ទំនុកតម្កើង 45:1-7

ទំនុកតម្កើង 45:1-7 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ចិត្ត​របស់​ខ្ញុំ​ពេញ​ហៀរ​ដោយ​ពាក្យ​ពេជន៍​ដ៏​ល្អ ខ្ញុំ​លើកកំណាព្យ​របស់​ខ្ញុំ​ថ្វាយ​ព្រះមហាក្សត្រ អណ្ដាត​ខ្ញុំ​ប្រៀប​ដូច​ជា​ប៉ាកកា​របស់​កវី​និពន្ធ ដែល​ត្រៀម​ជា​ស្រេច។ ៙ ព្រះ‌ករុណាមាន​រូប​សម្បត្តិ​ល្អ លើស​ជាងបុរស​ទាំង​អស់ បបូរ​មាត់ព្រះ​ករុណា​មាន​ពេញ​ដោយ​ព្រះ‌គុណ ហេតុនេះ​ហើយ​បាន​ជា ព្រះ​ប្រទាន​ពរ​ព្រះ‌អង្គ​ជានិច្ច។ ឱ​ព្រះ‌ករុណា​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​អើយ សូម​ក្រវាត់​ដាវ​របស់​ព្រះ‌អង្គ​ជាប់នឹង​ត្រគាក ឲ្យ​សម​នឹង​តេជានុភាព​ដ៏​រុង​រឿង​របស់​ព្រះ‌អង្គ! សូម​យាង​ទៅ​ដោយ​ឥទ្ធិឫទ្ធិ​របស់​ព្រះ‌អង្គ ទាំង​មាន​ជ័យ​ជម្នះ ដើម្បី​ការពារ​សេចក្ដី​ពិត ភាព​ស្លូត​បូត និង​សេចក្ដី​សុចរិត សូម​ព្រះ‌ហស្ត​ស្តាំ​របស់​ព្រះ‌អង្គ បង្រៀន​ព្រះ‌អង្គ ពី​ការ​ដែល​គួរ​កោត​ខ្លាច! ព្រួញ​របស់​ព្រះ‌អង្គ មុត​ចូល​ទៅ​ក្នុង​បេះ‌ដូង​របស់​ខ្មាំង​សត្រូវ សាសន៍​ទាំង​ប៉ុន្មាន​ដួល​នៅ​ក្រោម ព្រះបាទា​ព្រះ‌អង្គ។ ៙ ឱ​ព្រះ​អើយ បល្ល័ង្ក​របស់​ព្រះ‌អង្គ ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា‌និច្ច​រៀង​រាប​ត​ទៅ។ ដំបង​រាជ្យ​នៃ​រាជ្យ​ព្រះ‌អង្គ ជា​ដំបង​រាជ្យ​សុចរិត ព្រះករុណា​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​អំពើ​ទុច្ចរិត។ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ គឺ​ព្រះ​របស់​ករុណា បាន​ចាក់​ប្រេង​លើ​ព្រះ​ករុណា ជា​ប្រេង​នៃ​សេចក្ដី​ត្រេក‌អរ លើស​ជាងមិត្ត​សម្លាញ់​របស់​ព្រះ​ករុណា

ទំនុកតម្កើង 45:1-7 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ចិត្ត​របស់​ខ្ញុំ​ពោរ‌ពេញ ទៅ​ដោយ​ពាក្យ‌ពេចន៍​ដ៏​សែន​ពីរោះ ខ្ញុំ​តែង​បទ​ចម្រៀង​នេះ​ថ្វាយ​ព្រះ‌មហា‌ក្សត្រ។ សូម​ឲ្យ​សម្ដី​ខ្ញុំ​ចាប់​ចុង​ជួន ដូច​បទ​កំណាព្យ​របស់​កវី​និពន្ធ​មួយ​រូប​ដ៏​ចំណាន។ ក្នុង​ចំណោម​បុរស​ទាំង​អស់ មាន​តែ​ព្រះអង្គ​ទេ​ដែល​រូប​សម្បត្តិ​ល្អ​ជាង​គេ ព្រះអង្គ​មាន​សំនួន‌វោហារ​ដ៏​ពូកែ ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌ជាម្ចាស់ ប្រទាន​ពរ​ដល់​ព្រះអង្គ​រហូត​ត​ទៅ។ ឱ​វីរ‌បុរស​ដ៏​មាន​ឫទ្ធិ​អើយ សូម​ពាក់​ព្រះ‌ខ័នរាជ្យ​ដ៏​រុងរឿង និង​ភ្លឺ​ចិញ្ចែង‌ចិញ្ចាច​របស់​ព្រះអង្គ​ទៅ។ សូម​ព្រះអង្គ​យាង​គង់​លើ​ព្រះ‌រាជ‌រថ ប្រកប​ដោយ​សិរី‌រុងរឿង ដើម្បី​ច្បាំង​ការពារ​សេចក្ដី​ពិត និង​សេចក្ដី​សុចរិត​ទៀង​ត្រង់ សូម​ទ្រង់​ទទួល​មហា​ជោគ‌ជ័យ ដោយ​ព្រះ‌បារមី​របស់​ព្រះអង្គ។ សូម​ឲ្យ​ព្រួញ​ដ៏​មុត​របស់​ព្រះអង្គ បាន​បាញ់​ទម្លុះ​ដើម​ទ្រូង​របស់​ពួក​សត្រូវ សូម​ឲ្យ​ប្រជា‌ជាតិ​ទាំង‌ឡាយ នៅ​ក្រោម​ព្រះ‌បាទា​របស់​ព្រះ‌រាជា។ បពិត្រ​ព្រះ‌ជាម្ចាស់ បល្ល័ង្ក​របស់​ព្រះអង្គ នៅ​ស្ថិត‌ស្ថេរ​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ ហើយ​ព្រះអង្គ​គ្រង​រាជ្យ​ដោយ​យុត្តិធម៌ ព្រះអង្គ​តែងតែ​សព្វ​ព្រះ‌ហឫទ័យ​នឹង​សេចក្ដី​សុចរិត ទ្រង់​មិន​សព្វ​ព្រះ‌ហឫទ័យ​នឹង​អំពើ​ទុច្ចរិត​ទេ ហេតុ​នេះ​ហើយ​បាន​ព្រះ‌ជាម្ចាស់ ជា​ព្រះ​របស់​ព្រះអង្គ​ជ្រើស​រើស​ព្រះអង្គ ពី​ក្នុង​ចំណោម​មិត្ត‌ភក្ដិ​របស់​ព្រះអង្គ ហើយ​ប្រទាន​ឲ្យ​ព្រះអង្គ មាន​អំណរ​សប្បាយ​ដ៏​លើស‌លុប ដោយ​ចាក់​ប្រេង​អភិសេក​ព្រះអង្គ។

