ទំនុកតម្កើង 51:1-7 - Compare All Versions
ទំនុកតម្កើង 51:1-7 គកស១៦ (ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦)
ឱព្រះអើយ សូមអាណិតមេត្តាទូលបង្គំ តាមព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយសូមលុបអំពើរំលងរបស់ទូលបង្គំចេញ តាមព្រះហឫទ័យមេត្តាករុណា ដ៏បរិបូររបស់ព្រះអង្គ។ សូមលាងទូលបង្គំឲ្យបានស្អាត ពីអំពើទុច្ចរិតរបស់ទូលបង្គំ ហើយសូមសម្អាតទូលបង្គំពីអំពើបាបផង! ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលង របស់ទូលបង្គំហើយ ឯអំពើបាបរបស់ទូលបង្គំ នៅចំពោះមុខទូលបង្គំជានិច្ច។ ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ហើយបានប្រព្រឹត្តអំពើអាក្រក់ នៅចំពោះព្រះនេត្រព្រះអង្គ ដើម្បីឲ្យដឹងថា ព្រះអង្គសុចរិត ពេលព្រះអង្គមានព្រះបន្ទូល ហើយព្រះអង្គឥតសៅហ្មង ពេលព្រះអង្គជំនុំជម្រះ។ មើល៍ ទូលបង្គំកើតមកក្នុងអំពើទុច្ចរិត ហើយទូលបង្គំមានបាបតាំងពីនៅក្នុងផ្ទៃម្ដាយ។ មើល៍ ព្រះអង្គសព្វព្រះហឫទ័យនឹងសេចក្ដីពិត នៅក្នុងជម្រៅចិត្តមនុស្ស ហើយព្រះអង្គបង្រៀនឲ្យទូលបង្គំមានប្រាជ្ញា នៅក្នុងចិត្តដែលលាក់កំបាំង។ សូមជម្រះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមលាងសម្អាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងហិមៈ ។
ទំនុកតម្កើង 51:1-7 គខប (ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥)
ឱព្រះជាម្ចាស់អើយ! សូមប្រណីសន្ដោសទូលបង្គំផង ដ្បិតព្រះអង្គមានព្រះហឫទ័យ មេត្តាករុណាដ៏លើសលុប សូមលើកលែងទោសឲ្យទូលបង្គំផង ដ្បិតព្រះអង្គមានព្រះហឫទ័យ អាណិតមេត្តាដ៏ទូលំទូលាយ។ សូមលុបលាងកំហុសទូលបង្គំ ឲ្យបានស្អាតទាំងស្រុង សូមជម្រះទូលបង្គំឲ្យបានបរិសុទ្ធ រួចពីបាប! ទូលបង្គំទទួលសារភាពថា ទូលបង្គំបានធ្វើខុសហើយ អំពើបាបរបស់ទូលបង្គំដិតជាប់ នៅក្នុងអារម្មណ៍ទូលបង្គំជានិច្ច។ ទូលបង្គំបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យ ព្រះអង្គ គឺទាស់នឹងព្រះអង្គតែមួយគត់ ដ្បិតទូលបង្គំបានប្រព្រឹត្តអំពើមួយ ដែលព្រះអង្គចាត់ទុកថាជាអំពើអាក្រក់។ ទោះបីព្រះអង្គកាត់ទោសទូលបង្គំយ៉ាងណាក្ដី ក៏ព្រះអង្គនៅតែសុចរិត ហើយទោះបីព្រះអង្គធ្វើទោសទូលបង្គំយ៉ាងណាក្ដី ក៏ព្រះអង្គនៅតែឥតកំហុសដដែល។ ទូលបង្គំមានកំហុសតាំងពីកំណើតមក ហើយទូលបង្គំមានបាបតាំងពី នៅក្នុងផ្ទៃម្ដាយមកម៉្លេះ! ក៏ប៉ុន្តែ ព្រះអង្គសព្វព្រះហឫទ័យ នឹងសេចក្ដីពិតនៅក្នុងជម្រៅចិត្តមនុស្ស។ សូមប្រោសប្រទានឲ្យទូលបង្គំ មានប្រាជ្ញានៅក្នុងជម្រៅដួងចិត្តផង! សូមជម្រះទូលបង្គំ ដោយស្លឹកហ៊ីសុប* នោះទូលបង្គំនឹងបានបរិសុទ្ធ សូមលាងសម្អាតទូលបង្គំ នោះទូលបង្គំនឹងបានសជាងសំឡីទៅទៀត។
ទំនុកតម្កើង 51:1-7 ពគប (ព្រះគម្ពីរបរិសុទ្ធ ១៩៥៤)
ឱព្រះអង្គអើយ សូមអាណិតមេត្តាដល់ទូលបង្គំ តាមសេចក្ដីសប្បុរសរបស់ទ្រង់ ហើយសូមលុបសេចក្ដីរំលងរបស់ទូលបង្គំចេញ ដោយសេចក្ដីមេត្តាករុណាដ៏បរិបូររបស់ទ្រង់ សូមលាងទូលបង្គំឲ្យយ៉ាងស្អាត ពីអំពើទុច្ចរិតរបស់ទូលបង្គំ សូមសំអាតអំពើបាបរបស់ទូលបង្គំផង ដ្បិតទូលបង្គំទទួលស្គាល់អំពើរំលងរបស់ទូលបង្គំហើយ ឯអំពើបាបរបស់ទូលបង្គំ នោះក៏នៅចំពោះមុខទូលបង្គំជានិច្ច ទូលបង្គំបានធ្វើបាបនឹងទ្រង់ហើយ គឺនឹងទ្រង់តែ១ព្រះអង្គ ព្រមទាំងប្រព្រឹត្តសេចក្ដីដែលអាក្រក់នៅព្រះនេត្រទ្រង់ផង ទូលបង្គំទទួលស្គាល់អំពើទាំងនោះ ដើម្បីឲ្យទ្រង់បានរាប់ជាសុចរិត ក្នុងកាលដែលទ្រង់មានបន្ទូល ហើយឲ្យបានឥតសៅហ្មង ក្នុងកាលដែលទ្រង់ជំនុំជំរះ មើល ទូលបង្គំបានកើតមកក្នុងសេចក្ដីទុច្ចរិត ហើយម្តាយទូលបង្គំបានមានទំងន់ បង្កើតទូលបង្គំនៅក្នុងអំពើបាបដែរ មើល ទ្រង់ប្រាថ្នាចង់បានសេចក្ដីពិតនៅចំណែកខាងក្នុង ហើយគឺនៅទីលាក់កំបាំងខាងក្នុង ដែលទ្រង់នឹងធ្វើ ឲ្យទូលបង្គំស្គាល់ប្រាជ្ញាដែរ សូមជំរះទូលបង្គំដោយមែកហ៊ីសុប នោះទូលបង្គំនឹងបានជ្រះស្អាត សូមដុសលាងទូលបង្គំ នោះនឹងបានសជាងហិមៈ