ទំនុកតម្កើង 42:1-5

ទំនុកតម្កើង 42:1-5 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

ឱ​ព្រះ​អើយ ព្រលឹង​ទូល‌បង្គំ​ដង្ហក់​រកព្រះ‌អង្គ ដូចសត្វ​ក្តាន់​ដង្ហក់​រក​ជ្រោះ​ទឹក។ ព្រលឹង​ខ្ញុំ​ស្រេក​ឃ្លាន​រក​ព្រះ គឺ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់ តើ​ដល់​កាល​ណា​ទើបខ្ញុំ នឹង​មក​ឈរ​ចំពោះ​ព្រះ‌អង្គ? ទាំង​ថ្ងៃ​ទាំង​យប់ ខ្ញុំ​មាន​តែ​ទឹក​ភ្នែក​ជា​អាហារ គេ​ពោល​មក​ខ្ញុំ​ជាប់​ជានិច្ច​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?» ៙ ពេល​ព្រលឹង​ខ្ញុំ​ប្លុង​ទៅ ខ្ញុំ​នឹក​ឃើញ​ពី​គ្រា​ដែល​ខ្ញុំ ទៅ​ជាមួយ​មនុស្សមួយ​ហ្វូង ហើយ​នាំ​មុខ​គេ ហែទៅ​កាន់​ដំណាក់​របស់​ព្រះ មាន​ទាំង​សម្រែក​អរ​សប្បាយ និង​បទ​ចម្រៀង​សរសើរ​តម្កើង គឺ​មហាជនដែល​ប្រារព្ធ​ពិធី​បុណ្យ​បរិសុទ្ធ។ ឱ​ព្រលឹង​ខ្ញុំ​អើយ ហេតុ​អ្វី​បាន​ជា​ស្រយុត? ហេតុ​អ្វី​បាន​ជា​រសាប់‌រសល់​ក្នុង​ខ្លួន​ដូច្នេះ? ចូរ​សង្ឃឹម​ដល់​ព្រះ​ទៅ ដ្បិត​ខ្ញុំ​នឹង​បាន​សរសើរព្រះ‌អង្គ​ត​ទៅ​ទៀត ព្រះ‌អង្គ​ជា​ជំនួយ និង​ជា​ព្រះ​នៃ​ខ្ញុំ។

ទំនុកតម្កើង 42:1-5 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

ឱ​ព្រះ‌ជាម្ចាស់​អើយ ទូលបង្គំ​ប្រាថ្នា​ចង់​នៅ​ជា​មួយ ព្រះអង្គ​ខ្លាំង​ណាស់ ដូច​សត្វ​ក្តាន់​ប្រាថ្នា​រក​ទឹក​ហូរ។ ខ្ញុំ​ស្រេក​ឃ្លាន​ព្រះ‌ជាម្ចាស់ គឺ​ព្រះ‌ជាម្ចាស់​ដ៏​មាន​ព្រះ‌ជន្ម​គង់​នៅ តើ​ដល់​កាល​ណា​ទើប​ខ្ញុំ​អាច​ទៅ​ជិត ដើម្បី​ថ្វាយ‌បង្គំ​ព្រះអង្គ​បាន? ខ្ញុំ​សម្រក់​ទឹក​ភ្នែក​ទាំង​ថ្ងៃ​ទាំង​យប់ ឥត​មាន​ល្ហែ។ គេ​ចេះ​តែ​ពោល​មក​ខ្ញុំ​គ្រប់​ពេល​គ្រប់​វេលា​ថា «តើ​ព្រះ​របស់​ឯង​នៅ​ឯ​ណា?»។ ខ្ញុំ​ស្រណោះ‌ស្រណោក​ក្រៃ‌លែង នៅ​ពេល​នឹក​ឃើញ​ពី​គ្រា​ដែល​ខ្ញុំ​នាំ​មុខ ប្រជា‌ជន​មួយ​ចំនួន​ធំ ឆ្ពោះ​ទៅ​កាន់​ព្រះ‌ដំណាក់​របស់​ព្រះអង្គ ពួក​គេ​មាន​អំណរ​សប្បាយ ស្រែក​ហ៊ោ និង​អរ​ព្រះ‌គុណ​ព្រះអង្គ។ ខ្ញុំ​និយាយ​មក​ខ្លួន​ឯង​ថា: «ឯង​ស្រយុត​ចិត្ត​ធ្វើ​អ្វី ឯង​ថ្ងូរ​ធ្វើ​អ្វី ចូរ​ផ្ញើ​ជីវិត​លើ​ព្រះ‌ជាម្ចាស់​ទៅ!» ខ្ញុំ​មុខ​ជា​សរសើរ​តម្កើង​ព្រះអង្គ​ត​ទៅ​មុខ​ទៀត ព្រះអង្គ​សង្គ្រោះ​ខ្ញុំ។

ទំនុកតម្កើង 42:1-5 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

ឱ​ព្រះ‌អង្គ​អើយ ព្រលឹង​ទូលបង្គំ​ដង្ហក់​រក​ទ្រង់ ដូច​ជា​ក្តាន់​ញី​ដង្ហក់​រក​ជ្រោះ​ទឹក ព្រលឹង​ទូលបង្គំ​ស្រេក​រក​ព្រះ គឺ​ព្រះ​ដ៏​មាន​ព្រះ‌ជន្ម​រស់​នៅ តើ​ដល់​កាល​ណា​បាន​ទូលបង្គំ​នឹង​មក​ឈរ​ចំពោះ​ទ្រង់ ទឹក​ភ្នែក​របស់​ទូលបង្គំ​ជា​អាហារ​ទូលបង្គំ​ទាំង​ថ្ងៃ​ទាំង​យប់ កំពុង​ដែល​គេ​សួរ​មក​ទូលបង្គំ​ជានិច្ច​ថា តើ​ព្រះ​ឯង​នៅ​ឯ​ណា។ ៙ ឯ​ដំណើរ​ដែល​ទូលបង្គំ​បាន​ទៅ​ជា​មួយ​នឹង​ហ្វូង​មនុស្ស ព្រម​ទាំង​នាំ​មុខ​គេ​ទៅ​ដល់​ដំណាក់​នៃ​ព្រះ ដោយ​សំឡេង​អរ​សប្បាយ នឹង​សេចក្ដី​សរសើរ គឺ​ជា​ពួក​កក‌កុញ ដែល​កំពុង​តែ​កាន់​ថ្ងៃ​បរិសុទ្ធ កាល​ណា​ទូលបង្គំ​នឹក​ចាំ​ពី​សេចក្ដី​នេះ នោះ​ទូលបង្គំ​ក៏​ប្លុង​ព្រលឹង​ចេញ ឱ​ព្រលឹង​អញ​អើយ ហេតុ​អ្វី​បាន​ជា​ត្រូវ​បង្អោន​ចុះ ហើយ​មាន​សេចក្ដី​រសាប់‌រសល់​នៅ​ក្នុង​ខ្លួន​ដូច្នេះ ចូរ​សង្ឃឹម​ដល់​ព្រះ​ចុះ ដ្បិត​អញ​នឹង​បាន​សរសើរ ដល់​ទ្រង់​ទៀត ដោយ​ព្រោះ​ព្រះ‌ភក្ត្រ​ទ្រង់​ដែល​តែង‌តែ​ជួយ។

ទំនុកតម្កើង 42:1-5

ទំនុកតម្កើង 42:1-5 គខបទំនុកតម្កើង 42:1-5 គខប