ទំនុកតម្កើង 63:1-9
ទំនុកតម្កើង 63:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអើយ ព្រះអង្គជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកព្រះអង្គអស់ពីចិត្ត ព្រលឹងទូលបង្គំស្រេកឃ្លានចង់បានព្រះអង្គ រូបសាច់ទូលបង្គំរឭកចង់បានព្រះអង្គ ដូចដីស្ងួតបែកក្រហែងដែលគ្មានទឹក។ ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីបរិសុទ្ធ ទាំងសម្លឹងមើលព្រះចេស្ដា និងសិរីល្អរបស់ព្រះអង្គ។ ដ្បិតព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ វិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដរាបអស់មួយជីវិតទូលបង្គំ ទូលបង្គំនឹងប្រទូលដៃឡើង ក្នុងព្រះនាមព្រះអង្គ។ ព្រលឹងទូលបង្គំនឹងបានស្កប់ស្កល់ ដូចបានបរិភោគខួរឆ្អឹង និងខ្លាញ់ ហើយមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយបបូរមាត់រីករាយ ពេលទូលបង្គំនឹកដល់ព្រះអង្គនៅក្នុងដំណេក ហើយសញ្ជឹងគិតពីព្រះអង្គ នៅវេលាយាមយប់ ដ្បិតព្រះអង្គបានធ្វើជាជំនួយដល់ទូលបង្គំ ហើយនៅក្រោមម្លប់នៃស្លាបព្រះអង្គ ទូលបង្គំនឹងច្រៀងដោយអំណរ។ ព្រលឹងទូលបង្គំតាមព្រះអង្គប្រកិត ព្រះហស្តស្តាំរបស់ព្រះអង្គ ក៏ទ្រទ្រង់ទូលបង្គំ។ រីឯអស់អ្នកដែលស្វែងរកបំផ្លាញជីវិតទូលបង្គំ នឹងត្រូវចុះទៅក្នុងជម្រៅនៃផែនដី
ទំនុកតម្កើង 63:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះជាម្ចាស់អើយ! ព្រះអង្គពិតជាព្រះនៃទូលបង្គំមែន ទូលបង្គំស្វែងរកព្រះអង្គ ទូលបង្គំចង់នៅក្បែរព្រះអង្គណាស់ ទូលបង្គំចង់នៅជាប់ជាមួយព្រះអង្គ ដូចដីដ៏ស្ងួតបែកក្រហែងត្រូវការទឹក។ ទូលបង្គំបានឃើញព្រះអង្គនៅក្នុងទីសក្ការៈ ទូលបង្គំបានឃើញឫទ្ធានុភាព និងសិរីរុងរឿងរបស់ព្រះអង្គ ដ្បិតព្រះហឫទ័យមេត្តាករុណារបស់ព្រះអង្គ ប្រសើរលើសជីវិតទៅទៀត ទូលបង្គំនឹងពោលពាក្យសរសើរតម្កើង សិរីរុងរឿងព្រះអង្គ។ ទូលបង្គំនឹងអរព្រះគុណព្រះអង្គ អស់មួយជីវិតទូលបង្គំ ហើយទូលបង្គំនឹងលើកដៃឡើង ថ្វាយបង្គំព្រះនាមព្រះអង្គ។ ទូលបង្គំនឹងបានសប្បាយ មានសុខដុមរមនា ហើយទូលបង្គំនឹងបន្លឺសំឡេងឡើង ច្រៀងសរសើរតម្កើងព្រះអង្គ។ ពេលទូលបង្គំចូលដំណេក ទូលបង្គំនឹកដល់ព្រះអង្គ ហើយពេញមួយយប់ ទូលបង្គំរិះគិតអំពីព្រះអង្គ ដ្បិតព្រះអង្គជួយទូលបង្គំ ទូលបង្គំច្រៀងយ៉ាងសប្បាយ ក្រោមម្លប់បារមីព្រះអង្គ។ ចិត្តគំនិតទូលបង្គំ នៅជាប់ជំពាក់នឹងព្រះអង្គជានិច្ច ព្រះអង្គគាំទ្រទូលបង្គំ ដោយព្រះចេស្ដារបស់ព្រះអង្គ។ រីឯអស់អ្នកដែលស្វែងរកបំផ្លាញជីវិតទូលបង្គំ សូមឲ្យគេធ្លាក់ទៅក្នុងរណ្ដៅដ៏ជ្រៅ។
ទំនុកតម្កើង 63:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអង្គអើយ ទ្រង់ជាព្រះនៃទូលបង្គំ ទូលបង្គំនឹងស្វែងរកទ្រង់អស់ពីចិត្ត ព្រលឹងទូលបង្គំស្រេករកទ្រង់ រូបសាច់ទូលបង្គំរឭកចង់បានទ្រង់ នៅក្នុងស្រុករីងស្ងួត ហើយហួតហែង ដែលគ្មានទឹកសោះ ដើម្បីឲ្យបានឃើញឥទ្ធិឫទ្ធិ នឹងសិរីល្អរបស់ទ្រង់ ដូចជាទូលបង្គំបានឃើញនៅក្នុងទីបរិសុទ្ធដែរ ដ្បិតសេចក្ដីសប្បុរសនៃទ្រង់ នោះវិសេសជាងជីវិត បបូរមាត់ទូលបង្គំនឹងសរសើរដល់ទ្រង់ គឺយ៉ាងនោះ ដែលទូលបង្គំនឹងលើកដំកើងទ្រង់ ក្នុងកាលដែលនៅរស់នៅឡើយ ទូលបង្គំនឹងប្រទូលដៃឡើង ដោយនូវព្រះនាមទ្រង់ នោះព្រលឹងទូលបង្គំនឹងបានឆ្អែត ដូចជាបានបរិភោគខួរឆ្អឹង ហើយនឹងខ្លាញ់ផង មាត់ទូលបង្គំក៏នឹងសរសើរទ្រង់ ដោយបបូរមាត់រីករាយ ដោយទូលបង្គំនឹកដល់ទ្រង់ នៅលើដំណេក ហើយរំពឹងគិតពីទ្រង់ នៅអស់ទាំងយាមយប់ ដ្បិតទ្រង់បានធ្វើជាជំនួយដល់ទូលបង្គំ ទូលបង្គំនឹងមានចិត្តរីករាយនៅក្រោមម្លប់ស្លាបទ្រង់ ព្រលឹងទូលបង្គំតាមទ្រង់ប្រកិត ព្រះហស្តស្តាំនៃទ្រង់ក៏ទប់ទល់ទូលបង្គំ តែអស់អ្នកដែលរកបំផ្លាញព្រលឹងនៃទូលបង្គំ នោះនឹងចុះទៅក្នុងជំរៅនៃផែនដី