ទំនុកតម្កើង 51:6-9
ទំនុកតម្កើង 51:6-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មើល៍ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីពិត នៅក្នុងជម្រៅចិត្តមនុស្ស ហើយព្រះអង្គបង្រៀនឲ្យទូលបង្គំមានប្រាជ្ញា នៅក្នុងចិត្តដែលលាក់កំបាំង។ សូមជម្រះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមលាងសម្អាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងហិមៈ ។ សូមឲ្យទូលបង្គំបានឮពីសេចក្ដីត្រេកអរ និងសេចក្ដីរីករាយ សូមឲ្យឆ្អឹងដែលព្រះអង្គបានបំបាក់ អរសប្បាយឡើងវិញ។ សូមបាំងព្រះភក្ត្រព្រះអង្គ ចេញពីអំពើបាបរបស់ទូលបង្គំ ហើយលុបបំបាត់អំពើទុច្ចរិតទាំងប៉ុន្មាន របស់ទូលបង្គំទៅ។
ទំនុកតម្កើង 51:6-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យ នឹងសេចក្ដីពិតនៅក្នុងជម្រៅចិត្តមនុស្ស។ សូមប្រោសប្រទានឲ្យទូលបង្គំ មានប្រាជ្ញានៅក្នុងជម្រៅដួងចិត្តផង! សូមជម្រះទូលបង្គំ ដោយស្លឹកហ៊ីសុប* នោះទូលបង្គំនឹងបានបរិសុទ្ធ សូមលាងសម្អាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត។ សូមប្រាប់ឲ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ នោះទូលបង្គំមានអំណរសប្បាយ ហើយចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងបានរីករាយឡើងវិញ។ ព្រះអង្គអើយ សូមកុំទតមើល អំពើបាបរបស់ទូលបង្គំឡើយ តែសូមលុបបំបាត់កំហុសទាំងប៉ុន្មាន របស់ទូលបង្គំទៅ។
ទំនុកតម្កើង 51:6-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល ទ្រង់ប្រាថ្នាចង់បានសេចក្ដីពិតនៅចំណែកខាងក្នុង ហើយគឺនៅទីលាក់កំបាំងខាងក្នុង ដែលទ្រង់នឹងធ្វើ ឲ្យទូលបង្គំស្គាល់ប្រាជ្ញាដែរ សូមជំរះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមដុសលាងទូលបង្គំ នោះនឹងបានសជាងហិមៈ សូមឲ្យទូលបង្គំបានឮសេចក្ដីអំណរ នឹងសេចក្ដីរីករាយ នោះអស់ទាំងឆ្អឹងដែលទ្រង់បានបំបាក់បំបែក នឹងបានអរសប្បាយវិញ សូមបាំងព្រះភក្ត្រទ្រង់ចេញពីអំពើបាបរបស់ទូលបង្គំ ហើយលុបគ្រប់ទាំងអំពើទុច្ចរិតរបស់ទូលបង្គំចេញ