ទំនុកតម្កើង 60:1-12

ទំនុកតម្កើង 60:1-12 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​អើយ ព្រះ‌អង្គ​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ព ព្រះ‌អង្គ​ខ្ញាល់​នឹង​ខ្ញុំ ឱ​សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​ផែន​ដី​រញ្ជួយ ព្រះ‌អង្គ​បាន​ហែក​ផែន​ដី​ឲ្យប្រេះ​ចេញ​ពី​គ្នា សូម​ផ្សារ​ទី​ប្រេះ​ស្រាំ​ឡើង​វិញផង ដ្បិតផែន​ដី​កំពុង​តែ​រង្គើ​ហើយ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យប្រជា‌រាស្ត្រ​ព្រះ‌អង្គ ជួប​ការ​ដ៏​ពិបាក ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ផឹក​ស្រា ដែល​នាំ​ឲ្យ​យើង​ខ្ញុំ​វង្វេង​ស្មារតី។ ព្រះ‌អង្គ​បាន​ប្រទាន​ទង់​ជ័យ​មួយ ដល់​ពួក​អ្នក​ដែល​កោត​ខ្លាច​ព្រះ‌អង្គ ដើម្បី​ឲ្យ​គេ​បាន​រត់​ទៅ​ទី​នោះ រួច​ផុត​ពីមុខ​ព្រួញ ។ –បង្អង់ សូម​សង្គ្រោះ​ដោយ​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ ហើយ​សូម​ឆ្លើយ​តប​យើង​ខ្ញុំ ផង ដើម្បី​ឲ្យ​ពួក​ស្ងួន‌ភ្ងា​របស់​ព្រះ‌អង្គ​បាន​រួច​ជីវិត។ ៙ ព្រះ‌ទ្រង់​មាន​ព្រះ‌បន្ទូល​នៅ​ក្នុង​ទី​បរិសុទ្ធ របស់​ព្រះ‌អង្គ​ថា «យើង​នឹង​បែង​ចែក​ក្រុង​ស៊ីគែម​ដោយ​អំណរ ហើយ​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូថ។ កាឡាត​ជា​ទឹក​ដី​របស់​យើង ហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ អេប្រាអិម​ជា​មួក​ដែក​របស់​យើង យូដា​ជា​ដំបង​រាជ្យ​របស់​យើង។ ស្រុក​ម៉ូអាប់​ជា​អាង​លាង​សម្អាត​របស់​យើង ហើយ​យើង​នឹង​បោះ​ស្បែក​ជើង​យើង ទៅ​លើ​ស្រុក​អេដុម យើងនឹង​ស្រែក​ប្រកាស​ជ័យជម្នះ លើស្រុក​ភីលី​ស្ទីន»។ ៙ តើ​អ្នក​ណា​នឹង​នាំ​ទូល‌បង្គំ ចូល​ទៅ​ក្នុង​ទី​ក្រុង​មាំ‌មួន​បាន? តើ​អ្នក​ណា​នឹង​នាំ​ទូល‌បង្គំ​ចូល​ទៅ​ស្រុក​អេដុម? ឱ​ព្រះ​អើយ តើ​មិន​មែន​ព្រះ‌អង្គ​ទេ​ឬ ដែល​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ? ឱ​ព្រះ​អើយ ព្រះ‌អង្គ​មិន​យាង​ចេញ​ទៅ​ជា​មួយ កង‌ទ័ព​របស់​យើង​ខ្ញុំ​ទៀត​ឡើយ។ ឱ​សូម​ប្រោស​ប្រទាន​ជំនួយ​ឲ្យ​យើង​ខ្ញុំ ទាស់​នឹង​ពួក​សត្រូវ​ផង ដ្បិត​ជំនួយ​របស់​មនុស្ស​ឥត​ប្រយោជន៍​ទេ។ ដោយ​ព្រះ​ចេស្ដា​របស់​ព្រះ យើង​ខ្ញុំ​នឹង​តស៊ូ​យ៉ាង​រឹង‌ប៉ឹង គឺ​ព្រះ‌អង្គ​ហើយ ដែល​នឹង​ជាន់​ឈ្លី ពួក​សត្រូវ​យើង​ខ្ញុំ។

