ទំនុកតម្កើង 66:1-20

ទំនុកតម្កើង 66:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ផែនដី​ទាំង​មូល​អើយ ចូរ​បន្លឺ​ឡើងដោយ​អំណរ​ថ្វាយ​ព្រះ​ចុះ ចូរ​ច្រៀង​អំពី​សិរី​រុង​ល្អ​នៃ​ព្រះ‌នាមព្រះ‌អង្គ ហើយ​ថ្វាយ​ការ​សរសើរ​ដ៏​រុង​រឿង​ដល់​ព្រះ‌អង្គ! ចូរ​ទូល​ដល់​ព្រះ​ថា «អស់​ទាំង​កិច្ច‌ការ​របស់ ព្រះ‌អង្គ គួរ​ស្ញែង​ខ្លាច​យ៉ាង​ណា​ទៅ! ខ្មាំង​សត្រូវ​របស់​ព្រះ‌អង្គ ចុះ​ចូល​ចំពោះ​ព្រះ‌អង្គ ដោយ​ព្រោះព្រះ​ចេស្ដា​ដ៏​ធំ​របស់​ព្រះ‌អង្គ ផែនដី​ទាំង​មូល​ថ្វាយ‌បង្គំ​ព្រះ‌អង្គ ហើយ​ច្រៀង​សរសើរ​ដល់​ព្រះ‌អង្គ គេ​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ព្រះ‌អង្គ»។ –បង្អង់ ៙ ចូរ​មក​មើល​កិច្ច​ការ​ដែល​ព្រះ​បាន​ធ្វើចុះ! ព្រះ‌អង្គ​គួរ​ស្ញែង​ខ្លាច ក្នុង​កិច្ច​ការ​ដែល​ព្រះ‌អង្គ បាន​ធ្វើ​ដល់​ពួក​កូន​មនុស្ស។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​សមុទ្រ​ទៅ​ជា​ដី​គោក គេ​បាន​ដើរ​ឆ្លង​កាត់​ទន្លេ។ នៅ​ទី​នោះ យើង​ខ្ញុំ​បាន​រីកស‌រាយ​ក្នុង​ព្រះ‌អង្គ ដែល​ទ្រង់​សោយ‌រាជ្យ ដោយ​ព្រះ‌ចេស្តា​ព្រះ‌អង្គ​អស់​កល្បជានិច្ច ព្រះ‌នេត្រ​ព្រះ‌អង្គ​រំពៃ​មើល​អស់​ទាំង​សាសន៍ មិន​ត្រូវ​ឲ្យ​ពួក​បះ‌បោរ​តម្កើងខ្លួន​ឡើយ។ –បង្អង់ ៙ ឱ​ប្រជាជន​ទាំង‌ឡាយ​អើយ ចូរ​លើក​តម្កើង​ព្រះ​នៃ​យើង សូម​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះ‌អង្គ​ឡើង ព្រះ‌អង្គ​ហើយ​ដែល​រក្សា​ព្រលឹង​យើង ក្នុង​ចំណោម​មនុស្ស​រស់ ក៏​មិន​ឲ្យ​ជើង​យើង​រអិល​ភ្លាត់​ឡើយ។ ដ្បិត ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​ល្បង​ល​យើង​ខ្ញុំ ក៏​បានលត់ដំ​យើង​ខ្ញុំ ដូច​គេ​បន្សុទ្ធ​ប្រាក់។ ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ជាប់​មង ព្រះ‌អង្គ​បាន​ដាក់​បន្ទុក​យ៉ាង​ធ្ងន់ នៅ​លើ​ខ្នង​យើង​ខ្ញុំ ព្រះ‌អង្គ​បាន​បើក​ឲ្យ​មនុស្ស​ជិះ​លើ​ក្បាល​យើង​ខ្ញុំ យើង​ខ្ញុំ​បានឆ្លងកាត់​ភ្លើង និងឆ្លង​កាត់​ទឹក ប៉ុន្តែ ព្រះ‌អង្គ​បាន​នាំ​យើង​ខ្ញុំ ចេញ​មក​កន្លែង​ដែល​មាន​បរិបូរ។ ទូល‌បង្គំ​នឹង​យក​តង្វាយ​ដុត ចូល​មក​ក្នុង​ដំណាក់​ព្រះ‌អង្គ ទូល‌បង្គំ​នឹង​លា​បំណន់ចំពោះ​ព្រះ‌អង្គ ជា​បំណន់​ដែល​បបូរ​មាត់​ទូល‌បង្គំ​បាន​បន់ ហើយ​ដែល​មាត់​ទូល‌បង្គំ​បាន​សន្យា នៅ​ពេល​ទូល‌បង្គំ​មាន​អាសន្ន។ ទូល‌បង្គំ​នឹង​ថ្វាយ​សត្វ​ធាត់ៗ ជា​តង្វាយ​ដុត​ដល់​ព្រះ‌អង្គ ដោយ​ក្លិន​យញ្ញបូជា​របស់​ចៀម​ឈ្មោល ទូល‌បង្គំ​នឹង​ថ្វាយ​គោ​ឈ្មោល និង​ពពែ​ឈ្មោល។ –បង្អង់ ៙ អស់​អ្នក​ដែល​កោត​ខ្លាច​ព្រះ​អើយ ចូរ​ចូល​មក​ស្តាប់​ចុះ ខ្ញុំ​នឹង​រៀប​រាប់​ប្រាប់​ពី​កិច្ច​ការ ដែល​ព្រះ‌អង្គ​បាន​ធ្វើ​ដល់​ខ្ញុំ។ មាត់​ខ្ញុំ​បាន​អំពាវ‌នាវ​រក​ព្រះ‌អង្គ ហើយ​អណ្ដាត​ខ្ញុំ​បាន​សរសើរ​តម្កើង​ព្រះ‌អង្គ។ ប្រសិន‌បើ​ខ្ញុំ​លាក់​អំពើ​ទុច្ចរិត​នៅ​ក្នុង​ចិត្ត នោះ​ព្រះ‌អម្ចាស់​មិន​ស្តាប់​ខ្ញុំ​ឡើយ។ ប៉ុន្តែ ព្រះ​ពិត​ជា​បាន​ស្តាប់​ខ្ញុំ​មែន ព្រះ‌អង្គ​យក​ព្រះ‌ហឫ‌ទ័យទុក​ដាក់ ស្តាប់​សំឡេង​អធិស្ឋាន​របស់​ខ្ញុំ។ សូម​លើក​តម្កើង​ព្រះ ព្រោះ​ព្រះ‌អង្គ​មិន​បាន​បែរ​ចេញ​ពី សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ក៏​មិន​បាន​ដក​ព្រះ‌ហឫ‌ទ័យ​សប្បុរស របស់​ព្រះ‌អង្គ ចេញ​ពី​ខ្ញុំ​ដែរ!

ទំនុកតម្កើង 66:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ប្រជា‌ជន​នៅ​ផែនដី​ទាំង​មូល​អើយ ចូរ​នាំ​គ្នា​ស្រែក​ជយ‌ឃោស ថ្វាយ​ព្រះ‌ជាម្ចាស់! ចូរ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​សិរី‌រុងរឿង​ព្រះ‌នាម​ព្រះអង្គ ចូរ​នាំ​គ្នា​សរសើរ លើក​តម្កើង​សិរី‌រុងរឿង​របស់​ព្រះអង្គ! ចូរ​ទូល​ព្រះអង្គ​ថា: ព្រះ‌ជាម្ចាស់​អើយ ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់! ពួក​ខ្មាំង​សត្រូវ​របស់​ព្រះអង្គ​នាំ​គ្នា​លុត​ក្រាប ដោយ​ឃើញ​ព្រះ‌ចេស្ដា​ដ៏​ធំ‌ធេង​របស់​ព្រះអង្គ។ មនុស្ស‌ម្នា​នៅ​ផែនដី​ទាំង​មូល