ទំនុកតម្កើង 44:1-26

ទំនុកតម្កើង 44:1-26 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​អើយ យើង​ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក បុព្វ‌បុរស​យើង​ខ្ញុំ បាន​ប្រាប់​យើង​ខ្ញុំ អំពី​កិច្ច​ការ​ដែល​ព្រះ‌អង្គ​បាន​ធ្វើ នៅ​ជំនាន់​របស់​លោក គឺ​នៅ​សម័យ​ចាស់​បុរាណ​ថា ព្រះ‌អង្គ​បាន​បណ្តេញ​សាសន៍​នានាចេញ ដោយ​ព្រះ‌ហស្ត​របស់​ព្រះ‌អង្គ​ផ្ទាល់ ហើយ​បាន​ដាំ​អ៊ី​ស្រាអែល​ជំនួស​វិញ ព្រះ‌អង្គ​បាន​ធ្វើ​ទោស​សាសន៍​ទាំង​នោះ តែ​បានធ្វើ​ឲ្យ​អ៊ីស្រា‌អែល​ពង្រីក​ទឹក​ដី។ ដ្បិត​គេ​មិន​បាន​ចាប់​យក​ស្រុក​នោះ ដោយ​ដាវ​របស់​ខ្លួន​ឡើយ ក៏​មិន​មែន​ដៃ​របស់​គេ ដែល​សង្គ្រោះ​គេ​នោះ​ដែរ គឺ​ព្រះ‌ហស្តស្ដាំ និង​ព្រះ‌ពាហុ​របស់​ព្រះ‌អង្គ ព្រម​ទាំង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ព្រះ‌អង្គ​វិញ ដ្បិត​ព្រះ‌អង្គ​គាប់​ព្រះ‌ហឫ‌ទ័យ​នឹង​គេ។ ៙ ឱ​ព្រះ​អើយ ព្រះ‌អង្គ​ជា​មហា‌ក្សត្រ​របស់​ទូល‌បង្គំ ព្រះ‌អង្គ​បង្គាប់​ឲ្យ​មាន​ការ​សង្គ្រោះ ដល់​ពួក​យ៉ាកុប! ដោយ‌សារ​ព្រះ​នាម​ព្រះ‌អង្គ យើង​ខ្ញុំ​បាន​ច្រាន​ផ្ដួល​សត្រូវ ដោយ​សារ​ព្រះ‌នាមព្រះ‌អង្គ យើង​ជាន់​ឈ្លី​ពួក​អ្នក​ដែល​លើក​គ្នា ទាស់​នឹង​យើង​ខ្ញុំ។ ដ្បិត​ទូល‌បង្គំ​មិន​ទុក​ចិត្ត នឹង​ធ្នូ​របស់​ទូល‌បង្គំ​ឡើយ ហើយ​ដាវ​ទូល‌បង្គំ​ក៏​មិនអាច សង្គ្រោះ​ទូល‌បង្គំ​បាន​ដែរ។ ប៉ុន្ដែ ព្រះ‌អង្គ​បាន​សង្គ្រោះ​យើង​ខ្ញុំឲ្យ​រួច​ពី​សត្រូវ ហើយ​ធ្វើ​ឲ្យ​អស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​ខ្មាស។ យើង​ខ្ញុំ​បាន​អួត​ពី​ព្រះ​ជា​ដរាប​រាល់​ថ្ងៃ ហើយ​យើង​នឹង​អរ​ព្រះ​គុណ ដល់​ព្រះ‌នាម​ព្រះ‌អង្គ រហូត​ត​ទៅ។ –បង្អង់ ៙ ប៉ុន្តែ ឥឡូវ​នេះ ព្រះ‌អង្គ​បាន បោះ‌បង់​ចោល​យើង​ខ្ញុំ ហើយ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំបាក់​មុខ ក៏​មិន​បាន​យាង​ចេញ​ទៅ​ជា​មួយ​ពល‌ទ័ព របស់​យើង​ខ្ញុំ​ទៀត​ដែរ។ ព្រះ‌អង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ដក​ថយ​ពី​សត្រូវ ហើយ​អស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ គេ​រឹប​អូស​យក​ទ្រព្យ​សម្បត្តិ​របស់​យើង​ខ្ញុំ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ដូច​ជា​ចៀម ដែល​គេ​យក​ទៅ​សម្លាប់ ក៏​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ខ្ចាត់​ខ្ចាយ​ទៅ នៅ​កណ្ដាល​ពួក​សាសន៍​ដទៃ។ ព្រះ‌អង្គ​បាន​លក់ប្រជា‌រាស្ត្រ​ព្រះ‌អង្គ យ៉ាង​ថោក​បំផុត ដោយ​មិន​បាន​ទារ​តម្លៃ​ខ្ពស់​ឡើយ។ ៙ ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ជា​ទី​ត្មះ​តិះ​ដៀល ដល់​សាសន៍​ជិត​ខាង​របស់​យើង​ខ្ញុំ ជា​ទី​ចំអក​ឡក‌ឡឺយ​ដល់​អស់​ទាំង​សាសន៍ ដែល​នៅ​ជុំ‌វិញ​យើង​ខ្ញុំ។ ព្រះ‌អង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​ពាក្យ​បង្អាប់ ក្នុង​ចំណោម​សាសន៍​ដទៃ ហើយ​ជា​ទីសើច​ចំអក​ក្នុង​ចំណោម ប្រជាជន​ទាំង​ឡាយ។ រាល់​ថ្ងៃ ភាព​អាប់​យស​របស់​ទូល‌បង្គំ នៅ​មុខ​ទូល‌បង្គំ​ជា‌និច្ច ហើយ​សេចក្ដី​អាម៉ាស់​បាន​គ្រប​មុខ​ទូល‌បង្គំ​ហើយ ដោយ​ព្រោះ​សំឡេង​របស់​ពួក​អ្នក ដែល​ប្រមាថ​មើល‌ងាយ នៅ​ចំពោះ​ខ្មាំង​សត្រូវ និង​ពួក​អ្នក​ដែល​សង​សឹង។ ៙ ការ​ទាំង​អស់​នេះ​បាន​ធ្លាក់​មក​លើ​យើង​ខ្ញុំ ប៉ុន្តែ យើង​ខ្ញុំ​មិន​បាន​ភ្លេច​ព្រះ‌អង្គ​ឡើយ ក៏​មិន​បាន​ក្បត់​នឹង​សេចក្ដី​សញ្ញា របស់​ព្រះ‌អង្គ​ដែរ។ ចិត្ត​យើង​ខ្ញុំ​មិន​បាន​បែរ​ក្រោយ​ទេ ជំហាន​យើង​ខ្ញុំ​ក៏​មិន​បាន​ឈាន​ចេញ​ពី​ផ្លូវ របស់​ព្រះ‌អង្គ​ដែរ តែព្រះ‌អង្គ​បាន​បំបាក់​យើង​ខ្ញុំ នៅ​កន្លែងដែល​មាន​ឆ្កែ​ព្រៃ ហើយ​គ្រប​យើង​ខ្ញុំ ដោយ​ម្លប់​នៃ​សេចក្ដី​ស្លាប់។ ៙ ប្រសិន‌បើ​យើង​ខ្ញុំ​បាន​ភ្លេច ព្រះ‌នាម​ព្រះ​របស់​យើង​ខ្ញុំ ឬ​ប្រទូល​ដៃ​ទៅ​រក​ព្រះ​ដទៃ​ណា​មួយ នោះ​តើ​ព្រះ​មិន​ទត​ឃើញ​ទេ​ឬ? ដ្បិត​ព្រះ‌អង្គ​ជ្រាប​ពី​សេចក្ដី ដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត។ ដោយ​ព្រោះ​ព្រះ‌អង្គ យើង​ខ្ញុំ​ត្រូវ​គេ​សម្លាប់​វាល់​ព្រឹក​វាល់​ល្ងាច ហើយក៏​រាប់​ទុក​ដូច​ជា​ចៀម ដែល​ត្រូវ​យក​ទៅ​សម្លាប់ ។ ៙ ឱ​ព្រះ‌អម្ចាស់​អើយ សូម​តើន​ឡើង! ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ផ្ទំ​លក់ដូច្នេះ? សូម​ក្រោក​ឡើង កុំ​បោះ‌បង់​ចោល​យើង​ខ្ញុំ​ជា​រហូត​ឡើយ! ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់​ព្រះ‌ភក្ត្រ? ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ភ្លេច​ទុក្ខ​វេទនា និង​សេចក្ដីថប់​ព្រួយ​របស់​យើង​ខ្ញុំ​ដូច្នេះ? ដ្បិត​ព្រលឹង​យើង​ខ្ញុំ​ស្រុត​ចុះ​ដល់​ធូលី​ដី​ហើយ ខ្លួន​ប្រាណ​យើង​ខ្ញុំ​ក៏​ជាប់​នៅ​នឹងដី​ដែរ។ សូម​ក្រោក​ឡើង សូម​យាង​មក​ជួយ​យើង​ខ្ញុំ​ផង! សូម​លោះ​យើង​ខ្ញុំ ដោយ​យល់​ដល់ ព្រះ‌ហឫ‌ទ័យ​សប្បុរស​របស់​ព្រះ‌អង្គ!

