ទំនុកតម្កើង 41:1-13

ទំនុកតម្កើង 41:1-13 ព្រះគម្ពីរបរិសុទ្ធកែសម្រួល ២០១៦ (គកស១៦)

មាន​ពរ​ហើយ អ្នក​ណា​ដែល​យក​ចិត្ត​ទុក​ដាក់ នឹង​មនុស្ស​ក្រីក្រ ដ្បិត​នៅ​ថ្ងៃ​អាក្រក់ ព្រះ‌យេហូវ៉ា​នឹង​រំដោះ​អ្នក​នោះ។ ព្រះ‌យេហូវ៉ា​នឹង​ទំនុក​បម្រុង ហើយ​ថែ‌រក្សា​ជីវិត​អ្នក​នោះ អ្នក​នោះ​មាន​ពរ​នៅ​លើ​ផែនដី​នេះ ហើយ​ព្រះ‌អង្គ​មិន​ប្រគល់​គេ ទៅ​ក្នុង​បំណង​ចិត្ត​របស់​ខ្មាំង​សត្រូវ​ឡើយ។ ព្រះ‌យេហូវ៉ា​ទ្រ‌ទ្រង់​អ្នក​នោះ ពេល​គេ​ឈឺ​នៅ​លើ​គ្រែ គឺ​ព្រះ‌អង្គ​ប្រោស​គេ ឲ្យ​ជា​សះ​ស្បើយ​ពី​គ្រប់​ជំងឺ​រោគា។ ៙ ឯ​ខ្ញុំ​វិញ ខ្ញុំ​ទូល​ថា «ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ សូម​ប្រោស​ព្រលឹង​ទូល‌បង្គំ​ឲ្យ​បាន​ជា ដ្បិត​ទូល‌បង្គំ​បានប្រព្រឹត្ត​អំពើ​បាប ទាស់​នឹងព្រះ‌អង្គ​ហើយ»។ ខ្មាំង​សត្រូវ​របស់​ទូល‌បង្គំ និយាយ​អាក្រក់​ពី​ទូល‌បង្គំ​ថា «តើ​ពេល​ណា​ទើប​វា​ស្លាប់ ហើយ​ឈ្មោះ​វា​ត្រូវ​វិនាស?» កាល​ណា​គេ​មក​សួរ​សុខ​ទុក្ខ​ទូល‌បង្គំ គេ​ពុត​ធ្វើ​ជា​ស្និទ្ធ​ស្នាល​នឹង​ទូល‌បង្គំ ឯ​ចិត្ត​គេ​វិញ គេ​គិត​រក​វិធីបំបាក់​មុខ​ទូល‌បង្គំ លុះ​គេ​ចេញ​ទៅ​ក្រៅ​ហើយ គេ​ក៏​និយាយ​បរិហារ​ពី​ទូល‌បង្គំ។ អស់​អ្នក​ដែល​ស្អប់​ទូល‌បង្គំ នាំ​គ្នា​ខ្សឹប‌ខ្សៀវ​អំពី​ទូល‌បង្គំ គេ​ប្រឌិត​រឿង​អាក្រក់ទាស់​នឹង​ទូល‌បង្គំ។ ៙ គេ​ពោល​ថា «ជំងឺ​មើល​មិន​ជា បាន​រួត​រឹត​វា​ហើយ វា​ដេក​ជាប់​ហើយ មិន​អាច​ក្រោក​ចេញ​ពី​គ្រែ​វិញ​បាន​ទេ»។ សូម្បីតែ​មិត្ត​ស្និទ្ធ‌ស្នាល​របស់​ទូល‌បង្គំ ជា​អ្នក​ដែល​ទូល‌បង្គំ​បាន​ទុក​ចិត្ត ហើយ​បាន​បរិ‌ភោគ​អាហារ​របស់​ទូល‌បង្គំ ក៏​បាន​លើក​កែង​ជើង​ទាស់នឹង​ទូល‌បង្គំ​ដែរ ។ ប៉ុន្ដែ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ប្រណី​សន្ដោស​ទូល‌បង្គំ សូម​លើក​ទូល‌បង្គំ​ឡើង​វិញ ដើម្បី​ឲ្យ​ទូល‌បង្គំ​បាន​សង​ដល់​គេ​វិញ! ៙ យ៉ាង​នោះ ទូល‌បង្គំ​នឹង​ដឹង​ថា ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫ‌ទ័យ​នឹង​ទូល‌បង្គំ​មែន ព្រោះ​សត្រូវ​របស់​ទូល‌បង្គំ មិន​បាន​ឈ្នះ​ទូល‌បង្គំ​ឡើយ។ ប៉ុន្ដែ ព្រះ‌អង្គ​បាន​លើក​ទូល‌បង្គំឡើង ដោយ​ព្រោះ​ទូល‌បង្គំ​ទៀង​ត្រង់ ហើយ​ព្រះ‌អង្គ​បាន​តាំង​ទូល‌បង្គំ ឲ្យ​នៅ​ចំពោះ​ព្រះ‌អង្គ​ជា​រៀង​រហូត។ ៙ សូម​លើក​តម្កើង​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រា‌អែល ចាប់​តាំង​ពី​អស់​កល្ប រហូត​ដល់​អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ! អាម៉ែន ហើយ​អាម៉ែន។

ទំនុកតម្កើង 41:1-13 ព្រះគម្ពីរភាសាខ្មែរបច្ចុប្បន្ន ២០០៥ (គខប)

មាន​សុភមង្គល​ហើយ អ្នក​ដែល​យក​ចិត្ត​ទុក​ដាក់ នឹង​មនុស្ស​កម្សត់​ទុគ៌ត! ដ្បិត​នៅ​ថ្ងៃ​មាន​អាសន្ន ព្រះ‌អម្ចាស់​នឹង​ជួយ​អ្នក​នោះ​ជា​មិន​ខាន។ ព្រះ‌អម្ចាស់​នឹង​ថែ‌រក្សា​អាយុ​ជីវិត​របស់​គេ ហើយ​អ្នក​នោះ​មាន​សុភមង្គល​នៅ​លើ​ផែនដី ព្រះអង្គ​នឹង​មិន​បណ្ដោយ​ឲ្យ​គេ​ធ្លាក់ ទៅ​ក្នុង​កណ្ដាប់​ដៃ​របស់​ខ្មាំង​សត្រូវ​ឡើយ។ ព្រះ‌អម្ចាស់​បី​បាច់​ថែ‌រក្សា​គេ នៅ​ពេល​គេ​ឈឺ​ធ្ងន់​ក្រោក​ពុំ​រួច ហើយ​ព្រះអង្គ​ប្រោស​គេ ឲ្យ​មាន​សុខភាព​ល្អ​ឡើង​វិញ។ ខ្ញុំ​ទូល​ព្រះ‌អម្ចាស់​ថា ព្រះអង្គ​អើយ សូម​ប្រណី​មេត្តា​ទូលបង្គំ សូម​ប្រោស​ទូលបង្គំ​ឲ្យ​ជា​ឡើង​វិញ​ផង ដ្បិត​ទូលបង្គំ​បាន​ប្រព្រឹត្ត​អំពើ​បាប ទាស់​នឹង​ព្រះ‌ហឫទ័យ​ព្រះអង្គ​ហើយ។ សត្រូវ​របស់​ទូលបង្គំ​នាំ​គ្នា និយាយ​អាក្រក់​ពី​ទូលបង្គំ គេ​បន់​ឲ្យ​តែ​ទូលបង្គំ​ស្លាប់ គេ​បន់​ឲ្យ​តែ​ឈ្មោះ​ទូលបង្គំ​សាប​សូន្យ​ទៅ។ អស់​អ្នក​ដែល​មក​សួរ​សុខ​ទុក្ខ​ទូលបង្គំ គេ​មាន​គំនិត​មិន​ល្អ​ទេ គេ​មក​ប្រមូល​ដំណឹង​អាក្រក់ រួច​ចេញ​ទៅ​វិញ ទាំង​និយាយ​បរិហារ​ពី​ទូលបង្គំ។ អស់​អ្នក​ដែល​ស្អប់​ទូលបង្គំ និយាយ​ខ្សឹប‌ខ្សៀវ​ដាក់​គ្នា​ទៅ​វិញ​ទៅ​មក ប្រឆាំង​នឹង​ទូលបង្គំ ថា​ទូលបង្គំ​គេច​មិន​ផុត​ពី​ស្លាប់។ គេ​ពោល​ថា«ជំងឺ​អ្នក​នេះ​មើល​មិន​ជា​ទេ! គាត់​ពុំ​អាច​ក្រោក​ពី​គ្រែ​ឡើង​វិញ​បាន​ឡើយ»។ សូម្បី​តែ​មិត្ត​សម្លាញ់​ដ៏​ជិត‌ស្និទ្ធ​របស់​ទូលបង្គំ គឺ​អ្នក​ដែល​ទូលបង្គំ​ទុក​ចិត្ត ហើយ​ជា​អ្នក​ដែល​បរិភោគ​អាហារ រួម​ជា​មួយ​ទូលបង្គំ ក៏​ប្រឆាំង​នឹង​ទូលបង្គំ​ដែរ។ ចំពោះ​ព្រះអង្គ​វិញ ឱ​ព្រះ‌អម្ចាស់​អើយ សូម​ប្រណី​មេត្តា​ទូលបង្គំ សូម​ប្រោស​ទូលបង្គំ​ឲ្យ​បាន​ជា​ឡើង​វិញ​ផង នោះ​ទូលបង្គំ​នឹង​តប​ស្នង​ទៅ​ខ្មាំង​សត្រូវ ឲ្យ​សម​នឹង​អំពើ​របស់​គេ។ បើ​ខ្មាំង​សត្រូវ​របស់​ទូលបង្គំ គ្មាន​ជ័យ‌ជម្នះ​លើ​ទូលបង្គំ​ទេ​នោះ ទូលបង្គំ​នឹង​ដឹង​ជាក់​ថា ព្រះអង្គ​ពិត​ជា​គាប់​ព្រះ‌ហឫទ័យ នឹង​ទូលបង្គំ​មែន។ ព្រះអង្គ​បាន​ជួយ​ទូលបង្គំ ដោយ​ប្រោស​ទូលបង្គំ​ឲ្យ​ជា​ទាំង​ស្រុង ហើយ​ព្រះអង្គ​ប្រទាន​ឲ្យ​ទូលបង្គំ នៅ​ជា​មួយ​ព្រះអង្គ​រហូត​ត​ទៅ។ សូម​លើក​តម្កើង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល អស់‌កល្ប​ជា​អង្វែង​ត​រៀង​ទៅ។ អាម៉ែន! អាម៉ែន!។

ទំនុកតម្កើង 41:1-13 ព្រះគម្ពីរបរិសុទ្ធ ១៩៥៤ (ពគប)

មាន​ពរ​ហើយ អ្នក​ណា​ដែល​មាន​អធ្យា‌ស្រ័យ ដល់​ពួក​មនុស្ស​ក្រីក្រ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​អ្នក​នោះ ឲ្យ​រួច​ក្នុង​ថ្ងៃ​អាក្រក់ ព្រះ‌យេហូវ៉ា​ទ្រង់​នឹង​ជួយ​ទំនុក​បំរុង ហើយ​ថែ​រក្សា​ជីវិត​អ្នក​នោះ គេ​នឹង​បាន​ពរ​នៅ​ផែនដី​នេះ ហើយ​ទ្រង់​នឹង​មិន​ប្រគល់​គេ ទៅ​ក្នុង​បំណង​ចិត្ត​នៃ​ពួក​ខ្មាំង​សត្រូវ​ឡើយ ព្រះ‌យេហូវ៉ា​នឹង​ទ្រ‌ទ្រាំ​ចំពោះ​គេ​នៅ​គ្រា​ដេក​ឈឺ​នៅ​គ្រែ ទ្រង់​ក៏​រៀប​គ្រែ​ឲ្យ នៅ​គ្រប់​វេលា​មាន​ធុរៈ។ ៙ ខ្ញុំ​បាន​ទូល​ថា ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​អាណិត​មេត្តា​ដល់​ទូលបង្គំ​ផង សូម​ប្រោស​ព្រលឹង​ទូលបង្គំ​ឲ្យ​បាន​ជា ដ្បិត​ទូលបង្គំ​បាន​ធ្វើ​បាប​នឹង​ទ្រង់​ហើយ ពួក​ខ្មាំង​សត្រូវ​នៃ​ទូលបង្គំ គេ​និយាយ​សេចក្ដី​អាក្រក់​ពី​ទូលបង្គំ​ថា តើ​វេលា​ណា​វា​នឹង​ស្លាប់ ហើយ​ឈ្មោះ​វា​វិនាស​បាត់​ទៅ បើ​កាល​ណា​គេ​មក​សួរ​ទូលបង្គំ នោះ​ក៏​ពោល​តែ​សេចក្ដី​ភូត‌ភរ​ទទេ ចិត្ត​គេ​ប្រមូល​សេចក្ដី​ទុច្ចរិត​ទុក លុះ​ចេញ​ទៅ​ក្រៅ​ហើយ នោះ​ក៏​ផ្សាយ​ប្រាប់​សេចក្ដី​នោះ ពួក​អ្នក​ដែល​ស្អប់​ទូលបង្គំ គេ​ខ្សឹប‌ខ្សៀវ​គ្នា ទាស់​នឹង​ទូលបង្គំ គេ​បង្កើត​ការ​ប្រទូស‌រ៉ាយ​នឹង​ទូលបង្គំ។ ៙ គេ​ថា មាន​រោគ​អាក្រក់​ជាប់​នៅ​ខ្លួន​វា ឥឡូវ​នេះ ដែល​វា​ដេក​ចុះ​ហើយ មុខ​ជា​នឹង​ក្រោក​ឡើង​វិញ​មិន​បាន​ឡើយ អើ ទាំង​មិត្រ​សំឡាញ់​ស្និទ្ធ‌ស្នាល​របស់​ទូលបង្គំ ជា​អ្នក​ដែល​ទូលបង្គំ​បាន​ទុក​ចិត្ត ហើយ​ក៏​បាន​បរិភោគ​បាយ​របស់​ទូលបង្គំ​ផង នោះ​បាន​លើក​កែង‌ជើង​ចង់​ជាន់​ឈ្លី​ទូលបង្គំ​ដែរ តែ ឱ​ព្រះ‌យេហូវ៉ា​អើយ សូម​ទ្រង់​អាណិត មេត្តា​លើក​ទូលបង្គំ​ឡើង​វិញ ដើម្បី​ឲ្យ​ទូលបង្គំ​បាន​សង​តប​ដល់​គេ។ ៙ យ៉ាង​នោះ ទូលបង្គំ​នឹង​ដឹង​ថា ទ្រង់​សព្វ​ព្រះ‌ហឫទ័យ​នឹង​ទូលបង្គំ​ពិត ដោយ​ពួក​សត្រូវ​មិន​មាន​ជ័យ‌ជំនះ​ឈ្នះ​ទូលបង្គំ​ឡើយ ឯ​ទូលបង្គំ ទ្រង់​ទប់‌ទល់ ដោយ​សេចក្ដី​សុចរិត​របស់​ទូលបង្គំ ហើយ​ក៏​តាំង​ទូលបង្គំ ឲ្យ​នៅ​ចំពោះ​ទ្រង់​ជា​ដរាប​ត​ទៅ។ ៙ សូម​លើក​សរសើរ​ដល់​ព្រះ‌យេហូវ៉ា ជា​ព្រះ​នៃ​សាសន៍​អ៊ីស្រាអែល ចាប់​តាំង​ពី​អតីត ទៅ​ដល់​អនាគត អស់‌កល្ប‌ជានិច្ច អាម៉ែន ហើយ​អាម៉ែន។