ទំនុកតម្កើង 65:9-13
ទំនុកតម្កើង 65:9-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រះអង្គថែរក្សាផែនដី ហើយក៏ស្រោចស្រព ព្រះអង្គធ្វើឲ្យផែនដីមានភោគផល សម្បូរហូររហៀរ ទន្លេរបស់ព្រះមានពោរពេញទៅដោយទឹក ព្រះអង្គផ្គត់ផ្គង់ឲ្យគេមានស្រូវ ដ្បិតព្រះអង្គបានរៀបចំផែនដីមកដូច្នេះ។ ព្រះអង្គស្រោចគន្លងផែនដីជាបរិបូរ ក៏ពង្រាបអាចម៍បំណះ ហើយធ្វើឲ្យដីទន់ដោយទឹកភ្លៀង ក៏ប្រទានពរឲ្យគ្រាប់ពូជដុះឡើង។ ព្រះអង្គប្រោសប្រទានឲ្យឆ្នាំ ប្រកបដោយភាពសម្បូរណ៍សប្បាយ ហើយផ្លូវរាជរថព្រះអង្គក៏ហូរហៀរ ដោយភោគផលបរិបូរដែរ។ វាលស្មៅនៅទីរហោស្ថានមានសំណើមហូរហៀរ ហើយភ្នំនានាក៏ហ៊ុមព័ទ្ធដោយអំណរដែរ វាលស្មៅប្រដាប់ខ្លួនដោយហ្វូងចៀម ជ្រលងភ្នំតាក់តែងខ្លួនដោយស្រូវដេរដាស ទីទាំងនោះស្រែកច្រៀងព្រមគ្នាដោយអំណរ។
ទំនុកតម្កើង 65:9-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះអង្គថែទាំផែនដី ដោយប្រទានឲ្យផែនដីមានទឹកដ៏បរិបូណ៌ ព្រះអង្គប្រទានឲ្យផែនដីមានភោគផល ដ៏សម្បូណ៌ហូរហៀរ ជ្រលងដងអូរបស់ព្រះអង្គ មានពោរពេញទៅដោយទឹក ព្រះអង្គប្រទានស្រូវឲ្យមនុស្សលោក ដោយរៀបចំដូចតទៅនេះ គឺព្រះអង្គស្រោចស្រពស្រែចម្ការ ព្រះអង្គធ្វើឲ្យដីដាំដំណាំបានរាបស្មើ ព្រះអង្គបានធ្វើឲ្យទឹកភ្លៀង ដក់នៅតាមវាលស្រែ ហើយព្រះអង្គប្រទានពរឲ្យគ្រាប់ពូជ ទាំងឡាយដុះឡើង។ នៅរដូវចម្រូត ព្រះអង្គប្រទានស្រូវ ដែលជាព្រះអំណោយទានដ៏សប្បុរសបំផុត។ ទីណាដែលព្រះអង្គយាងទៅ ទីនោះមានភោគផលដ៏ហូរហៀរ។ រីឯនៅវាលរហោស្ថាន ក៏មានស្មៅដ៏បរិបូណ៌ ហើយនៅតាមភ្នំនានា ក៏មានពោរពេញទៅដោយអំណរដែរ។ វាលស្មៅពោរពេញទៅដោយហ្វូងចៀម ជ្រលងភ្នំពោរពេញទៅដោយស្រូវ អ្វីៗសព្វសារពើបន្លឺសំឡេងច្រៀងឡើង ដោយអំណរដ៏លើសលុប!។
ទំនុកតម្កើង 65:9-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ទ្រង់ក៏ថែរក្សា ហើយស្រោចស្រប់ផែនដី ព្រមទាំងធ្វើឲ្យមានផលកាន់តែច្រើនឡើង ដោយទន្លេនៃព្រះមានទឹកពេញ រួចទ្រង់ផ្គត់ផ្គង់ឲ្យមានស្រូវ ដោយរៀបចំផែនដីយ៉ាងនោះ ទ្រង់ស្រោចគន្លងទាំងប៉ុន្មានជាបរិបូរ ក៏ពង្រាបអាចម៍បំណះ ហើយធ្វើឲ្យដីទន់ ដោយទឹកភ្លៀង ក៏ប្រទានពរដល់ពន្លក ទ្រង់ប្រោសប្រទានឲ្យឆ្នាំបានប្រកបដោយ សេចក្ដីសប្បុរសនៃទ្រង់វិលឃួប ហើយអស់ទាំងផ្លូវទ្រង់ក៏ស្រក់ជាសេចក្ដីបរិបូរ នោះក៏ស្រក់មកលើដីឃ្វាលសត្វនៅទីរហោស្ថាន ហើយអស់ទាំងទួលក៏ព័ទ្ធដោយសេចក្ដីអំណរដែរ អស់ទាំងដីឃ្វាលសត្វបានប្រដាប់ដោយហ្វូងចៀម ឯច្រកភ្នំទាំងប៉ុន្មាន នោះក៏មានស្រូវដាសពាសពេញ ទីទាំងនោះបន្លឺឡើង ដោយអំណរ ហើយក៏ច្រៀងផង។