ទំនុកតម្កើង 65:1-4 - Compare All Versions
ទំនុកតម្កើង 65:1-4 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ឱព្រះអើយ ការសរសើររង់ចាំព្រះអង្គ នៅក្រុងស៊ីយ៉ូន ហើយគេនឹងលាបំណន់ចំពោះព្រះអង្គ ឱព្រះដែលស្តាប់ពាក្យអធិស្ឋានអើយ! អស់ទាំងមនុស្ស នឹងចូលមករកព្រះអង្គ។ កាលអំពើទុច្ចរិតឈ្នះទូលបង្គំ ព្រះអង្គជម្រះអំពើរំលងឲ្យយើងខ្ញុំ។ មានពរហើយអស់អ្នកណា ដែលព្រះអង្គជ្រើសរើស ហើយនាំចូលមកជិតព្រះអង្គ ដើម្បីឲ្យបានអាស្រ័យនៅក្នុងទីលានព្រះអង្គ។ យើងខ្ញុំនឹងបានស្កប់ចិត្តដោយសេចក្ដីល្អ នៃដំណាក់ព្រះអង្គ គឺជាព្រះវិហារដ៏បរិសុទ្ធរបស់ព្រះអង្គ។
ទំនុកតម្កើង 65:1-4 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ឱព្រះជាម្ចាស់អើយ យើងខ្ញុំត្រូវតែសរសើរតម្កើងព្រះអង្គ នៅក្រុងស៊ីយ៉ូន ហើយថ្វាយតង្វាយ តាមពាក្យដែលយើងខ្ញុំ បានសន្យាចំពោះព្រះអង្គ។ ព្រះអង្គតែងតែស្ដាប់ពាក្យទូលអង្វរ របស់មនុស្សលោកជានិច្ច ពួកគេនឹងមករកព្រះអង្គទាំងអស់គ្នា។ កំហុសរបស់ទូលបង្គំធ្ងន់ធ្ងរណាស់ មានតែព្រះអង្គទេ ដែលលើកលែងទោសឲ្យយើងខ្ញុំបាន។ មានសុភមង្គលហើយអស់អ្នក ដែលព្រះអង្គជ្រើសរើស ហើយនាំចូលមករស់នៅក្នុងទីសក្ការៈ របស់ព្រះអង្គ។ យើងខ្ញុំនឹងស្កប់ចិត្តដោយបានទទួលព្រះពរ នៅក្នុងព្រះដំណាក់របស់ព្រះអង្គ គឺនៅក្នុងព្រះវិហារដ៏វិសុទ្ធរបស់ព្រះអង្គ។
ទំនុកតម្កើង 65:1-4 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ឱព្រះអង្គអើយ សេចក្ដីសរសើរចាំតែទ្រង់នៅក្រុងស៊ីយ៉ូន នោះគេនឹងលាបំណន់ចំពោះទ្រង់ ឱព្រះដែលស្តាប់សេចក្ដីអធិស្ឋានអើយ អស់ទាំងមនុស្សនឹងមូលមកឯទ្រង់ អស់ទាំងសេចក្ដីទុច្ចរិតតែងតែឈ្នះទូលបង្គំ ឯការរំលងរបស់យើងខ្ញុំ នោះទ្រង់នឹងជំរះចោលចេញ មានពរហើយ អ្នកណាដែលទ្រង់រើស ហើយនាំមកនៅចំពោះទ្រង់ ដើម្បីឲ្យបានអាស្រ័យនៅក្នុងព្រះលានទ្រង់ យើងខ្ញុំនឹងបានស្កប់ចិត្តដោយសេចក្ដីលំអ នៃដំណាក់ទ្រង់ គឺជាព្រះវិហារដ៏បរិសុទ្ធរបស់ទ្រង់