ទំនុកតម្កើង 43:3-5
ទំនុកតម្កើង 43:3-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱសូមផ្សាយពន្លឺ និងសេចក្ដីពិត មកនាំមុខទូលបង្គំ គឺនាំទូលបង្គំទៅកាន់ភ្នំបរិសុទ្ធ ហើយទៅកាន់ដំណាក់របស់ព្រះអង្គ! ពេលនោះ ទូលបង្គំនឹងចូលទៅរក អាសនារបស់ព្រះ គឺទៅជួបព្រះដែលជាអំណរ ដ៏លើសលុបរបស់ទូលបង្គំ ឱព្រះ ព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរតម្កើងព្រះអង្គ ដោយសំឡេងស៊ុង។ ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់នៅក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។
ទំនុកតម្កើង 43:3-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
សូមប្រទានពន្លឺ និងសេចក្ដីពិតរបស់ព្រះអង្គ មកដឹកនាំទូលបង្គំឆ្ពោះទៅកាន់ភ្នំដ៏វិសុទ្ធ* របស់ព្រះអង្គ ទៅកាន់ព្រះដំណាក់របស់ព្រះអង្គ! ពេលនោះ ឱព្រះជាម្ចាស់អើយ ទូលបង្គំនឹងទៅជិតអាសនៈរបស់ព្រះអង្គ ទូលបង្គំនឹងទៅជិតព្រះជាម្ចាស់ដែលជាប្រភព នៃអំណរដ៏លើសលុបរបស់ទូលបង្គំ។ ឱព្រះជាម្ចាស់ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងលើកតម្កើងព្រះអង្គ ដោយសំឡេងពិណ! ខ្ញុំនិយាយមកខ្លួនឯងថា «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!» ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត ព្រះអង្គសង្គ្រោះខ្ញុំ ហើយព្រះអង្គជាព្រះនៃខ្ញុំ។
ទំនុកតម្កើង 43:3-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱសូមផ្សាយពន្លឺ នឹងសេចក្ដីពិត ចេញមកនាំមុខទូលបង្គំ ដើម្បីឲ្យបាននាំទូលបង្គំទៅឯភ្នំបរិសុទ្ធ ហើយក្នុងព្រះវិហារនៃទ្រង់ នោះទូលបង្គំនឹងទៅឯអាសនានៃព្រះ គឺដល់ព្រះដ៏ជាសេចក្ដីអំណរ នឹងជាសេចក្ដីរីករាយរបស់ទូលបង្គំ ឱព្រះអង្គដ៏ជាព្រះនៃទូលបង្គំអើយ ទូលបង្គំនឹងសរសើរដល់ទ្រង់ដោយចាប់ស៊ុង ឱព្រលឹងអញអើយ ហេតុអ្វីបានជាត្រូវបង្អោន ហើយរសាប់រសល់នៅក្នុងខ្លួនដូច្នេះ ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរ ដល់ទ្រង់ទៀត ដែលទ្រង់ជាសេចក្ដីជំនួយ ហើយជាព្រះនៃអញ។