ក្រាប​ថ្វាយ‌បង្គំ​ព្រះអង្គ ហើយ​នាំ​គ្នា​ស្មូត្រ​ទំនុកតម្កើង ព្រះអង្គ គេ​ស្មូត្រ​ទំនុកតម្កើង ថ្វាយ​ព្រះ‌នាម​ព្រះអង្គ។ - សម្រាក ចូរ​នាំ​គ្នា​មក​រំពៃ​មើល​ស្នា​ព្រះ‌ហស្ដ របស់​ព្រះ‌ជាម្ចាស់! កិច្ចការ​ដែល​ព្រះអង្គ​ធ្វើ​ចំពោះ​មនុស្ស​លោក គួរ​ឲ្យ​ស្ញែង​ខ្លាច​ណាស់។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ទឹក​សមុទ្រ​រីង ទៅ​ជា​ដី​គោក ដើម្បី​ឲ្យ​ប្រជា‌ជន​ដើរ​ឆ្លង។ ដោយ​ព្រះអង្គ​ធ្វើ​ការ​ដ៏​អស្ចារ្យ​នោះ យើង​មាន​អំណរ​សប្បាយ​យ៉ាង​ខ្លាំង។ ព្រះអង្គ​គ្រង​រាជ្យ​អស់‌កល្ប​ជានិច្ច ដោយ‌សារ​ឫទ្ធា‌នុភាព​របស់​ព្រះអង្គ ព្រះអង្គ​ពិនិត្យ​មើល​ប្រជា‌ជាតិ​ទាំង‌ឡាយ ដើម្បី​កុំ​ឲ្យ​ពួក​បះ‌បោរ អាច​ក្រោក​ឡើង​បាន​ឡើយ! - សម្រាក ប្រជា‌ជន​ទាំង‌ឡាយ​អើយ ចូរ​នាំ​គ្នា​សរសើរ​តម្កើង​ព្រះ​នៃ​យើង ចូរ​បន្លឺ​សំឡេង​សរសើរ​តម្កើង​ព្រះអង្គ! ព្រះអង្គ​ប្រទាន​ឲ្យ​យើង​មាន​ជីវិត ហើយ​ព្រះអង្គ​មិន​បណ្ដោយ ឲ្យ​យើង​ភ្លាត់​ដួល​ឡើយ។ ឱ​ព្រះ‌ជាម្ចាស់​អើយ! ព្រះអង្គ​បាន​ល្បង‌ល​មើល​ចិត្ត​យើង​ខ្ញុំ ព្រះអង្គ​បាន​លត់‌ដំ​យើង​ខ្ញុំ ដូច​គេ​បន្សុទ្ធ​ប្រាក់។ ព្រះអង្គ​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ជួប​នឹង​ទុក្ខ​លំបាក ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​វេទនា​ជា​ច្រើន​ដែរ។ ព្រះអង្គ​បណ្ដោយ​ឲ្យ​សត្រូវ បំបោល​សេះ​ពី​លើ​ក្បាល​យើង​ខ្ញុំ យើង​ខ្ញុំ​បាន​ឆ្លង​កាត់​ភ្លើង ឆ្លង​កាត់​ទឹក ប៉ុន្តែ ព្រះអង្គ​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ចេញ​រួច ហើយ​ប្រទាន​ឲ្យ​យើង​ខ្ញុំ បាន​សម្បូណ៌​ហូរ‌ហៀរ។ ទូលបង្គំ​ចូល​មក​ក្នុង​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ទាំង​នាំ​តង្វាយ​ដុត​យក​មក​ថ្វាយ​ព្រះអង្គ ដូច​ទូលបង្គំ​បាន​សន្យា គឺ​ស្រប​តាម​ពាក្យ​ដែល​ទូលបង្គំ បាន​ទូល​ព្រះអង្គ នៅ​ពេល​មាន​អាសន្ន។ ទូលបង្គំ​យក​សត្វ​ដ៏​ធាត់ៗ គឺ​ពពែ​ឈ្មោល