ទំនុកតម្កើង 6:3-6 - Compare All Versions

ទំនុកតម្កើង 6:3-6 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)

ចិត្ត​គំនិត​ទូលបង្គំ​តប់‌ប្រមល់​ជា​ខ្លាំង ព្រះ‌អម្ចាស់​អើយ តើ​ទុក​ឲ្យ​ទូលបង្គំ​នៅ​ដូច្នេះ ដល់​កាល​ណា​ទៀត? ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​យាង​មក​វិញ ហើយ​សង្គ្រោះ​ទូលបង្គំ​ផង សូម​រំដោះ​ទូលបង្គំ ដោយ​ព្រះ‌ហឫទ័យ​សប្បុរស ដ្បិត​ពេល​ស្លាប់​ផុត​ទៅ​ហើយ គ្មាន​នរណា​អាច​នឹក​ដល់​ព្រះអង្គ​បាន​ទៀត​ទេ ពុំ​ដែល​មាន​នរណា​សរសើរ​តម្កើង​ព្រះអង្គ នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់​ឡើយ។ ទូលបង្គំ​ស្រែក​ថ្ងូរ ហើយ​កាន់​តែ​ល្វើយ​ទៅៗ។ រៀង​រាល់​យប់ ទូលបង្គំ​យំ​សោក​នៅ​លើ​គ្រែ ហើយ​បង្ហូរ​ទឹក​ភ្នែក​ជោក​ខ្នើយ។

ទំនុកតម្កើង 6:3-6 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)

ព្រលឹង​ទូលបង្គំ​ក៏​ថប់​បារម្ភ​ជា​ខ្លាំង​ដែរ ឯ​ទ្រង់ ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​យាង​មក​វិញ ហើយ​ប្រោស​ព្រលឹង​ទូលបង្គំ​ឲ្យ​រួច សូម​ទ្រង់​ជួយ​សង្គ្រោះ​ទូលបង្គំ ដោយ​យល់​ដល់​សេចក្ដី​សប្បុរស​នៃ​ទ្រង់ ដ្បិត​ក្នុង​មរណ‌ភាព គ្មាន​សេចក្ដី​នឹក​ចាំ​ពី​ទ្រង់​ទៀត​ឡើយ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ នោះ​តើ​អ្នក​ណា​នឹង​សរសើរ​ដល់​ទ្រង់ ទូលបង្គំ​អស់​កំឡាំង ដោយ​ថ្ងូរ ដំណេក​ទូលបង្គំ​ត្រូវ​ទទឹក​ជោក​ទាល់​ភ្លឺ ទឹក​ភ្នែក​ទូលបង្គំ​ហូរ​ស្រោច​ដាប​គ្រែ

ទំនុកតម្កើង 6:3-6 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)

ព្រលឹង​ទូល‌បង្គំ​ថប់​ព្រួយ​ជា​ខ្លាំង ឱ​ព្រះ‌យេហូវ៉ា​អើយ តើ​ដល់​កាល​ណា​ទៀត? ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ព្រះ‌អង្គ​យាង​មក​វិញ សូម​រំដោះ​ជីវិត​ទូល‌បង្គំ​ផង សូម​សង្គ្រោះ​ទូល‌បង្គំ ដោយ​យល់​ដល់ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ។ ដ្បិត​ពេល​ស្លាប់​ផុត​ទៅហើយ គ្មាន​សេចក្ដី​នឹក​ចាំ​ពី​ព្រះ‌អង្គ​ទៀត​ទេ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ តើ​អ្នក​ណា​អាច​សរសើរ​ព្រះ‌អង្គ​បាន? ទូល‌បង្គំ​ស្រែក​ថ្ងូរ ហើយ​អស់​កម្លាំង រាល់​យប់​ទឹក​ភ្នែក​ទូល‌បង្គំ​ហូរជោក​គ្រែ ខ្នើយ​ទូល‌បង្គំ​ជោក​ជាំ ដោយ​សំណោក​របស់​ទូល‌បង្គំ។