ទំនុកតម្កើង 45:1-7 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ចិត្ត​របស់​ខ្ញុំ​ពេញ​ហៀរ​ដោយ​សេចក្ដី​ដ៏​ល្អ គឺ​ខ្ញុំ​និយាយ​ពី​សេចក្ដី​ដែល​ខ្ញុំ​បាន​និពន្ធ ពី​ដំណើរ​មហា‌ក្សត្រ អណ្តាត​ខ្ញុំ​ជា​ស្លាប​ប្រកា​នៃ​អ្នក​តែង​រឿង​យ៉ាង​ជំនាញ។ ៙ ទ្រង់​ព្រះ‌ករុណា​ល្អ​វិសេស​ជាង​អស់​ទាំង​ពួក​មនុស្ស ព្រះ‌រឹម​ទ្រង់​ប្រកប​ដោយ​ព្រះ‌គុណ ហេតុ​នោះ​បាន​ជា​ព្រះ​បាន​ប្រទាន​ពរ​ដល់​ទ្រង់ ជា​ដរាប​ត​ទៅ ឱ​ព្រះ‌ករុណា​ដ៏​មាន​ឥទ្ធិ‌ឫទ្ធិ​អើយ សូម​ក្រវាត់​ដាវ​ជាប់​នៅ​ត្រគាក​ទ្រង់ ទុក​ជា​គ្រឿង​លំអ នឹង​សក្តិ‌យស​នៃ​ទ្រង់​ផង រួច​ជិះ​ទៅ ដោយ​ឥទ្ធឫទ្ធរបស់​ទ្រង់ មាន​ទាំង​ជ័យ‌ជំនះ​ផង ដើម្បី​ការ‌ពារ​សេចក្ដី​ពិត សេចក្ដី​សុភាព នូវ​សេចក្ដី​សុចរិត នោះ​ព្រះ‌ហស្ត​ស្តាំ​នៃ​ទ្រង់​នឹង​បង្រៀន​ទ្រង់ ពី​ការ​ដែល​គួរ​កោត‌ខ្លាច ព្រួញ​ទ្រង់​មុត​ឆៀប​ដល់​បេះ‌ដូង​របស់​ពួក​ខ្មាំង​សត្រូវ​នៃ ព្រះ‌ករុណា សាសន៍​ទាំង​ប៉ុន្មាន​នឹង​ដួល​ចុះ​នៅ​ក្រោម​ទ្រង់។ ៙ ឱ​ព្រះ‌អង្គ​អើយ បល្ល័ង្ក​ទ្រង់​ស្ថិត‌ស្ថេរ​នៅ​អស់‌កល្ប ជានិច្ច​រៀង‌រាប​ត​ទៅ ឯ​ព្រះ​ដំបង​ពេជ្រ​របស់​រាជ្យ​ទ្រង់ នោះ​ជា​ដំបង​សុចរិត ទ្រង់​បាន​ស្រឡាញ់​សេចក្ដី​សុចរិត ហើយ​ស្អប់​ការ​ទុច្ចរិត ហេតុ​នោះ​បាន​ជា​ព្រះ គឺ​ជា​ព្រះ​នៃ​ទ្រង់ បាន​ចាក់​ប្រេង​ថ្វាយ​ទ្រង់ ជា​ប្រេង​នៃ​សេចក្ដី​ត្រេក‌អរ​សាទរ លើស​ជាង​ពួក​សំឡាញ់​នៃ​ទ្រង់