ទំនុកតម្កើង 42:1-9
ទំនុកតម្កើង 42:1-9 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)
ឱព្រះអើយ ព្រលឹងទូលបង្គំដង្ហក់រកព្រះអង្គ ដូចសត្វក្តាន់ដង្ហក់រកជ្រោះទឹក។ ព្រលឹងខ្ញុំស្រេកឃ្លានរកព្រះ គឺព្រះដ៏មានព្រះជន្មរស់ តើដល់កាលណាទើបខ្ញុំ នឹងមកឈរចំពោះព្រះអង្គ? ទាំងថ្ងៃទាំងយប់ ខ្ញុំមានតែទឹកភ្នែកជាអាហារ គេពោលមកខ្ញុំជាប់ជានិច្ចថា «តើព្រះរបស់ឯងនៅឯណា?» ៙ ពេលព្រលឹងខ្ញុំប្លុងទៅ ខ្ញុំនឹកឃើញពីគ្រាដែលខ្ញុំ ទៅជាមួយមនុស្សមួយហ្វូង ហើយនាំមុខគេ ហែទៅកាន់ដំណាក់របស់ព្រះ មានទាំងសម្រែកអរសប្បាយ និងបទចម្រៀងសរសើរតម្កើង គឺមហាជនដែលប្រារព្ធពិធីបុណ្យបរិសុទ្ធ។ ឱព្រលឹងខ្ញុំអើយ ហេតុអ្វីបានជាស្រយុត? ហេតុអ្វីបានជារសាប់រសល់ក្នុងខ្លួនដូច្នេះ? ចូរសង្ឃឹមដល់ព្រះទៅ ដ្បិតខ្ញុំនឹងបានសរសើរព្រះអង្គតទៅទៀត ព្រះអង្គជាជំនួយ និងជាព្រះនៃខ្ញុំ។ ៙ ព្រលឹងទូលបង្គំស្រយុតនៅក្នុងខ្លួន ហេតុនេះហើយបានជាទូលបង្គំ នឹកឃើញព្រះអង្គនៅក្នុងស្រុក ក្បែរទន្លេយ័រដាន់ ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។ ទីជម្រៅហៅរកទីជម្រៅ ដោយសន្ធឹកនៃទឹកដែលធ្លាក់ពីភ្នំ អស់ទាំងរលក និងអង្កាញ់នៃទឹករបស់ព្រះអង្គ បានហូរគ្របមកលើទូលបង្គំ។ នៅពេលថ្ងៃ ព្រះយេហូវ៉ាសម្ដែង ព្រះហឫទ័យសប្បុរសរបស់ព្រះអង្គ ហើយនៅវេលាយប់ បទចម្រៀងរបស់ព្រះអង្គ នៅជាមួយទូលបង្គំ ជាពាក្យអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។ ៙ ខ្ញុំទូលដល់ព្រះដែលជាថ្មដារបស់ខ្ញុំថា «ហេតុអ្វីបានជាព្រះអង្គបំភ្លេចទូលបង្គំ? ហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងទុក្ខព្រួយ ដោយព្រោះតែខ្មាំងសត្រូវ សង្កត់សង្កិនសត្រូវដូច្នេះ?»
ទំនុកតម្កើង 42:1-9 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)
ឱព្រះជាម្ចាស់អើយ ទូលបង្គំប្រាថ្នាចង់នៅជាមួយ ព្រះអង្គខ្លាំងណាស់ ដូចសត្វក្តាន់ប្រាថ្នារកទឹកហូរ។ ខ្ញុំស្រេកឃ្លានព្រះជាម្ចាស់ គឺព្រះជាម្ចាស់ដ៏មានព្រះជន្មគង់នៅ តើដល់កាលណាទើបខ្ញុំអាចទៅជិត ដើម្បីថ្វាយបង្គំព្រះអង្គបាន? ខ្ញុំសម្រក់ទឹកភ្នែកទាំងថ្ងៃទាំងយប់ ឥតមានល្ហែ។ គេចេះតែពោលមកខ្ញុំគ្រប់ពេលគ្រប់វេលាថា «តើព្រះរបស់ឯងនៅឯណា?»