ទំនុកតម្កើង 51:1-19

ទំនុកតម្កើង 51:1-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​អើយ សូម​អាណិត​មេត្តា​ទូល‌បង្គំ តាម​ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ ហើយ​សូម​លុប​អំពើ​រំលង​របស់​ទូល‌បង្គំ​ចេញ តាម​ព្រះ‌ហឫ‌ទ័យ​មេត្តា‌ករុណា ដ៏​បរិបូរ​របស់​ព្រះ‌អង្គ។ សូម​លាង​ទូល‌បង្គំ​ឲ្យបាន​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូល‌បង្គំ ហើយសូម​សម្អាត​ទូល‌បង្គំ​ពី​អំពើ​បាប​ផង! ដ្បិត​ទូល‌បង្គំ​ទទួល​ស្គាល់​អំពើ​រំលង របស់​ទូល‌បង្គំ​ហើយ ឯ​អំពើ​បាប​របស់​ទូល‌បង្គំ នៅ​ចំពោះ​មុខ​ទូល‌បង្គំ​ជា‌និច្ច។ ទូល‌បង្គំ​បានប្រព្រឹត្ត​អំពើ​បាបទាស់​នឹងព្រះ‌អង្គ គឺទាស់​នឹងព្រះ‌អង្គ​តែ​មួយ​គត់ ហើយ​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ នៅ​ចំពោះ​ព្រះ‌នេត្រ​ព្រះ‌អង្គ ដើម្បី​ឲ្យ​ដឹង​ថា ព្រះ‌អង្គ​សុចរិត ពេល​ព្រះ‌អង្គ​មាន​ព្រះ​បន្ទូល ហើយ​ព្រះ‌អង្គ​ឥត​សៅ‌ហ្មង ពេល​ព្រះ‌អង្គ​ជំនុំ​ជម្រះ។ មើល៍ ទូល‌បង្គំ​កើត​មក​ក្នុង​អំពើ​ទុច្ចរិត ហើយ​ទូល‌បង្គំ​មាន​បាប​តាំង​ពី​នៅ​ក្នុង​ផ្ទៃ​ម្ដាយ។ មើល៍ ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​សេចក្ដី​ពិត នៅ​ក្នុងជម្រៅ​ចិត្ត​មនុស្ស ហើយ​ព្រះ‌អង្គ​បង្រៀន​ឲ្យ​ទូល‌បង្គំ​មាន​ប្រាជ្ញា នៅ​ក្នុង​ចិត្តដែល​លាក់​កំបាំង។ សូម​ជម្រះ​ទូល‌បង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូល‌បង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​លាង​សម្អាត​ទូល‌បង្គំ នោះ​ទូល‌បង្គំ​នឹង​បាន​ស​ជាង​ហិមៈ ។ សូម​ឲ្យ​ទូល‌បង្គំ​បាន​ឮ​ពី​សេចក្ដីត្រេក​អរ និ​ង​សេចក្ដីរីករាយ សូម​ឲ្យ​ឆ្អឹង​ដែល​ព្រះ‌អង្គ​បាន​បំបាក់ អរ​សប្បាយ​ឡើង​វិញ។ សូម​បាំង​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ ចេញ​ពី​អំពើ​បាប​របស់​ទូល‌បង្គំ ហើយ​លុប​បំបាត់​អំពើ​ទុច្ចរិត​ទាំង​ប៉ុន្មាន របស់​ទូល‌បង្គំ​ទៅ។ ឱ​ព្រះ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ នៅ​ក្នុង​ទូល‌បង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូល‌បង្គំ​ឲ្យ​ត្រឹម​ត្រូវ​ឡើង។ សូម​កុំ​បោះ​បង់​ទូល‌បង្គំ ចេញ​ពីព្រះ​វត្តមាន​ព្រះ‌អង្គ ហើយ​កុំ​ដក​យក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ របស់​ព្រះ‌អង្គ ចេញ​ពី​ទូល‌បង្គំ​ឡើយ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូល‌បង្គំ មានអំណរចំពោះ​ការ​សង្គ្រោះ របស់​ព្រះ‌អង្គ​ឡើង​វិញ ហើយ​សូម​ជួយ​ទូល‌បង្គំ ឲ្យ​មាន​វិញ្ញាណ​ដែល​ព្រម​ធ្វើ​តាម។ នោះ​ទូល‌បង្គំ​នឹង​បង្រៀន​ពីផ្លូវ​របស់​ព្រះ‌អង្គ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​រំលង ហើយ​មនុស្ស​បាប​នឹង​វិល​ត្រឡប់​មក​រក​ព្រះ‌អង្គ។ ឱ​ព្រះ ជា​ព្រះដ៏​ជួយ​សង្គ្រោះរបស់​ទូល‌បង្គំ​អើយ សូម​រំ​ដោះ​ទូល‌បង្គំ​ឲ្យ​រួច​ពី​ទោស​កម្ចាយ​ឈាម នោះ​អណ្ដាត​ទូល‌បង្គំ​នឹង​ស្រែក​ច្រៀង អំពី​សេចក្ដី​សុចរិត​របស់​ព្រះ‌អង្គ។ ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​បបូរ​មាត់​ទូល‌បង្គំ នោះ​មាត់​ទូល‌បង្គំ​នឹង​សរសើរ​តម្កើង​ព្រះ‌អង្គ។ ដ្បិតព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​យញ្ញ‌បូជា​ទេ ប្រសិន‌បើ​ទូល‌បង្គំ​ត្រូវ​ថ្វាយ​តង្វាយ​ដុត នោះ​ក៏​ព្រះ‌អង្គ​មិន​សព្វ​ព្រះ‌ហឫ‌ទ័យ​ដែរ។ យញ្ញបូជា​ដែល​សព្វ​ព្រះ‌ហឫ‌ទ័យ​ដល់​ព្រះ គឺ​វិញ្ញាណ​ខ្ទេច‌ខ្ទាំ ឱ​ព្រះ​អើយ ព្រះ‌អង្គ​មិន​មើល‌ងាយ​ចិត្ត​ខ្ទេច‌ខ្ទាំ និង​ចិត្តសោក​ស្ដាយ​ឡើយ។ ៙ សូម​ព្រះ‌អង្គ​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ក្រុង​ស៊ីយ៉ូន តាម​ព្រះ‌ហឫ‌ទ័យ​ដ៏​ល្អ​របស់​ព្រះ‌អង្គ សូម​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង​វិញ​ផង ពេល​នោះ ព្រះ‌អង្គ​មុខ​ជា​សព្វ​ព្រះ‌ហឫ‌ទ័យ នឹង​យញ្ញបូជា​ដែល​ថ្វាយ​ដោយ​វិញ្ញាណ​ត្រឹម​ត្រូវ ព្រម​ទាំង​តង្វាយ​ដុត គឺ​តង្វាយ​ដុត​ទាំង​មូល​ផង ដូច្នេះ គេ​នឹង​ថ្វាយ​គោ​ឈ្មោល​នៅ​លើ​អាសនា របស់​ព្រះ‌អង្គ។

ទំនុកតម្កើង 51:1-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រណី​សន្ដោស​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ មេត្តា​ករុណា​ដ៏​លើស‌លុប សូម​លើក‌លែង​ទោស​ឲ្យ​ទូលបង្គំ​ផង ដ្បិត​ព្រះអង្គ​មាន​ព្រះ‌ហឫទ័យ អាណិត​មេត្តា​ដ៏​ទូលំ‌ទូលាយ។ សូម​លុប​លាង​កំហុស​ទូលបង្គំ ឲ្យ​បាន​ស្អាត​ទាំង​ស្រុង សូម​ជម្រះ​ទូលបង្គំ​ឲ្យ​បាន​បរិសុទ្ធ រួច​ពី​បាប! ទូលបង្គំ​ទទួល​សារ‌ភាព​ថា ទូលបង្គំ​បាន​ធ្វើ​ខុស​ហើយ អំពើ​បាប​របស់​ទូលបង្គំ​ដិត​ជាប់ នៅ​ក្នុង​អារម្មណ៍​ទូលបង្គំ​ជានិច្ច។ ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ ព្រះអង្គ គឺ​ទាស់​នឹង​ព្រះអង្គ​តែ​មួយ​គត់ ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​មួយ ដែល​ព្រះអង្គ​ចាត់​ទុក​ថា​ជា​អំពើ​អាក្រក់។ ទោះ​បី​ព្រះអង្គ​កាត់​ទោស​ទូលបង្គំ​យ៉ាង​ណា​ក្ដី ក៏​ព្រះអង្គ​នៅ​តែ​សុចរិត ហើយ​ទោះ​បី​ព្រះអង្គ​ធ្វើ​ទោស​ទូលបង្គំ​យ៉ាង​ណា​ក្ដី ក៏​ព្រះអង្គ​នៅ​តែ​ឥត​កំហុស​ដដែល។ ទូលបង្គំ​មាន​កំហុស​តាំង​ពី​កំណើត​មក ហើយ​ទូលបង្គំ​មាន​បាប​តាំង​ពី នៅ​ក្នុង​ផ្ទៃ​ម្ដាយ​មក​ម៉្លេះ! ក៏​ប៉ុន្តែ ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ នឹង​សេចក្ដី​ពិត​នៅ​ក្នុង​ជម្រៅ​ចិត្ត​មនុស្ស។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ មាន​ប្រាជ្ញា​នៅ​ក្នុង​ជម្រៅ​ដួង​ចិត្ត​ផង! សូម​ជម្រះ​ទូលបង្គំ ដោយ​ស្លឹក​ហ៊ីសុប* នោះ​ទូលបង្គំ​នឹង​បាន​បរិសុទ្ធ សូម​លាង​សម្អាត​ទូលបង្គំ នោះ​ទូលបង្គំ​នឹង​បាន​ស​ជាង​សំឡី​ទៅ​ទៀត ។ សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ថា ព្រះអង្គ​អត់‌ទោស​ទូលបង្គំ​ហើយ នោះ​ទូលបង្គំ​មាន​អំណរ​សប្បាយ ហើយ​ចិត្ត​សោក​សង្រេង​របស់​ទូលបង្គំ នឹង​បាន​រីក‌រាយ​ឡើង​វិញ។ ព្រះអង្គ​អើយ សូម​កុំ​ទត​មើល អំពើ​បាប​របស់​ទូលបង្គំ​ឡើយ តែ​សូម​លុប​បំបាត់​កំហុស​ទាំង​ប៉ុន្មាន របស់​ទូលបង្គំ​ទៅ។ ឱ​ព្រះ‌ជាម្ចាស់​អើយ! សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​បរិសុទ្ធ សូម​ប្រទាន​ចិត្ត​គំនិត​ថ្មី​ដ៏​រឹង‌ប៉ឹង​មក​ទូលបង្គំ​ផង។ សូម​កុំ​បោះ​បង់​ទូលបង្គំ​ឲ្យ​នៅ​ឆ្ងាយ​ពី​ព្រះអង្គ សូម​កុំ​ដក​ព្រះ‌វិញ្ញាណ​ដ៏វិសុទ្ធ របស់​ព្រះអង្គ​ចេញ​ពី​ទូលបង្គំ​ឡើយ។ សូម​ប្រោស​ប្រទាន​ឲ្យ​ទូលបង្គំ​មាន​អំណរ ព្រោះ​តែ​ព្រះអង្គ​សង្គ្រោះ​ទូលបង្គំ សូម​គាំទ្រ​ទូលបង្គំ ដោយ​ប្រទាន​ឲ្យ​ទូលបង្គំ មាន​ចិត្ត​ទូលាយ​មក​ពី​ព្រះ‌វិញ្ញាណ។ ទូលបង្គំ​នឹង​ប្រៀន‌ប្រដៅ​មនុស្ស​ពាល ទាំង‌ឡាយ​ឲ្យ​ស្គាល់​មាគ៌ា​របស់​ព្រះអង្គ នោះ​ពួក​គេ​នឹង​បែរ​ចិត្ត​វិល​មក​រក​ព្រះអង្គ​វិញ។ ឱ​ព្រះ‌ជាម្ចាស់​ជា​ព្រះ‌សង្គ្រោះ​នៃ​ទូលបង្គំ សូម​រំដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ស្លាប់ នោះ​ទូលបង្គំ​នឹង​ប្រកាស​អំពី​សេចក្ដី​សុចរិត របស់​ព្រះអង្គ​ដោយ​អំណរ។ ព្រះ‌អម្ចាស់​អើយ សូម​ជួយ​ទូលបង្គំ​ឲ្យ​បន្លឺ​សំឡេង ពោល​ពាក្យ​សរសើរ​តម្កើង​ព្រះអង្គ​ផង។ ព្រះអង្គ​មិន​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​ទូលបង្គំ​ថ្វាយ​យញ្ញ‌បូជា​ទេ ទោះ​បី​តង្វាយ​ដុត​ទាំង​មូល ក៏​មិន​គាប់​ព្រះ‌ហឫទ័យ​ព្រះអង្គ​ដែរ។ យញ្ញ‌បូជា​ដែល​ព្រះអង្គ​សព្វ​ព្រះ‌ហឫទ័យ ឲ្យ​ទូលបង្គំ​ថ្វាយ គឺ​ចិត្ត​សោក​ស្ដាយ ព្រះអង្គ​តែងតែ​ទទួល​ចិត្ត​សោក​ស្ដាយ និង​ចិត្ត​លែង​មាន​អំនួត។ ព្រះ‌អម្ចាស់​អើយ សូម​ប្រោស‌ប្រណី​ក្រុង​ស៊ីយ៉ូន ហើយ​សូម​មេត្តា​ប្រទាន​ឲ្យ ក្រុង​យេរូ‌សាឡឹម​បាន​រឹង‌មាំ​ឡើង​វិញ​ផង។ ពេល​នោះ ព្រះអង្គ​មុខ​ជា​គាប់​ព្រះ‌ហឫទ័យ នឹង​តង្វាយ​ដែល​ស្រប​តាម​វិន័យ*​របស់​ព្រះអង្គ គឺ​តង្វាយ​ដុត​ទាំង​មូល ហើយ​គេ​នឹង​យក​គោ​ឈ្មោល មក​ថ្វាយ​នៅ​លើ​អាសនៈ​របស់​ព្រះអង្គ​ដែរ។

ទំនុកតម្កើង 51:1-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អង្គ​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ តាម​សេចក្ដី​សប្បុរស​របស់​ទ្រង់ ហើយ​សូម​លុប​សេចក្ដី​រំលង​របស់​ទូលបង្គំ​ចេញ ដោយ​សេចក្ដី​មេត្តា‌ករុណា​ដ៏​បរិបូរ​របស់​ទ្រង់ សូម​លាង​ទូលបង្គំ​ឲ្យ​យ៉ាង​ស្អាត ពី​អំពើ​ទុច្ចរិត​របស់​ទូលបង្គំ សូម​សំអាត​អំពើ​បាប​របស់​ទូលបង្គំ​ផង ដ្បិត​ទូលបង្គំ​ទទួល​ស្គាល់​អំពើ​រំលង​របស់​ទូលបង្គំ​ហើយ ឯ​អំពើ​បាប​របស់​ទូលបង្គំ នោះ​ក៏​នៅ​ចំពោះ​មុខ​ទូលបង្គំ​ជានិច្ច ទូលបង្គំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ គឺ​នឹង​ទ្រង់​តែ​១​ព្រះ‌អង្គ ព្រម​ទាំង​ប្រព្រឹត្ត​សេចក្ដី​ដែល​អាក្រក់​នៅ​ព្រះ‌នេត្រ​ទ្រង់​ផង ទូលបង្គំ​ទទួល​ស្គាល់​អំពើ​ទាំង​នោះ ដើម្បី​ឲ្យ​ទ្រង់​បាន​រាប់​ជា​សុចរិត ក្នុង​កាល​ដែល​ទ្រង់​មាន​បន្ទូល ហើយ​ឲ្យ​បាន​ឥត​សៅ‌ហ្មង ក្នុង​កាល​ដែល​ទ្រង់​ជំនុំ‌ជំរះ មើល ទូលបង្គំ​បាន​កើត​មក​ក្នុង​សេចក្ដី​ទុច្ចរិត ហើយ​ម្តាយ​ទូលបង្គំ​បាន​មាន​ទំងន់ បង្កើត​ទូលបង្គំ​នៅ​ក្នុង​អំពើ​បាប​ដែរ មើល ទ្រង់​ប្រាថ្នា​ចង់​បាន​សេចក្ដី​ពិត​នៅ​ចំណែក​ខាង​ក្នុង ហើយ​គឺ​នៅ​ទី​លាក់​កំបាំង​ខាង​ក្នុង ដែល​ទ្រង់​នឹង​ធ្វើ ឲ្យ​ទូលបង្គំ​ស្គាល់​ប្រាជ្ញា​ដែរ សូម​ជំរះ​ទូលបង្គំ​ដោយ​មែក​ហ៊ីសុប នោះ​ទូលបង្គំ​នឹង​បាន​ជ្រះ​ស្អាត សូម​ដុស​លាង​ទូលបង្គំ នោះ​នឹង​បាន​ស​ជាង​ហិមៈ សូម​ឲ្យ​ទូលបង្គំ​បាន​ឮ​សេចក្ដី​អំណរ នឹង​សេចក្ដី​រីក‌រាយ នោះ​អស់​ទាំង​ឆ្អឹង​ដែល​ទ្រង់​បាន​បំបាក់​បំបែក នឹង​បាន​អរ​សប្បាយ​វិញ សូម​បាំង​ព្រះ‌ភក្ត្រ​ទ្រង់​ចេញ​ពី​អំពើ​បាប​របស់​ទូលបង្គំ ហើយ​លុប​គ្រប់​ទាំង​អំពើ​ទុច្ចរិត​របស់​ទូលបង្គំ​ចេញ ឱ​ព្រះ‌អង្គ​អើយ សូម​បង្កើត​ចិត្ត​បរិសុទ្ធ​នៅ​ក្នុង​ទូលបង្គំ ហើយ​កែ​វិញ្ញាណ​ក្នុង​ទូលបង្គំ​ឲ្យ​ត្រឹម‌ត្រូវ​ឡើង សូម​កុំ​ចោល​ទូលបង្គំ​ចេញ​ពី​ចំពោះ​ទ្រង់ ហើយ​កុំ​ដក​យក​ព្រះ‌វិញ្ញាណ​បរិសុទ្ធ​របស់​ទ្រង់ ចេញ​ពី​ទូលបង្គំ​ឡើយ សូម​ឲ្យ​ទូលបង្គំ​មាន​ចិត្ត​រីក‌រាយ​ចំពោះ​សេចក្ដី​សង្គ្រោះ នៃ​ទ្រង់​ឡើង​វិញ ហើយ​ទប់‌ទល់​ទូលបង្គំ​ដោយ​ព្រះ‌វិញ្ញាណ​ដ៏​សទ្ធា​នៃ​ទ្រង់ នោះ​ទូលបង្គំ​នឹង​បង្រៀន​ពី​អស់​ទាំង​ផ្លូវ​នៃ​ទ្រង់ ដល់​មនុស្ស​ដែល​ប្រព្រឹត្ត​អំពើ​រំលង ដូច្នេះ នឹង​មាន​មនុស្ស​បាប​ប្រែ​ចិត្ត​ត្រឡប់​មក​ឯ​ទ្រង់ ឱ​ព្រះ‌អង្គ ជា​ព្រះ​ដ៏​ជួយ​សង្គ្រោះ​ទូលបង្គំ​អើយ សូម​ដោះ​ទូលបង្គំ​ឲ្យ​រួច​ពី​ទោស​កំចាយ​ឈាម នោះ​អណ្តាត​ទូលបង្គំ​នឹង​បន្លឺ​សំឡេង ច្រៀង​ពី​សេចក្ដី​សុចរិត​របស់​ទ្រង់ ឱ​ព្រះ‌អម្ចាស់​អើយ សូម​បើក​បបូរ​មាត់​ទូលបង្គំ នោះ​មាត់​ទូលបង្គំ​នឹង​បាន​ប្រកាស​ប្រាប់ ពី​សេចក្ដី​សរសើរ​របស់​ទ្រង់ ដ្បិត​ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​យញ្ញ‌បូជា​ទេ បើ​សព្វ​ព្រះ‌ហឫទ័យ​វិញ នោះ​ទូលបង្គំ​នឹង​បាន​ថ្វាយ​ហើយ ទ្រង់​ក៏​មិន​ពេញ​ព្រះ‌ហឫទ័យ​នឹង​ដង្វាយ​ដុត​ដែរ ឯ​ដង្វាយ​ដែល​គួរ​ថ្វាយ​ដល់​ព្រះ នោះ​គឺ​ជា​វិញ្ញាណ​ខ្ទេច‌ខ្ទាំ ឱ​ព្រះ‌អម្ចាស់​អើយ ទ្រង់​មិន​មើល‌ងាយ​ចំពោះ​ចិត្ត​ខ្ទេច‌ខ្ទាំ ហើយ​ទន់‌ទាប​ឡើយ។ ៙ សូម​ទ្រង់​ប្រព្រឹត្ត​ដោយ​សប្បុរស ដល់​ក្រុង​ស៊ីយ៉ូន តាម​បំណង​ព្រះ‌ហឫទ័យ​ដ៏​ល្អ​របស់​ទ្រង់ សូម​សង់​កំផែង​ក្រុង​យេរូ‌សាឡិម​ឡើង នោះ​ទ្រង់​នឹង​សព្វ​ព្រះ‌ហឫទ័យ ដោយ​ដង្វាយ​នៃ​សេចក្ដី​សុចរិត គឺ​ជា​ដង្វាយ​ដុតនឹង​យញ្ញ‌បូជា​ថ្វាយ​ទាំង​មូល​ផង ដូច្នេះគេ​នឹង​ថ្វាយ​គោ​ឈ្មោល​នៅ​លើ​អាសនា​នៃ​ទ្រង់។

ទំនុកតម្កើង 51:1-19

ទំនុកតម្កើង 51:1-19 គខបទំនុកតម្កើង 51:1-19 គខប

YouVersion ប្រើប្រាស់សំណល់ទិន្នន័យ (cookies) ដើម្បីកំណត់បទពិសោធន៍តម្រូវសម្រាប់អ្នក។ ដោយការប្រើប្រាស់គេហទំព័ររបស់យើងខ្ញុំ នោះអ្នកយល់ព្រមលើការប្រើប្រាស់សំណល់ទិន្នន័យរបស់យើងខ្ញុំ ដូចបានពណ៌នានៅក្នុង គោលការណ៍ច្បាប់ឯកជន របស់យើងខ្ញុំ