ទំនុកតម្កើង 44:1-8

ទំនុកតម្កើង 44:1-8 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​អើយ យើង​ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក បុព្វ‌បុរស​យើង​ខ្ញុំ បាន​ប្រាប់​យើង​ខ្ញុំ អំពី​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ នៅ​ជំនាន់​របស់​លោក គឺ​នៅ​សម័យ​ចាស់​បុរាណ​ថា ព្រះ‌អង្គ​បាន​បណ្តេញ​សាសន៍​នានាចេញ ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ផ្ទាល់ ហើយ​បាន​ដាំ​អ៊ី​ស្រាអែល​ជំនួស​វិញ ព្រះ‌អង្គ​បាន​ធ្វើ​ទោស​សាសន៍​ទាំង​នោះ តែ​បានធ្វើ​ឲ្យ​អ៊ីស្រា‌អែល​ពង្រីក​ទឹក​ដី។ ដ្បិត​គេ​មិន​បាន​ចាប់​យក​ស្រុក​នោះ ដោយ​ដាវ​របស់​ខ្លួន​ឡើយ ក៏​មិន​មែន​ដៃ​របស់​គេ ដែល​សង្គ្រោះ​គេ​នោះ​ដែរ គឺ​ព្រះ‌ហស្តស្ដាំ និង​ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​វិញ ដ្បិត​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​គេ។ ៙ ឱ​ព្រះ​អើយ ព្រះ‌អង្គ​ជា​មហា‌ក្សត្រ​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បង្គាប់​ឲ្យ​មាន​ការ​សង្គ្រោះ ដល់​ពួក​យ៉ាកុប! ដោយ‌សារ​ព្រះ​នាម​ព្រះ‌អង្គ យើង​ខ្ញុំ​បាន​ច្រាន​ផ្ដួល​សត្រូវ ដោយ​សារ​ព្រះ‌នាមព្រះ‌អង្គ យើង​ជាន់​ឈ្លី​ពួក​អ្នក​ដែល​លើក​គ្នា ទាស់​នឹង​យើង​ខ្ញុំ។ ដ្បិត​ទូល‌បង្គំ​មិន​ទុក​ចិត្ត នឹង​ធ្នូ​របស់​ទូល‌បង្គំ​ឡើយ ហើយ​ដាវ​ទូល‌បង្គំ​ក៏​មិនអាច សង្គ្រោះ​ទូល‌បង្គំ​បាន​ដែរ។ ប៉ុន្ដែ ព្រះ‌អង្គ​បាន​សង្គ្រោះ​យើង​ខ្ញុំឲ្យ​រួច​ពី​សត្រូវ ហើយ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​ខ្មាស។ យើង​ខ្ញុំ​បាន​អួត​ពី​ព្រះ​ជា​ដរាប​រាល់​ថ្ងៃ ហើយ​យើង​នឹង​អរ​ព្រះ​គុណ ដល់​ព្រះ‌នាម​ព្រះ‌អង្គ រហូត​ត​ទៅ។ –បង្អង់

