ទំនុកតម្កើង 51:1-5

ទំនុកតម្កើង 51:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ហើយ​សូម​លុប​អំពើ​រំលង​របស់​ទូល‌បង្គំ​ចេញ តាម​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដ៏​បរិបូរ​របស់​ព្រះ‌អង្គ។ សូម​លាង​ទូល‌បង្គំ​ឲ្យបាន​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ ហើយសូម​សម្អាត​ទូល‌បង្គំ​ពី​អំពើ​បាប​ផង! ដ្បិត​ទូល‌បង្គំ​ទទួល​ស្គាល់​អំពើ​រំលង របស់​ទូល‌បង្គំ​ហើយ ឯ​អំពើ​បាប​របស់​ទូល‌បង្គំ នៅ​ចំពោះ​មុខ​ទូល‌បង្គំ​ជា‌និច្ច។ ទូល‌បង្គំ​បានប្រព្រឹត្ត​អំពើ​បាបទាស់​នឹងព្រះ‌អង្គ គឺទាស់​នឹងព្រះ‌អង្គ​តែ​មួយ​គត់ ហើយ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ ដើម្បី​ឲ្យ​ដឹង​ថា ព្រះ‌អង្គ​សុចរិត ពេល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល ហើយ​ព្រះ‌អង្គ​ឥត​សៅ‌ហ្មង ពេល​ព្រះ‌អង្គ​ជំនុំ​ជម្រះ។ មើល៍ ទូល‌បង្គំ​កើត​មក​ក្នុង​អំពើ​ទុច្ចរិត ហើយ​ទូល‌បង្គំ​មាន​បាប​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។

ទំនុកតម្កើង 51:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ដ៏​លើស‌លុប សូម​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ អាណិត​មេត្តា​ដ៏​ទូលំ‌ទូលាយ។ សូម​លុប​លាង​កំហុស​ទូលបង្គំ ឲ្យ​បាន​ស្អាត​ទាំង​ស្រុង សូម​ជម្រះ​ទូលបង្គំ​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​បាប! ទូលបង្គំ​ទទួល​សារ‌ភាព​ថា ទូលបង្គំ​បាន​ធ្វើ​ខុស​ហើយ អំពើ​បាប​របស់​ទូលបង្គំ​ដិត​ជាប់ នៅ​ក្នុង​អារម្មណ៍​ទូលបង្គំ​ជានិច្ច។ ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ ព្រះអង្គ គឺ​ទាស់​នឹង​ព្រះអង្គ​តែ​មួយ​គត់ ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​មួយ ដែល​ព្រះអង្គ​ចាត់​ទុក​ថា​ជា​អំពើ​អាក្រក់។ ទោះ​បី​ព្រះអង្គ​កាត់​ទោស​ទូលបង្គំ​យ៉ាង​ណា​ក្ដី ក៏​ព្រះអង្គ​នៅ​តែ​សុចរិត ហើយ​ទោះ​បី​ព្រះអង្គ​ធ្វើ​ទោស​ទូលបង្គំ​យ៉ាង​ណា​ក្ដី ក៏​ព្រះអង្គ​នៅ​តែ​ឥត​កំហុស​ដដែល។ ទូលបង្គំ​មាន​កំហុស​តាំង​ពី​កំណើត​មក ហើយ​ទូលបង្គំ​មាន​បាប​តាំង​ពី នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ!

ទំនុកតម្កើង 51:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អង្គ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់ ហើយ​សូម​លុប​សេចក្ដី​រំលង​របស់​ទូលបង្គំ​ចេញ ដោយ​សេចក្ដី​មេត្តា‌ករុណា​ដ៏​បរិបូរ​របស់​ទ្រង់ សូម​លាង​ទូលបង្គំ​ឲ្យ​យ៉ាង​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូលបង្គំ សូម​សំអាត​អំពើ​បាប​របស់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ទទួល​ស្គាល់​អំពើ​រំលង​របស់​ទូលបង្គំ​ហើយ ឯ​អំពើ​បាប​របស់​ទូលបង្គំ នោះ​ក៏​នៅ​ចំពោះ​មុខ​ទូលបង្គំ​ជានិច្ច ទូលបង្គំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​នឹង​ទ្រង់​តែ​១​ព្រះ‌អង្គ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​ទ្រង់​ផង ទូលបង្គំ​ទទួល​ស្គាល់​អំពើ​ទាំង​នោះ ដើម្បី​ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាល​ដែល​ទ្រង់​មាន​បន្ទូល ហើយ​ឲ្យ​បាន​ឥត​សៅ‌ហ្មង ក្នុង​កាល​ដែល​ទ្រង់​ជំនុំ‌ជំរះ មើល ទូលបង្គំ​បាន​កើត​មក​ក្នុង​សេចក្ដី​ទុច្ចរិត ហើយ​ម្តាយ​ទូលបង្គំ​បាន​មាន​ទំងន់ បង្កើត​ទូលបង្គំ​នៅ​ក្នុង​អំពើ​បាប​ដែរ

ទំនុកតម្កើង 51:1-5

ទំនុកតម្កើង 51:1-5 គខបទំនុកតម្កើង 51:1-5 គខប