ទំនុកតម្កើង 44:1-26 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​អើយ ដូនតា​យើង​ខ្ញុំ​ធ្លាប់​រៀប​រាប់​ឲ្យ យើង​ខ្ញុំ​បាន​ឮ​ផ្ទាល់​នឹង​ត្រចៀក នូវ​ស្នា​ព្រះ‌ហស្ដ​ទាំង​ប៉ុន្មាន ដែល​ព្រះអង្គ​បាន​ធ្វើ​នៅ​ជំនាន់​របស់​លោក គឺ​តាំង​ពី​យូរ​អង្វែង​ណាស់​មក​ហើយ។ ដោយ‌សារ​ព្រះ‌បារមី​របស់​ព្រះអង្គ ព្រះអង្គ​បាន​បណ្ដេញ​ប្រជា‌ជាតិ​នានា ចេញ​ពី​ស្រុក​របស់​ខ្លួន ហើយ​យក​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ ឲ្យ​មក​នៅ​ជំនួស។ ព្រះអង្គ​បាន​ធ្វើ​ទោស​សាសន៍​ទាំង​នោះ ដើម្បី​ឲ្យ​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ពង្រីក​ទឹក​ដី។ ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ​ពុំ​បាន​ចាប់​យក​ទឹក​ដី​នេះ ដោយ‌សារ​អាវុធ​របស់​ខ្លួន​ឡើយ ហើយ​គេ​ក៏​ពុំ​បាន​យក​ជ័យ‌ជម្នះ ដោយ‌សារ​កម្លាំង​របស់​ខ្លួន​ដែរ គឺ​គេ​ទទួល​ជ័យ‌ជម្នះ​ដោយ‌សារ​ឫទ្ធា‌នុភាព និង​ព្រះ‌ចេស្ដា​របស់​ព្រះអង្គ ព្រោះ​ព្រះអង្គ​ស្រឡាញ់ ហើយ​គាប់​ព្រះ‌ហឫទ័យ​នឹង​ពួក​គេ។ ឱ​ព្រះ‌ជាម្ចាស់​អើយ ព្រះអង្គ​ជា​ព្រះ‌មហា‌ក្សត្រ​របស់​ទូលបង្គំ! មាន​តែ​ព្រះអង្គ​ទេ​ដែល​ប្រទាន​ជ័យ‌ជម្នះ ដល់​ប្រជា‌រាស្ដ្រ​របស់​ព្រះអង្គ។ ដោយ‌សារ​ព្រះអង្គ យើង​ខ្ញុំ​បាន​យក​ជ័យ‌ជម្នះ​លើ​បច្ចា‌មិត្ត ដោយ‌សារ​ព្រះ‌នាម​របស់​ព្រះអង្គ យើង​ខ្ញុំ​បាន​បង្ក្រាប​អស់​អ្នក ដែល​ប្រឆាំង​នឹង​យើង​ខ្ញុំ ដ្បិត​ទូលបង្គំ​មិន​ពឹង​ផ្អែក​លើ​ធ្នូ​របស់​ទូលបង្គំ​ឡើយ ហើយ​ដាវ​របស់​ទូលបង្គំ ក៏​មិន​អាច​សង្គ្រោះ​ទូលបង្គំ​បាន​ដែរ។ មាន​តែ​ព្រះអង្គ​ទេ​ដែល​សង្គ្រោះ​យើង​ខ្ញុំ​ឲ្យ​រួច ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្ត ហើយ​ធ្វើ​ឲ្យ អស់​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​អាម៉ាស់។ ឱ​ព្រះ‌ជាម្ចាស់​អើយ យើង​ខ្ញុំ​លើក​តម្កើង សិរី‌រុងរឿង​របស់​ព្រះអង្គ​ជា​រៀង​រាល់​ថ្ងៃ ហើយ​យើង​ខ្ញុំ​នឹង​សរសើរ​តម្កើង ព្រះ‌នាម​របស់​ព្រះអង្គ​អស់‌កល្ប​ជានិច្ច។ - សម្រាក ក៏​ប៉ុន្តែ ឥឡូវ​នេះ ព្រះអង្គ​បាន​បោះ​បង់​ចោល យើង​ខ្ញុំ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាក់​មុខ ព្រះអង្គ​មិន​យាង​ទៅ​ជា​មួយ​កង‌ទ័ព របស់​យើង​ខ្ញុំ​ទៀត​ទេ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​យើង​ដក​ទ័ព​ថយ នៅ​មុខ​បច្ចា‌មិត្ត ហើយ​ខ្មាំង​សត្រូវ​នាំ​គ្នា​ប្រមូល​ទ្រព្យ‌សម្បត្តិ របស់​យើង​ខ្ញុំ​យក​ទៅ​ធ្វើ​ជា​ជយ‌ភណ្ឌ។ ព្រះអង្គ​ប្រគល់​យើង​ខ្ញុំ​ទៅ​ឲ្យ ខ្មាំង​សត្រូវ​ត្របាក់​លេប​ដូច​ហ្វូង​សត្វ ព្រះអង្គ​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ខ្ចាត់‌ខ្ចាយ ទៅ​តាម​ប្រទេស​នានា ព្រះអង្គ​បាន​លក់​ប្រជា‌រាស្ត្រ​របស់​ព្រះអង្គ យ៉ាង​ថោក​បំផុត គឺ​ព្រះអង្គ​ពុំ​បាន​ចំណេញ​អ្វី​ឡើយ។ ព្រះអង្គ​បាន​បណ្ដោយ​ឲ្យ​ប្រទេស ជិត​ខាង​មើល‌ងាយ​យើង​ខ្ញុំ ប្រជា‌ជាតិ​ដែល​នៅ​ជុំ‌វិញ នាំ​គ្នា​សើច​ចំអក​ឡក‌ឡឺយ​ដាក់​យើង​ខ្ញុំ។ ព្រះអង្គ​បាន​ធ្វើ​ឲ្យ​ប្រជា‌ជាតិ​នានា យក​រឿង​យើង​ខ្ញុំ​ទុក​ជា​ការ​លេង​សើច ពួក​គេ​នាំ​គ្នា​ងក់​ក្បាល​ចំអក​ដាក់​យើង​ខ្ញុំ ទូលបង្គំ​តែងតែ​បាក់​មុខ​ជា​រៀង​រាល់​ថ្ងៃ ហើយ​ទូលបង្គំ​អាម៉ាស់​មុខ​ណាស់ នៅ​ពេល​ឮ​សូរ​ខ្មាំង​សត្រូវ​ដែល​ចង​គំនុំ​នឹង​យើង​ខ្ញុំ នាំ​គ្នា​និយាយ​បន្តុះ‌បង្អាប់​បន្ទាប​បន្ថោក​យើង​ខ្ញុំ។ ឱ​ព្រះ‌អម្ចាស់​អើយ ហេតុ‌ការណ៍​ទាំង​នេះ​កើត​មាន​ចំពោះ​យើង​ខ្ញុំ ទោះ​បី​យើង​ខ្ញុំ​ពុំ​បាន​បំភ្លេច​ព្រះអង្គ ហើយ​ទោះ​បី​យើង​ខ្ញុំ​ពុំ​បាន​ផ្ដាច់​ចំណង សម្ពន្ធ‌មេត្រី​ជា​មួយ​ព្រះអង្គ​ក៏​ដោយ។ យើង​ខ្ញុំ​ពុំ​បាន​បែរ​ចិត្ត​ចេញ​ពី​ព្រះអង្គ​ទេ ហើយ​យើង​ខ្ញុំ​ក៏​ពុំ​បាន​ឃ្លាត​ចាក