ទំនុកតម្កើង 60:1-12 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​ទ័ព ទោះ​បី​ព្រះអង្គ​ទ្រង់​ព្រះ‌ពិរោធ​នឹង​យើង​ខ្ញុំ​ក៏​ដោយ ព្រះអង្គ​អើយ សូម​ស្រោច​ស្រង់​យើង​ខ្ញុំ​ឡើង​វិញ​ផង។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ផែនដី​រញ្ជួយ និង​ប្រេះ​ចេញ​ពី​គ្នា ឥឡូវ​នេះ សូម​ទ្រង់​ផ្សារ​ភ្ជាប់​ឡើង​វិញ​ផង ព្រោះ​ផែនដី​កំពុង​រង្គើ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ជួប​នឹង​ទុក្ខ​វេទនា​ដ៏​សែន​ពិបាក ព្រះអង្គ​បាន​ដាក់​ទោស​យើង​ខ្ញុំ ស្ទើរ​តែ​វង្វេង​ស្មារតី។ ព្រះអង្គ​ប្រទាន​ទង់​ជ័យ​ជា​សញ្ញា​ឲ្យ​អស់​អ្នក ដែល​គោរព​កោត​ខ្លាច​ព្រះអង្គ អាច​គេច​ផុត​ពី​បរា‌ជ័យ។ - សម្រាក សូម​យាង​មក​សង្គ្រោះ​យើង​ខ្ញុំ ដោយ​ឫទ្ធិ‌បារមី​របស់​ព្រះអង្គ សូម​ឆ្លើយ​តប​នឹង​យើង​ខ្ញុំ​ផង ដើម្បី​ឲ្យ​ប្រជា‌ជន​ជា​ទី​ស្រឡាញ់ របស់​ព្រះអង្គ​បាន​រួច​ជីវិត។ ព្រះ‌ជាម្ចាស់​មាន​ព្រះ‌បន្ទូល ពី​ទីសក្ការៈ​របស់​ព្រះអង្គមក​ថា: «យើង​នឹង​យក​ជ័យ‌ជម្នះ យើង​នឹង​បែង​ចែក​ស្រុក​ស៊ីគែម យើង​នឹង​វាស់​ជ្រលង​ភ្នំ​ស៊ូកូត ចែក​ប្រជា‌រាស្ដ្រ​របស់​យើង។ កាឡាត​ជា​ទឹក​ដី​របស់​យើង ហើយ​ម៉ាណា‌សេ​ក៏​ជា​ទឹក​ដី​របស់​យើង​ដែរ អេប្រាអ៊ីម​ប្រៀប​ដូច​ជា​មួក​ដែក​របស់​យើង ហើយ​យូដា​ជា​ដំបង​រាជ្យ​របស់​យើង។ ទឹក​ដី​ម៉ូអាប់​ជា​កន្លែង​ដែល​យើង​លាង​ជើង យើង​បោះ​ស្បែក​ជើង​យើង​លើ​ទឹក​ដី​អេដុម ដើម្បី​បញ្ជាក់​ថា​យើង​ជា​ម្ចាស់​លើ​ទឹក​ដី​នេះ។ យើង​នឹង​ស្រែក​ប្រកាស​សង្គ្រាម​ប្រឆាំង​នឹង​ស្រុក​ភីលីស្ទីន!»។ តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ ក្នុង​ទីក្រុង​ដ៏​មាំ‌មួន​បាន? តើ​នរណា​អាច​នាំ​ខ្ញុំ​ចូល​ទៅ​ស្រុក​អេដុម? ឱ​ព្រះ‌ជាម្ចាស់​អើយ! មាន​តែ​ព្រះអង្គ​ទេ​ដែល​អាច​នាំ​យើង​ខ្ញុំ ក៏​ប៉ុន្តែ ព្រះអង្គ​បាន​បោះ​បង់​ចោល​យើង​ខ្ញុំ ព្រះអង្គ​ឈប់​យាង​ទៅ​ជា​មួយ កង‌ទ័ព​យើង​ខ្ញុំ​ទៀត​ហើយ។ សូម​ជួយ​យើង​ខ្ញុំ​ឲ្យ​ប្រឆាំង​តទល់ នឹង​ពួក​សត្រូវ​ផង ដ្បិត​ការ​សង្គ្រោះ​មក​ពី​មនុស្ស​លោក ឥត​ប្រយោជន៍​អ្វី​សោះ។ បើ​ព្រះ‌ជាម្ចាស់​គង់​នៅ​ជា​មួយ​យើង នោះ​យើង​នឹង​មាន​ជ័យ‌ជម្នះ ដ្បិត​ព្រះអង្គ​នឹង​បង្ក្រាប​បច្ចា‌មិត្ត របស់​យើង​ឲ្យ​រាប។

