ទំនុកតម្កើង 51:13-19
ទំនុកតម្កើង 51:13-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
នោះទូលបង្គំនឹងបង្រៀនពីផ្លូវរបស់ព្រះអង្គ ដល់មនុស្សដែលប្រព្រឹត្តអំពើរំលង ហើយមនុស្សបាបនឹងវិលត្រឡប់មករកព្រះអង្គ។ ឱព្រះ ជាព្រះដ៏ជួយសង្គ្រោះរបស់ទូលបង្គំអើយ សូមរំដោះទូលបង្គំឲ្យរួចពីទោសកម្ចាយឈាម នោះអណ្ដាតទូលបង្គំនឹងស្រែកច្រៀង អំពីសេចក្ដីសុចរិតរបស់ព្រះអង្គ។ ឱព្រះអម្ចាស់អើយ សូមបើកបបូរមាត់ទូលបង្គំ នោះមាត់ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ។ ដ្បិតព្រះអង្គមិនសព្វព្រះហឫទ័យ នឹងយញ្ញបូជាទេ ប្រសិនបើទូលបង្គំត្រូវថ្វាយតង្វាយដុត នោះក៏ព្រះអង្គមិនសព្វព្រះហឫទ័យដែរ។ យញ្ញបូជាដែលសព្វព្រះហឫទ័យដល់ព្រះ គឺវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអើយ ព្រះអង្គមិនមើលងាយចិត្តខ្ទេចខ្ទាំ និងចិត្តសោកស្ដាយឡើយ។ ៙ សូមព្រះអង្គប្រព្រឹត្តដោយសប្បុរស ដល់ក្រុងស៊ីយ៉ូន តាមព្រះហឫទ័យដ៏ល្អរបស់ព្រះអង្គ សូមសង់កំផែងក្រុងយេរូសាឡិមឡើងវិញផង ពេលនោះ ព្រះអង្គមុខជាសព្វព្រះហឫទ័យ នឹងយញ្ញបូជាដែលថ្វាយដោយវិញ្ញាណត្រឹមត្រូវ ព្រមទាំងតង្វាយដុត គឺតង្វាយដុតទាំងមូលផង ដូច្នេះ គេនឹងថ្វាយគោឈ្មោលនៅលើអាសនា របស់ព្រះអង្គ។
ទំនុកតម្កើង 51:13-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ទូលបង្គំនឹងប្រៀនប្រដៅមនុស្សពាល ទាំងឡាយឲ្យស្គាល់មាគ៌ារបស់ព្រះអង្គ នោះពួកគេនឹងបែរចិត្តវិលមករកព្រះអង្គវិញ។ ឱព្រះជាម្ចាស់ជាព្រះសង្គ្រោះនៃទូលបង្គំ សូមរំដោះទូលបង្គំឲ្យរួចពីស្លាប់ នោះទូលបង្គំនឹងប្រកាសអំពីសេចក្ដីសុចរិត របស់ព្រះអង្គដោយអំណរ។ ព្រះអម្ចាស់អើយ សូមជួយទូលបង្គំឲ្យបន្លឺសំឡេង ពោលពាក្យសរសើរតម្កើងព្រះអង្គផង។ ព្រះអង្គមិនសព្វព្រះហឫទ័យ ឲ្យទូលបង្គំថ្វាយយញ្ញបូជាទេ ទោះបីតង្វាយដុតទាំងមូល ក៏មិនគាប់ព្រះហឫទ័យព្រះអង្គដែរ។ យញ្ញបូជាដែលព្រះអង្គសព្វព្រះហឫទ័យ ឲ្យទូលបង្គំថ្វាយ គឺចិត្តសោកស្ដាយ ព្រះអង្គតែងតែទទួលចិត្តសោកស្ដាយ និងចិត្តលែងមានអំនួត។ ព្រះអម្ចាស់អើយ សូមប្រោសប្រណីក្រុងស៊ីយ៉ូន ហើយសូមមេត្តាប្រទានឲ្យ ក្រុងយេរូសាឡឹមបានរឹងមាំឡើងវិញផង។ ពេលនោះ ព្រះអង្គមុខជាគាប់ព្រះហឫទ័យ នឹងតង្វាយដែលស្របតាមវិន័យ*របស់ព្រះអង្គ គឺតង្វាយដុតទាំងមូល ហើយគេនឹងយកគោឈ្មោល មកថ្វាយនៅលើអាសនៈរបស់ព្រះអង្គដែរ។
ទំនុកតម្កើង 51:13-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
នោះទូលបង្គំនឹងបង្រៀនពីអស់ទាំងផ្លូវនៃទ្រង់ ដល់មនុស្សដែលប្រព្រឹត្តអំពើរំលង ដូច្នេះ នឹងមានមនុស្សបាបប្រែចិត្តត្រឡប់មកឯទ្រង់ ឱព្រះអង្គ ជាព្រះដ៏ជួយសង្គ្រោះទូលបង្គំអើយ សូមដោះទូលបង្គំឲ្យរួចពីទោសកំចាយឈាម នោះអណ្តាតទូលបង្គំនឹងបន្លឺសំឡេង ច្រៀងពីសេចក្ដីសុចរិតរបស់ទ្រង់ ឱព្រះអម្ចាស់អើយ សូមបើកបបូរមាត់ទូលបង្គំ នោះមាត់ទូលបង្គំនឹងបានប្រកាសប្រាប់ ពីសេចក្ដីសរសើររបស់ទ្រង់ ដ្បិតទ្រង់មិនសព្វព្រះហឫទ័យនឹងយញ្ញបូជាទេ បើសព្វព្រះហឫទ័យវិញ នោះទូលបង្គំនឹងបានថ្វាយហើយ ទ្រង់ក៏មិនពេញព្រះហឫទ័យនឹងដង្វាយដុតដែរ ឯដង្វាយដែលគួរថ្វាយដល់ព្រះ នោះគឺជាវិញ្ញាណខ្ទេចខ្ទាំ ឱព្រះអម្ចាស់អើយ ទ្រង់មិនមើលងាយចំពោះចិត្តខ្ទេចខ្ទាំ ហើយទន់ទាបឡើយ។ ៙ សូមទ្រង់ប្រព្រឹត្តដោយសប្បុរស ដល់ក្រុងស៊ីយ៉ូន តាមបំណងព្រះហឫទ័យដ៏ល្អរបស់ទ្រង់ សូមសង់កំផែងក្រុងយេរូសាឡិមឡើង នោះទ្រង់នឹងសព្វព្រះហឫទ័យ ដោយដង្វាយនៃសេចក្ដីសុចរិត គឺជាដង្វាយដុតនឹងយញ្ញបូជាថ្វាយទាំងមូលផង ដូច្នេះគេនឹងថ្វាយគោឈ្មោលនៅលើអាសនានៃទ្រង់។