ទំនុកតម្កើង 62:1-8
ទំនុកតម្កើង 62:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ព្រលឹងខ្ញុំរង់ចាំព្រះតែមួយព្រះអង្គ ដោយស្ងៀមស្ងាត់ ការសង្គ្រោះរបស់ខ្ញុំក៏មកតែពីព្រះអង្គដែរ។ ព្រះអង្គតែមួយប៉ុណ្ណោះដែលជាថ្មដា និងជាព្រះសង្គ្រោះខ្ញុំ ជាបន្ទាយរបស់ខ្ញុំ ខ្ញុំនឹងមិនត្រូវរង្គើជាខ្លាំងឡើយ។ តើអ្នករាល់គ្នានឹងព្រួតគ្នាវាយផ្ដួលមនុស្សម្នាក់ ទាំងចង់សម្លាប់គេដល់កាលណាទៀត? អ្នកនោះដូចជាកំផែងដែលទ្រេត ដូចជារបងដែលចង់រលំទៅហើយ។ គម្រោងការរបស់គេ គឺដើម្បីធ្វើឲ្យអ្នកនោះ ធ្លាក់ពីតំណែងដ៏ខ្ពង់ខ្ពស់របស់ខ្លួនតែប៉ុណ្ណោះ គេចូលចិត្តនឹងសេចក្ដីភូតភរ មាត់របស់គេឲ្យពរ តែនៅក្នុងចិត្ត គេប្រទេចផ្ដាសាវិញ។ –បង្អង់ ៙ ឱព្រលឹងខ្ញុំអើយ ដ្បិតព្រះតែមួយព្រះអង្គគត់ ចូររង់ចាំដោយស្ងាត់ស្ញៀមចុះ ដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំ មកតែពីព្រះអង្គប៉ុណ្ណោះ។ ព្រះអង្គតែមួយគត់ ដែលជាថ្មដា និងព្រះសង្គ្រោះខ្ញុំ ជាបន្ទាយរបស់ខ្ញុំ ខ្ញុំនឹងមិនត្រូវរង្គើឡើយ។ ការសង្គ្រោះ និងសិរីល្អរបស់ខ្ញុំ ស្ថិតនៅលើព្រះ ឯថ្មដានៃកម្លាំងខ្ញុំ និងទីពឹងជ្រករបស់ខ្ញុំ ក៏នៅក្នុងព្រះដែរ។ ឱប្រជាជនអើយ ចូរទុកចិត្តដល់ព្រះអង្គគ្រប់ពេលវេលា ចូរថ្លែងរៀបរាប់នៅចំពោះព្រះអង្គចុះ ដ្បិតព្រះជាទីពឹងជ្រកសម្រាប់យើង។ –បង្អង់
ទំនុកតម្កើង 62:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មានតែនៅក្បែរព្រះជាម្ចាស់ទេ ដែលចិត្តខ្ញុំបានស្ងប់ ព្រោះព្រះអង្គសង្គ្រោះខ្ញុំ។ ព្រះអង្គតែមួយគត់ជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ ព្រះអង្គជាកំពែងដ៏រឹងមាំ ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។ តើអ្នករាល់គ្នាចោមរោមវាយ ប្រហារមនុស្សតែម្នាក់ដូច្នេះដល់កាលណា? អ្នករាល់គ្នារកប្រហារជីវិតមនុស្ស ដូចគេចង់រំលំកំពែងទ្រុឌទ្រោម និងផ្ដួលរបងដែលជិតរលំឬ? អ្នករាល់គ្នាចង់ឲ្យតែអ្នកនោះ បាត់បង់យសស័ក្ដិ អ្នករាល់គ្នាចូលចិត្តកុហក មាត់អ្នករាល់គ្នាឲ្យពរ តែចិត្តអ្នករាល់គ្នាបែរជាដាក់បណ្ដាសាវិញ។ - សម្រាក ពិតមែនហើយ មានតែនៅក្បែរព្រះជាម្ចាស់ទេ ដែលចិត្តខ្ញុំបានស្ងប់ ដ្បិតព្រះអង្គជាទីសង្ឃឹមរបស់ខ្ញុំ។ ព្រះអង្គតែមួយគត់ជាថ្មដា ជាព្រះសង្គ្រោះខ្ញុំ ព្រះអង្គជាកំពែងដ៏រឹងមាំ ដូច្នេះ ខ្ញុំនឹងមិនត្រូវបរាជ័យឡើយ។ ការសង្គ្រោះ និងសិរីរុងរឿងរបស់ខ្ញុំ ស្ថិតនៅលើព្រះជាម្ចាស់ទាំងស្រុង ព្រះជាម្ចាស់ជាថ្មដាដ៏រឹងមាំ និងជាទីជម្រករបស់ខ្ញុំ។ ប្រជាជនអើយ ចូរនាំគ្នាផ្ញើជីវិត លើព្រះអង្គ គ្រប់ពេលវេលាទៅ ចូរទូលថ្វាយព្រះអង្គ ពីទុក្ខកង្វល់របស់អ្នករាល់គ្នា ដ្បិតព្រះជាម្ចាស់ជាជម្រករបស់យើង។
ទំនុកតម្កើង 62:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ព្រលឹងខ្ញុំរង់ចាំព្រះអង្គតែមួយ ដោយស្ងៀមស្ងាត់ សេចក្ដីសង្គ្រោះរបស់ខ្ញុំក៏មកតែពីទ្រង់ដែរ គឺទ្រង់តែមួយព្រះអង្គដែលជាថ្មដា ហើយជាសេចក្ដីសង្គ្រោះនៃខ្ញុំ ក៏ជាប៉មយ៉ាងខ្ពស់របស់ខ្ញុំៗមិនត្រូវរង្គើជាខ្លាំងឡើយ តើអ្នករាល់គ្នានឹងសង្ខុញចូលទៅលើមនុស្ស ទាំងចង់សំឡាប់គេដល់កាលណាទៀត ប្រៀបដូចជាកំផែងដែលទ្រេត ដូចជារបងដែលចង់រលំហើយ គេប្រឹក្សាគ្នា ដើម្បីតែនឹងទំលាក់អ្នកនោះចុះពីយសរបស់ខ្លួន គេចូលចិត្តនឹងសេចក្ដីភូតភរ មាត់គេឲ្យពរ តែនៅក្នុងចិត្ត គេប្រទេចផ្តាសាវិញ។ –បង្អង់ ៙ ព្រលឹងខ្ញុំអើយ ចូរនៅស្ងៀមចាំតែព្រះចុះ ដ្បិតសេចក្ដីសង្ឃឹមរបស់ខ្ញុំ នោះមកតែពីទ្រង់ទេ គឺទ្រង់តែ១ព្រះអង្គដែលជាថ្មដា ហើយជាសេចក្ដីសង្គ្រោះនៃខ្ញុំ ក៏ជាប៉មយ៉ាងខ្ពស់របស់ខ្ញុំៗមិនត្រូវរង្គើឡើយ សេចក្ដីសង្គ្រោះ នឹងសិរីល្អរបស់ខ្ញុំ នោះនៅនឹងព្រះ ឯថ្មដានៃកំឡាំងខ្ញុំ នឹងទីពឹងជ្រករបស់ខ្ញុំ ក៏នៅក្នុងព្រះដែរ ជនទាំងឡាយអើយ ចូរទុកចិត្តនឹងទ្រង់ជានិច្ច ចូរអ្នករាល់គ្នាប្លុងចិត្តនៅចំពោះទ្រង់ ព្រះទ្រង់ជាទីពឹងជ្រកសំរាប់យើងខ្ញុំ។ –បង្អង់