ទំនុកតម្កើង 60:1-12 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អង្គ​អើយ ទ្រង់​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ ទ្រង់​បាន​ទំលាយ​ទំលុះ​យើង​ខ្ញុំ​ហើយ ទ្រង់​បាន​មាន​សេចក្ដី​ខ្ញាល់ ឱ​សូម​ឲ្យ​យើង​ខ្ញុំ​បាន​ដូច​ដើម​វិញ ទ្រង់​បាន​ធ្វើ​ឲ្យ​ស្រុក​ញាប់‌ញ័រ ព្រម​ទាំង​បំបែក​ចេញ​ផង សូម​កែ​ទី​ធ្លុះ‌ធ្លាយ​ឡើង​វិញ ដ្បិត​កំពុង​តែ​ទ្រេត‌ទ្រោត​ទៅ ទ្រង់​បាន​ធ្វើ​ឲ្យ​រាស្ត្រ​ទ្រង់​ឃើញ​ការ​ពិបាក​ណាស់ ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ផឹក​ស្រា​ជា​សេចក្ដី​ងេង‌ងោង តែ​ទ្រង់​បាន​ប្រទាន​ទង់‌ជ័យ​១​ដល់​ពួក​អ្នក​ដែល​កោត ខ្លាច​ទ្រង់ ដើម្បី​ឲ្យ​បាន​លើក​ឡើង​ឲ្យ​ឃើញ ដោយ​ព្រោះ​សេចក្ដី​ពិត។ –បង្អង់ ៙ សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ដោយ‌សារ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់ ហើយ​ស្តាប់​យើង​ផង ដើម្បី​ឲ្យ​អ្នក​ស្ងួន‌ភ្ងា​របស់​ទ្រង់ បាន​សេចក្ដី​ប្រោស​ឲ្យ​រួច ព្រះ​ទ្រង់​បាន​មាន​បន្ទូល​ដោយ​សេចក្ដី​បរិសុទ្ធ របស់​ទ្រង់​ហើយ យើង​នឹង​ត្រេក‌អរ​ឡើង យើង​នឹង​បែង​ចែក​ក្រុង​ស៊ីគែម ហើយ​នឹង​វាស់​ច្រក​ភ្នំ​សិកូត ឯ​ស្រុក​កាឡាត​ជា​របស់​ផង​យើង ហើយ​ខេត្ត​ម៉ាន៉ាសេ​ផង ខេត្ត​អេប្រា‌អិម​ជា​ទី​មាំ‌មួន​ដែល​ការ‌ពារ​ក្បាល​យើង ហើយ​ស្រុក​យូដា​ជា​អ្នក​តែង​ច្បាប់​របស់​យើង ស្រុក​ម៉ូអាប់​ជា​អាង​សំរាប់​ឲ្យ​យើង​ងូត​ទឹក ហើយ​យើង​នឹង​បោះ​ស្បែក​ជើង​ទៅ​លើ​ស្រុក​អេដំម នែ ស្រុក​ភីលីស្ទីន ចូរ​ស្រែក​ហ៊ោ​ឡើង ដោយ​ព្រោះ​យើង។ ៙ តើ​អ្នក​ណា​នឹង​នាំ​ទូលបង្គំ​ចូល​ក្នុង​ទី​ក្រុង​មាំ‌មួន​បាន តើ​អ្នក​ណា​នឹង​នាំ​ទូលបង្គំ​ទៅ​ឯ​ស្រុក​អេដំម ឱ​ព្រះ‌អង្គ​អើយ តើ​មិន​មែន​ទ្រង់​ទេ​ឬ​អី ដែល​ទ្រង់​បាន​ចោល​យើង​ខ្ញុំ​ហើយ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ក៏​មិន​យាង​ចេញ​ទៅ​ជា​មួយ​នឹង ពល‌ទ័ព​របស់​យើង​ខ្ញុំ​ទៀត​ដែរ សូម​ទ្រង់​ប្រោស​មេត្តា​ជួយ​យើង​ខ្ញុំ​ទាស់​នឹង​ពួក​សត្រូវ ដ្បិត​សេចក្ដី​ជំនួយ​របស់​មនុស្ស នោះ​ឥត​ប្រយោជន៍​ទេ ដោយ​ពឹង​ដល់​ព្រះនោះ​យើង​ខ្ញុំ​នឹង​តស៊ូ​យ៉ាង​រឹង‌ប៉ឹង​វិញ ដ្បិត​គឺ​ទ្រង់​ហើយ ដែល​នឹង​ជាន់​ឈ្លី​ពួក​សត្រូវ របស់​យើង​ខ្ញុំ​បង់។