ទំនុកតម្កើង 49:16-19
ទំនុកតម្កើង 49:16-19 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
៙ កុំភ័យខ្លាច ពេលអ្នកណាម្នាក់មានស្ដុកស្ដម គឺនៅពេលដែលភាពរុងរឿងរបស់គេ ចេះតែចម្រើនឡើង។ ដ្បិតកាលគេស្លាប់ទៅ គេមិនអាចយកអ្វីទៅបានទេ ហើយភាពរុងរឿងរបស់គេ នឹងមិនចុះទៅតាមគេដែរ។ ទោះបើអ្នកនោះរាប់ខ្លួនថាមានពរ ក្នុងកាលដែលគេនៅរស់នៅឡើយ ហើយទោះបើមានមនុស្សសរសើរ ពេលគេបានចម្រុងចម្រើនក៏ដោយ ក៏គង់តែនឹងទៅតាមពួកដូនតារបស់ខ្លួន ដែលនឹងលែងឃើញពន្លឺទៀតឡើយ។
ទំនុកតម្កើង 49:16-19 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ពេលឃើញនរណាម្នាក់ទៅជាអ្នកមាន ហើយឃើញទ្រព្យសម្បត្តិចេះតែរីកចម្រើន កុំភ័យខ្លាចអី ដ្បិតពេលស្លាប់ទៅ គេពុំអាចយកអ្វីទៅជាមួយបានទេ គឺគេមិនអាចយកទ្រព្យសម្បត្តិ ចុះទៅក្នុងរណ្ដៅជាមួយឡើយ។ ទោះបីគេយល់ថា ខ្លួនមានសុភមង្គលក្នុងជីវិតនេះ ហើយទោះបីមានអ្នកដទៃកោតសរសើរ ដោយឃើញគេបានចម្រុងចម្រើនក៏ដោយ ក៏គង់តែគេត្រូវចុះទៅជួបជុំ នឹងដូនតារបស់ខ្លួន ចៀសមិនផុត នៅក្នុងកន្លែងដែលគេពុំអាចមើល ឃើញពន្លឺទៀតឡើយ។
ទំនុកតម្កើង 49:16-19 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
៙ កុំឲ្យភ័យខ្លាច ដោយអ្នក១បានមានឡើង ក្នុងកាលដែលសេចក្ដីរុងរឿងនៅផ្ទះបានបរិបូរនោះឡើយ ដ្បិតកាលណាគេស្លាប់ទៅ នោះនឹងយកអ្វីៗទៅ ផងមិនបាន ហើយសេចក្ដីរុងរឿងរបស់គេនឹងមិនចុះទៅតាមឡើយ ទោះបើអ្នកនោះបានរាប់ខ្លួនជាមានពរ ក្នុងកាលដែលនៅរស់នៅឡើយ ហើយបាននាំឲ្យមនុស្សសរសើរខ្លួន ដោយបាន លៀងជីវិតយ៉ាងល្អក៏ដោយ គង់តែនឹងត្រូវទៅតាមពួកឰយុកោខ្លួន ដែលមិនឃើញពន្លឺទៀត