ទំនុកតម្កើង 55:16-19

ទំនុកតម្កើង 55:16-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

រីឯ​ខ្ញុំ​វិញ ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ ហើយ​ព្រះ‌យេហូវ៉ា​នឹង​សង្គ្រោះ​ខ្ញុំ។ ខ្ញុំ​អធិស្ឋាន ហើយ​ស្រែក​ថ្ងូរ ទាំង​ល្ងាច ទាំង​ព្រឹក ហើយ​ទាំង​ថ្ងៃ​ត្រង់ ហើយ​ព្រះ‌អង្គ​ទ្រង់​ព្រះ‌សណ្ដាប់​សំឡេង​ខ្ញុំ។ ព្រះ‌អង្គ​នឹងប្រោស​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​សឹក​សង្គ្រាម ដោយ​សុខ‌សាន្ត ដ្បិត​មាន​មនុស្សជា​ច្រើន​លើក​គ្នា​ទាស់​ខ្ញុំ។ ព្រះ​ដែល​គង់​នៅ​តាំង​ពី​អស់​កល្ប -​បង្អង់ ព្រះ‌អង្គ​នឹង​ស្ដាប់ ហើយ​ព្រះ‌អង្គ​នឹង​បំបាក់​មុខ​គេ ព្រោះ​គេ​មិន​ប្រែ​ចិត្ត ក៏​មិន​កោត​ខ្លាច​ព្រះ​ឡើយ។

ទំនុកតម្កើង 55:16-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

រីឯ​ខ្ញុំ​វិញ ខ្ញុំ​ស្រែក​អង្វរ​ព្រះ‌ជាម្ចាស់ ហើយ​ព្រះ‌អម្ចាស់​នឹង​សង្គ្រោះ​ខ្ញុំ។ ខ្ញុំ​ស្រែក​ថ្ងូរ និង​ទទូច​អង្វរ​ព្រះអង្គ ទាំង​ព្រឹក ទាំង​ថ្ងៃ​ត្រង់ ទាំង​ល្ងាច ហើយ​ព្រះអង្គ​ទ្រង់​ព្រះ‌សណ្ដាប់​ពាក្យ​ខ្ញុំ។ ទោះ​បី​មាន​ខ្មាំង​សត្រូវ​លើក​គ្នា សន្ធឹក​សន្ធាប់​មក​វាយ​ប្រហារ​ខ្ញុំ​ក្ដី ក៏​ព្រះអង្គ​រំដោះ​ខ្ញុំ​ឲ្យ​បាន​សុខ‌សាន្ត​ដែរ។ ព្រះ‌ជាម្ចាស់​គ្រង​រាជ្យ​តាំង​ពី​អស់‌កល្ប​រៀង​មក សូម​ព្រះអង្គ​ស្ដាប់​ពាក្យ​ខ្ញុំ ហើយ​បំបាក់​មុខ​ពួក​គេ​ទៅ - សម្រាក អ្នក​ទាំង​នោះ​មិន​ដូរ​គំនិត​ឡើយ គឺ​ពួក​គេ​មិន គោរព​កោត​ខ្លាច​ព្រះ‌ជាម្ចាស់​ទាល់​តែ​សោះ។

ទំនុកតម្កើង 55:16-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចំណែក​ខ្ញុំ​នឹង​អំពាវ‌នាវ​ដល់​ព្រះ ហើយ​ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​សង្គ្រោះ​ខ្ញុំ ខ្ញុំ​នឹង​អធិស្ឋាន ហើយ​ស្រែក​ថ្ងូរ ទាំង​ពេល​ល្ងាច ពេល​ព្រឹក នឹង​ថ្ងៃ​ត្រង់​ផង ហើយ​ទ្រង់​នឹង​ស្តាប់​សំឡេង​ខ្ញុំ​ជា​មិន​ខាន ទ្រង់​បាន​ដោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​សឹក​សង្គ្រាម ដោយ​សុខ‌សាន្ត ដ្បិត​មាន​គេ​ទាស់​ទទឹងនឹង​ខ្ញុំ​ជា​ច្រើន ព្រះ​ទ្រង់​នឹង​ឮហើយ​នឹង​ធ្វើ​សប​ដល់​គេ គឺ​ជា​ព្រះ​ដែល​គង់​នៅ​តាំង​ពី​អស់‌កល្ប រៀង​មក​នោះ​ហើយ។ –បង្អង់ ៙ គេ​មិន​ព្រម​ប្រែ​ចិត្ត​សោះ ក៏​មិន​កោត‌ខ្លាច​ដល់​ព្រះ​ដែរ