ទំនុកតម្កើង 61:1-8
ទំនុកតម្កើង 61:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអើយ សូមព្រះអង្គទ្រង់ព្រះសណ្ដាប់ សម្រែករបស់ទូលបង្គំ សូមស្តាប់ពាក្យទូលបង្គំអធិស្ឋានផង ពេលចិត្តទូលបង្គំអស់សង្ឃឹម ទូលបង្គំស្រែករកព្រះអង្គពីចុងផែនដី សូមនាំទូលបង្គំទៅកាន់ថ្មដា ដែលខ្ពស់ជាងទូលបង្គំ ដ្បិតព្រះអង្គជាទីជ្រកកោនរបស់ទូលបង្គំ ជាប៉មយ៉ាងមាំតទល់នឹងខ្មាំងសត្រូវ។ ៙ ទូលបង្គំនឹងរស់នៅក្នុងព្រះពន្លា របស់ព្រះអង្គរហូតតទៅ ទូលបង្គំនឹងជ្រកកោនក្រោមទីកំបាំង នៃស្លាបរបស់ព្រះអង្គ។ -បង្អង់ ដ្បិត ឱព្រះអើយ ព្រះអង្គបានឮសេចក្ដី ដែលទូលបង្គំបន់ហើយ ព្រះអង្គបានប្រោសប្រទានឲ្យទូលបង្គំនូវមត៌ក ដែលព្រះអង្គបម្រុងទុកសម្រាប់អស់អ្នក ដែលកោតខ្លាចព្រះនាមព្រះអង្គ។ ៙ សូមប្រទានឲ្យព្រះរាជា មានជន្មាយុយឺនយូរ សូមឲ្យឆ្នាំរបស់ព្រះរាជា ស្ថិតស្ថេរអស់ទាំងតំណតរៀងទៅ! សូមឲ្យព្រះរាជាគ្រងរាជ្យ នៅចំពោះព្រះរហូតតទៅ សូមតាំងសេចក្ដីសប្បុរស និងសេចក្ដីពិត ឲ្យថែរក្សាព្រះរាជាផង! ៙ យ៉ាងនោះ ទូលបង្គំនឹងច្រៀងសរសើរ ព្រះនាមព្រះអង្គជាដរាប ទុកជាការលាបំណន់របស់ទូលបង្គំ រៀងរាល់ថ្ងៃ។
ទំនុកតម្កើង 61:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ព្រះជាម្ចាស់អើយ! សូមទ្រង់ព្រះសណ្ដាប់សម្រែក ទូលអង្វររបស់ទូលបង្គំ សូមយកព្រះហឫទ័យទុកដាក់ នឹងពាក្យអធិស្ឋានរបស់ទូលបង្គំផង!។ ពេលទូលបង្គំនៅទីដាច់ស្រយាល ហើយអស់សង្ឃឹម ទូលបង្គំស្រែករកព្រះអង្គ សូមដឹកនាំទូលបង្គំទៅកាន់ថ្មដា ដែលទូលបង្គំមិនអាចទៅដល់ដោយខ្លួនឯង!។ ព្រះអង្គជាទីជម្រករបស់ទូលបង្គំ និងជាប៉មមួយដ៏រឹងមាំតទល់នឹងខ្មាំងសត្រូវ។ ទូលបង្គំចង់រស់នៅក្នុងព្រះពន្លា របស់ព្រះអង្គរហូតតទៅ ទូលបង្គំនឹងជ្រកកោនក្រោមម្លប់ ព្រះបារមីរបស់ព្រះអង្គ។ - សម្រាក ឱព្រះជាម្ចាស់អើយ ព្រះអង្គតែងតែព្រះសណ្ដាប់ ពាក្យអង្វររបស់ទូលបង្គំជានិច្ច ព្រះអង្គប្រទានមកទូលបង្គំនូវមត៌ក ដែលព្រះអង្គបម្រុងទុកសម្រាប់អស់អ្នក ដែលគោរពកោតខ្លាចព្រះនាមព្រះអង្គ។ សូមប្រទានឲ្យព្រះរាជាមានព្រះជន្មាយុយឺនយូរ សូមឲ្យព្រះជន្មាយុរបស់ព្រះរាជា ស្ថិតនៅជាច្រើនតំណតរៀងទៅ! សូមឲ្យព្រះរាជាបានគ្រងរាជ្យ នៅចំពោះព្រះភ័ក្ត្រព្រះជាម្ចាស់រហូតតទៅ! ព្រះអម្ចាស់អើយ សូមថែរក្សាព្រះរាជា ដោយព្រះហឫទ័យមេត្តាករុណា ដ៏ស្មោះស្ម័គ្ររបស់ព្រះអង្គ! ទូលបង្គំនឹងស្មូត្រទំនុកតម្កើង សរសើរ ព្រះនាមព្រះអង្គជារៀងរាល់ថ្ងៃ ឥតឈប់ឈរ ស្របតាមពាក្យដែលទូលបង្គំ បានសន្យាចំពោះព្រះអង្គ!។
ទំនុកតម្កើង 61:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអង្គអើយ សូមស្តាប់សេចក្ដីអំពាវនាវ របស់ទូលបង្គំ សូមទ្រង់សំកាំងស្តាប់ពាក្យទូលបង្គំអធិស្ឋានផង កាលណាចិត្តទូលបង្គំត្រូវបង្គ្រប នោះទូលបង្គំនឹងអំពាវនាវដល់ទ្រង់ពីចុងផែនដីផង សូមនាំទូលបង្គំទៅឯថ្មដាដែលខ្ពស់ជាងទូលបង្គំ ដ្បិតទ្រង់បានធ្វើជាទីជ្រកឲ្យទូលបង្គំ គឺជាប៉មយ៉ាងមាំ ឲ្យរួចពីខ្មាំងសត្រូវ ទូលបង្គំនឹងអាស្រ័យនៅក្នុងពន្លារបស់ទ្រង់ជានិច្ច ទូលបង្គំនឹងជ្រកនៅទីកំបាំង ក្រោមស្លាបទ្រង់។ –បង្អង់ ៙ ដ្បិត ឱព្រះអង្គអើយ ទ្រង់បានឮសេចក្ដី ដែលទូលបង្គំបន់ហើយ ទ្រង់បានប្រោសប្រទានឲ្យទូលបង្គំបានមរដក ដែលត្រូវ ខាងពួកអ្នកដែលកោតខ្លាចដល់ព្រះនាមទ្រង់ ទ្រង់នឹងចំរើនជីវិតទូលបង្គំដ៏ជាស្តេចឲ្យវែង អស់ទាំងឆ្នាំនៃជីវិតទូលបង្គំ នឹងបានដូចជាអាយុ របស់មនុស្សជាច្រើនដំណតទៅ ទូលបង្គំនឹងអាស្រ័យនៅចំពោះព្រះជាដរាបតទៅ ឱសូមរៀបសេចក្ដីសប្បុរស នឹងសេចក្ដីពិតឲ្យបាន រក្សាទូលបង្គំផង យ៉ាងនោះ ទូលបង្គំនឹងច្រៀងសរសើរដល់ ព្រះនាមទ្រង់ជាដរាប ដើម្បីឲ្យបានលាបំណន់របស់ទូលបង្គំរាល់តែថ្ងៃ។