ទំនុកតម្កើង 50:7-15
ទំនុកតម្កើង 50:7-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ «ម្នាលប្រជារាស្ត្ររបស់យើងអើយ ចូរស្តាប់ចុះ យើងនឹងពោល ឱអ៊ីស្រាអែលអើយ យើងនឹងធ្វើបន្ទាល់ទាស់នឹងអ្នក យើងជាព្រះ គឺជាព្រះរបស់អ្នក។ យើងមិនមែនបន្ទោសអ្នក ដោយព្រោះយញ្ញបូជាដែលអ្នកថ្វាយនោះទេ ឯតង្វាយដុតរបស់អ្នក តែងតែនៅចំពោះយើងជានិច្ច។ យើងមិនទទួលគោឈ្មោលពីផ្ទះរបស់អ្នក ឬពពែឈ្មោលពីក្រោលរបស់អ្នកឡើយ។ ដ្បិតអស់ទាំងសត្វនៅក្នុងព្រៃ សុទ្ធតែជារបស់យើង ព្រមទាំងសត្វទាំងប៉ុន្មាននៅលើភ្នំទាំងពាន់ផង។ យើងស្គាល់អស់ទាំងសត្វស្លាបនៅលើភ្នំ ហើយសត្វទាំងឡាយដែលរកស៊ីនៅទីវាល ក៏ជារបស់យើងដែរ។ ៙ ប្រសិនបើយើងឃ្លាន យើងមិនបាច់ប្រាប់អ្នកឡើយ ព្រោះពិភពលោក និងអ្វីៗសព្វសារពើ នៅក្នុងពិភពនេះជារបស់យើង ។ តើយើងបរិភោគសាច់គោឈ្មោល ឬផឹកឈាមពពែឈ្មោលឬ? ចូរថ្វាយយញ្ញបូជា ជាការអរព្រះគុណដល់ព្រះ ហើយត្រូវលាបំណន់ ដែលអ្នកបានបន់ដល់ព្រះដ៏ខ្ពស់បំផុតផង។ នៅថ្ងៃមានទុក្ខលំបាក ចូរអំពាវនាវរកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើងយើង»។
ទំនុកតម្កើង 50:7-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
«អ្នករាល់គ្នាដែលជាប្រជារាស្ដ្ររបស់យើងអើយ ចូរនាំគ្នាស្ដាប់ពាក្យយើងនិយាយ! អ៊ីស្រាអែលអើយ យើងនឹងព្រមានអ្នករាល់គ្នា។ យើងជាព្រះជាម្ចាស់ ជាព្រះរបស់អ្នករាល់គ្នា។ យើងមិនបន្ទោសអ្នករាល់គ្នាអំពីយញ្ញបូជា និងតង្វាយដុតដែលអ្នករាល់គ្នាតែងតែ យកមកថ្វាយយើងជាប្រក្រតីនោះទេ។ យើងមិនត្រូវការគោបាពីផ្ទះរបស់អ្នករាល់គ្នា ឬក៏ពពែឈ្មោលពីក្រោលរបស់អ្នករាល់គ្នាឡើយ ដ្បិតសត្វទាំងប៉ុន្មានដែលនៅក្នុងព្រៃ សុទ្ធតែជារបស់យើង ហើយសត្វរាប់ម៉ឺនរាប់សែនក្បាល ដែលរស់នៅតាមភ្នំ ក៏ជារបស់យើង។ យើងស្គាល់បក្សាបក្សីទាំងប៉ុន្មាន ដែលរស់នៅតាមភ្នំ ហើយសត្វទាំងឡាយដែលរស់នៅតាមស្រែចម្ការ ក៏ជារបស់យើងដែរ។ ប្រសិនបើយើងឃ្លាន យើងនឹងមិននិយាយប្រាប់អ្នករាល់គ្នាឡើយ ដ្បិតពិភពលោក និងអ្វីៗទាំងអស់នៅក្នុង ពិភពនេះ សុទ្ធតែជាកម្មសិទ្ធិរបស់យើង។ តើយើងដែលបរិភោគសាច់គោបាឬ? តើយើងដែលផឹកឈាមពពែឈ្មោលឬ? តង្វាយដែលអ្នករាល់គ្នាត្រូវថ្វាយព្រះជាម្ចាស់ គឺពាក្យអរព្រះគុណ ហើយត្រូវធ្វើតាមពាក្យដែលអ្នកបានសន្យា ចំពោះព្រះដ៏ខ្ពង់ខ្ពស់បំផុត។ នៅគ្រាមានអាសន្ន ចូរអង្វររកយើងចុះ យើងនឹងរំដោះអ្នក ហើយអ្នកនឹងលើកតម្កើង សិរីរុងរឿងរបស់យើង។
ទំនុកតម្កើង 50:7-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ ម្នាលរាស្ត្រអញអើយ ចូរស្តាប់ចុះ អញនឹងពោល ឱអ៊ីស្រាអែលអើយ អញនឹងធ្វើបន្ទាល់ទាស់នឹងឯង អញជាព្រះ គឺជាព្រះនៃឯងហើយ អញនឹងមិនបន្ទោសឯង ដោយព្រោះយញ្ញបូជា ដែលឯងថ្វាយនោះទេ ឯដង្វាយដុតរបស់ឯង នោះក៏នៅចំពោះអញជានិច្ច តែអញមិនយកគោឈ្មោលពីផ្ទះឯង ឬពពែឈ្មោលពីក្រោលឯងឡើយ ដ្បិតអស់ទាំងសត្វនៅព្រៃសុទ្ធតែរបស់អញ ព្រមទាំងហ្វូងសត្វទាំងប៉ុន្មាននៅលើភ្នំទាំងពាន់ផង អញស្គាល់អស់ទាំងសត្វស្លាបនៅលើភ្នំ ហើយសត្វព្រៃទាំងឡាយជារបស់ផងអញដែរ។ ៙ បើកាលណាអញឃ្លាន នោះអញមិនប្រាប់ដល់ឯង ពីព្រោះលោកីយ នឹងរបស់សព្វសារពើក្នុងលោក ជារបស់ផងអញ តើអញនឹងស៊ីសាច់គោឈ្មោល ឬផឹកឈាមពពែឈ្មោលឬអី ចូរថ្វាយដង្វាយជាសេចក្ដីអរព្រះគុណដល់ព្រះវិញ ហើយលាបំណន់ដែលបានបន់ដល់ព្រះដ៏ខ្ពស់បំផុតផង ចូរអំពាវនាវដល់អញនៅថ្ងៃមានសេចក្ដីទុក្ខលំបាក នោះអញនឹងជួយឲ្យរួច ឯឯងនឹងលើកដំកើងដល់អញ។