ពី​មាគ៌ា​របស់​ព្រះអង្គ​ដែរ មិន​គួរ​ណា​ព្រះអង្គ​បំបរ‌បង់​ចោល យើង​ខ្ញុំ​នៅ​កន្លែង​ដែល​មាន​សត្វ​សាហាវ ព្រម​ទាំង​ឲ្យ​យើង​ខ្ញុំ​ធ្លាក់​ទៅ ក្នុង​កណ្ដាប់​ដៃ​របស់​មច្ចុរាជ​ឡើយ។ ប្រសិន​បើ​យើង​ខ្ញុំ​បំភ្លេច​ព្រះ‌នាម​ព្រះ​នៃ​យើង​ខ្ញុំ ប្រសិន​បើ​យើង​ខ្ញុំ​បែរ​ទៅ​ទូល‌អង្វរ ព្រះ​ណា​មួយ​ផ្សេង​ទៀត​នោះ ព្រះ‌ជាម្ចាស់​មុខ​តែ​ជ្រាប​ជា​មិន​ខាន ដ្បិត​ព្រះអង្គ​ឈ្វេង​យល់​អ្វីៗ ដែល​លាក់​ទុក​នៅ​ក្នុង​ចិត្ត​មនុស្ស!។ ព្រោះ​តែ​ព្រះអង្គ គេ​ប្រហារ​ជីវិត​យើង​ខ្ញុំ​គ្រប់​ពេល​វេលា ហើយ​គេ​ចាត់​ទុក​យើង​ខ្ញុំ ដូច​ជា​ចៀម​ដែល​ត្រូវ​យក​ទៅ​សម្លាប់។ ព្រះ‌អម្ចាស់​អើយ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​នៅ​ផ្ទំ​លក់​ដូច្នេះ? សូម​ក្រោក​ឡើង! សូម​តើន​ឡើង! កុំ​បោះ​បង់​ចោល​យើង​ខ្ញុំ​រហូត​ត​ទៅ​ឡើយ។ ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​ពួន មិន​ទត​មើល​មក​យើង​ខ្ញុំ​ដូច្នេះ? ហេតុ​អ្វី​បាន​ជា​ព្រះអង្គ​បំភ្លេច​យើង​ខ្ញុំ ដែល​កំពុង​តែ​វេទនា និង​ត្រូវ​គេ​ជិះ‌ជាន់​ដូច្នេះ? ដ្បិត​គេ​ជាន់​ឈ្លី​យើង​ខ្ញុំ​ក្នុង​ធូលី​ដី យើង​ខ្ញុំ​បរា‌ជ័យ​ផ្កាប់​មុខ​នៅ​នឹង​ដី។ សូម​ក្រោក​ឡើង សូម​ជួយ​សង្គ្រោះ​យើង​ខ្ញុំ​ផង! ដោយ​ព្រះ‌ហឫទ័យ​មេត្តា‌ករុណា​ចំពោះ​យើង​ខ្ញុំ សូម​រំដោះ​យើង​ខ្ញុំ​ផង។

ទំនុកតម្កើង 44:1-26 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អង្គ​អើយ យើង​ខ្ញុំ​បាន​ឮ​ដោយ​ត្រចៀក ពួក​ឰយុកោ​យើង​ខ្ញុំ បាន​ថ្លែង​ប្រាប់​មក​យើង​ខ្ញុំ ពី​ការ​ទាំង​ប៉ុន្មាន​ដែល​ទ្រង់​បាន​ធ្វើ នៅ​សម័យ​ចាស់​បុរាណ​ក្នុង​ជំនាន់​គេ គឺ​ពី​ទ្រង់​បណ្តេញ​អស់​ទាំង​សាសន៍​ដទៃ​ចេញ ដោយ​ព្រះ‌ហស្ត​ទ្រង់ ហើយ​បាន​បណ្តុះ​ពួក​អ៊ីស្រាអែល​វិញ ទ្រង់​បាន​ប្រហារ​អស់​ទាំង​សាសន៍​ដទៃ តែ​បាន​ឲ្យ​អ៊ីស្រាអែល​វាត​ទី​ចេញ​ទៅ ដ្បិត​គេ​មិន​បាន​ចាប់​យក​ស្រុក​នោះ​ដោយ​ដាវ​ខ្លួន​ទេ ក៏​មិន​មែន​ជា​ដៃ​ខ្លួន​គេ ដែល​បាន​ជួយ​សង្គ្រោះ​គេ​ដែរ គឺ​ជា​ព្រះ‌ហស្ត​ស្តាំ នឹង​ព្រះ‌ពាហុ​ទ្រង់ ព្រម​ទាំង​ពន្លឺ​នៃ​ព្រះ‌ភក្ត្រ​ទ្រង់​វិញ ដ្បិត​ទ្រង់​បាន​ប្រោស​ដល់​គេ។ ៙ ឱ​ព្រះ‌អង្គ​អើយ ទ្រង់​ជា​មហា‌ក្សត្រ​នៃ​ទូលបង្គំ សូម​បង្គាប់​ឲ្យ​មាន​សេចក្ដី​សង្គ្រោះ​ដល់​ពួក​យ៉ាកុប យើង​ខ្ញុំ​នឹង​ច្រាន​ផ្តួល​ពួក​ខ្មាំង​សត្រូវ ដោយ‌សារ​ទ្រង់ ហើយ​នឹង​ជាន់​ឈ្លី​ពួក​អ្នក ដែល​លើក​គ្នា​ទាស់​នឹង​យើង​ខ្ញុំ ដោយ​នូវ​ព្រះ‌នាម​ទ្រង់ ដ្បិត​ទូលបង្គំ​នឹង​មិន​ពឹង​ធ្នូ​របស់​ទូលបង្គំ​ទេ ហើយ​ដាវ​ទូលបង្គំ​ក៏​មិន​ជួយ​សង្រ្គោះ​ទូលបង្គំ​ដែរ គឺ​ទ្រង់​ដែល​ជួយ​សង្គ្រោះ​យើង​ខ្ញុំ ឲ្យ​រួច​ពី​ពួក​សត្រូវ​វិញ ព្រម​ទាំង​ធ្វើ​ឲ្យ​ពួក​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ​ត្រូវ​ខ្មាស​ផង យើង​ខ្ញុំ​បាន​អួត​ពី​ព្រះ ជា​ដរាប​រាល់​ថ្ងៃ ហើយ​នឹង​សរសើរ​ដល់​ព្រះ‌នាម​ទ្រង់​ជា​ដរាប​តទៅ។ –បង្អង់ ៙ ប៉ុន្តែ ឥឡូវ​នេះ ទ្រង់​បាន​បោះ‌បង់​ចោល​យើង​ខ្ញុំ ហើយ​បាន​ធ្វើ​ឲ្យ​យើង​ខ្ញុំ​អាប់‌យស​ផង ក៏​មិន​យាង​ចេញ​ទៅ​ជា​មួយ​នឹង​ពល‌ទ័ព​យើង​ខ្ញុំ​ទៀត​ដែរ ទ្រង់​បណ្តាល​ឲ្យ​ពួក​យើង​ខ្ញុំ​បែរ​ខ្នង​ចំពោះ​ពួក​ខ្មាំង​សត្រូវ ហើយ​ពួក​អ្នក​ដែល​ស្អប់​យើង​ខ្ញុំ គេ​រឹប​ជាន់​យក​របឹប​ទៅ​សំរាប់​ខ្លួន​គេ ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​បាន​ដូច​ជា​ចៀម​ដែល​សំរាប់​ធ្វើ​សាច់ ក៏​បាន​កំចាត់‌កំចាយ​យើង​ខ្ញុំ​ទៅ​នៅ​គ្រប់​ទាំង​សាសន៍​ដទៃ ទ្រង់​លក់​រាស្ត្រ​ទ្រង់​ឥត​យក​ថ្លៃ ហើយ​មិន​បាន​ចំរើន​ទ្រព្យ​ដោយ‌សារ​ដំឡៃ​របស់​គេ​ទេ។ ៙ ទ្រង់​ធ្វើ​ឲ្យ​យើង​ខ្ញុំ​ត្រឡប់​ជា​សេចក្ដី​ដំនៀល ចំពោះ​ពួក​អ្នក​ជិត​ខាង ជា​ទី​ឡក‌ឡឺយ ហើយ​ជា​ទី​សំណើច​ដល់​អស់​អ្នក​ដែល​នៅ​ជុំវិញ ក៏​ឲ្យ​យើង​ខ្ញុំ​ទៅ​ជា​សេចក្ដី​ប្រៀប‌ធៀប​នៅ​គ្រប់​ទាំង​នគរ ហើយ​ជា​ទី​គួរ​គ្រវី​ក្បាល​នៅ​គ្រប់​សាសន៍​ដទៃ​ផង សេចក្ដី​អាប់‌យស​របស់​ទូលបង្គំ​នៅ​មុខ​ទូលបង្គំ​ជានិច្ច ហើយ​ភាព​ខ្មាស​នៃ​មុខ​ទូលបង្គំ ក៏​គ្រប​ទូលបង្គំ​ដែរ ដោយ​ព្រោះ​សំឡេង​នៃ​ពួក​អ្នក​ដែល​ប្រមាថ​មើល‌ងាយ ហើយ​ពួក​ខ្មាំង​សត្រូវ នឹង​ពួក​អ្នក​ដែល​សង​សឹង​ផង។ ៙ ការ​ទាំង​នោះ​បាន​កើត​ដល់​យើង​ខ្ញុំ​ហើយ ប៉ុន្តែយើង​ខ្ញុំ​មិន​បាន​ភ្លេច​ទ្រង់​ឡើយ ក៏​មិន​បាន​ក្បត់​សេចក្ដី​សញ្ញា​ទ្រង់​ដែរ ចិត្ត​យើង​ខ្ញុំ​មិន​បាន​ថយ​ត្រឡប់​ទេ ជំហាន​នៃ​យើង​ខ្ញុំ​ក៏​មិន​បាន​ទាស​ចេញ​ពី​ផ្លូវ​ទ្រង់​ដែរ ទោះ​បើ​ទ្រង់​បាន​បំបាក់​បំបែក​យើង​ខ្ញុំ​នៅ​ទី​របស់​ឆ្កែ​ព្រៃ ហើយ​គ្រប​យើង​ខ្ញុំ ដោយ​ម្លប់​នៃ​សេចក្ដី​ស្លាប់​ក៏​ដោយ។ ៙ បើ​យើង​ខ្ញុំ​បាន​ភ្លេច​ព្រះ‌នាម​នៃ​ព្រះ​របស់​យើង​ខ្ញុំ ឬ​ប្រទូល​ដៃ​ទៅ​ឯ​ព្រះ​ដទៃ​ណា​មួយ នោះ​តើ​ព្រះ​មិន​ស៊ើប​រក​ឲ្យ​ឃើញ​ទេ​ឬ​អី ដ្បិត​ទ្រង់​ជ្រាប​ទាំង​សេចក្ដី​លាក់​កំបាំង​នៅ​ក្នុង​ចិត្ត​ផង យើង​ខ្ញុំ​ត្រូវ​គេ​សំឡាប់ ជា​ដរាប​រាល់​ថ្ងៃ ដោយ​ព្រោះ​ទ្រង់ ហើយ​ក៏​រាប់​ទុក​ដូច​ជា​ចៀម​ដែល​សំរាប់​សំឡាប់។ ៙ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ទ្រង់​តើន​ឡើង ហេតុ​អ្វី​បាន​ជា​ទ្រង់​នៅ​ផ្ទំ​លក់ សូម​ទ្រង់​តើន​ឡើង កុំ​បោះ‌បង់​ចោល​យើង​ខ្ញុំ​ជា​ដរាប​ឡើយ ហេតុ​អ្វី​បាន​ជា​ទ្រង់​លាក់​ព្រះ‌ភក្ត្រ ហើយ​ភ្លេច​សេចក្ដី​វេទនា នឹង​សេចក្ដី ទុក្ខ​លំបាក​របស់​យើង​ខ្ញុំ ដ្បិត​ព្រលឹង​នៃ​យើង​ខ្ញុំ​បាន​ត្រូវ​ឱន​ដល់​ធូលី​ដី​ហើយ ខ្លួន​ប្រាណ​នៃ​យើង​ខ្ញុំ​ក៏​ជាប់​នៅ​ដី​ដែរ សូម​ទ្រង់​តើន​ឡើងជួយ​យើង​ខ្ញុំ ហើយ​លោះ​យើង​ខ្ញុំ ដោយ​យល់​ដល់ សេចក្ដី​សប្បុរស​របស់​ទ្រង់​ផង។