ទំនុកតម្កើង 44:1-8 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​អើយ ដូនតា​យើង​ខ្ញុំ​ធ្លាប់​រៀប​រាប់​ឲ្យ យើង​ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក នូវ​ស្នា​ព្រះ‌ហស្ដ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​ជំនាន់​របស់​លោក គឺ​តាំង​ពី​យូរ​អង្វែង​ណាស់​មក​ហើយ។ ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះអង្គ ព្រះអង្គ​បាន​បណ្ដេញ​ប្រជា‌ជាតិ​នានា ចេញ​ពី​ស្រុក​របស់​ខ្លួន ហើយ​យក​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ឲ្យ​មក​នៅ​ជំនួស។ ព្រះអង្គ​បាន​ធ្វើ​ទោស​សាសន៍​ទាំង​នោះ ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ពង្រីក​ទឹក​ដី។ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ពុំ​បាន​ចាប់​យក​ទឹក​ដី​នេះ ដោយ‌សារ​អាវុធ​របស់​ខ្លួន​ឡើយ ហើយ​គេ​ក៏​ពុំ​បាន​យក​ជ័យ‌ជម្នះ ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ដែរ គឺ​គេ​ទទួល​ជ័យ‌ជម្នះ​ដោយ‌សារ​ឫទ្ធា‌នុភាព និង​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ស្រឡាញ់ ហើយ​គាប់​ព្រះ‌ហឫទ័យ​នឹង​ពួក​គេ។ ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ​របស់​ទូលបង្គំ! មាន​តែ​ព្រះអង្គ​ទេ​ដែល​ប្រទាន​ជ័យ‌ជម្នះ ដល់​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ។ ដោយ‌សារ​ព្រះអង្គ យើង​ខ្ញុំ​បាន​យក​ជ័យ‌ជម្នះ​លើ​បច្ចា‌មិត្ត ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះអង្គ យើង​ខ្ញុំ​បាន​បង្ក្រាប​អស់​អ្នក ដែល​ប្រឆាំង​នឹង​យើង​ខ្ញុំ ដ្បិត​ទូលបង្គំ​មិន​ពឹង​ផ្អែក​លើ​ធ្នូ​របស់​ទូលបង្គំ​ឡើយ ហើយ​ដាវ​របស់​ទូលបង្គំ ក៏​មិន​អាច​សង្គ្រោះ​ទូលបង្គំ​បាន​ដែរ។ មាន​តែ​ព្រះអង្គ​ទេ​ដែល​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ហើយ​ធ្វើ​ឲ្យ អស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​អាម៉ាស់។ ឱ​ព្រះ‌ជាម្ចាស់​អើយ យើង​ខ្ញុំ​លើក​តម្កើង សិរី‌រុងរឿង​របស់​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ហើយ​យើង​ខ្ញុំ​នឹង​សរសើរ​តម្កើង ព្រះ‌នាម​របស់​ព្រះអង្គ​អស់‌កល្ប​ជានិច្ច។ - សម្រាក

ទំនុកតម្កើង 44:1-8 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អង្គ​អើយ យើង​ខ្ញុំ​បាន​ឮ​ដោយ​ត្រចៀក ពួក​ឰយុកោ​យើង​ខ្ញុំ បាន​ថ្លែង​ប្រាប់​មក​យើង​ខ្ញុំ ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ នៅ​សម័យ​ចាស់​បុរាណ​ក្នុង​ជំនាន់​គេ គឺ​ពី​ទ្រង់​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញ ដោយ​ព្រះ‌ហស្ត​ទ្រង់ ហើយ​បាន​បណ្តុះ​ពួក​អ៊ីស្រាអែល​វិញ ទ្រង់​បាន​ប្រហារ​អស់​ទាំង​សាសន៍​ដទៃ តែ​បាន​ឲ្យ​អ៊ីស្រាអែល​វាត​ទី​ចេញ​ទៅ ដ្បិត​គេ​មិន​បាន​ចាប់​យក​ស្រុក​នោះ​ដោយ​ដាវ​ខ្លួន​ទេ ក៏​មិន​មែន​ជា​ដៃ​ខ្លួន​គេ ដែល​បាន​ជួយ​សង្គ្រោះ​គេ​ដែរ គឺ​ជា​ព្រះ‌ហស្ត​ស្តាំ នឹង​ព្រះ‌ពាហុ​ទ្រង់ ព្រម​ទាំង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ទ្រង់​វិញ ដ្បិត​ទ្រង់​បាន​ប្រោស​ដល់​គេ។ ៙ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជា​មហា‌ក្សត្រ​នៃ​ទូលបង្គំ សូម​បង្គាប់​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​ពួក​យ៉ាកុប យើង​ខ្ញុំ​នឹង​ច្រាន​ផ្តួល​ពួក​ខ្មាំង​សត្រូវ ដោយ‌សារ​ទ្រង់ ហើយ​នឹង​ជាន់​ឈ្លី​ពួក​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​យើង​ខ្ញុំ ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ដ្បិត​ទូលបង្គំ​នឹង​មិន​ពឹង​ធ្នូ​របស់​ទូលបង្គំ​ទេ ហើយ​ដាវ​ទូលបង្គំ​ក៏​មិន​ជួយ​សង្រ្គោះ​ទូលបង្គំ​ដែរ គឺ​ទ្រង់​ដែល​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​ពួក​សត្រូវ​វិញ ព្រម​ទាំង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​ខ្មាស​ផង យើង​ខ្ញុំ​បាន​អួត​ពី​ព្រះ ជា​ដរាប​រាល់​ថ្ងៃ ហើយ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់​ជា​ដរាប​តទៅ។ –បង្អង់