ទំនុកតម្កើង 49:10-15

ទំនុកតម្កើង 49:10-15 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

៙ ដ្បិត​គេ​ឃើញ​ហើយ​ថា សូម្បីតែ​អ្នក​ប្រាជ្ញ​ក៏​ស្លាប់​ដែរ មនុស្ស​ល្ងង់ និង​មនុស្ស​ខ្លៅ​វិនាស​ទៅ​ដូច​គ្នា ហើយ​ទុក​ចោល​ទ្រព្យ​សម្បត្តិ​របស់​ខ្លួន ឲ្យ​អ្នក​ដទៃ។ គេ​គិត​ក្នុង​ចិត្ត​ថា ពូជ‌ពង្ស​របស់​គេ នឹង​នៅ​ស្ថិត​ស្ថេរ​ជា‌និច្ច ទី​លំនៅ​របស់​គេ​នឹង​ធន់​នៅ​គ្រប់​ជំនាន់ ក៏​ដាក់​ឈ្មោះដី​ធ្លី​គេ តាម​ឈ្មោះ​របស់​ខ្លួន​ទៀត​ផង។ ប៉ុន្តែ មនុស្ស​មិន​ស្ថិត​ស្ថេរ​នៅ ដោយ​មាន​កេរ្តិ៍​ឈ្មោះ​ទេ គេ​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​ត្រូវ​វិនាសទៅ។ ៙ នេះ​ហើយ​ជា​អនាគត​របស់​មនុស្ស​ល្ងង់​ខ្លៅ និង​អស់​អ្នក​ដែល​ចូល​ចិត្ត នឹង​គំនិត​របស់​គេ។ –បង្អង់ គេ​ដូច​ជា​ចៀម​ដែល​តម្រង់​ទៅ​រក ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ សេចក្ដី​ស្លាប់​នឹង​ធ្វើ​ជា​គង្វាល​របស់​គេ ហើយ​មនុស្ស​ទៀង​ត្រង់ នឹង​ជាន់​ឈ្លី​គេ​តាំង​ពី​ព្រលឹម រូប​កាយ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ឥត​មាន​ទី​អាស្រ័យ​ឡើយ។ ប៉ុន្តែ ព្រះ​នឹង​លោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​អំណាច​នៃ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ដ្បិត​ព្រះ‌អង្គ​នឹង​ទទួល​ខ្ញុំ។ –បង្អង់

ទំនុកតម្កើង 49:10-15 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

យើង​នឹង​ឃើញ​ច្បាស់​ថា អ្នក​ប្រាជ្ញ ក៏​ដូច​ជា​មនុស្ស​ឆោត​ល្ងង់​អាប់​ឥត​ប្រាជ្ញា​ដែរ គេ​ត្រូវ​តែ​ស្លាប់​ទាំង​អស់​គ្នា ហើយ​ទុក​ទ្រព្យ‌សម្បត្តិ​ខ្លួន​ឲ្យ​អ្នក​ដទៃ។ គេ​នឹក​ក្នុង​ចិត្ត​ថា​គេហ‌ដ្ឋាន​របស់​គេ នឹង​នៅ​ស្ថិត‌ស្ថេរ​រហូត​ត​ទៅ លំ‌នៅ‌ដ្ឋាន​របស់​គេ​នៅ​គង់‌វង្ស ពី​ជំនាន់​មួយ​ទៅ​ជំនាន់​មួយ ហើយ​គេ​ដាក់​ឈ្មោះ​ដី‌ធ្លី​គេ តាម​ឈ្មោះ​របស់​ខ្លួន​ថែម​ទៀត។ ក៏​ប៉ុន្តែ មនុស្ស​ដែល​មាន​កិត្តិយស​រុងរឿង ពុំ​អាច​គេច​ផុត​ពី​ស្លាប់​បាន​ទេ គេ​មិន​យល់​ថា​គេ​នឹង​ត្រូវ​បាត់​បង់​ជីវិត​ទៅ ដូច​សត្វ​តិរច្ឆាន​នោះ​ឡើយ។ រីឯ​អស់​អ្នក​ដែល​ទុក​ចិត្ត​លើ​ខ្លួន​ឯង ហើយ​ស្កប់​ចិត្ត​នឹង​ពាក្យ​សម្ដី​របស់​ខ្លួន អនាគត​របស់​គេ​នឹង​បាន​ដូច​ត​ទៅ​នេះ - សម្រាក អ្នក​ទាំង​នោះ​ប្រៀប​ដូច​ជា​កូន​ចៀម ដែល​យក​ទៅ​សម្លាប់។ គង្វាល​ឃ្វាល​ហ្វូង​ចៀម​យ៉ាង​ណា មច្ចុរាជ​ក៏​នឹង​ឃ្វាល​ពួក​គេ​យ៉ាង​នោះ​ដែរ។ មនុស្ស​សុចរិត​នឹង​ជាន់​ឈ្លី​ពួក​គេ រូប​កាយ​របស់​ពួក​គេ​នឹង​រលាយ​សូន្យ ហើយ​ទៅ​រស់​នៅ​ក្នុង​ស្ថាន​មនុស្ស​ស្លាប់។ ក៏​ប៉ុន្តែ ព្រះ‌ជាម្ចាស់​នឹង​រំដោះ​ជីវិត​ខ្ញុំ ឲ្យ​រួច​ពី​អំណាច​នៃ​សេចក្ដី​ស្លាប់ ព្រះអង្គ​នឹង​យក​ខ្ញុំ​ទៅ។ - សម្រាក

