ទំនុកតម្កើង 49:1-20
ទំនុកតម្កើង 49:1-20 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ប្រជាជនទាំងឡាយអើយ ចូរស្តាប់សេចក្ដីនេះ មនុស្សទាំងឡាយក្នុងពិភពលោកអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ គឺទាំងអ្នកធំ ទាំងអ្នកតូច ទាំងអ្នកមាន ទាំងក្រគ្រប់គ្នា មាត់ខ្ញុំនឹងបញ្ចេញប្រាជ្ញា ហើយចិត្តខ្ញុំនឹងសញ្ជឹងគិតតែពី គំនិតដែលត្រឹមត្រូវ។ ខ្ញុំនឹងផ្ទៀងត្រចៀកស្តាប់ពាក្យសុភាសិត ខ្ញុំនឹងដោះប្រស្នារបស់ខ្ញុំតាមសំឡេងស៊ុង។ ៙ ហេតុអ្វីបានជាខ្ញុំត្រូវភ័យខ្លាចក្នុងគ្រាអាក្រក់ ពេលឃើញអំពើទុច្ចរិតនៃពួកអ្នក ដែលធ្វើទុក្ខបៀតបៀននៅព័ទ្ធជុំវិញខ្ញុំ និងពេលឃើញអស់អ្នកដែលទុកចិត្ត នឹងរបស់ទ្រព្យរបស់ខ្លួន ហើយអួតអាងអំពីទ្រព្យសម្បត្តិ ដ៏បរិបូររបស់ខ្លួន? ប្រាកដមែន គ្មានអ្នកណាម្នាក់ អាចលោះជីវិតខ្លួនបានឡើយ ក៏គ្មានតម្លៃណាដែលអាចថ្វាយព្រះ ដើម្បីលោះជីវិតខ្លួនបានដែរ ដ្បិតតម្លៃលោះជីវិត នោះថ្លៃណាស់ គ្មានអ្វីអាចនឹងលោះឲ្យល្មម ដើម្បីឲ្យគេបានរស់នៅរហូត ហើយមិនឃើញរណ្ដៅមរណៈបានឡើយ។ ៙ ដ្បិតគេឃើញហើយថា សូម្បីតែអ្នកប្រាជ្ញក៏ស្លាប់ដែរ មនុស្សល្ងង់ និងមនុស្សខ្លៅវិនាសទៅដូចគ្នា ហើយទុកចោលទ្រព្យសម្បត្តិរបស់ខ្លួន ឲ្យអ្នកដទៃ។ គេគិតក្នុងចិត្តថា ពូជពង្សរបស់គេ នឹងនៅស្ថិតស្ថេរជានិច្ច ទីលំនៅរបស់គេនឹងធន់នៅគ្រប់ជំនាន់ ក៏ដាក់ឈ្មោះដីធ្លីគេ តាមឈ្មោះរបស់ខ្លួនទៀតផង។ ប៉ុន្តែ មនុស្សមិនស្ថិតស្ថេរនៅ ដោយមានកេរ្តិ៍ឈ្មោះទេ គេដូចជាសត្វតិរច្ឆានដែលត្រូវវិនាសទៅ។ ៙ នេះហើយជាអនាគតរបស់មនុស្សល្ងង់ខ្លៅ និងអស់អ្នកដែលចូលចិត្ត នឹងគំនិតរបស់គេ។ –បង្អង់ គេដូចជាចៀមដែលតម្រង់ទៅរក ស្ថានឃុំព្រលឹងមនុស្សស្លាប់ សេចក្ដីស្លាប់នឹងធ្វើជាគង្វាលរបស់គេ ហើយមនុស្សទៀងត្រង់ នឹងជាន់ឈ្លីគេតាំងពីព្រលឹម រូបកាយរបស់គេនឹងត្រូវសូន្យទៅ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ឥតមានទីអាស្រ័យឡើយ។ ប៉ុន្តែ ព្រះនឹងលោះព្រលឹងខ្ញុំ ឲ្យរួចពីអំណាចនៃ ស្ថានឃុំព្រលឹងមនុស្សស្លាប់ ដ្បិតព្រះអង្គនឹងទទួលខ្ញុំ។ –បង្អង់ ៙ កុំភ័យខ្លាច ពេលអ្នកណាម្នាក់មានស្ដុកស្ដម គឺនៅពេលដែលភាពរុងរឿងរបស់គេ ចេះតែចម្រើនឡើង។ ដ្បិតកាលគេស្លាប់ទៅ គេមិនអាចយកអ្វីទៅបានទេ ហើយភាពរុងរឿងរបស់គេ នឹងមិនចុះទៅតាមគេដែរ។ ទោះបើអ្នកនោះរាប់ខ្លួនថាមានពរ ក្នុងកាលដែលគេនៅរស់នៅឡើយ ហើយទោះបើមានមនុស្សសរសើរ ពេលគេបានចម្រុងចម្រើនក៏ដោយ ក៏គង់តែនឹងទៅតាមពួកដូនតារបស់ខ្លួន ដែលនឹងលែងឃើញពន្លឺទៀតឡើយ។ មនុស្សដែលមានកេរ្តិ៍ឈ្មោះ តែឥតមានយោបល់ ប្រៀបដូចជាសត្វតិរច្ឆានដែលវិនាស។
ទំនុកតម្កើង 49:1-20 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ប្រជាជនទាំងឡាយអើយ ចូរនាំគ្នាត្រងត្រាប់ស្ដាប់! មនុស្សម្នាដែលរស់នៅផែនដីទាំងមូលអើយ ចូរនាំគ្នាយកចិត្តទុកដាក់ស្ដាប់ គឺទាំងអ្នកតូច ទាំងអ្នកធំ ទាំងអ្នកមាន ទាំងអ្នកក្រ! ខ្ញុំនឹងបរិយាយអំពីគតិបណ្ឌិត ខ្ញុំនឹងសម្តែង ចេញនូវគោលគំនិតប្រកបដោយប្រាជ្ញា។ ខ្ញុំនឹងផ្ចង់ចិត្តស្ដាប់ពាក្យប្រៀនប្រដៅរបស់អ្នកប្រាជ្ញ ហើយខ្ញុំនឹងដោះស្រាយប្រស្នា ទាំងលេងពិណកំដរផង។ នៅគ្រាមានអាសន្ន ឬពេលមានខ្មាំងសត្រូវមកឡោមព័ទ្ធ ខ្ញុំនឹងមិនភ័យខ្លាចអ្វីសោះឡើយ។ មនុស្សអាក្រក់តែងតែទុកចិត្តលើទ្រព្យរបស់ខ្លួន គេអួតអាង ព្រោះមានសម្បត្តិស្ដុកស្ដម្ភ។ ពុំមាននរណាម្នាក់អាចលោះអ្នកដទៃបានឡើយ ហើយក៏ពុំអាចបង់ថ្លៃថ្វាយព្រះជាម្ចាស់ ដើម្បីលោះជីវិតរបស់ខ្លួនបានដែរ ដ្បិតតម្លៃលោះជីវិតរបស់មនុស្សថ្លៃណាស់ គឺទោះបីជាគេខំបង់ថ្លៃយ៉ាងណាក៏ដោយ ក៏មិនគ្រប់ដែរ។ តើមនុស្សអាចរស់រហូត ហើយគេចផុតពីរណ្ដៅមច្ចុរាជបានឬ? យើងនឹងឃើញច្បាស់ថា អ្នកប្រាជ្ញ ក៏ដូចជាមនុស្សឆោតល្ងង់អាប់ឥតប្រាជ្ញាដែរ គេត្រូវតែស្លាប់ទាំងអស់គ្នា ហើយទុកទ្រព្យសម្បត្តិខ្លួនឲ្យអ្នកដទៃ។ គេនឹកក្នុងចិត្តថាគេហដ្ឋានរបស់គេ នឹងនៅស្ថិតស្ថេររហូតតទៅ លំនៅដ្ឋានរបស់គេនៅគង់វង្ស ពីជំនាន់មួយទៅជំនាន់មួយ ហើយគេដាក់ឈ្មោះដីធ្លីគេ តាមឈ្មោះរបស់ខ្លួនថែមទៀត។ ក៏ប៉ុន្តែ មនុស្សដែលមានកិត្តិយសរុងរឿង ពុំអាចគេចផុតពីស្លាប់បានទេ គេមិនយល់ថាគេនឹងត្រូវបាត់បង់ជីវិតទៅ ដូចសត្វតិរច្ឆាននោះឡើយ។ រីឯអស់អ្នកដែលទុកចិត្តលើខ្លួនឯង ហើយស្កប់ចិត្តនឹងពាក្យសម្ដីរបស់ខ្លួន អនាគតរបស់គេនឹងបានដូចតទៅនេះ - សម្រាក អ្នកទាំងនោះប្រៀបដូចជាកូនចៀម ដែលយកទៅសម្លាប់។ គង្វាលឃ្វាលហ្វូងចៀមយ៉ាងណា មច្ចុរាជក៏នឹងឃ្វាលពួកគេយ៉ាងនោះដែរ។ មនុស្សសុចរិតនឹងជាន់ឈ្លីពួកគេ រូបកាយរបស់ពួកគេនឹងរលាយសូន្យ ហើយទៅរស់នៅក្នុងស្ថានមនុស្សស្លាប់។ ក៏ប៉ុន្តែ ព្រះជាម្ចាស់នឹងរំដោះជីវិតខ្ញុំ ឲ្យរួចពីអំណាចនៃសេចក្ដីស្លាប់ ព្រះអង្គនឹងយកខ្ញុំទៅ។ - សម្រាក ពេលឃើញនរណាម្នាក់ទៅជាអ្នកមាន ហើយឃើញទ្រព្យសម្បត្តិចេះតែរីកចម្រើន កុំភ័យខ្លាចអី ដ្បិតពេលស្លាប់ទៅ គេពុំអាចយកអ្វីទៅជាមួយបានទេ គឺគេមិនអាចយកទ្រព្យសម្បត្តិ ចុះទៅក្នុងរណ្ដៅជាមួយឡើយ។ ទោះបីគេយល់ថា ខ្លួនមានសុភមង្គលក្នុងជីវិតនេះ ហើយទោះបីមានអ្នកដទៃកោតសរសើរ ដោយឃើញគេបានចម្រុងចម្រើនក៏ដោយ ក៏គង់តែគេត្រូវចុះទៅជួបជុំ នឹងដូនតារបស់ខ្លួន ចៀសមិនផុត នៅក្នុងកន្លែងដែលគេពុំអាចមើល ឃើញពន្លឺទៀតឡើយ។ មនុស្សដែលមានកិត្តិយសរុងរឿង តែមិនយល់អ្វីសោះនោះ គេនឹងបាត់បង់ទៅដូចសត្វតិរច្ឆានដែរ។
ទំនុកតម្កើង 49:1-20 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
អស់ទាំងសាសន៍អើយ ចូរស្តាប់សេចក្ដីនេះ មនុស្សទាំងឡាយនៅលោកីយអើយ ចូរផ្ទៀងត្រចៀកស្តាប់ចុះ គឺទាំងធំទាំងតូច ទាំងមានទាំងក្រគ្រប់គ្នា មាត់ខ្ញុំនឹងបញ្ចេញប្រាជ្ញា ហើយចិត្តខ្ញុំនឹងរំពឹងគិតតែពី សេចក្ដីត្រឹមត្រូវ ខ្ញុំនឹងផ្ទៀងត្រចៀកស្តាប់ពាក្យឧបមា ខ្ញុំនឹងផ្តើមច្រៀងសេចក្ដីអាថ៌កំបាំងរបស់ខ្ញុំតាមសូរស៊ុង។ ៙ ហេតុអ្វីបានជាខ្ញុំត្រូវមានចិត្តភ័យខ្លាចក្នុងគ្រាអាក្រក់ គឺកាលណាសេចក្ដីទុច្ចរិត ដែលតាមជាប់កែងជើង បានព័ទ្ធខ្ញុំជុំវិញហើយ ឯក្នុងពួកអស់អ្នកដែលទុកចិត្តនឹងរបស់ទ្រព្យខ្លួន ហើយអួតអាងពីទ្រព្យសម្បត្តិដ៏មានជាបរិបូរ នោះគ្មានអ្នកណាមួយនឹងអាចលោះបងប្អូនខ្លួន ឬយកដំឡៃសំរាប់លោះគេទៅថ្វាយដល់ព្រះបានឡើយ ដ្បិតដំឡៃលោះព្រលឹងគេ នោះថ្លៃពេកណាស់ ឥតដែលអាចនឹងលោះបានឡើយ នឹងឲ្យគេរស់នៅជាដរាប ឥតឃើញសេចក្ដីពុករលួយ មិនបានទេ។ ៙ អើ គេនឹងឃើញពិតថា ពួកមនុស្សប្រាជ្ញក៏ស្លាប់ដែរ ហើយមនុស្សខ្លៅល្ងង់ នឹងមនុស្សកំរោល គេវិនាស ទៅដូចគ្នា ព្រមទាំងចោលរបស់ខ្លួនទុកឲ្យអ្នកដទៃផង អ្នកទាំងនោះគិតស្មានក្នុងចិត្តថា ពូជពង្សរបស់គេ នឹងនៅជាប់ជានិច្ច ហើយថា ទីលំនៅគេនឹងធន់នៅគ្រប់ទាំងដំណតទៅ គេក៏ដាក់ឈ្មោះស្រុក តាមឈ្មោះរបស់ខ្លួនដែរ ប៉ុន្តែមនុស្សមិនស្ថិតស្ថេរនៅ ដោយមានកេរ្តិ៍ឈ្មោះទេ គឺគេដូចជាសត្វតិរច្ឆានដែលត្រូវវិនាសវិញ។ ៙ ឯផ្លូវគេ នោះសុទ្ធតែផ្តេសផ្តាសទទេ ប៉ុន្តែមនុស្សដែលកើតមកខាងក្រោយ ក៏ចូលចិត្តនឹងពាក្យសំដីរបស់គេដែរ –បង្អង់ គេដូចជាហ្វូងសត្វដែលដំរង់ទៅឯទីស្លាប់ សេចក្ដីស្លាប់នឹងស៊ីគេ ហើយមនុស្សទៀងត្រង់នឹងជាន់ឈ្លីគេតាំងពីព្រលឹម រូបល្អរបស់គេនឹងត្រូវសូន្យទៅ នៅស្ថានឃុំព្រលឹងមនុស្សស្លាប់ ឥតមានទីអាស្រ័យឡើយ ប៉ុន្តែព្រះទ្រង់នឹងលោះព្រលឹងខ្ញុំ ឲ្យរួចពីអំណាចនៃ ស្ថានឃុំព្រលឹងមនុស្សស្លាប់នោះវិញ ដ្បិតទ្រង់នឹងទទួលខ្ញុំទុក។ –បង្អង់ ៙ កុំឲ្យភ័យខ្លាច ដោយអ្នក១បានមានឡើង ក្នុងកាលដែលសេចក្ដីរុងរឿងនៅផ្ទះបានបរិបូរនោះឡើយ ដ្បិតកាលណាគេស្លាប់ទៅ នោះនឹងយកអ្វីៗទៅ ផងមិនបាន ហើយសេចក្ដីរុងរឿងរបស់គេនឹងមិនចុះទៅតាមឡើយ ទោះបើអ្នកនោះបានរាប់ខ្លួនជាមានពរ ក្នុងកាលដែលនៅរស់នៅឡើយ ហើយបាននាំឲ្យមនុស្សសរសើរខ្លួន ដោយបាន លៀងជីវិតយ៉ាងល្អក៏ដោយ គង់តែនឹងត្រូវទៅតាមពួកឰយុកោខ្លួន ដែលមិនឃើញពន្លឺទៀត មនុស្សណាដែលមានកេរ្តិ៍ឈ្មោះ តែឥតមានយោបល់ នោះធៀបដូចជាសត្វតិរច្ឆាន ដែលវិនាសទៅនោះឯង។