ទំនុកតម្កើង 53:1-6
ទំនុកតម្កើង 53:1-6 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មនុស្សល្ងង់ខ្លៅគិតក្នុងចិត្តថា «គ្មានព្រះទេ» គេជាមនុស្សខូចអាក្រក់ គេប្រព្រឹត្តអំពើដែលគួរស្អប់ខ្ពើម ឥតមានអ្នកណាម្នាក់ដែលប្រព្រឹត្តល្អសោះ។ ព្រះទតមើលពីស្ថានសួគ៌ មកលើពួកកូនមនុស្ស ដើម្បីរកមើលក្រែងមានអ្នកណាដែលមានប្រាជ្ញា គឺអ្នកដែលស្វែងរកព្រះ។ គេទាំងអស់គ្នាបានវង្វេងចេញ គេត្រឡប់ជាពុករលួយទាំងអស់គ្នា គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង ។ អស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត តើគេគ្មានប្រាជ្ញាទេឬ? គេជាអ្នកដែលស៊ីប្រជារាស្ត្ររបស់យើង ដូចជាស៊ីអាហារ ហើយមិនដែលអំពាវនាវរកព្រះសោះ។ គេមានសេចក្ដីភ័យខ្លាចជាខ្លាំង គឺភ័យខ្លាច នៅកន្លែងដែលគ្មានហេតុភ័យខ្លាច ដ្បិតព្រះនឹងកម្ចាត់កម្ចាយឆ្អឹង របស់ពួកអ្នកដែលបោះទ័ពទាស់នឹងអ្នក អ្នកនឹងធ្វើឲ្យគេអាម៉ាស់ ដ្បិតព្រះបដិសេធមិនទទួលគេឡើយ។ ឱ សូមឲ្យការសង្គ្រោះដល់សាសន៍អ៊ីស្រាអែល ចេញពីក្រុងស៊ីយ៉ូនមកទៅអេះ! ពេលព្រះប្រោសឲ្យប្រជារាស្ត្រព្រះអង្គ ងើបមុខឡើងវិញ នោះសូមឲ្យយ៉ាកុបបានត្រេកអរ ហើយសូមឲ្យអ៊ីស្រាអែលរីករាយឡើង។
ទំនុកតម្កើង 53:1-6 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
មនុស្សឥតគំនិតតែងតែរិះគិតថា «គ្មានព្រះជាម្ចាស់ទេ»។ ពួកគេជាមនុស្សពាល ហើយនាំគ្នាប្រព្រឹត្តអំពើព្រៃផ្សៃ គឺគ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះ។ ពីស្ថានបរមសុខ ព្រះជាម្ចាស់ទតមើលមកមនុស្សលោក ក្រែងលោមាននរណាម្នាក់មានប្រាជ្ញា ស្វែងរកព្រះអង្គ។ ក៏ប៉ុន្តែ ពួកគេសុទ្ធតែវង្វេងទាំងអស់គ្នា ពួកគេរួមគ្នាប្រព្រឹត្តអំពើពុករលួយ គ្មាននរណាប្រព្រឹត្តអំពើល្អទាល់តែសោះ សូម្បីតែម្នាក់ក៏គ្មានផង។ ព្រះជាម្ចាស់មានព្រះបន្ទូលថា «តើអស់អ្នកដែលប្រព្រឹត្តអំពើទុច្ចរិត ពិតជាមិនយល់អ្វីទាំងអស់ឬ? ពួកគេចិញ្ចឹមជីវិត ដោយកេងប្រវ័ញ្ចប្រជារាស្ដ្ររបស់យើង ហើយមិនដែលគោរពបម្រើយើងទាល់តែសោះ»។ ទោះបីគ្មានមូលហេតុអ្វីគួរឲ្យភ័យខ្លាច ក៏ដោយ ក៏គេនាំគ្នាភ័យញាប់ញ័រដែរ ដ្បិតព្រះជាម្ចាស់ធ្វើឲ្យខ្មាំងសត្រូវ របស់ប្រជារាស្ដ្រព្រះអង្គស្លាប់ចោលឆ្អឹង ពួកគេនឹងត្រូវអាម៉ាស់មុខ ព្រោះព្រះជាម្ចាស់បានកម្ចាត់កម្ចាយពួកគេ។ សូមឲ្យព្រះអង្គដែលគង់នៅក្រុងស៊ីយ៉ូន សង្គ្រោះជនជាតិអ៊ីស្រាអែល! ពេលព្រះជាម្ចាស់នាំប្រជារាស្ដ្ររបស់ព្រះអង្គ ដែលជាឈ្លើយមកស្រុកវិញ កូនចៅរបស់លោកយ៉ាកុបនឹង បានត្រេកអរយ៉ាងខ្លាំង ប្រជារាស្ដ្រអ៊ីស្រាអែលនឹងមានអំណរ សប្បាយដ៏លើសលុប។
ទំនុកតម្កើង 53:1-6 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មនុស្សល្ងង់ខ្លៅបានគិតក្នុងចិត្តថា គ្មានព្រះឡើយ គេសុទ្ធតែជាមនុស្សខូចអាក្រក់ ហើយបានប្រព្រឹត្តការទុច្ចរិតគួរស្អប់ខ្ពើម ឥតមានអ្នកណាមួយដែលប្រព្រឹត្តល្អសោះ ព្រះទ្រង់បានទតមើលពីលើស្ថានសួគ៌ ចំពោះពួកកូនមនុស្ស ដើម្បីឲ្យបានជ្រាបថា មានអ្នកណាខ្លះដែលមានគំនិត គឺដែលស្វែងរកព្រះឬទេ គ្រប់គ្នាបានវង្វេងចេញ បានត្រឡប់ទៅជា ស្មោកគ្រោកទាំងអស់ គ្មានអ្នកណាមួយដែលប្រព្រឹត្តល្អឡើយ សូម្បីតែម្នាក់ក៏គ្មានផង ឯអស់អ្នកដែលប្រព្រឹត្តទុច្ចរិតដូច្នេះ តើគ្មានប្រាជ្ញាទេឬ ជាពួកអ្នកដែលស៊ីរាស្ត្រអញ ដូចជាស៊ីអាហារ ហើយមិនដែលអំពាវនាវដល់ព្រះឡើយ យ៉ាងនោះ គេមានសេចក្ដីភ័យជាខ្លាំង នៅកន្លែងដែល ឥតមានហេតុគួរឲ្យភ័យផង ដ្បិតព្រះទ្រង់បានកំចាត់កំចាយឆ្អឹង របស់ពួកអ្នកដែល បោះទ័ពទាស់នឹងឯង ឯងបានធ្វើឲ្យគេអៀនខ្មាស ដោយព្រោះព្រះបាន លះចោលគេហើយ ឱបើសិនជាសេចក្ដីសង្គ្រោះនៃសាសន៍អ៊ីស្រាអែល បានចេញពីស៊ីយ៉ូនមកទៅអេះ កាលណាព្រះទ្រង់នាំពួកឈ្លើយនៃរាស្ត្រទ្រង់មកវិញ នោះយ៉ាកុបនឹងអរសប្បាយឡើង ហើយអ៊ីស្រាអែលនឹងរីករាយសាទរ។