គោ​ឈ្មោល និង​ចៀម​ឈ្មោល មក​ថ្វាយ​ជា​តង្វាយ ហើយ​ក្លិន​នៃ​យញ្ញ‌បូជា​នេះ​សាយ‌ភាយ ឡើង​ទៅ​កាន់​ព្រះអង្គ។ - សម្រាក អ្នក​ទាំង​អស់​គ្នា​ដែល​គោរព​កោត​ខ្លាច ព្រះ‌ជាម្ចាស់​អើយ សូម​អញ្ជើញ​មក​ស្ដាប់ ខ្ញុំ​នឹង​រៀប​រាប់​អំពី​កិច្ចការ ដែល​ព្រះអង្គ​បាន​ធ្វើ​ចំពោះ​ខ្ញុំ។ ខ្ញុំ​បាន​ស្រែក​អង្វរ​រក​ព្រះអង្គ ទាំង​ពោល​ពាក្យ​លើក​តម្កើង​ព្រះអង្គ​ទៀត​ផង ប្រសិន​បើ​ខ្ញុំ​មាន​គំនិត​ទុច្ចរិត ព្រះ‌អម្ចាស់​មុខ​ជា​មិន​ស្ដាប់​ខ្ញុំ​ឡើយ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​ស្ដាប់​ពាក្យ​ខ្ញុំ ព្រះអង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់ នឹង​សម្រែក​ទូល‌អង្វរ​របស់​ខ្ញុំ សូម​លើក​តម្កើង​ព្រះអង្គ ព្រោះ​ព្រះអង្គ​ពុំ​បាន បដិសេធ​ពាក្យ​ទូល‌អង្វរ​របស់​ខ្ញុំ​ទេ ហើយ​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ចំពោះ​ខ្ញុំ​ជានិច្ច!។

ទំនុកតម្កើង 66:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

នែ ផែនដី​ទាំង​មូល​អើយ ចូរ​បន្លឺ​ឡើង ដោយ​អំណរ ថ្វាយ​ព្រះ​ចុះ ចូរ​ច្រៀង​ពី​កិត្តិយស​នៃ​ព្រះ‌នាម​ទ្រង់ ឲ្យ​សេចក្ដី​សរសើរ​ទ្រង់​បាន​រុងរឿង​ឡើង ចូរ​ទូល​ដល់​ព្រះ​ថា អស់​ទាំង​កិច្ច‌ការ​របស់ ទ្រង់​គួរ​ស្ញែង​ខ្លាច​យ៉ាង​ណា​ទៅ ពួក​ខ្មាំង​សត្រូវ​នឹង​ចុះ​ចូល​ចំពោះ​ទ្រង់ ដោយ​ព្រោះ​ឥទ្ធិ‌ឫទ្ធិ​ដ៏​ជា​ធំ​របស់​ទ្រង់ ផែនដី​ទាំង​មូល​នឹង​ថ្វាយ‌បង្គំ ហើយ​នឹង​ច្រៀង​ថ្វាយ​ទ្រង់​ផង គេ​នឹង​ច្រៀង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់។ –បង្អង់ ៙ មក​នេះ ចូរ​មក​មើល​ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ ទ្រង់​គួរ​ស្ញែង​ខ្លាច ក្នុង​ការ​ដែល​ទ្រង់ ធ្វើ​ដល់​ពួក​មនុស្ស​ជាតិ ទ្រង់​បំផ្លាស់​បំប្រែ​សមុទ្រ​ឲ្យ​ទៅ​ជា​ដី​គោក គេ​ក៏​បាន​ដើរ​កាត់​ទន្លេ​ទៅ នៅ​ទី​នោះ​យើង​ខ្ញុំ​បាន​រីក‌រាយ​ដោយ‌សារ​ទ្រង់ ទ្រង់​សោយ‌រាជ្យ​ជា​រៀង‌រាប​ត​ទៅ ដោយ‌សារ​ព្រះ‌ចេស្តា​នៃ​ទ្រង់ ព្រះ‌នេត្រ​ទ្រង់​រំពៃ​មើល​អស់​ទាំង​សាសន៍ មិន​ត្រូវ​ឲ្យ​ពួក​បះ‌បោរ​លើក​គ្នា​ឡើង​ឡើយ។ –បង្អង់ ៙ ម្នាល ជន​ទាំង‌ឡាយ​អើយ ចូរ​លើក​ដំកើង​ព្រះ​នៃ​យើង​រាល់​គ្នា ហើយ​បន្លឺ​ឡើង​ឲ្យ​បាន​ឮ​សេចក្ដី​សរសើរ​ទ្រង់​ទួទៅ គឺ​ព្រះ​ដែល​រក្សា​ជីវិត​យើង​ឲ្យ​រស់​នៅ ក៏​មិន​ឲ្យ​ជើង​យើង​ត្រូវ​រឥល​ឡើយ ដ្បិត ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​ល្បង​ល​យើង​ខ្ញុំ​ហើយ ក៏​បាន​សាក​យើង​ខ្ញុំ​ដូច​ជា​គេ​សាក​ប្រាក់​ដែរ ទ្រង់​បាន​នាំ​យើង​ខ្ញុំ​ឲ្យ​ជាប់​មង ហើយ​បាន​ផ្ទុក​បន្ទុក​យ៉ាង​ធ្ងន់​នៅ​លើ​ចង្កេះ​យើង​ខ្ញុំ ទ្រង់​បាន​ឲ្យ​មនុស្ស​ជិះ​ក្បាល​យើង​ខ្ញុំ យើង​ខ្ញុំ​បាន​ដើរ​លុយ​ភ្លើង នឹង​ទឹក​ទៅ ប៉ុន្តែទ្រង់​បាន​នាំ​យើង​ខ្ញុំ​ចេញ​មក​នៅ​ទី​ដ៏​មាន​ជា​បរិបូរ​វិញ ទូលបង្គំ​នឹង​យក​ដង្វាយ​ដុត ចូល​ទៅ​ក្នុង​ដំណាក់​ទ្រង់ ហើយ​នឹង​លា​បំណន់​របស់​ទូលបង្គំ ជា​បំណន់​ដែល​បបូរ​មាត់​ទូលបង្គំ​បាន​បន់​ទុក ហើយ​ដែល​មាត់​ទូលបង្គំ​បានមាន​វាចា ក្នុង​កាល​ដែល​មាន​សេចក្ដី​វេទនា ទូលបង្គំ​នឹង​ថ្វាយ​ចៀម​យ៉ាង​ធាត់ ជា​ដង្វាយ​ដុត​ដល់​ទ្រង់ ព្រម​ទាំង​ក្លិន​ឈ្ងុយ​របស់​ចៀម​ឈ្មោល​ផង ទូលបង្គំ​នឹង​ថ្វាយ​ទាំង​កូន​គោ នឹង​ពពែ​ឈ្មោល​ដែរ។ –បង្អង់ ៙ មក​នេះ ចូរ​ស្តាប់​ចុះ អស់​អ្នក ដែល​កោត‌ខ្លាច​ដល់​ព្រះ​អើយ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ មាត់​ខ្ញុំ​បាន​អំពាវ‌នាវ​ដល់​ទ្រង់ ហើយ​អណ្តាត​ខ្ញុំ​បាន​សរសើរ​ដំកើង​ទ្រង់ បើ​ប្រសិន​ជា​ខ្ញុំ​ឃើញ​មាន​សេចក្ដី​ទុច្ចរិត​នៅ​ក្នុង​ចិត្ត នោះ​ព្រះ‌អម្ចាស់​ទ្រង់​មិន​ព្រម​ស្តាប់​ខ្ញុំ​ទេ ប៉ុន្តែព្រះ​ទ្រង់​បាន​ស្តាប់​ខ្ញុំ​ហើយ ទ្រង់​បាន​ប្រុង​ស្តាប់​ពាក្យ​ខ្ញុំ​អធិស្ឋាន សូម​សរសើរ​ព្រះ‌អង្គ ដែល​ទ្រង់​មិន​បាន​បែរ​ចេញ​ពី សេចក្ដី​អធិស្ឋាន​របស់​ខ្ញុំ ក៏​មិន​បាន​បង្វែរ​សេចក្ដី​សប្បុរស​ទ្រង់​ពី​ខ្ញុំ​ចេញ​ដែរ។