ទំនុកតម្កើង 64:1-10

ទំនុកតម្កើង 64:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​អើយ សូម​ស្តាប់​សំឡេង​ទូល‌បង្គំ ដែល​ទូល‌បង្គំ​ពោល​តម្អូញ សូម​ការពារ​ជីវិត​ទូល‌បង្គំ ឲ្យ​រួច​ផុត​ពី​ការ​ភ័យ​ខ្លាច​ចំពោះ ពួក​ខ្មាំង​សត្រូវ​ផង។ សូម​លាក់​ទូល‌បង្គំ​ឲ្យ​រួច​ផុត​ពី​ផែន​ការ​សម្ងាត់ របស់​ពួក​មនុស្ស​អាក្រក់ និង​ពីពពួក​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ដែល​បាន​សំលៀង​អណ្ដាត​ដូច​ជា​សំលៀង​ដាវ ហើយ​ចោល​ពាក្យ​សម្ដី​ដ៏​ជូរ​ចត់​របស់​គេ ដូច​ជា​ព្រួញ ដោយ​លប​បាញ់​ប្រហារ​មនុស្ស​ទៀង​ត្រង់ គេ​បាញ់​អ្នក​នោះ​មិន​ឲ្យ​ដឹង​ខ្លួន ឥតកោត​ក្រែង​អ្វី​ឡើយ។ គេ​ជំរុញ​ចិត្ត​គ្នា​ក្នុង​បំណង​អាក្រក់​របស់​គេ គេ​ពិគ្រោះ​គ្នា​អំពី​ការ​ដាក់​អន្ទាក់ ដោយ​ស្ងាត់​កំបាំង គេ​ថា «តើ​អ្នក​ណា​មើល​យើង ឃើញ? តើ​អ្នក​ណា​អាច​រក​ឃើញ​ថា យើង​ប្រព្រឹត្ត​អំពើ​ឧក្រិដ្ឋ? យើង​បាន​រិះ​រក​ផែន​ការយ៉ាង​ល្អ​រួច​រាល់​ហើយ»។ ដ្បិត​គំនិត​ខាង​ក្នុង​ចិត្ត​របស់​មនុស្ស ជ្រៅ​ណាស់! ប៉ុន្តែ ព្រះ​នឹង​បាញ់គេដោយ​ព្រួញ​របស់​ព្រះ‌អង្គ មិន​ឲ្យ​គេ​ដឹង​ខ្លួន ហើយ​គេ​នឹង​ត្រូវ​របួស។ អណ្ដាត​របស់​គេ​នឹង​នាំ​ឲ្យ​គេ​វិនាស អស់​អ្នក​ណា​ដែល​ឃើញ​គេ នឹង​គ្រវី​ក្បាល។ នោះ​មនុស្សលោក​ទាំង​អស់​នឹង​ភ័យ​ខ្លាច គេ​នឹង​ប្រកាស​ប្រាប់​ពី​កិច្ច‌ការ​របស់​ព្រះ ហើយ​ពិចារណា​ពី​កិច្ច​ការ ដែល​ព្រះ‌អង្គ​បាន​ធ្វើ។ សូម​ឲ្យ​មនុស្ស​សុចរិត​រីក​រាយ​ក្នុង​ព្រះ‌យេហូវ៉ា ហើយ​ពឹង​ជ្រក​ក្នុង​ព្រះ‌អង្គ សូម​អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ទៀង​ត្រង់ លើក​តម្កើង​ព្រះ‌អង្គ។

ទំនុកតម្កើង 64:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​អើយ សូម​ទ្រង់​ព្រះ‌សណ្ដាប់​ទំនួញ របស់​ទូលបង្គំ! ទូលបង្គំ​ភ័យ​ខ្លាច​ខ្មាំង​សត្រូវ​ណាស់ សូម​ការពារ​ជីវិត​ទូលបង្គំ​ផង!។ សូម​ការពារ​ទូលបង្គំ​ឲ្យ​រួច​ផុត ពី​ការ​ឃុប‌ឃិត​របស់​មនុស្ស​អាក្រក់ និង​ឲ្យ​ទូលបង្គំ​បាន​រួច​ផុត ពី​កណ្ដាប់​ដៃ​របស់​ពួក​មនុស្ស​ពាល។ គេ​ប្រើ​ពាក្យ​សម្ដី ដូច​ដាវ​ដ៏​មុត ពួក​គេ​ចោល​ពាក្យ​សម្ដី ដូច​គេ​ចោល​លំពែង។ ពួក​គេ​លួច​ប្រហារ​មនុស្ស​ទៀង​ត្រង់ គឺ​គេ​ប្រហារ​មិន​ឲ្យ​ដឹង​ខ្លួន ហើយ​ពួក​គេ​មិន​ខ្លាច​ក្រែង​អ្វី​ឡើយ។ ពួក​គេ​និយាយ​លើក​ទឹក​ចិត្ត​គ្នា ឲ្យ​ប្រព្រឹត្ត​អំពើ​អាក្រក់ ពួក​គេ​គិត​គ្នា​ពី​ការ​លប​ដាក់​អន្ទាក់ ចាំ​ចាប់​អ្នក​ដទៃ ទាំង​ពោល​ថា «គ្មាន​នរណា​ឃើញ​ទេ!»។ គេ​នាំ​គ្នា​បង្ក​អំពើ​ទុច្ចរិត ទាំង​ពោល​ថា៖ «ឥឡូវ​នេះ យើង​រៀបចំ​ផែន​ការ របស់​យើង​យ៉ាង​ល្អ​រួច​រាល់​ហើយ!»។ គ្មាន​នរណា​អាច​យល់​គំនិត​អប្រិយ នៅ​ក្នុង​ជម្រៅ​ចិត្ត​របស់​មនុស្ស​បាន​ទេ! ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​ប្រហារ​ពួក​គេ ដោយ​មិន​ឲ្យ​ដឹង​ខ្លួន​ជា​មុន ពួក​គេ​ក៏​របួស​ដួល។ ពាក្យ​សម្ដី​របស់​ពួក​គេ​បាន​ធ្វើ​ឲ្យ​ខ្លួន​វិនាស អស់​អ្នក​ដែល​ឃើញ​ពួក​គេ នឹង​នាំ​គ្នា​គ្រវី​ក្បាល។ មនុស្ស​លោក​ទាំង​អស់​នឹង​នាំ​គ្នា​កោត​ស្ញប់‌ស្ញែង គេ​ប្រកាស​ពី​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះអង្គ គេ​យល់​អំពី​កិច្ចការ​ដែល​ព្រះអង្គ​បាន​ធ្វើ។ សូម​ឲ្យ​មនុស្ស​សុចរិត​មាន​អំណរ​សប្បាយ ដោយ‌សារ​ព្រះ‌អម្ចាស់ ហើយ​នាំ​គ្នា​មក​ជ្រក​កោន​ជា​មួយ​ព្រះអង្គ សូម​ឲ្យ​អស់​អ្នក​ដែល​មាន​ចិត្ត​ទៀង​ត្រង់ លើក​តម្កើង​ព្រះអង្គ។

ទំនុកតម្កើង 64:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អង្គ​អើយ សូម​ស្តាប់​សំឡេង​ទូលបង្គំ ដែល​ទូលបង្គំ​ពោល​ដំអូញ សូម​ការ‌ពារ​ជីវិត​ទូលបង្គំ ឲ្យ​រួច​ពី​ការ​ភ័យ​ខ្លាច​ចំពោះ ពួក​ខ្មាំង​សត្រូវ សូម​លាក់​ទូលបង្គំ ឲ្យ​កំបាំង​ពី​សេចក្ដី​ដែល​ពួក​ប្រព្រឹត្ត អាក្រក់​ប្រឹក្សា​ដោយ​សំងាត់ នឹង​ពី​ការ​ចលាចល​របស់​មនុស្ស ដែល​ប្រព្រឹត្ត​អំពើ​ទុច្ចរិត ជា​ពួក​អ្នក​ដែល​បាន​សំលៀង​អណ្តាត​ដូច​ជា​សំលៀង​ដាវ ព្រម​ទាំង​ដំរង់​ព្រួញ​គេ គឺ​ជា​ពាក្យ​ជូរ​ចត់ ដើម្បី​នឹង​បាញ់​ពី​ទី​កំបាំង ឲ្យ​ត្រូវ​មនុស្ស​គ្រប់​លក្ខណ៍ គេ​ស្រាប់​តែ​បាញ់​អ្នក​នោះ ឥត​ខ្លាច​អ្វី​សោះ គេ​ជំរុញ​ចិត្ត​គ្នា​ក្នុង​ការ​អាក្រក់ ក៏​ពិគ្រោះ​គ្នា​អំពី​ការ​ដាក់​អន្ទាក់​ដោយ​ស្ងាត់​កំបាំង គេ​ថា តើ​អ្នក​ណា​នឹង​ឃើញ គេ​ស្វែង​រក​អំពើ​ទុច្ចរិត គេ​ថា យើង​បាន​ស្វែង​រក​អស់​ពី​ចិត្ត​ជា​ស្រេច​ហើយ ឯ​គំនិត​ខាង​ក្នុង នឹង​ចិត្ត​របស់​គេ សុទ្ធ​តែ​មាន​ជំរៅ​ណាស់ ប៉ុន្តែព្រះ​ទ្រង់​នឹង​បាញ់​ចំ​គេ លោ​តែ​គេ​នឹង​ត្រូវ​របួស​ដោយ​ព្រួញ​ណា​មួយ គឺ​អណ្តាត​ខ្លួន​គេ​នឹង​នាំ​ឲ្យ​គេ​ដួល ហើយ​អស់​អ្នក​ណា​ដែល​ឃើញ​នឹង​គ្រវី​ក្បាល នោះ​មនុស្ស​ទាំង​អស់​នឹង​ភ័យ​ខ្លាច ហើយ​នឹង​ប្រកាស​ប្រាប់​ពី​កិច្ច‌ការ​របស់​ព្រះ ព្រម​ទាំង​ពិចារណា​ដោយ​ប្រាជ្ញា​ពី​ការ​ដែល​ទ្រង់​ធ្វើ ពួក​មនុស្ស​សុចរិត​នឹង​អរ​សប្បាយ ដោយ​នូវ​ព្រះ‌យេហូវ៉ា គេ​នឹង​ពឹង​ជ្រក​ក្នុង​ទ្រង់ អស់​អ្នក​ណា​ដែល​មាន​ចិត្ត​ទៀងត្រង់ គេ​នឹង​អួត​សរសើរ។