ទំនុកតម្កើង 6:1-10
ទំនុកតម្កើង 6:1-10 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះយេហូវ៉ាអើយ សូមកុំបន្ទោសទូលបង្គំ ក្នុងកាលដែលព្រះអង្គខ្ញាល់ ក៏កុំវាយផ្ចាលទូលបង្គំ ក្នុងកាលដែលព្រះអង្គក្រោធនោះដែរ! ឱព្រះយេហូវ៉ាអើយ សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំខ្សោយណាស់ហើយ ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជាផង ដ្បិតឆ្អឹងរបស់ទូលបង្គំញ័ររន្ធត់ញាប់ញ័រ។ ព្រលឹងទូលបង្គំថប់ព្រួយជាខ្លាំង ឱព្រះយេហូវ៉ាអើយ តើដល់កាលណាទៀត? ឱព្រះយេហូវ៉ាអើយ សូមព្រះអង្គយាងមកវិញ សូមរំដោះជីវិតទូលបង្គំផង សូមសង្គ្រោះទូលបង្គំ ដោយយល់ដល់ ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ។ ដ្បិតពេលស្លាប់ផុតទៅហើយ គ្មានសេចក្ដីនឹកចាំពីព្រះអង្គទៀតទេ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ តើអ្នកណាអាចសរសើរព្រះអង្គបាន? ទូលបង្គំស្រែកថ្ងូរ ហើយអស់កម្លាំង រាល់យប់ទឹកភ្នែកទូលបង្គំហូរជោកគ្រែ ខ្នើយទូលបង្គំជោកជាំ ដោយសំណោករបស់ទូលបង្គំ។ ភ្នែកទូលបង្គំស្រវាំង ព្រោះតែថប់ព្រួយ ក៏ទៅជាខ្សោយ ព្រោះតែបច្ចាមិត្តរបស់ទូលបង្គំ។ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញពីខ្ញុំទៅ ដ្បិតព្រះយេហូវ៉ាបានស្តាប់សំឡេងយំរបស់ខ្ញុំ។ ព្រះយេហូវ៉ាបានស្តាប់ពាក្យដែលខ្ញុំទូលអង្វរ ព្រះយេហូវ៉ាទទួលពាក្យ ដែលខ្ញុំអធិស្ឋានហើយ។ ខ្មាំងសត្រូវរបស់ខ្ញុំទាំងប៉ុន្មាន នឹងត្រូវអៀនខ្មាស ហើយភ័យរន្ធត់ជាខ្លាំង គេនឹងថយចេញ ព្រមទាំងមានសេចក្ដីខ្មាសភ្លាមមួយរំពេច។
ទំនុកតម្កើង 6:1-10 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះអម្ចាស់អើយ ទោះបីព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំក្ដី សូមកុំដាក់ទោសទូលបង្គំឡើយ ទោះបីព្រះអង្គខ្ញាល់នឹងទូលបង្គំក្ដី ក៏សូមកុំធ្វើទោសទូលបង្គំដែរ! ព្រះអម្ចាស់អើយ សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតទូលបង្គំកាន់តែខ្សោយណាស់ហើយ ព្រះអម្ចាស់អើយ សូមប្រោសទូលបង្គំឲ្យជាផង ដ្បិតរូបកាយទូលបង្គំទាំងមូលញ័រញាក់។ ចិត្តគំនិតទូលបង្គំតប់ប្រមល់ជាខ្លាំង ព្រះអម្ចាស់អើយ តើទុកឲ្យទូលបង្គំនៅដូច្នេះ ដល់កាលណាទៀត? ព្រះអម្ចាស់អើយ សូមទ្រង់យាងមកវិញ ហើយសង្គ្រោះទូលបង្គំផង សូមរំដោះទូលបង្គំ ដោយព្រះហឫទ័យសប្បុរស ដ្បិតពេលស្លាប់ផុតទៅហើយ គ្មាននរណាអាចនឹកដល់ព្រះអង្គបានទៀតទេ ពុំដែលមាននរណាសរសើរតម្កើងព្រះអង្គ នៅក្នុងស្ថានមនុស្សស្លាប់ឡើយ។ ទូលបង្គំស្រែកថ្ងូរ ហើយកាន់តែល្វើយទៅៗ។ រៀងរាល់យប់ ទូលបង្គំយំសោកនៅលើគ្រែ ហើយបង្ហូរទឹកភ្នែកជោកខ្នើយ។ ទុក្ខកង្វល់បានធ្វើឲ្យទូលបង្គំស្លក់មុខ ភ្នែកទូលបង្គំក៏ប្រែទៅជាស្រវាំង ព្រោះតែបច្ចាមិត្តរបស់ទូលបង្គំ។ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរចៀសចេញឲ្យឆ្ងាយពីខ្ញុំទៅ ដ្បិតព្រះអម្ចាស់ ទ្រង់ព្រះសណ្ដាប់ឮសំឡេង យំសោករបស់ខ្ញុំហើយ។ ព្រះអម្ចាស់ទ្រង់ព្រះសណ្ដាប់ឮពាក្យ ទទូចអង្វររបស់ខ្ញុំ ព្រះអម្ចាស់ទទួលពាក្យអធិស្ឋានរបស់ខ្ញុំហើយ។ សូមឲ្យខ្មាំងសត្រូវទាំងប៉ុន្មានរបស់ខ្ញុំ ត្រូវអាម៉ាស់ និងញ័ររន្ធត់ ហើយឲ្យគេដកខ្លួនថយទៅវិញ ទាំងអៀនខ្មាសយ៉ាងខ្លាំង។
ទំនុកតម្កើង 6:1-10 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះយេហូវ៉ាអើយ សូមកុំបន្ទោសទូលបង្គំ ក្នុងកាលដែលទ្រង់ខ្ញាល់ ហើយកាលណាទ្រង់មានព្រះហឫទ័យឃោរឃៅ នោះសូមកុំផ្ចាញ់ផ្ចាលទូលបង្គំឡើយ ឱព្រះយេហូវ៉ាអើយ សូមប្រោសមេត្តាដល់ទូលបង្គំផង ដ្បិតទូលបង្គំខ្សោយ ឱព្រះយេហូវ៉ាអើយ សូមប្រោសទូលបង្គំឲ្យជា ដ្បិតឆ្អឹងទូលបង្គំញ័ររន្ធត់ ព្រលឹងទូលបង្គំក៏ថប់បារម្ភជាខ្លាំងដែរ ឯទ្រង់ ឱព្រះយេហូវ៉ាអើយ តើដល់កាលណា ឱព្រះយេហូវ៉ាអើយ សូមទ្រង់យាងមកវិញ ហើយប្រោសព្រលឹងទូលបង្គំឲ្យរួច សូមទ្រង់ជួយសង្គ្រោះទូលបង្គំ ដោយយល់ដល់សេចក្ដីសប្បុរសនៃទ្រង់ ដ្បិតក្នុងមរណភាព គ្មានសេចក្ដីនឹកចាំពីទ្រង់ទៀតឡើយ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ នោះតើអ្នកណានឹងសរសើរដល់ទ្រង់ ទូលបង្គំអស់កំឡាំង ដោយថ្ងូរ ដំណេកទូលបង្គំត្រូវទទឹកជោកទាល់ភ្លឺ ទឹកភ្នែកទូលបង្គំហូរស្រោចដាបគ្រែ ភ្នែកទូលបង្គំស្រវាំងទៅ ដោយថប់ព្រួយ ក៏ទៅជាចាស់ ដោយព្រោះពួកដែលតតាំងនឹងទូលបង្គំ។ ៙ នែ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិតអើយ ចូរថយចេញពីអញទៅ ដ្បិតព្រះយេហូវ៉ាទ្រង់បានស្តាប់សំឡេងអញយំ ព្រះយេហូវ៉ាបានស្តាប់ពាក្យដែលអញទូលអង្វរហើយ ព្រះយេហូវ៉ាទ្រង់នឹងទទួលពាក្យដែលអញអធិស្ឋានផង អស់ពួកខ្មាំងសត្រូវរបស់អញនឹងត្រូវអៀនខ្មាស ហើយថប់បារម្ភជាខ្លាំង គេនឹងថយចេញ ព្រមទាំងមានសេចក្ដីខ្មាសភ្លាម១រំពេច។