។ ខ្ញុំស្រណោះស្រណោកក្រៃលែង នៅពេលនឹកឃើញពីគ្រាដែលខ្ញុំនាំមុខ ប្រជាជនមួយចំនួនធំ ឆ្ពោះទៅកាន់ព្រះដំណាក់របស់ព្រះអង្គ ពួកគេមានអំណរសប្បាយ ស្រែកហ៊ោ និងអរព្រះគុណព្រះអង្គ។ ខ្ញុំនិយាយមកខ្លួនឯងថា: «ឯងស្រយុតចិត្តធ្វើអ្វី ឯងថ្ងូរធ្វើអ្វី ចូរផ្ញើជីវិតលើព្រះជាម្ចាស់ទៅ!» ខ្ញុំមុខជាសរសើរតម្កើងព្រះអង្គតទៅមុខទៀត ព្រះអង្គសង្គ្រោះខ្ញុំ។ ព្រះនៃទូលបង្គំអើយ ទូលបង្គំស្រយុតចិត្តជាខ្លាំង ហេតុនេះហើយបានជាទូលបង្គំនឹកឃើញ ព្រះអង្គពីកន្លែងដែលទូលបង្គំនៅនេះ គឺភូមិភាគទន្លេយ័រដាន់ ភ្នំហ៊ើរម៉ូន និងភ្នំមីតសារ។ ព្រះអង្គបានធ្វើឲ្យទុក្ខកង្វល់ ធ្លាក់មកលើទូលបង្គំ ដូចទឹកជ្រោះហូរធ្លាក់ពីលើភ្នំ លាន់ឮគគ្រឹកគគ្រេង។ នៅពេលថ្ងៃ ព្រះអម្ចាស់សម្តែង ព្រះហឫទ័យមេត្តាករុណាចំពោះខ្ញុំ នៅពេលយប់ ខ្ញុំច្រៀងបទតម្កើងព្រះអង្គ បទចម្រៀងនេះជាពាក្យអធិស្ឋានចំពោះ ព្រះជាម្ចាស់នៃជីវិតខ្ញុំ។ ខ្ញុំទូលព្រះជាម្ចាស់ដែលជាថ្មដារបស់ខ្ញុំថា ហេតុអ្វីបានជាព្រះអង្គបំភ្លេចទូលបង្គំ? ហេតុអ្វីបានជាទូលបង្គំត្រូវរងទុក្ខលំបាក ហើយត្រូវខ្មាំងសត្រូវសង្កត់សង្កិនដូច្នេះ?
ទំនុកតម្កើង 42:1-9 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)
ឱព្រះអង្គអើយ ព្រលឹងទូលបង្គំដង្ហក់រកទ្រង់ ដូចជាក្តាន់ញីដង្ហក់រកជ្រោះទឹក ព្រលឹងទូលបង្គំស្រេករកព្រះ គឺព្រះដ៏មានព្រះជន្មរស់នៅ តើដល់កាលណាបានទូលបង្គំនឹងមកឈរចំពោះទ្រង់ ទឹកភ្នែករបស់ទូលបង្គំជាអាហារទូលបង្គំទាំងថ្ងៃទាំងយប់ កំពុងដែលគេសួរមកទូលបង្គំជានិច្ចថា តើព្រះឯងនៅឯណា។ ៙ ឯដំណើរដែលទូលបង្គំបានទៅជាមួយនឹងហ្វូងមនុស្ស ព្រមទាំងនាំមុខគេទៅដល់ដំណាក់នៃព្រះ ដោយសំឡេងអរសប្បាយ នឹងសេចក្ដីសរសើរ គឺជាពួកកកកុញ ដែលកំពុងតែកាន់ថ្ងៃបរិសុទ្ធ កាលណាទូលបង្គំនឹកចាំពីសេចក្ដីនេះ នោះទូលបង្គំក៏ប្លុងព្រលឹងចេញ ឱព្រលឹងអញអើយ ហេតុអ្វីបានជាត្រូវបង្អោនចុះ ហើយមានសេចក្ដីរសាប់រសល់នៅក្នុងខ្លួនដូច្នេះ ចូរសង្ឃឹមដល់ព្រះចុះ ដ្បិតអញនឹងបានសរសើរ ដល់ទ្រង់ទៀត ដោយព្រោះព្រះភក្ត្រទ្រង់ដែលតែងតែជួយ។ ៙ ឱព្រះនៃទូលបង្គំអើយ ព្រលឹងទូលបង្គំត្រូវបង្អោន នៅក្នុងខ្លួន ហេតុនោះបានជាទូលបង្គំនឹកចាំពីទ្រង់ នៅក្នុងស្រុក ក្បែរទន្លេយ័រដាន់ ភ្នំហ៊ើម៉ូន នឹងភ្នំមីតសារ ទីជំរៅហៅរកទីជំរៅផងគ្នា ដោយសូរឈូឆរនៃរមូររលក អស់ទាំងរលក នឹងរំកាញ់ទឹកនៃទ្រង់ បានហូរមកគ្របទូលបង្គំហើយ ប៉ុន្តែព្រះយេហូវ៉ានឹងចាត់សេចក្ដីសប្បុរសទ្រង់មក នៅវេលាថ្ងៃ ហើយនៅវេលាយប់ បទចំរៀងនៃទ្រង់នឹង នៅជាមួយនឹងទូលបង្គំផង គឺជាសេចក្ដីអធិស្ឋានដល់ព្រះនៃជីវិតទូលបង្គំ។ ៙ ទូលបង្គំនឹងទូលដល់ព្រះដ៏ជាថ្មដានៃទូលបង្គំថា ហេតុអ្វីបានជាទ្រង់ភ្លេចទូលបង្គំ ហេតុអ្វីបានជាទូលបង្គំត្រូវដើរទាំងទុក្ខព្រួយ ដោយព្រោះការសង្កត់សង្កិនរបស់ខ្មាំងសត្រូវដូច្នេះ