ទំនុកតម្កើង 51:6-14
ទំនុកតម្កើង 51:6-14 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
មើល៍ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីពិត នៅក្នុងជម្រៅចិត្តមនុស្ស ហើយព្រះអង្គបង្រៀនឲ្យទូលបង្គំមានប្រាជ្ញា នៅក្នុងចិត្តដែលលាក់កំបាំង។ សូមជម្រះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមលាងសម្អាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងហិមៈ ។ សូមឲ្យទូលបង្គំបានឮពីសេចក្ដីត្រេកអរ និងសេចក្ដីរីករាយ សូមឲ្យឆ្អឹងដែលព្រះអង្គបានបំបាក់ អរសប្បាយឡើងវិញ។ សូមបាំងព្រះភក្ត្រព្រះអង្គ ចេញពីអំពើបាបរបស់ទូលបង្គំ ហើយលុបបំបាត់អំពើទុច្ចរិតទាំងប៉ុន្មាន របស់ទូលបង្គំទៅ។ ឱព្រះអើយ សូមបង្កើតចិត្តបរិសុទ្ធ នៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង។ សូមកុំបោះបង់ទូលបង្គំ ចេញពីព្រះវត្តមានព្រះអង្គ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធ របស់ព្រះអង្គ ចេញពីទូលបង្គំឡើយ។ សូមប្រោសប្រទានឲ្យទូលបង្គំ មានអំណរចំពោះការសង្គ្រោះ របស់ព្រះអង្គឡើងវិញ ហើយសូមជួយទូលបង្គំ ឲ្យមានវិញ្ញាណដែលព្រមធ្វើតាម។ នោះទូលបង្គំនឹងបង្រៀនពីផ្លូវរបស់ព្រះអង្គ ដល់មនុស្សដែលប្រព្រឹត្តអំពើរំលង ហើយមនុស្សបាបនឹងវិលត្រឡប់មករកព្រះអង្គ។ ឱព្រះ ជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំអើយ សូមរំដោះទូលបង្គំឲ្យរួចពីទោសកម្ចាយឈាម នោះអណ្ដាតទូលបង្គំនឹងស្រែកច្រៀង អំពីសេចក្ដីសុចរិតរបស់ព្រះអង្គ។
ទំនុកតម្កើង 51:6-14 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យ នឹងសេចក្ដីពិតនៅក្នុងជម្រៅចិត្តមនុស្ស។ សូមប្រោសប្រទានឲ្យទូលបង្គំ មានប្រាជ្ញានៅក្នុងជម្រៅដួងចិត្តផង! សូមជម្រះទូលបង្គំ ដោយស្លឹកហ៊ីសុប* នោះទូលបង្គំនឹងបានបរិសុទ្ធ សូមលាងសម្អាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត។ សូមប្រាប់ឲ្យទូលបង្គំដឹងថា ព្រះអង្គអត់ទោសទូលបង្គំហើយ នោះទូលបង្គំមានអំណរសប្បាយ ហើយចិត្តសោកសង្រេងរបស់ទូលបង្គំ នឹងបានរីករាយឡើងវិញ។ ព្រះអង្គអើយ សូមកុំទតមើល អំពើបាបរបស់ទូលបង្គំឡើយ តែសូមលុបបំបាត់កំហុសទាំងប៉ុន្មាន របស់ទូលបង្គំទៅ។ ឱព្រះជាម្ចាស់អើយ! សូមប្រោសប្រទានឲ្យទូលបង្គំមានចិត្តបរិសុទ្ធ សូមប្រទានចិត្តគំនិតថ្មីដ៏រឹងប៉ឹងមកទូលបង្គំផង។ សូមកុំបោះបង់ទូលបង្គំឲ្យនៅឆ្ងាយពីព្រះអង្គ សូមកុំដកព្រះវិញ្ញាណដ៏វិសុទ្ធ របស់ព្រះអង្គចេញពីទូលបង្គំឡើយ។ សូមប្រោសប្រទានឲ្យទូលបង្គំមានអំណរ ព្រោះតែព្រះអង្គសង្គ្រោះទូលបង្គំ សូមគាំទ្រទូលបង្គំ ដោយប្រទានឲ្យទូលបង្គំ មានចិត្តទូលាយមកពីព្រះវិញ្ញាណ។ ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ទាំងឡាយឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។ ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃទូលបង្គំ សូមរំដោះទូលបង្គំឲ្យរួចពីស្លាប់ នោះទូលបង្គំនឹងប្រកាសអំពីសេចក្ដីសុចរិត របស់ព្រះអង្គដោយអំណរ។
ទំនុកតម្កើង 51:6-14 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
មើល ទ្រង់ប្រាថ្នាចង់បានសេចក្ដីពិតនៅចំណែកខាងក្នុង ហើយគឺនៅទីលាក់កំបាំងខាងក្នុង ដែលទ្រង់នឹងធ្វើ ឲ្យទូលបង្គំស្គាល់ប្រាជ្ញាដែរ សូមជំរះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមដុសលាងទូលបង្គំ នោះនឹងបានសជាងហិមៈ សូមឲ្យទូលបង្គំបានឮសេចក្ដីអំណរ នឹងសេចក្ដីរីករាយ នោះអស់ទាំងឆ្អឹងដែលទ្រង់បានបំបាក់បំបែក នឹងបានអរសប្បាយវិញ សូមបាំងព្រះភក្ត្រទ្រង់ចេញពីអំពើបាបរបស់ទូលបង្គំ ហើយលុបគ្រប់ទាំងអំពើទុច្ចរិតរបស់ទូលបង្គំចេញ ឱព្រះអង្គអើយ សូមបង្កើតចិត្តបរិសុទ្ធនៅក្នុងទូលបង្គំ ហើយកែវិញ្ញាណក្នុងទូលបង្គំឲ្យត្រឹមត្រូវឡើង សូមកុំចោលទូលបង្គំចេញពីចំពោះទ្រង់ ហើយកុំដកយកព្រះវិញ្ញាណបរិសុទ្ធរបស់ទ្រង់ ចេញពីទូលបង្គំឡើយ សូមឲ្យទូលបង្គំមានចិត្តរីករាយចំពោះសេចក្ដីសង្គ្រោះ នៃទ្រង់ឡើងវិញ ហើយទប់ទល់ទូលបង្គំដោយព្រះវិញ្ញាណដ៏សទ្ធានៃទ្រង់ នោះទូលបង្គំនឹងបង្រៀនពីអស់ទាំងផ្លូវនៃទ្រង់ ដល់មនុស្សដែលប្រព្រឹត្តអំពើរំលង ដូច្នេះ នឹងមានមនុស្សបាបប្រែចិត្តត្រឡប់មកឯទ្រង់ ឱព្រះអង្គ ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ សូមដោះទូលបង្គំឲ្យរួចពីទោសកំចាយឈាម នោះអណ្តាតទូលបង្គំនឹងបន្លឺសំឡេង ច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់