ទំនុកតម្កើង 49:10-15 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

៙ អើ គេ​នឹង​ឃើញ​ពិត​ថា ពួក​មនុស្ស​ប្រាជ្ញ​ក៏​ស្លាប់​ដែរ ហើយ​មនុស្ស​ខ្លៅ​ល្ងង់ នឹង​មនុស្ស​កំរោល គេ​វិនាស ទៅ​ដូច​គ្នា ព្រម​ទាំង​ចោល​របស់​ខ្លួន​ទុក​ឲ្យ​អ្នក​ដទៃ​ផង អ្នក​ទាំង​នោះ​គិត​ស្មាន​ក្នុង​ចិត្ត​ថា ពូជ‌ពង្ស​របស់​គេ នឹង​នៅ​ជាប់​ជានិច្ច ហើយ​ថា ទី​លំនៅ​គេ​នឹង​ធន់​នៅ​គ្រប់​ទាំង​ដំណ​ត​ទៅ គេ​ក៏​ដាក់​ឈ្មោះ​ស្រុក តាម​ឈ្មោះ​របស់​ខ្លួន​ដែរ ប៉ុន្តែមនុស្ស​មិន​ស្ថិត‌ស្ថេរ​នៅ ដោយ​មាន​កេរ្តិ៍​ឈ្មោះ​ទេ គឺ​គេ​ដូច​ជា​សត្វ​តិរច្ឆាន​ដែល​ត្រូវ​វិនាស​វិញ។ ៙ ឯ​ផ្លូវ​គេ នោះ​សុទ្ធ​តែ​ផ្តេស‌ផ្តាស​ទទេ ប៉ុន្តែមនុស្ស​ដែល​កើត​មក​ខាង​ក្រោយ ក៏​ចូល​ចិត្ត​នឹង​ពាក្យ​សំដី​របស់​គេ​ដែរ –បង្អង់ គេ​ដូច​ជា​ហ្វូង​សត្វ​ដែល​ដំរង់​ទៅ​ឯ​ទី​ស្លាប់ សេចក្ដី​ស្លាប់​នឹង​ស៊ី​គេ ហើយ​មនុស្ស​ទៀង​ត្រង់​នឹង​ជាន់​ឈ្លី​គេ​តាំង​ពី​ព្រលឹម រូប​ល្អ​របស់​គេ​នឹង​ត្រូវ​សូន្យ​ទៅ នៅ​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ ឥត​មាន​ទី​អាស្រ័យ​ឡើយ ប៉ុន្តែព្រះ​ទ្រង់​នឹង​លោះ​ព្រលឹង​ខ្ញុំ ឲ្យ​រួច​ពី​អំណាច​នៃ ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់​នោះ​វិញ ដ្បិត​ទ្រង់​នឹង​ទទួល​ខ្ញុំ​ទុក។ –បង្អង់