ប្រសិន​ជា​ខ្ញុំ​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ចិត្ត នោះ​ព្រះ‌អម្ចាស់​ទ្រង់​មិន​ព្រម​ស្តាប់​ខ្ញុំ​ទេ