ទំនុកតម្កើង 41:1-4

ទំនុកតម្កើង 41:1-4 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ពរ​ហើយ អ្នក​ណា​ដែល​យក​ចិត្ត​ទុក​ដាក់ នឹង​មនុស្ស​ក្រីក្រ ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ព្រះ‌យេហូវ៉ា​នឹង​រំដោះ​អ្នក​នោះ។ ព្រះ‌យេហូវ៉ា​នឹង​ទំនុក​បម្រុង ហើយ​ថែ‌រក្សា​ជីវិត​អ្នក​នោះ អ្នក​នោះ​មាន​ពរ​នៅ​លើ​ផែនដី​នេះ ហើយ​ព្រះ‌អង្គ​មិន​ប្រគល់​គេ ទៅ​ក្នុង​បំណង​ចិត្ត​របស់​ខ្មាំង​សត្រូវ​ឡើយ។ ព្រះ‌យេហូវ៉ា​ទ្រ‌ទ្រង់​អ្នក​នោះ ពេល​គេ​ឈឺ​នៅ​លើ​គ្រែ គឺ​ព្រះ‌អង្គ​ប្រោស​គេ ឲ្យ​ជា​សះ​ស្បើយ​ពី​គ្រប់​ជំងឺ​រោគា។ ៙ ឯ​ខ្ញុំ​វិញ ខ្ញុំ​ទូល​ថា «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ សូម​ប្រោស​ព្រលឹង​ទូល‌បង្គំ​ឲ្យ​បាន​ជា ដ្បិត​ទូល‌បង្គំ​បានប្រព្រឹត្ត​អំពើ​បាប ទាស់​នឹងព្រះ‌អង្គ​ហើយ»។

ទំនុកតម្កើង 41:1-4 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​សុភមង្គល​ហើយ អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់ នឹង​មនុស្ស​កម្សត់​ទុគ៌ត! ដ្បិត​នៅ​ថ្ងៃ​មាន​អាសន្ន ព្រះ‌អម្ចាស់​នឹង​ជួយ​អ្នក​នោះ​ជា​មិន​ខាន។ ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​អាយុ​ជីវិត​របស់​គេ ហើយ​អ្នក​នោះ​មាន​សុភមង្គល​នៅ​លើ​ផែនដី ព្រះអង្គ​នឹង​មិន​បណ្ដោយ​ឲ្យ​គេ​ធ្លាក់ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ។ ព្រះ‌អម្ចាស់​បី​បាច់​ថែ‌រក្សា​គេ នៅ​ពេល​គេ​ឈឺ​ធ្ងន់​ក្រោក​ពុំ​រួច ហើយ​ព្រះអង្គ​ប្រោស​គេ ឲ្យ​មាន​សុខភាព​ល្អ​ឡើង​វិញ។ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា ព្រះអង្គ​អើយ សូម​ប្រណី​មេត្តា​ទូលបង្គំ សូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា​ឡើង​វិញ​ផង ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះអង្គ​ហើយ។

ទំនុកតម្កើង 41:1-4 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​ពរ​ហើយ អ្នក​ណា​ដែល​មាន​អធ្យា‌ស្រ័យ ដល់​ពួក​មនុស្ស​ក្រីក្រ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​អ្នក​នោះ ឲ្យ​រួច​ក្នុង​ថ្ងៃ​អាក្រក់ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​ទំនុក​បំរុង ហើយ​ថែ​រក្សា​ជីវិត​អ្នក​នោះ គេ​នឹង​បាន​ពរ​នៅ​ផែនដី​នេះ ហើយ​ទ្រង់​នឹង​មិន​ប្រគល់​គេ ទៅ​ក្នុង​បំណង​ចិត្ត​នៃ​ពួក​ខ្មាំង​សត្រូវ​ឡើយ ព្រះ‌យេហូវ៉ា​នឹង​ទ្រ‌ទ្រាំ​ចំពោះ​គេ​នៅ​គ្រា​ដេក​ឈឺ​នៅ​គ្រែ ទ្រង់​ក៏​រៀប​គ្រែ​ឲ្យ នៅ​គ្រប់​វេលា​មាន​ធុរៈ។ ៙ ខ្ញុំ​បាន​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង សូម​ប្រោស​ព្រលឹង​ទូលបង្គំ​ឲ្យ​បាន​ជា ដ្បិត​ទូលបង្គំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